អាស៊ាននៅចន្លោះអាមេរិកនិងចិន
កិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីពេលថ្មីៗនេះ និងកិច្ចប្រជុំទេសចរណ៍ G20 ជាបន្តបន្ទាប់នៅកាស្មៀរ បានគូសបញ្ជាក់អំពីភាពផ្ទុយគ្នាស្រឡះរវាងវោហាសាស្ត្ររបស់ក្រុមទាំងពីរនេះ។ ខណៈពេលដែលក្រុម G20 បានសង្កត់ធ្ងន់លើបាវចនា «ផែនដីមួយ, គ្រួសារមួយ, អនាគតមួយ» អាកប្បកិរិយាឆ្លើយតបរបស់ក្រុម G7 អាចត្រូវបានគេសង្ខេបឱ្យខ្លីថា «យើងត្រូវតែដកប្រទេសចិនចេញ»។
សម្រាប់ប្រទេសជាសមាជិកអាស៊ាន ការដកចិនចេញមិនមែនជាជម្រើសនោះទេ។ ខណៈពេលដែលតំបន់នេះអាចទទួលបានអត្ថប្រយោជន៍ពីផលិតកម្មនិងការវិនិយោគដែលរើចេញពីប្រទេសចិនទៅកាន់បណ្តាប្រទេសអាស៊ាន ការកាត់ផ្តាច់ខាងសេដ្ឋកិច្ចទាំងស្រុងរវាងចិននិងលោកខាងលិចក៏អាចបណ្តាលឱ្យមានការបែកបាក់ខាងពាណិជ្ជកម្ម, ថ្លៃដើមផលិតកម្មឡើងខ្ពស់ និងកាត់បន្ថយសុខុមាលភាពក្នុងរយៈពេលវែងទៀតផង។
ការជំរុញឱ្យអាមេរិកនិងអឺរ៉ុបកាត់ផ្ដាច់សេដ្ឋកិច្ចចេញពីចិននាពេលបច្ចុប្បន្ននេះ ហាក់ដូចជាតម្រង់ទៅរកវិស័យមួយចំនួនដូចជាថាមពល, គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍, ការរុករករ៉ែ, និងធនធានកម្រ។ ប៉ុន្តែការកាត់ផ្តាច់នេះត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ស្ទើរតែគ្រប់វិស័យទាំងអស់ដែលរួមមានទាំងវិស័យ គ្រឿងយន្ត, គ្រឿងអេឡិចត្រូនិច, គ្រឿងបន្លាស់អគ្គិសនី និងយានយន្ត។
ដោយសារសេដ្ឋកិច្ចអាស៊ានពឹងផ្អែកស្មើៗគ្នាលើអាមេរិក, អឺរ៉ុប, ចិន, និងអាស៊ីបូព៌ា ប្លុកនេះត្រូវតែរក្សាឱ្យបាននូវអព្យាក្រឹត ដោយបដិសេធមិនជ្រើសយកភាគីណាមួយចោលភាគីណាមួយ និងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ។ តាមរយៈការប្រើប្រាស់ឥទ្ធិពលខាងសេដ្ឋកិច្ចនិងនយោបាយដែលកំពុងកើនឡើងរបស់ខ្លួន រដ្ឋជាសមាជិកអាស៊ានអាចបន្តលើកកម្ពស់សន្តិភាព, ជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើនការចូលរួមជាមួយសហគមន៍អន្តរជាតិបាន។
នៅចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងរវាងអាមេរិកនិងចិន បណ្តាប្រទេសអាស៊ានក៏ត្រូវតែធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែមានភាពស៊ីជម្រៅ។ ក្នុងរយៈពេល ២ ទស្សវត្សកន្លងមកនេះ ការធ្វើពាណិជ្ជកម្មផ្ទៃក្នុងអាស៊ានដែលជាចំណែកមួយនៃទំហំពាណិជ្ជកម្មសរុបរបស់សមាជិកនីមួយៗ បាននៅទ្រឹងក្នុងរង្វង់ប្រហែល ២២% ទៅ ២៣% ។
ប្រាកដណាស់ ការនាំចេញរបស់សមាជិកនីមួយៗទៅកាន់ពិភពលោកទាំងមូលបានកើនឡើងក្នុងរយៈពេលដូចគ្នានេះ។ ប៉ុន្តែចំណែកនៃទំហំពាណិជ្ជកម្មពិភពលោករបស់ប្រទេសអាស៊ាននៅចន្លោះឆ្នាំ ២០០០-២០២២ បានកើនឡើងក្នុងរង្វង់ពី ៦,៤% ទៅ ៧,៨%។
មានការពន្យល់ចំនួន ៣ ចំណុចអំពីការជាប់គាំងនៃការធ្វើពាណិជ្ជកម្មនៅផ្ទៃក្នុងអាស៊ាន គិតចាប់តាំងពីដើមសតវត្សន៍នេះមក។
ចំណុចទី១៖ គឺមកពីគំរូនៃសមាហរណកម្មដ៏រាក់កំផែលរបស់តំបន់។ ដោយសារតែផលិតផលដែលផលិតដោយអាស៊ានភាគច្រើនជាផលិតផលជំនួស ជាជាងផលិតផលសម្រាប់បំពេញបន្ថែម វិសាលភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងសមាជិកនីមួយនៅមានកម្រិតតាំងពីដំបូងទី។
ចំណុចទី២៖ វិធានតឹងរ៉ឹងនៃច្បាប់ស្ដីពីប្រភពដើមទំនិញនិងរបាំងមិនមែនពន្ធគយ អាចដើរតួជានាំងនៃការធ្វើពាណិជ្ជកម្ម។ ខណៈពេលដែលបទប្បញ្ញត្តិនិងនីតិវិធីទាំងនេះមានគោលបំណងធានាឱ្យបាននូវសុខមាលភាព, សុវត្ថិភាព និងការការពារបរិស្ថាន ការតាក់តែងនិងការអនុវត្តរបស់ពួកគេ អាចទៅរារាំងការធ្វើពាណិជ្ជកម្ម និងការវិនិយោគដោយអចេតនា។
ចំណុចចុងក្រោយគឺគេត្រូវទទួលស្គាល់ថា អាស៊ានមិនមែនជាតំបន់ដែលគ្រប់គ្រងដោយខ្លួនឯងនោះទេ។ រដ្ឋជាសមាជិកនីមួយៗពឹងផ្អែកខ្លាំងលើការវិនិយោគនិងបច្ចេកវិទ្យាពីបណ្ដាប្រទេសដូចជាជប៉ុន, កូរ៉េខាងត្បូង និងចិន។
ហើយខណៈពេលដែលប្លុកនេះដំណើរការជាក្រុមតែមួយ ប្លុកនេះមិនមែនជាសហភាពដែលយកពន្ធគយរួមនោះទេ (Customs Union) ដែលមានន័យថា រដ្ឋជាសមាជិកអាចចូលរួមជាមួយប្រទេសផ្សេងទៀត ឬប្លុកផ្សេងទៀតដោយខ្លួនឯង។ ភាពបត់បែននេះ អនុញ្ញាតឱ្យសមាជិកនីមួយៗអាចស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងស្វែងរកភាពជាដៃគូនិងកិច្ចព្រមព្រៀងចម្រុះ ទន្ទឹមនឹងការរក្សាបាននូវភាពស្អិតរមួតនិងភាពរឹងមាំនៃសហគមន៍អាស៊ាន។
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលរួមមានប្រទេសអាស៊ានទាំង ១០ បូករួមជាមួយចិន, ជប៉ុន, កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ គឺជាឧទាហរណ៍មួយ។ តំណាងឱ្យប្រហែល ១/៣ នៃ GDP របស់ពិភពលោក និង ១/៤ នៃទំហំពាណិជ្ជកម្មនិងការវិនិយោគសរុបរបស់ពិភពលោក RCEP គឺជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយរបស់ពិភពលោក ហើយគោលបំណងរបស់វាគឺដើម្បីជំរុញឱ្យមានសមាហរណកម្មពាណិជ្ជកម្មកាន់តែច្រើន តាមរយៈការកាត់បន្ថយពន្ធលើមុខទំនិញប្រមាណ ៩០% ។
កិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (ពីមុនត្រូវបានគេស្គាល់ថាជាដៃគូអន្តរប៉ាស៊ីហ្វិក) គឺជាឧទាហរណ៍មួយផ្សេងទៀត។ ចាប់តាំងពីឆ្នាំ ២០១៨ មក ប្រទេសអាស៊ានចំនួន ៤ គឺសិង្ហបុរី, វៀតណាម, ប្រ៊ុយណេ, និងម៉ាឡេស៊ី បានចូលរួមជាមួយកិច្ចព្រមព្រៀង CPTPP ដែលមានទំហំប្រហែល ១៣% នៃ GDP ពិភពលោក និងដែលមានបំណងកាត់បន្ថយពន្ធលើមុខទំនិញប្រមាណ ៩៨% ។
ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF) ដែលជាក្រុមទើបនឹងបង្កើតថ្មី និងដែលដាក់ឱ្យដំណើរការដោយរដ្ឋបាល Biden កាលពីខែឧសភា ឆ្នាំ ២០២២ ក៏ស្វះស្វែងរកការជំរុញភាពជាដៃគូក្នុងតំបន់ដែរ។ ប៉ុន្តែកិច្ចព្រមព្រៀងមួយនេះបានប្រឈមនឹងការរិះគន់ជាច្រើនអំពីការបំបែកបំបាក់។
ក្រៅពីអាមេរិក, ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា, អូស្ត្រាលី, និងនូវែលសេឡង់ ប្រទេសអាស៊ានចំនួន ៧ រួមមាន សិង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម និងប្រ៊ុយណេ បានចូលរួមជាមួយ IPEF ។ ប៉ុន្តែកម្ពុជា, ឡាវ, និង មីយ៉ាន់ម៉ា មិនត្រូវបានគេស្វាគមន៍ឱ្យចូលរួមនៅក្នុងក្របខណ្ឌថ្មីនេះទេ។
ការមិនរាប់បញ្ចូលបែបនេះ អាចបង្កឲ្យមានវិសមភាពសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើងរវាងសមាជិកអាស៊ាន និងអាចបង្កើនភាពតានតឹងក្នុងតំបន់ដែលនឹងទៅបន្ថយនូវអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ធំៗដែលមានស្រាប់ដូចជា RCEP ជាដើម។ អ្នករិះគន់ខ្លះបានលើកឡើងថា ភាគច្រើន IPEF គឺគ្រាន់តែជានិមិត្តរូប និងមានបំណងយកចិត្តអ្នកបោះឆ្នោតនៅអាមេរិកប៉ុណ្ណោះ ជាជាងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាពដែលផ្តល់ផលប្រយោជន៍ដល់សមាជិករបស់ខ្លួន។
ដូចគ្នានេះដែរ ថ្មីៗនេះរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានជួបប្រជុំគ្នានៅទីក្រុង Detroit ដើម្បីពិភាក្សាអំពីវិធានការជាបន្តបន្ទាប់ក្នុងគោលបំណងជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើមុខទំនិញសំខាន់ៗមួយចំនួនដូចជា សឺមីកុងឌុចទ័រ និងសារធាតុរ៉ែសំខាន់ៗជាដើម។ ប៉ុន្តែកិច្ចព្រមព្រៀងដែលពួកគេសម្រេចបាននេះពុំមានគោលដៅនយោបាយច្បាស់លាស់នោះទេ ក្រៅតែពីការកាត់បន្ថយការពឹងផ្អែកទៅលើចិន។
ដោយសារពួកគេមិនអាចមានលទ្ធភាពបំបែកចេញពីភាគីណាមួយបាន ការប្រកួតប្រជែងដែលកាន់តែកើនឡើងរវាងចិននិងលោកខាងលិចបានធ្វើឱ្យបណ្ដាប្រទេសអាស៊ានស្ថិតក្នុងស្ថានភាពមួយដ៏លំបាក។ ទំហំពាណិជ្ជកម្មរវាងរដ្ឋសមាជិករបស់ប្លុកនេះជាមួយអឺរ៉ុប បានកើនឡើងលើស ៣ ដង នៅចន្លោះឆ្នាំ ២០០០ និង ២០២២ ពោលគឺ ពី ១១០,៥ ពាន់លានដុល្លារ ដល់ ៣៤២,៣ ពាន់លានដុល្លារ។
ដូចគ្នានេះដែរ ទំហំពាណិជ្ជកម្មរបស់អាស៊ានជាមួយអាមេរិកបានកើនឡើងពី ១៣៥,១ ពាន់លានដុល្លារដល់ ៤៥២,២ ពាន់លានដុល្លារ។ ការនាំចេញរបស់អាស៊ានទៅកាន់អាមេរិកកើនជិត ៤ ដង ពោលគឺពី ៨៧,៩ ពាន់លានដុល្លារ ទៅ ៣៥៦,៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។
ទន្ទឹមនឹងនេះ ពាណិជ្ជកម្មរវាងអាស៊ាននិងចិនបានឈានដល់ ៩៧៥,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលកើនឡើង ២៤ ដង គិតចាប់ពីឆ្នាំ ២០០០។ ការនាំចេញរបស់បណ្ដាប្រទេសអាស៊ានទៅកាន់ប្រទេសចិនបានកើនឡើងចំនួន ១៨ ដងគិតក្នុងពេលវេលាដូចគ្នានេះ ពោលគឺកើនពី ២២,២ ពាន់លានដុល្លារដល់ ៤០៨,១ ពាន់លានដុល្លារ។
ជាងនេះទៅទៀត អាស៊ីបូព៌ា, អាមេរិក, និងអឺរ៉ុប គឺជាប្រភពដ៏សំខាន់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងបណ្តាប្រទេសអាស៊ាន។ ក្នុងឆ្នាំ ២០២១ ប្រទេសអាស៊ីបូព៌ាមានចំណែក ៣៣% នៃ FDI សរុបនៅក្នុងតំបន់ ខណៈពេលដែលអាមេរិកមានចំណែក ២២% និង EU មានចំណែក ១៥% ។
ដោយមើលឃើញអំពីភាពស៊ីជម្រៅនៃទំនាក់ទំនងសេដ្ឋកិច្ចទាំងនេះ ការជំរុញឱ្យបណ្តាប្រទេសអាស៊ានកាត់ផ្តាច់ចេញពីចិន គឺជារឿងអយុត្តិធម៌ខ្លាំងណាស់។ វាក៏ជាការមើលតែនឹងភ្នែកផងដែរ ព្រោះការកាត់ផ្តាច់នេះនឹងធ្វើឱ្យខូចខាតដល់ការធ្វើពាណិជ្ជកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅផ្ទៃក្នុងរបស់ប្លុក ដែលនឹងជំរុញឱ្យមានអស្ថិរភាពនយោបាយនៅទូទាំងតំបន់៕
Project Syndicate