ខ្មែរប៉ុស្ដិ៍ Close

គោលដៅរបស់គម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន កំពុងតែផ្លាស់ប្តូរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 51
គោលដៅរបស់គម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន កំពុងតែផ្លាស់ប្តូរ លោក Xi Jinping ជួបជាមួយមេដឹកនាំប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ កាលពីខែធ្នូឆ្នាំ 2022។ រូបថត៖ ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត

នៅពេលដែលរឿងរ៉ាវប្រវត្តិសាស្ត្រស្តីអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន (BRI) ត្រូវបានគេកត់ត្រា វាមិនច្បាស់ទេថា «តើនឹងមានអ្នកណាខ្លះលើកឡើងថា គម្រោងនេះបានផ្តល់នូវផលវិជ្ជមាន»។ ក្រោយការចំណាយអស់ថវិកាជាង ១ ទ្រីលានដុល្លារអាមេរិកដើម្បីបង្កើតបណ្តាញគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន ដើម្បីតភ្ជាប់ផ្នែកដ៏ធំមួយនៃសេដ្ឋកិច្ចពិភពលោកជាមួយនឹងប្រទេសចិន ឥឡូវនេះបញ្ហាកំពុងតែចាប់ផ្តើមកើតមានហើយ។

មូលនិធិមានកាន់តែតិចតួច, គម្រោងដែលមានស្រាប់កំពុងតែដួលរលំ ហើយប្រទេសដែលទទួលបានគម្រោងកំពុងលង់ខ្លួននៅក្នុងបំណុល។ ប្រការខាងលើនេះបានជំរុញឱ្យប្រទេសមួយចំនួនចេញមកធ្វើការប្រឆាំងដោយបើកចំហជាមួយនឹងឥទ្ធិពលរបស់ចិន។ ខណៈដែលទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកំពុងតែធ្លាក់ចុះ វាដល់ពេលហើយដែលគេត្រូវសួរនូវសំណួរមួយចំនួនពាក់ព័ន្ធអនាគតរបស់គម្រោង BRI និងរបៀបដែលចិនអាចជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកគោលនយោបាយការបរទេសរបស់ខ្លួន នៅពេលខាងមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់គម្រោង BRI។

បើនិយាយអំពីទម្រង់ដើមរបស់វា គម្រោង BRI គឺជាមធ្យោបាយសម្រាប់ពង្រីកឥទ្ធិពលរបស់ចិននៅក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន ដោយរាប់ចាប់តាំងពីតំបន់អាស៊ីរហូតដល់តំបន់អាមេរិកខាងត្បូង។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០១០ នៅពេលដែលគម្រោង BRI កំពុងតែមានសន្ទុះយ៉ាងពិតប្រាកដ សេដ្ឋកិច្ចសមូហភាពបានក្លាយជាក្តីសង្ឃឹមមួយសម្រាប់ប្រទេសដែលមានទីផ្សារកំពុងតែរីកចម្រើន បើទោះបី
ជាវាគឺជារឿងមិនសមហេតុផលក៏ដោយ។

ចាប់តាំងពីនៅលើវេទិកាសេដ្ឋកិច្ចពិភពលោក រហូតដល់ទំព័រសារព័ត៌មាន ប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនត្រូវបានគេប្រកាសថា នឹងក្លាយជាប្រទេសដែលមានអព្ភូតហេតុសេដ្ឋកិច្ចដ៏អស្ចារ្យនៅពេលអនាគត។ ការតភ្ជាប់កាន់តែច្រើនតាមរយៈទូរសព្ទស្មាតហ្វូន និងតំណភ្ជាប់ផ្លូវអាកាសចរណ៍បានផ្តល់នូវក្តីសង្ឃឹមថា «ក្រុមមនុស្សវណ្ណៈកណ្តាលថ្មីនឹងលេចឡើងនៅក្នុងបណ្តាប្រទេសនានា ដោយរាប់ចាប់តាំងពីប្រទេសកេនយ៉ា រហូតដល់ប្រទេសកាហ្សាក់ស្ថាន»។

ដោយមានការជំរុញពីសំណាក់ការបង្កើតទីប្រជុំជនកាន់តែលឿន និងអត្រាផ្តល់កំណើតដ៏រហ័ស ក្រុមវណ្ណៈកណ្តាលថ្មីនេះ នឹងអាចជំរុញសេដ្ឋកិច្ចពិភពលោកឱ្យឈានទៅកាន់កម្រិតខ្ពស់ថ្មីមួយទៀត។ ក្នុងនាមជាមហាអំណាចពិភពលោក ដែលស្ថិតនៅជិតបណ្តាប្រទេសទាំងនេះ ចិនបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការបញ្ចូលខ្លួនឯងចូលទៅក្នុងគន្លងសេដ្ឋកិច្ចដែលកំពុងតែផ្លាស់ប្តូរទាំងនេះ។

ចិនមានបំណងចង់តភ្ជាប់សកម្មភាពសេដ្ឋកិច្ចថ្មីៗទាំងនេះ ទៅនឹងសេដ្ឋកិច្ចចិនតាមរយៈការដាក់ពង្រាយកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ, ប្រាក់កម្ចីថោកៗ និងភាពជាដៃគូបច្ចេកវិទ្យា។ កម្មវិធី TikTok ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីរបស់ចិន កំពុងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ហើយវាក៏ជាផ្នែកមួយនៃការពង្រីកនេះផងដែរ។

ប្រធានាធិបតីចិន Xi Jinping ធ្លាប់បាននិយាយថា «គម្រោង BRI គឺជាគម្រោងប្រចាំសតវត្សរ៍ដែលនឹងធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកមានការប្រែប្រួល ដោយមានចិនជាតួអង្គសំខាន់»។ សកម្មភាពទាំងអស់នេះអាចដំណើរការទៅបាននៅក្នុងយុគសម័យដែលប្រាក់នៅថោក ហើយវាក៏ត្រូវបានជំរុញផងដែរដោយអត្រាការប្រាក់ទាប និងកំណើនសេដ្ឋកិច្ចដ៏ធំរបស់ចិន ក៏ប៉ុន្តែអ្វីៗទាំងអស់កំពុងតែប្រែប្រួលហើយ។

សេដ្ឋកិច្ចចិនកំពុងតែជួបប្រទះនឹងបញ្ហាក្នុងការរក្សាឱ្យបាននូវអត្រាកំណើនដ៏ធំរបស់ខ្លួន ទន្ទឹមនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការបន្តរឹតបន្តឹងដោយសារវីរុសកូវីដ-១៩។ បញ្ហាដ៏ស្មុគស្មាញទាំងនេះបានបង្កឱ្យមានការខឹងសម្បារពីសំណាក់ប្រទេសមួយចំនួនជុំវិញគុណភាពនៃគម្រោង BRI។

នៅពេលថ្មីៗនេះ សារព័ត៌មាន Wall Street Journal បានរាយការណ៍អំពីករណីគម្រោង BRI ជាច្រើននៅក្នុងបណ្តាប្រទេសនានា ដោយរាប់ចាប់តាំងពីប្រទេស Ecuador ដល់ប្រទេស Zambia ដែលកំពុងតែជួបប្រទះនឹងបញ្ហាសំណង់យ៉ាងធ្ងន់ធ្ងរ។ គម្រោងវារីអគ្គិសនី Coca Codo Sinclair ដែលមាន តម្លៃ ២,៧ ពាន់លានដុល្លាររបស់ប្រទេស Ecuador គឺជាឧទាហរណ៍ដ៏ជាក់ស្តែងមួយ។

ស្នាមប្រេះរាប់ពាន់បានលេចឡើងនៅក្នុងរោងចក្រដែលត្រូវបានសាងសង់ឡើងដោយចិន ហើយស្នាមប្រេះទាំងនេះអាចបំផ្លាញនូវអ្វីៗគ្រប់យ៉ាងនៅក្នុងគម្រោងនេះ។ គម្រោងនេះគឺជាប្រភពថាមពលដ៏ធំបំផុតមួយរបស់ប្រទេស Ecuador ហើយការជួសជុលរោងចក្រនេះអាចនឹងជំរុញឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបំណុលកាន់តែជ្រៅ។

ភាពបរាជ័យរបស់គម្រោង BRI កំពុងតែក្លាយទៅជាភស្តុតាងបន្ថែមទៀត សម្រាប់ការអះអាងដែលថា «ចិនបានផ្តល់ប្រាក់កម្ចីដ៏ឃោឃៅ» ដែលជាទូទៅ សកម្មភាពបែបនេះត្រូវបានគេហៅថា «ការទូតបំណុល» ហើយសកម្មភាពនេះពិតជាបានរួមចំណែកបង្កឱ្យមានវិបត្តិបំណុលនៅស្រីលង្កា។ អ្នករិះគន់ផ្សេងទៀតបាននិយាយថា «ភាពបរាជ័យនេះពិតជាសបញ្ជាក់ឱ្យឃើញថា ចិនបានធ្វើសកម្មភាពគំហ៊ុកពេកនៅក្នុងការសាងសង់គម្រោង ដែលជារឿយៗវាពិតជាមិនទាន់សក្ដិសមទៅនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់របស់ប្រទេសនានា ឬបានបង្កឱ្យមានការបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ»។

កាលពីឆ្នាំមុន រដ្ឋាភិបាលចិនបានធ្វើការផ្លាស់ប្តូរចំណុចមួយចំនួនយ៉ាងស្ងៀមស្ងាត់នៅក្នុងរចនាសម្ព័ន្ធនៃគម្រោង BRI។ ដោយត្រូវបានគេដាក់ឈ្មោះថាជា «គម្រោង Belt and Road 2.0» នៅក្នុងការពិភាក្សាផ្ទៃក្នុង ក្រុមអ្នកគោលនយោបាយទីផ្សាររបស់ចិនបានយល់ព្រមក្នុងការវាយតម្លៃទៅលើគម្រោងថ្មីៗឱ្យកាន់តែហ្មត់ចត់ និងអនុញ្ញាតឱ្យមានការចរចាអំពីបំណុលឡើងវិញ ដែលកាលពីមុន ចំណុចទាំងនេះស្ថិតនៅក្នុងបន្ទាត់ក្រហម។

ការផ្លាស់ប្តូរទំនងជានឹងកើតមានជាបន្តបន្ទាប់ទៀត ប្រសិនបើសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចរយៈពេលយូរដែលអាចធ្វើឱ្យគម្រោងនានាត្រូវទទួលរងបរាជ័យ។ សេដ្ឋវិទូមួយចំនួន ដូចជាលោក Sebastian Horn, លោកស្រី Carmen Reinhart និងលោក Christoph Trebesch បានលើកឡើងនៅក្នុង «Wall Street Journal» ថា «ប្រទេសដែលកំពុងតែមានវិបត្តិហិរញ្ញវត្ថុបានកាន់កាប់ជិត ៦០% នៃកម្ចីបរទេសរបស់ចិន ខណៈកាលពីឆ្នាំ ២០១០ តួលេខមានត្រឹមតែ ៥% ប៉ុណ្ណោះ»។

ខណៈពេលដែលគម្រោង BRI នៅតែបន្តជួបប្រទះនឹងបញ្ហា មេដឹកនាំកំពូលរបស់ចិនកំពុងតែផ្លាស់ប្តូរការយកចិត្តទុកដាក់ផ្នែកគោលនយោបាយការបរទេសរបស់ពួកគេទៅកាន់តំបន់មជ្ឈិមបូព៌ា។ គោលបំណងនៃគោលនយោបាយការបរទេសរយៈពេលវែងមួយរបស់ប្រទេសចិនគឺ «ការផ្លាស់ប្តូរការជួញដូរប្រេងដែលកំពុងត្រូវបានធ្វើឡើងដោយប្រាក់ដុល្លារ និងការធ្វើយ៉ាងណាឱ្យការទិញលក់ប្រេងត្រូវបានធ្វើឡើងដោយប្រើរូបិយបណ្ណមួយផ្សេងទៀត»។

ក្រុមហ៊ុនរបស់ចិនបានធ្វើការវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសផលិតប្រេង ហើយចិនថែមទាំងបានធ្វើការដេញថ្លៃយកភាគហ៊ុនដ៏សំខាន់នៅក្នុងក្រុមហ៊ុន Saudi Aramco ថែមទៀតផង។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិនបានធ្វើដំណើរទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់ និងបានរៀបចំកិច្ចប្រជុំកំពូលចិន-អារ៉ាប់ជាលើកដំបូងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនៅពេលនោះ ចិនបានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឱ្យកាន់តែមានភាពស៊ីជម្រៅនៅក្នុងវិស័យផ្សេងៗ។

អ្វីដែលជាចំណុចចាប់អារម្មណ៍ដ៏ពិតប្រាកដរបស់ចិនគឺ «ប្រេងនិងការធានាឱ្យបាននូវការនាំចូលប្រេងឆៅពីតំបន់មជ្ឈិមបូព៌ាទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើន»។ គម្រោង BRI មានទំហំធំពេក ហើយវាពិតជាមិនអាចរលាយបាត់នៅក្នុងរយៈពេលខ្លីនោះទេ ក៏ប៉ុន្តែវានឹងត្រូវការការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ខណៈពេលដែលមេដឹកនាំនៃបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនមានភាពស្ងប់ស្ងាត់ ប្រទេសចិនកំពុងពិចារណាឡើងវិញអំពីគោលបំណងការបរទេសរបស់ខ្លួនដើម្បីងាកចេញពីគម្រោងនៃការសាងសង់ដែលគ្មានគុណភាពនៅក្នុងប្រទេសដែលជំពាក់បំណុល និងដើម្បីឆ្ពោះទៅកាន់តំបន់ដែលអាចផ្តល់នូវផលតបស្នងវិញយ៉ាងពិតប្រាកដ។

ការបង្កការរំខានដល់ការធ្វើពាណិជ្ជកម្មប្រេងដោយប្រាក់ដុល្លារគឺជាផ្នែកមួយនៃផែនការនេះ ហើយគេរំពឹងថា «វត្តមានរបស់មេដឹកនាំចិននៅជុំវិញតំបន់មជ្ឈិមបូព៌ានឹងកើតមានកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»៕

Asia Times

អត្ថបទទាក់ទង