ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្ដី ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទី២១ ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៥

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 56

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC Chair) ក្នុងឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២១ (THE TWENTY FIRST ASEAN ECONOMIC COMMUNITY COUNCIL MEETING – 21st AECC) អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហគមន៍ សេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការរងអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក្នុងនាមជាប្រធានអង្គប្រជុំ បានផ្តល់មតិស្វាគមន៍ និងថ្លែងអំណរ ចំពោះបណ្តារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហគមន៍ សេដ្ឋកិច្ចអាស៊ាទាំងអស់ អគ្គលេខាធិការរងអាស៊ាន និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលបានចូលរួមដោយផ្ទាល់ និងតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន សម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍ សេដ្ឋកិច្ចអាស៊ាន។

លោករដ្ឋមន្រ្តីបានបន្តថា អង្គប្រជុំនេះបានធ្វើការកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖

  1. បច្ចុប្បន្នភាពចុងក្រោយ នៃសមិទ្ធផលសេដ្ឋកិច្ចអាស៊ាន (PEDs) របស់ភាពជាប្រធានអាស៊ាន របស់កម្ពុជាឆ្នាំ២០២២,
  2. វឌ្ឍនភាពការងារនៃអន្តរវិស័យ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន,
  3. វឌ្ឍនភាពនៃសកម្មភាពតាមដាន លើអនុសាសន៍លើរបាយការណ៍ត្រួតពិនិត្យ ពាក់កណ្តាលអាណត្តិ (Mid-Term Review) នៃផែនការលម្អិតសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint 2025),
  4. វឌ្ឍនភាពនៃការពង្រាងនៃធាតុផ្សំស្នូល(Core Element) សម្រាប់ផែនការលម្អិតសហគមន៍ សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥,
  5. របាយការណ៍និងឯកសារលទ្ធផល នៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងរបៀបវារៈពាក់ព័ន្ធផ្សេងៗ។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសំដែងការគាំទ្រដល់ប្រទេសឥណ្ឌូណេស៊ី ដែលនឹងទទួលតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២៣ និងបានថ្លែងអំណរគុណដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដែលបានចូលរួមពិភាក្សា យ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់ផងដែរ៕

Fresh News

អត្ថបទទាក់ទង