ខ្មែរប៉ុស្ដិ៍ Close

របៀបដែលក្រុមហ៊ុនអាមេរិកអាចធ្វើឱ្យសហរដ្ឋអាមេរិកមានប្រៀបជាងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 83
របៀបដែលក្រុមហ៊ុនអាមេរិកអាចធ្វើឱ្យសហរដ្ឋអាមេរិកមានប្រៀបជាងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ របៀបដែលក្រុមហ៊ុនអាមេរិកអាចធ្វើឱ្យសហរដ្ឋអាមេរិកមានប្រៀបជាងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍

នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក (NSS) ដែលត្រូវបានប្រកាសនៅពេលថ្មីៗនេះ រដ្ឋបាល Biden បានគូសបញ្ជាក់អំពីផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេស គឺបំណងប្រាថ្នារបស់អាមេរិកក្នុងការកាត់បន្ថយភាពឈ្លានពានកាន់តែខ្លាំងរបស់ចិន។ យុទ្ធសាស្ត្រនេះបានសង្កត់ធ្ងន់លើ «មជ្ឈភាព» របស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការកសាង «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដ ដែលសេរី និងបើកចំហ»។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការប្រកួតប្រជែងគ្នារវាងចិននិងអាមេរិកបានកើតមានកាន់តែខ្លាំងនៅក្នុងវិស័យយោធានិងសេដ្ឋកិច្ច តំបន់អាស៊ីអាគ្នេយ៍បានក្លាយទៅជាសមរភូមិនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ភាគីទាំងពីរ បានចាប់ផ្តើមគំនិតផ្តួចផ្តើមភូមិសាស្ត្រសេដ្ឋកិច្ចក្នុងគោលបំណងផ្តល់ការគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងក៏បានក្លាយជាអ្នកឈ្នះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែអាចមានប្រៀបលើប្រទេសចិននៅក្នុងតំបន់ដោយសារអំណាចនៃវិស័យឯកជនរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាមេរិកគឺជាប្រភពដ៏សំខាន់មួយនៃអំណាចសេដ្ឋកិច្ចសកលរបស់អាមេរិកដែលមានឥទ្ធិពលជាសកលនៅលើសឹងគ្រប់វិស័យ។

បញ្ជី «Global 2000» ថ្មីបំផុតរបស់សារព័ត៌មាន Forbes បានឱ្យដឹងថា «ក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង ១០ នៅលើពិភពលោកដែលរកប្រាក់ចំណូលបានច្រើនចំនួន ៥ មានប្រភពមកពីសហរដ្ឋអាមេរិក»។ ជាងនេះទៅទៀត នៅក្នុងវិស័យយុទ្ធសាស្ត្រមួយចំនួន ដូចជាបច្ចេកវិទ្យា, ហិរញ្ញវត្ថុ, ថាមពល និងទូរគមនាគមន៍ក្រុមហ៊ុនឯកជនរបស់អាមេរិកក៏បាននាំមុខប្រទេសចិនផងដែរ។

ទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ភាពចាំបាច់នៃការបញ្ចូលតួអង្គឯកជននៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន។ ជាឧទាហរណ៍ នៅក្នុងកិច្ចប្រជុំកំពូល G-7 កាលពីខែមិថុនា សហរដ្ឋអាមេរិកបានដាក់ឱ្យដំណើរការជាផ្លូវការនូវ «ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសកល» ដែលមានបំណងប្រើប្រាស់ទឹកប្រាក់ ៥០០ ពាន់លានដុល្លារសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសកល ហើយវិស័យឯកជននឹងដើរតួនាទីដ៏សំខាន់នៅក្នុងផែនការនេះ។

បន្ថែមពីលើនេះ ប្រធានាធិបតី Joe Biden ក៏បានប្រកាសអំពីគំនិតផ្តួចផ្តើមដ៏អស្ចារ្យចំនួន ២ ផងដែរក្នុងគោលបំណងពង្រឹងក្រុមហ៊ុនសំខាន់ៗក្នុងវិស័យយុទ្ធសាស្ត្រដែលនោះគឺ «ច្បាប់ CHIPS និងវិទ្យាសាស្ត្រ» និង «គំនិតផ្តួចផ្តើមជីវបច្ចេកវិទ្យា និងជីវកម្មជាតិ»។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅចម្បងចំនួន 3 គឺ «ការពង្រឹងអំណាច សកលរបស់ក្រុមហ៊ុនអាមេរិក, ការទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់ក្រុមហ៊ុនចិន និងការការពារវិស័យយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក»។

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

រួមជាមួយនឹងការសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈស្ថាប័ននានា ដូចជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ឬកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅក្នុងយុទ្ធសាស្រ្ត NSS ចុងក្រោយនេះ បានបង្ហាញថា «សហរដ្ឋអាមេរិកពិតជាមានបំណងបង្កើនអំណាចសម្រាប់វិស័យឯកជនរបស់ខ្លួននៅក្នុងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន»។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥទ្ធិពលរបស់ក្រុមហ៊ុនអាមេរិកអាចផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោននូវអានុភាពស្រដៀងគ្នានឹងប្រទេសចិន។ បើក្រឡេកមើលមួយភ្លែត ថ្វីត្បិតតែអាមេរិកដើរយឺតជាងប្រទេសចិននៅពេលនិយាយដល់ទំហំពាណិជ្ជកម្មសរុបជាមួយតំបន់ក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែជាអ្នកវិនិយោគធំជាងគេនៅក្នុងចំណោមសមាជិកអាស៊ានទាំង ១០។

សំខាន់ជាងនេះទៅទៀតនោះគឺ «បើទោះបីជាមានកំណើនដ៏អស្ចារ្យនៅក្នុងលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏ប្រទេសចិននៅតែមិនត្រូវបានគេចាត់ទុកជាវិនិយោគិនដ៏គួរឱ្យទុកចិត្តនោះទេ បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក»។

ដោយសារតែហានិភ័យខ្លាំងទាក់ទងនឹងវិនិយោគិនចិន ជាពិសេសតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់និងផ្លូវ (BRI) បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានបង្ហាញនូវការសង្ស័យកាន់តែខ្លាំងឡើងៗលើការវិនិយោគពីប្រទេសចិន ដូចដែលបានបង្ហាញឡើងតាមរយៈការលុបចោល ឬការដកខ្លួនចេញពីគម្រោងដែលផ្តល់មូលនិធិដោយ BRI នៅក្នុងប្រទេសមួយចំនួន ដូចជាម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងហ្វីលីពីន។

ភស្តុតាងកាន់តែច្រើនពាក់ព័ន្ធនឹងការសង្ស័យកាន់តែខ្លាំងឡើងនៅក្នុងតំបន់ចំពោះប្រទេសចិន ត្រូវបានបង្ហាញឱ្យឃើញតាមរយៈការស្ទង់មតិនៅឆ្នាំ ២០២២ ដែលធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី។ ការស្ទង់មតិក្នុងចំណោមអ្នកបង្កើតគោលនយោបាយអាស៊ានបានរកឃើញថា «បើទោះបីជាចិនត្រូវបានគេចាត់ទុកជាប្រទេសដែលមានឥទ្ធិពលបំផុតផ្នែកនយោបាយនិងសេដ្ឋកិច្ចនៅក្នុងតំបន់ក៏ដោយ ក៏ចិនមិនមែនជាមហាអំណាចដែលទទួលបានការស្វាគមន៍ខ្លាំងបំផុតនោះទេ»។

សូមអាន ហេតុអ្វីតំបន់អាស៊ីអាគ្នេយ៍ក្លាយជាសមរភូមិនៃការប្រកួតប្រជែងរវាងចិននិងអាមេរិក?

ផ្ទុយទៅវិញ វាគឺជាសហរដ្ឋអាមេរិកដែលទទួលបានការជឿទុកចិត្តខ្ពស់ក្នុងចំណោមប្រទេសក្នុងតំបន់។ ការស្ទង់មតិនេះក៏បានរកឃើញផងដែរថា «បណ្តាប្រទេសជាសមាជិកអាស៊ានបានបង្ហាញអំពីកម្រិតនៃទំនុកចិត្តខ្ពស់មកលើសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកផ្តល់ការដឹកនាំ និងការការពាររបៀបវារៈពាណិជ្ជកម្មសេរីសកល»។

សក្ដានុពលទាំងនេះនឹងផ្តល់ភាពអំណោយផលដល់វត្តមានសេដ្ឋកិច្ចរបស់អាមេរិកនៅពេលអនាគតនៅក្នុងតំបន់ ហើយវាក៏អាចធ្វើឱ្យសហរដ្ឋអាមេរិកមានប្រៀបជាងចិនផងដែរ នៅក្នុងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់។ ក្រុមហ៊ុនអាមេរិកនឹងដើរតួនាទីជាអ្នកថែរក្សា និងពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់អាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីស្ថានភាពក្នុងតំបន់ដែលអំណោយផលក្រុមហ៊ុនអាមេរិកខ្លួនឯងក៏មានគុណសម្បត្តិច្រើនជាងផងដែរ បើធៀបនឹងក្រុមហ៊ុនចិន។

ទី១៖ «ក្រុមហ៊ុនអាមេរិកគឺជាដៃគូឈានមុខគេរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗជាច្រើន»។ ក្នុងចំណោមអ្នកម៉ៅការផ្នែកការពារជាតិធំជាងគេទាំង ៥ នៅក្នុងតំបន់ ក្រុមហ៊ុនធំជាងគេគឺជាក្រុមហ៊ុនរបស់អាមេរិក (Lockheed Martin Cooperation និង L3Harris Technologies Inc.) ហើយក្រុមហ៊ុនចិនគ្មានវត្តមាននៅក្នុងបញ្ជីនេះទេ។ ចំណុចនេះនឹងផ្តល់អំណាចយ៉ាងសំខាន់ដល់សហរដ្ឋអាមេរិកក្នុងការរៀបចំទីផ្សារការពារជាតិក្នុងតំបន់ ដែលជាកត្តាកំណត់ដ៏សំខាន់ក្នុងការរក្សាភាពលេចធ្លោរបស់អាមេរិក។

ទី២៖ «ដោយសារបច្ចេកវិទ្យាទំនើបនិងការច្នៃប្រឌិតខ្ពស់ ក្រុមហ៊ុនអាមេរិកនឹងជួយឱ្យសហរដ្ឋអាមេរិកអាចដណ្តើមបានការគ្រប់គ្រងលើអាណាចក្រនៃស្តង់ដារបច្ចេកទេសអន្តរជាតិ»។ ស្តង់ដារូបនីយកម្ម (Standardization) គឺជាដំណើរការដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោកដែលជំរុញដោយបច្ចេកវិទ្យាឌីជីថល ដោយក្នុងនោះវានឹងបង្កើតបទដ្ឋានចាំបាច់សម្រាប់ទីផ្សារពិភពលោកដែលអាចធានាបាននូវការអនុវត្តរួម, ការត្រួតពិនិត្យគុណភាព និងសកម្មភាពសំខាន់ៗផ្សេងទៀត ដែលជាមូលដ្ឋានគ្រឹះនៃសកម្មភាពសេដ្ឋកិច្ច។

ដូច្នេះ ការគ្រប់គ្រងដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកនៅក្នុងការកំណត់ស្តង់ដារនឹងធ្វើឱ្យអាមេរិកមានប្រៀបជាងប្រទេសចិនទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ ដោយសារវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការទទួលបានការស្វាគមន៍ពីបណ្តាប្រទេសក្នុងតំបន់ ក្រុមហ៊ុនអាមេរិកនឹងក្លាយជាកត្តាជំរុញដ៏ចម្បងនៅក្នុងការធ្វើស្តង់ដារូបនីយកម្មបច្ចេកទេសនៅក្នុងតំបន់ តាមរយៈបណ្តាញនានាដែលរួមមានការផ្ទេរបច្ចេកវិទ្យា, ការកសាងសមត្ថភាព ឬប៉ាតង់/កម្មសិទ្ធិបញ្ញា។

បើទោះបីជាប្រទេសចិនបាននិងកំពុងព្យាយាមលើកកម្ពស់ប្រព័ន្ធស្តង់ដារដែលផ្តោតសំខាន់លើប្រទេសចិនក៏ដោយ ក៏ប្រទេសនេះនៅតែស្ថិតនៅពីក្រោយសហរដ្ឋអាមេរិកដោយសារតួអង្គឯកជនរបស់ចិនមិនសូវមានឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងន័យនេះ ក្រុមហ៊ុនអាមេរិកកំពុងផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោននូវយន្តការសេដ្ឋកិច្ចចំនួនពីរ ដើម្បីរក្សាអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ខ្លួនទល់នឹងប្រទេសចិន។

ជាងនេះទៅទៀត បណ្តាញក្រុមហ៊ុនដ៏ទូលំទូលាយ និងដ៏មានឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ បានផ្តល់ឱ្យសហរដ្ឋអាមេរិកនូវអត្ថប្រយោជន៍យ៉ាងលើសលប់នៅក្នុងវិស័យសន្តិសុខ។ ក្រុមហ៊ុនអាមេរិកស្ថិតក្នុងចំណោមអ្នកម៉ៅការផ្នែកការពារជាតិដ៏ធំបំផុតរបស់រដ្ឋាភិបាលមួយចំនួននៅក្នុងតំបន់ ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា «រដ្ឋាភិបាលអាមេរិកគឺជាអ្នកផ្តល់សេវាសន្តិសុខដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

សហរដ្ឋអាមេរិកមិនត្រឹមតែមានជំនាញនិងបច្ចេកវិទ្យាប្រសើរជាងមុននៅក្នុងវិស័យសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែអាមេរិកក៏ទទួលបានភាពអំណោយផលកាន់តែច្រើនផងដែរ ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើងចំពោះគម្រោងដែលផ្តល់មូលនិធិដោយគម្រោង BRI របស់ចិន។ សហរដ្ឋអាមេរិកបានពង្រឹងតួនាទីដែលមិនអាចខ្វះបានរបស់ខ្លួននៅក្នុងសន្តិសុខក្នុងតំបន់ ហើយប្រទេសចិននៅតែស្ថិតនៅពីក្រោយក្នុងនាមជាដៃគូសន្តិសុខរបស់បណ្តារដ្ឋអាស៊ីអាគ្នេយ៍ បើទោះបីជាឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចរបស់ចិន កំពុងកើនឡើងក៏ដោយ។

បន្ថែមពីលើនេះ ក្នុងនាមជាអ្នក វិនិយោគដ៏ធំនិងដ៏គួរឱ្យទុកចិត្តជាងប្រទេសចិន សហរដ្ឋអាមេរិកគួរប្រមូលធនធានពីក្រុមហ៊ុននានារបស់ខ្លួនដើម្បីបង្កើនការវិនិយោគលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ដែលអាចផ្តល់ឱ្យសហរដ្ឋអាមេរិកនូវ «ភាពលេចធ្លោផ្នែកសេដ្ឋកិច្ច និងសន្តិសុខ»។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់សហរដ្ឋអាមេរិកទាំងរឹងនិងទន់ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហរដ្ឋអាមេរិកក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយដៃគូសំខាន់ៗ។

ប្រសិនបើអាមេរិកអាចទទួលបានជោគជ័យក្នុងការប្រើប្រាស់បណ្តាញក្រុមហ៊ុនដើម្បីរក្សា និងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងតំបន់ សហរដ្ឋអាមេរិកនឹងអាចក្លាយខ្លួនជាតួអង្គដ៏សំខាន់នៃផែនការសន្តិសុខក្នុងតំបន់ ដែលប្រទេសចិនមិនអាចជំនួសបាន។ ប្រទេសចិនបានរីកចម្រើនយ៉ាងអស្ចារ្យនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ និងបានក្លាយជាដៃគូប្រកួតប្រជែងពិភពលោករបស់សហរដ្ឋ អាមេរិក ជាពិសេស នៅតំបន់អាស៊ីអាគ្នេយ៍។

បើទោះបីជាមានការអភិវឌ្ឍច្រើនក៏ដោយ ក៏ប្រទេសចិននៅតែប្រឈមមុខនឹងគុណវិបត្តិនៅក្នុងតំបន់ ដោយសារតែកង្វះបណ្តាញក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានបច្ចេកវិទ្យាទំនើបៗ។ ក្នុងន័យនេះ ប្រសិនបើសហរដ្ឋអាមេរិកអាចទាញយកប្រភពនៃអំណាចនេះបាន អាមេរិកនឹងអាចបន្តធានាបាននូវឥទ្ធិពលរបស់ខ្លួនតទៅទៀត៕

The Diplomat