ការលុបបំបាត់ប្រាក់ដុល្លារអាមេរិករបស់ប្រទេសមីយ៉ាន់ម៉ា គឺដូចជាការធ្វើអត្តឃាតផ្នែកហិរញ្ញវត្ថុដូច្នោះដែរ
ក្រោយការបំផ្លិចបំផ្លាញផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ខ្លួនអស់រយៈពេលជាងមួយឆ្នាំមកនេះរបបយោធាដែលបានចូលកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារ ឥឡូវនេះកំពុងតែធ្វើអត្តឃាតផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។
កាលពីថ្ងៃទី ៣ មេសា ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីណែនាំតម្រូវឱ្យពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់ត្រូវធ្វើការផ្លាស់ប្តូររូបិយបណ្ណបរទេសរបស់ពួកគេ និងផ្លាស់ប្តូរប្រាក់ដែលទទួលបានពីក្រៅប្រទេសទៅជាប្រាក់ Kyat របស់មីយ៉ាន់ម៉ានៅតាមបណ្តាធនាគាររបស់រដ្ឋ។
ការណែនាំដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនេះ ត្រូវបានក្រុមអ្នករិះគន់ចាត់ទុកថាជាការដកហូតយកលុយពីពលរដ្ឋដ៏ប្រញាប់ប្រញាល់ ខណៈដែលការប្តូរប្រាក់នេះត្រូវបានកំណត់ឱ្យធ្វើក្នុងរយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះ។
គេនៅតែមិនទាន់ដឹងច្បាស់ទេថា តើវិធានការនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច នោះទេ។ ប៉ុន្តែការណែនាំជាបន្តបន្ទាប់បានបញ្ជាក់ថា ប្រាក់ដុល្លារអាមេរិកត្រូវតែយកមកប្តូរក្នុងអត្រា ១ដុល្លារ = ១៨៥០ Kyats ដែលការធ្វើបែបនេះពិតជាបានផ្តល់ផលចំណេញយ៉ាងច្រើនដល់ធនាគារកណ្តាល ខណៈដែលអត្រាប្តូរប្រាក់នៅលើទីផ្សារគឺ ១ដុល្លារ = ២០១៥ Kyats។ រូបិយប័ណ្ណផ្សេងៗ ទៀតក៏នឹងត្រូវបានធនាគារកណ្តាលគណនានៅក្នុងអត្រាទាបស្រដៀងគ្នានឹងប្រាក់ដុល្លារនេះដែរ ។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា ទុនបម្រុងបរទេសរបស់មីយ៉ាន់ម៉ាមានត្រឹមតែ ៧,៨ ពាន់លានដុល្លារប៉ុណ្ណោះ គិតត្រឹមខែធ្នូ ឆ្នាំ២០២០។ ទិន្នន័យខាងលើនេះគឺជាទិន្នន័យសាធារណៈចុងក្រោយដែលគេអាចជឿទុកចិត្តបានពាក់ព័ន្ធនឹងទុនបម្រុងរបស់ប្រទេសនេះ។
បំណុលបរទេសរបស់មីយ៉ាន់ម៉ាត្រូវបានប៉ាន់ប្រមាណថា ស្ថិតនៅចន្លោះពី ១០ ទៅ ១១ ពាន់លានដុល្លារ។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចគឺជាការឆ្លើយតបចំពោះការដណ្តើមអំណាចរបស់ក្រុមយោធាពីសំណាក់រដ្ឋបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi និងត្រូវបានគេកំណត់គោលដៅទៅលើផលប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗរបស់ក្រុមយោធា និងបុគ្គលកំពូលៗមួយចំនួន។
យោងតាមសេចក្តីថ្លែងការណ៍ដំបូងរបស់ធនាគារកណ្តាលស្តីអំពីវិធានការថ្មីនេះ បានបញ្ជាក់ថា «ការផ្ទេររូបិយបណ្ណបរទេសទាំងអស់ត្រូវតែធ្វើឡើងតាមរយៈធនាគារ ដែលទទួលបានការអនុញ្ញាត ហើយក៏ត្រូវបានសុំការអនុញ្ញាតពីគណៈកម្មាធិការត្រួតពិនិត្យការប្តូរប្រាក់បរទេសផងដែរ»។
ម្ចាស់គណនីរូបិយបណ្ណបរទេសទាំងអស់ក៏នឹងត្រូវបង្ខំឱ្យប្តូរប្រាក់នៅក្នុងគណនីរបស់ខ្លួនឱ្យបានមុនថ្ងៃទី៣ ខែមេសា ទៅជាប្រាក់ Kyats ខណៈពួកគេមិនទាន់ទទួលបានជម្រើសណាមួយដើម្បីស្នើសុំឱ្យមានការលើកលែងនៅ ឡើយនោះទេចំពោះវិធានច្បាប់ថ្មីនេះ។
គេក៏បានប្រកាសបន្ថែមទៀតថារូបិយបណ្ណបរទេសមួយចំនួនអាចត្រូវបានរក្សាទុកនៅក្នុងធនាគារដែលទទួលបានការអនុញ្ញាត បន្ទាប់ពីមានការយល់ព្រមពីសំណាក់អាជ្ញាធរពាក់ព័ន្ធដែលរួមមានទាំងគណៈកម្មការវិនិយោគមីយ៉ាន់ម៉ាផងដែរ។
សហគមន៍អ្នកវិនិយោគបរទេសបានចេញមកបង្ហាញអំពីការភ្ញាក់ផ្អើលជាខ្លាំងចំពោះគោលនយោបាយបែបផ្តាច់ការនេះ។
កាលពីថ្ងៃទី៤ ខែមេសា ស្ថានទូតជប៉ុនបានផ្ញើលិខិតមួយទៅកាន់របបយោធា ដោយបានលើកឡើងថា «ក្រុមហ៊ុនជប៉ុន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចនឹងប្រឈមមុខនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរក្នុងការអនុវត្តតាមបទប្បញ្ញត្តិថ្មី ហើយវាក៏នឹងបង្កឱ្យមានការលំបាកក្នុងការបន្តអាជីវកម្មនៅក្នុងប្រទេសនេះទៀតផង។ មិនតែប៉ុណ្ណោះ បទបញ្ញត្តិខាងលើក៏អាចនឹងបង្កផលប៉ះពាល់ដល់ការអនុវត្តការងាររបស់ស្ថានទូតជប៉ុន និងអង្គការផ្លូវការផ្សេងៗទៀតផងដែរ»។
ពីរថ្ងៃក្រោយមក ស្ថានទូតសិង្ហបុរីក៍បានចេញសេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារសឹងតែដូចគ្នាទាំងស្រុងដោយគ្រាន់តែបានផ្លាស់ប្តូរ «ក្រុមហ៊ុនជប៉ុន» ទៅជា «ក្រុមហ៊ុនសិង្ហបុរី» តែប៉ុណ្ណោះ។ ស្ថានទូតទាំង២ បានស្នើសុំឱ្យមានការលើកលែងចំពោះក្រុមហ៊ុនដែលមកពីប្រទេសរបស់ខ្លួន ខណៈក្រុមហ៊ុនទាំងនោះក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដែលបានផ្តល់ការវិនិយោគបរទេសធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ។
កាលពីថ្ងៃទី៧ ខែមេសា ក្រុមហ៊ុនធុរកិច្ចរាប់សិបក្រុមហ៊ុន ដែលក្នុងចំណោមនោះ មានទាំងសភាពាណិជ្ជកម្មមីយ៉ាន់ម៉ា-បារាំង, សភាពាណិជ្ជកម្មអូស្ត្រាលី, សភាពាណិជ្ជកម្មអឺរ៉ុប, សភាពាណិជ្ជកម្មអង់គ្លេស និងសភាពាណិជ្ជកម្មអាល្លឺម៉ង់ នៅមីយ៉ាន់ម៉ាក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានលើកឡើងថា «ច្បាប់រូបិយប័ណ្ណបរទេសថ្មីនេះនឹងអាចធ្វើឱ្យមានការកាត់ បន្ថយដោយមិនចាំបាច់ចំពោះកម្រិតជីវភាពរបស់ប្រជាជន មីយ៉ាន់ម៉ា, បញ្ឈប់សកម្មភាពធុរកិច្ចពីបរទេស, បញ្ឈប់លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស(FDI) និងជាសកម្មភាពដើម្បីបង្កើនភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសដទៃៗទៀត»។
ពាក់ព័ន្ធនឹងការរឹតបន្តឹងទៅលើការប្រើ ប្រាស់រូបិយប័ណ្ណបរទេស សេចក្តីថ្លែងការណ៍ខាងលើបានកត់សម្គាល់ទៀតថា «ការធ្វើបែបនេះគឺជាការកាត់ផ្តាច់ប្រទេសមីយ៉ាន់ម៉ាចេញពីសេដ្ឋកិច្ចនិងប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោក»។
យោងតាមប្រភពនៅទីក្រុងយ៉ាំងហ្គោន បានឱ្យដឹងថា សូម្បីតែធនាគារនៅក្នុងស្រុកក៏នៅតែមិនទាន់ដឹងថា ច្បាប់ថ្មីនេះមានន័យយ៉ាងណា ហើយអាជ្ញាធររបស់ក្រុមយោធានឹងអនុវត្តយ៉ាងណា ហើយនឹងមានអ្វីកើតឡើង ប្រសិនបើធនាគារបានរំលោភបំពានទៅលើច្បាប់ទាំងនោះ។
អ្នកវិភាគនិងអ្នកសង្កេតការណ៍ជឿជាក់ថាមានហេតុផលសំខាន់ៗចំនួន៣ នៅពីក្រោយការប្រមូលក្តោបក្តាប់រូបិយបណ្ណបរទេស នៅពេលដែលសេដ្ឋកិច្ចនៅក្នុងស្រុកស្ទើរតែទទួលការដួលរលំដោយសារតែការធ្វើរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១។
មូលហេតុដំបូង និងជាក់ស្តែងបំផុតនោះគឺរបបយោធាកំពុងតែបាត់បង់ទុនបម្រុងបរទេសរបស់ខ្លួនស្ទើរតែទាំងស្រុងទៅហើយ ដែលជាហេតុធ្វើឱ្យពួកគេត្រូវរកវិធីដើម្បីប្រមូលរូបិយបណ្ណបរទេស ដើម្បីចៀសវាងការជួបបញ្ហាក្នុងការសងបំណុលបរទេស។
ហេតុផលមួយទៀតនោះអាចជាការគ្រប់គ្រងមកលើលំហូរលុយរបស់ម្ចាស់ជំនួយបរទេសនិងក្រុមជននិរទេស ដែលបានបញ្ជូនលុយមកឱ្យក្រុមសកម្មជនដែលប្រឆាំងនឹងរបបយោធា និងបណ្តាក្រុមសង្គមស៊ីវិលនៅក្នុងប្រទេស។ វិធានការថ្មីនេះអាចធ្វើឱ្យអាជ្ញាធរអាចកាន់កាប់មកលើមូលនិធិបរទេសយ៉ាងមានប្រសិទ្ធភាពដោយស្របច្បាប់ ហើយវាក៏នឹងផ្តល់ភាពងាយស្រួលសម្រាប់អាជ្ញាធរក្នុងការតាមដាន និងត្រួតពិនិត្យទៅលើការផ្ទេរទៅឱ្យក្រុមជនទាំងនោះផងដែរ។
មានតែអង្គភាពដែលបានចុះបញ្ជីជាមួយអាជ្ញាធរប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យទទួលមូលនិធិពីបរទេស ហើយបន្ទាប់មកប្រាក់ទាំងនោះនឹងត្រូវផ្លាស់ប្តូរទៅជាប្រាក់ Kyats លុះត្រាតែពួកគេទទួលបានការលើកលែងពីច្បាប់នេះ។
នៅក្រោមច្បាប់របស់របបយោធាអ្នកកាន់គណនីប្រាក់ Kyat អាចដកប្រាក់បានត្រឹមតែ ៥០ម៉ឺន Kyat (តិចជាង ២៥០ ដុល្លារអាមេរិក) តែប៉ុណ្ណោះនៅក្នុងរយៈពេលមួយសប្តាហ៍។ បញ្ហានេះបានធ្វើឱ្យគេចោទជាសំណួរថា តើធនាគារកណ្តាលពិតជាមានទុនបម្រុងប្រាក់ Kyat គ្រប់គ្រាន់ដើម្បីគ្របដណ្តប់ទៅលើការប្តូររូបិយបណ្ណបរទេសទាំងអស់មកជារូបិយបណ្ណក្នុងស្រុកដែរឬទេ។
ហេតុផលទី៣ សម្រាប់ការធ្វើបែបនេះបានបង្ហាញចេញយ៉ាងច្បាស់នៅពេលដែលស្ថានទូតជប៉ុន និងសិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍របស់ពួកគេដើម្បីស្នើសុំការលើកលែងពីសំណាក់ច្បាប់ថ្មី។ ការស្នើសុំមកកាន់ក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានន័យស្មើនឹងការទទួលស្គាល់ជាផ្លូវការ ចំពោះរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងតាមរយៈការធ្វើរដ្ឋប្រហារ ខណៈដែលរដ្ឋាភិបាលនេះកំពុងត្រូវបានគេបដិសេធ និងកំពុងទទួលរងការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច។
ទោះបីជាយ៉ាងណាក៏ដោយ ផលប្រយោជន៍សេដ្ឋកិច្ចនិងការទូត ដែលរបបយោធាអាចទទួលបានពីសំណាក់ច្បាប់ថ្មីនេះ នឹងត្រូវបានកាត់បន្ថយដោយសារតែផលអវិជ្ជមាននៃការដាក់ចេញនូវវិធានការមិនច្បាស់លាស់ដើម្បីបន្ថែមការគ្រប់គ្រងរបស់ខ្លួនទៅលើសេដ្ឋកិច្ចបែបនេះ។
គេនៅមិនទាន់ដឹងច្បាស់ទេថា តើក្រុមហ៊ុនជប៉ុននិងសិង្ហបុរី ដែលកំពុងតែបន្តប្រតិបត្តិការនៅក្នុងប្រទេសនេះចាប់តាំងពីមានការធ្វើរដ្ឋប្រហារ នឹងអាចពិចារណាក្នុងការដកខ្លួនឬទេ ប្រសិនបើពួកគេមិនទទួលបានការលើកលែងតាមអ្វីដែលពួកគេបានស្នើសុំ។
ច្បាប់នេះក៏នឹងក្លាយជាការរារាំងក្រុមហ៊ុនបរទេសដទៃទៀតពីការចូលមកបណ្តាក់ទុននៅក្នុងប្រទេសនេះ ខណៈដែលប្រទេសនេះកំពុងតែជួបប្រទះនឹងការលំបាករួចស្រេចទៅហើយ ក្រោយប្រទេសនេះកំពុងទទួលរងផលប៉ះពាល់ពីសំណាក់ភាពចលាចលនយោបាយក្រោយការធ្វើរដ្ឋប្រហារ និងការបំផ្លិចបំផ្លាញដោយវិបត្តិកូវីដ-១៩។
ប្រទេសមីយ៉ាន់ម៉ាត្រូវការការវិនិយោគពីបរទេសឱ្យបានច្រើនដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ អង្គការពលកម្មអន្តរជាតិ (ILO) បានលើកឡើងនៅក្នុងរបាយការណ៍កាលពីខែមករា ឆ្នាំ២០២២ ថាប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងដំណាក់កាលនៃការដួលរលំសេដ្ឋកិច្ចក្រោយមានការធ្វើរដ្ឋប្រហារ។
យោងតាមការឱ្យដឹងពីសំណាក់អង្គការ ILO បានបញ្ជាក់ថា ការបាត់បង់ការងារនៅក្នុងប្រទេសនេះកាលពីឆ្នាំ២០២១ មានចំនួន ៨% នៃកម្លាំងពលកម្ម ឬមានប្រជាពលរដ្ឋបាត់បង់ការងារចំនួន ១,៦ លាននាក់ ។
របាយការណ៍នេះបានបញ្ជាក់ទៀតថា ឧស្សាហកម្មសំណង់ កាត់ដេរ ទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ប្រទេសមីយ៉ានម៉ាស្ថិតក្នុង ចំណោមក្រុមដែលទទួលរងគ្រោះខ្លាំងបំផុត ដូចកសិករនៅជនបទដែរ។
ដូចគ្នានេះដែរ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីខែធ្នូ ឆ្នាំ២០២១ ដោយបានធ្វើការប៉ាន់ប្រមាណថា «នៅដើមឆ្នាំ ២០២២ ប្រជាជនជិតពាក់កណ្តាលនៃចំនួនប្រជាជន ៥៥ លាននាក់របស់ប្រទេសមីយ៉ាន់ម៉ានឹងត្រូវរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ។
ចំនួនប្រជាជនក្រីក្ររបស់ប្រទេសនេះទំនងជានឹងត្រូវវិលត្រឡប់ទៅកម្រិតដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ២០០៥ មក ខណៈដែលកំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះត្រូវបានបំផ្លាញចោលទាំងស្រុង។
លោកស្រី Kanni Wignaraja នាយកការិយាល័យ UNDP ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ត្រូវបានគេដកស្រង់សម្តីថា «ការធ្លាក់ចូលយ៉ាងគំហុកទៅក្នុងភាពក្រីក្របែបនេះអាចមានន័យស្មើនឹងការបាត់បង់ប្រជាជនវណ្ណៈកណ្តាល ដែលនេះគឺជាប្រផ្នូលដ៏អាក្រក់មួយសម្រាប់ការងើបឡើងវិញយ៉ាងឆាប់រហ័សចេញពីវិបត្តិនេះ»។
សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ជាពិសេសគឺវិស័យទេសចរណ៍ រហូតមកដល់ពេលនេះ គឺជាសេដ្ឋកិច្ចដែលត្រូវពឹងផ្អែកទៅលើប្រាក់ដុល្លារ ហើយមានប្រតិបត្តិការជាច្រើនដែលត្រូវបានគេធ្វើឡើងដោយប្រើប្រាស់រូបិយបណ្ណបរទេសជាជាងរូបិយបណ្ណក្នុងស្រុក។
ការព្យាយាមលុបបំបាត់សេដ្ឋកិច្ចក្នុងរយៈពេលតែពេល ១យប់បែបនេះ ត្រូវបានអ្នកវិភាគនិងអ្នកសង្កេតការណ៍ ធ្វើការព្យាករណ៍ថា នឹងអាចបង្កឱ្យមានភាពតានតឹងបន្ថែមទៀតទៅលើសេដ្ឋកិច្ចដែលកំពុងតែផុយស្រួយរួចទៅហើយ និងបានធ្លាក់ចុះរហូតដល់ទៅ ១៨% កាលពីឆ្នាំ ២០២១។
ធនាគារពិភពលោកបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងមានកំណើន ១% ទៅលើការថយចុះខាងលើ ហើយការព្យាករណ៍នេះត្រូវបានគេធ្វើឡើងមុនពេលការដាក់ចេញនូវវិធានការដកប្រាក់ដុល្លារ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមឧត្តមសេនីយរបស់ប្រទេសមីយ៉ាន់ម៉ាប្រហែលជានឹងមិនខ្វល់ខ្វាយចំពោះបញ្ហានេះទេ ជាពិសេសប្រសិនបើពួកគេគិតថា ប្រទេសដែលជាសម្ព័ន្ធមិត្តដូចជាប្រទេសចិននឹងមិនចេញមកធ្វើប្រតិកម្មចំពោះវិធានការប្រឆាំងរូបិយបណ្ណបរទេសថ្មីនេះទេ ហើយប្រទេសចិននឹងងាកមកជួយពួកគេប្រសិនបើសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាកាន់តែធ្លាក់ជ្រៅទៅក្នុងវិបត្តិនោះ។
ភាពច្របូកច្របល់របស់របបយោធានៅ កនុងដំណើរឆ្ពោះទៅរកការកាត់បន្ថយប្រាក់ដុល្លារ នឹងអាចធ្វើឱ្យមានការកើនឡើងនៃ សណ្តាប់ធ្នាប់ហិរញ្ញវត្ថុថ្មីដែលប្រើប្រាស់ប្រាក់យន់ជាមូលដ្ឋាន ហើយវាក៏ជាការពឹងផ្អែកកាន់តែខ្លាំងមកលើទីក្រុងប៉េកាំងផងដែរ៕ Asia Times