ការវាយតម្លៃអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក
ក្នុងនាមជាជម្លោះពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើប សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិកដែលត្រូវបានចាប់ផ្តើមឡើងដោយអតីតប្រធានាធិបតី Donald Trump កាលពីជិត ៥ ឆ្នាំមុន ក្នុងគោលបំណងដាក់សម្ពាធទៅលើចិនដើម្បីឱ្យចិនកែប្រែសកម្មភាពពាណិជ្ជកម្មដ៏អយុត្តិធម៌របស់ខ្លួន និងដើម្បីផ្តាច់អាមេរិកចេញពីសេដ្ឋកិច្ចរបស់ចិន។
បើទោះបីជាគេមានភស្តុតាងកាន់តែច្បាស់ដែលបង្ហាញថា «ការដំឡើងពន្ធនេះពិតជាបានបង្កផលប៉ះពាល់ដល់ប្រជាជនអាមេរិក, ផលិតភាព និងអត្រាការងារ ដោយមិនសូវបានជះឥទ្ធិពលទៅលើចិនដូចអ្វីដែលគេបានរំពឹងទុក» ក៏ដោយ ក៏វានៅតែមិនទាន់ច្បាស់ទេថា «តើសង្រ្គាមពាណិជ្ជកម្មបានជះឥទ្ធិពលយ៉ាងណាដល់ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិននិងអាមេរិក ឬអាចជួយបំបែកសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នេះបានដោយជោគជ័យដែរឬអត់»។
ការត្រួតពិនិត្យឱ្យបានម៉ត់ចត់ទៅលើទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងចិន-អាមេរិកបានបង្ហាញថា «សង្គ្រាមពាណិជ្ជកម្មនឹងបង្កឱ្យមានការផ្លាស់ប្តូរតិចតួចចំពោះគំរូពាណិជ្ជកម្មដែលមានស្រាប់ ខណៈដែលផលប៉ះពាល់រយៈពេលវែងនៅមិនទាន់ត្រូវបានគេដឹងនៅឡើយនោះទេ»។ បើនិយាយអំពីការធ្វើពាណិជ្ជកម្ម ការនាំចូលសរុបរបស់អាមេរិកពីចិនបានធ្លាក់ចុះពី ៣៨,២៧ ពាន់លានដុល្លារកាលពីខែមីនា ឆ្នាំ ២០១៨ មកនៅត្រឹម ៣២,៩៥ ពាន់លានដុល្លារនៅក្នុងខែមករា ឆ្នាំ ២០២០។
ផលិតផលនាំចូលរបស់ចិនទៅកាន់អាមេរិកដែលតម្រូវឱ្យមានការយកពន្ធខ្ពស់ ភាគច្រើនគឺផ្តោតទៅលើទំនិញៈជាវត្ថុធាតុដើម ហើយតម្រូវការសម្រាប់ទំនិញទាំងនេះពិតជាបានធ្លាក់ចុះជាខ្លាំង ខណៈដែលការនាំចូលទំនិញចិនដោយមិនគិតពន្ធទៅកាន់អាមេរិកបានផ្តោតទៅលើផលិតផលប្រើប្រាស់ ហើយភាគច្រើននៃទំនិញទាំងនេះបានទទួលនូវការការពារពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម។
គំរូនេះគឺពិតជាមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងជាមួយនឹងការសិក្សានៅពេលថ្មីៗនេះដែលបានរកឃើញ និងបានបង្ហាញថា «ភាពតានតឹងផ្នែកនយោបាយនិងសេដ្ឋកិច្ចនៅក្នុងទំនាក់ទំនងចិន-អាមេរិកនៅក្នុងអំឡុងមុនកើតមានវីរុសរាតត្បាតដែលរួមមានទាំងបញ្ហាដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្ម ពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេ យ៉ាងហោចណាស់នៅក្នុងរយៈពេលខ្លី»។ ភាពតានតឹងបែបនេះ ពិតជាបានបង្កផលប៉ះពាល់ដល់ឧស្សាហកម្មមួយចំនួនដែលត្រូវបានធ្វើសមាហរណកម្មយ៉ាងខ្លាំងទៅក្នុងទីផ្សារចិន។
មិនត្រឹមតែឧស្សាហកម្មដែលមានសមាហរណកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងកម្រិតខ្ពស់ជាមួយចិន ដូចជាឧស្សាហកម្មគ្រឿងបន្លាស់រថយន្តនិងទំនិញដែលទាក់ទងនឹង IT នោះទេដែលបានទទួលរងនូវផលប៉ះពាល់ពីការ តំឡើងពន្ធខ្ពស់ ក៏ប៉ុន្តែវាក៏បានបង្កនូវផលប៉ះពាល់អវិជ្ជមានដល់ការនាំចូលរបស់អាមេរិកពីសំណាក់ឧស្សាហកម្មទាំងនោះផងដែរ។
បើទោះបីជាទំហំនៃការធ្វើពាណិជ្ជកម្មសរុបរវាងចិន-អាមេរិកនៅតែបន្តកើនឡើងក៏ដោយ ក៏ការដំឡើងពន្ធគយទាំងនេះពិតជានឹងបង្កផលប៉ះពាល់ដល់វិស័យផ្សេងៗទៀតរបស់ប្រទេសទាំងពីរ ហើយថែមទាំងអាចធ្វើឱ្យវិស័យទាំងនោះត្រូវប្រឈមមុខនឹងការចំណាយដើមទុនកាន់តែច្រើនទៀតផង។
អ្វីដែលជាហានិភ័យដ៏ខ្ពស់ដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្មទាំងនេះគឺ «ការជំរុញឱ្យមានការរំពឹងទុកថា សាជីវកម្មពហុជាតិសាសន៍ (MNCs) អាចនឹងធ្វើការផ្លាស់ប្តូរទីតាំងផលិតកម្មកាន់តែច្រើនពីប្រទេសចិនទៅកាន់អាមេរិកវិញ ឬទៅកាន់ប្រទេសទី៣ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេចំពោះហានិភ័យភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច»។
សេចក្តីរាយការណ៍ព័ត៌មានពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Apple ឬ Samsung ដែលកំពុងតែផ្លាស់ប្តូរផលិតកម្មពីចិនទៅកាន់បណ្តាប្រទេសជាមិត្តបានបន្តកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិនៅពេលថ្មីៗនេះរបស់សាជីវកម្មពហុជាតិសាសន៍ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បានបង្ហាញឱ្យឃើញអំពីរឿងរ៉ាវទាំងវិជ្ជមាននិងអវិជ្ជមាន។
ជាឧទាហរណ៍ ការស្ទង់មតិអំពីបរិយាកាសធុរកិច្ចចិនប្រចាំឆ្នាំ (BCS) ដែលត្រូវបានធ្វើឡើងដោយសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសចិន (AmCham) នៅក្នុងឆ្នាំ ២០២២ បានរកឃើញថា «ប្រទេសចិននៅតែជាគោលដៅអាជីវកម្មកំពូលសម្រាប់ប្រទេសជាសមាជិកជាច្រើន បើទោះបីជាក្រុមហ៊ុនភាគច្រើនមិនបានរាយការណ៍អំពីការវិនិយោគថ្មីៗសំខាន់ៗនៅក្នុងឆ្នាំនេះក៏ដោយ»។
ដូចគ្នានេះដែរ ការស្ទង់មតិអំពីទំនុកចិត្តអាជីវកម្មឆ្នាំ ២០២២ (2022 Business Confidence Survey) ដែលត្រូវបានចេញផ្សាយដោយសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅក្នុងប្រទេសចិនបានបង្ហាញថា «បើទោះបីជាមានការរំខានមួយចំនួននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងវីរុសកូវីដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុនអឺរ៉ុបនៅតែបន្តប្តេជ្ញាចិត្តចំពោះទីផ្សារចិននៅពេញមួយឆ្នាំ ២០២១»។
នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មានតែអ្នកចូលរួមឆ្លើយសំណួរប្រមាណ ១១% ប៉ុណ្ណោះ ដែលកំពុងពិចារណាអំពីការផ្លាស់ប្តូរទីតាំងចេញពីប្រទេសចិន ហើយវាបានកើនឡើងដល់ ២៣% នៅក្នុងខែមេសា ឆ្នាំ ២០២២។ លើសពីនេះ ប្រហែល ២/៣ នៃអ្នកឆ្លើយសំណួរបានចាត់ចំណាត់ថ្នាក់ប្រទេសចិនជា «គោលដៅវិនិយោគមួយក្នុងចំណោមគោលដៅកំពូលទាំង៣ របស់ពួកគេ» ជាពិសេសនៅក្នុងវិស័យមួយចំនួន ដូចជាឥន្ធនៈ, គីមី និងការចម្រាញ់។
ការស្ទង់មតិថ្មីមួយទៀតដែលទើបនឹងត្រូវបានធ្វើឡើងនៅចុងឆ្នាំ ២០២១ ដោយក្រុមហ៊ុន MNC ដែលមានបុត្រសម្ព័ន្ធជាង ៤០០ ដែលមានមូលដ្ឋាននៅប្រទេសចិនបានរកឃើញថា «មានតែក្រុមហ៊ុនប្រមាណ ៥,៣៥% ទេដែលបានផ្លាស់ប្តូរទីតាំងសកម្មភាពផលិតកម្ម ឬបានស្វែងរកប្រភពផ្សេងៗនៅខាងក្រៅប្រទេសចិន ខណៈក្រុមហ៊ុនចំនួន ៦៣,៤៦% បានឱ្យដឹងថាពួកគេ មិនបានពិចារណាអំពីការផ្លាស់ប្តូរទីតាំងទៅប្រទេសផ្សេងទៀតឡើយ និងមានតែក្រុមហ៊ុនចំនួន ៣០,២%ប៉ុណ្ណោះដែលកំពុងពិចារណាអំពីការផ្លាស់ប្តូរទីតាំង ក៏ប៉ុន្តែមិនទាន់ចាត់វិធានការណាមួយនៅឡើយទេ»។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ «ក្រុមហ៊ុនដែលពឹងផ្អែកខ្លាំងលើប្រភពទំនិញពីទីផ្សារក្នុងស្រុករបស់ចិន ទំនងជាមិនចង់ធ្វើការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ឬផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួនឡើយ ដោយសារតែការពឹងផ្អែកយ៉ាងជ្រាលជ្រៅទៅលើបណ្តាញអ្នកផ្គត់ផ្គង់ក្នុងស្រុក»។ សរុបមក ភស្តុតាងបឋមបានបង្ហាញថា «សង្រ្គាមពាណិជ្ជកម្មអាចជះឥទ្ធិពលភ្លាមៗតិចតួច ក៏ដូចជាឥទ្ធិពលរយៈពេលខ្លីទៅលើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី»។
ផ្ទុយទៅវិញ ទំហំនៃទីផ្សារចិន និងទំនាក់ទំនងដែលក្រុមហ៊ុនបរទេសបានបង្កើតជាមួយក្រុមហ៊ុនចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានជួយកាត់បន្ថយនូវលទ្ធភាពនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងជាទ្រង់ទ្រាយធំនៅក្នុងការវិនិយោគ បើទោះបីជាជំហររបស់ចិននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់តំបន់អាស៊ីបូព៌ា និងពិភពលោកអាចនឹងមានភាពខុសប្លែកគ្នាមិនដូចកាលពីមុនក៏ដោយ។
អ្វីដែលយើងកំពុងតែឃើញនៅពេលនេះគឺ «ការកំណត់រចនាសម្ព័ន្ធឡើងវិញជាបណ្តើរៗនៃការធ្វើទំនាក់ទំនងពាណិជ្ជកម្ម, ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់រវាងចិននិងអាមេរិក ខណៈដែលផលប៉ះពាល់រយៈពេលវែងនៅពេលខាងមុខនៅមិនទាន់ត្រូវបានគេដឹងនៅឡើយនោះទេ»៕
The Diplomat