ខ្មែរប៉ុស្ដិ៍ Close

តើអាមេរិក អាចស្តារជំនឿទុកចិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីបានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 65
តើអាមេរិក អាចស្តារជំនឿទុកចិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីបានដែរឬទេ? តើអាមេរិក អាចស្តារជំនឿទុកចិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីបានដែរឬទេ?

ប្រធានាធិបតី Joe Biden បានប្តេជ្ញាស្តារទំនុកចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោកឡើងវិញ។ ភារកិច្ចនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានធ្លាក់ទៅក្នុងចំណុចកណ្តាលនៃភូមិសាស្ត្រនយោបាយដែលមាន លក្ខណៈដូចគ្នានឹងតំបន់អឺរ៉ុបនៅក្នុងអំឡុង ពេលសង្គ្រាមត្រជាក់។

វត្តមាន, ឥទ្ធិពល និងភាពជឿទុកចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់កំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយការស្តារវាឡើងវិញនឹងតម្រូវឱ្យលោក Biden ឆ្លងកាត់នូវឧបសគ្គជាច្រើន។

កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងបានបន្តកើនឡើងជាលំដាប់ បើទោះបីជាបន្ទាប់ពីមានកិច្ចប្រជុំកំពូលជាមួយអតីតប្រធានាធិបតី Trump ក៏ដោយ។ តំបន់អាស៊ីអាគ្នេយ៍ក៏បានមើលរំលងសហរដ្ឋអាមេរិកនិងបានងាកទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗនៅក្នុងអាស៊ីនិងជា មួយបណ្តាប្រទេសអឺរ៉ុប។

ប្រទេសចិនក៏បាននិងកំពុងពង្រីកឥទ្ធិពល របស់ខ្លួននៅក្នុងវិស័យជាច្រើន ដូចជាការបង្កើនការបង្ក្រាបនៅ ហុងកុង, ទីបេ និងនៅ Xinjianក៏ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាគោលដៅទៅលើ ប្រទេសអូស្ត្រាលីនិងការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកយោធា បស់ខ្លួនដើម្បីឈ្លានពានទឹកដី ទាំងនៅដែនទឹកនិងដែនគោក។

បញ្ហាប្រឈមលំបាកៗនៅក្នុងប្រទេសរបស់អាមេរិក បូករួមទាំងវិធានការឆ្លើយតបដ៏អន់របស់រដ្ឋបាល Trump ពាក់ព័ន្ធនឹងវីរុសរាតត្បាតនិងការ បះបោរនិងកុបកម្មនា ពេលថ្មីៗនេះនៅអាគារ សភា Capitol របស់សហរដ្ឋអាមេរិកបានធ្វើអោយកិត្យានុភាព របស់អាមេរិកបានរងនូវការធ្លាក់ចុះកាន់តែខ្លាំង ជាពិសេសនៅក្រោមក្រសែភ្នែកអ្នកធ្វើគោលនយោបាយអាស៊ីនិងសាធារណៈជនជាទូទៅ។

រដ្ឋបាលរបស់ Biden ត្រូវការយុទ្ធសាស្រ្តដ៏អង់អាចជាងមុននិងដែលមាន ទស្សនវិស័យវែង ឆ្ងាយជាងមុនដើម្បីអាចស្តារឡើងវិញនូវទំនុកចិត្តមកលើសមត្ថភាពរបស់សហរដ្ឋអាមេរិកក៏ដូចជាការបន្តរក្សាអំណាច របស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

អតីតរដ្ឋមន្រ្តីការបរទេស George Shultz ធ្លាប់បាន ប្រៀបធៀប «វិស័យការទូតទៅនឹងការ ថែសួន» ដែលសន្តិសុខនិងភាព រុងរឿងអាចកើតមានបានតាមរយៈការថែទាំទំនាក់ទំនងប្រកប ដោយការអត់ធ្មត់និងការបង្កើតមិត្ត។

ប៉ុន្តែនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសព្វថ្ងៃនេះ ការថែសួនយ៉ាងល្អតែមួយមុខនឹងមិនគ្រប់គ្រាន់នោះទេ ដោយសារតែឥទ្ធិពលដ៏ខ្លាំងក្លានៃការប្រកួតប្រជែងនិងក្តីកង្វល់ពាក់ព័ន្ធនឹងសមត្ថភាព និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក។

លោកBidenនឹងត្រូវការវិធានការច្រើនជាងការថែសួនឱ្យបាន ល្អដើម្បីដកការព្រួយបារម្ភនៅក្នុងតំបន់ ដែលបង្កឡើងដោយ Trump និងដើម្បីស្តារទំនុកចិត្តមកលើការដឹកនាំរបស់អាមេរិកឡើងវិញ។

តាមពិតកាលពីមុន សហរដ្ឋអាមេរិកធ្លាប់បានប្រឈមមុខនឹងបញ្ហាបែបនេះនៅក្នុងតំបន់អាស៊ី។ ហើយសហរដ្ឋអាមេរិកក៏បានទទួលជោគជ័យនិងអាចការពារភាព លេចធ្លោមួយផ្នែកធំរបស់ខ្លួននៅក្នុងតំបន់នេះតាមរយៈការផ្លាស់ប្តូរការយល់ឃើញអំពីការធ្លាក់ចុះរបស់ខ្លួន និងការបង្ហាញអំពីមហិច្ឆតានិងសមត្ថភាពយុទ្ធសាស្ត្ររបស់ខ្លួន។

ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី2 ប្រធានាធិបតី Franklin Roosevelt បានបំបែកនូវរូបភាពនៃអនុភាពដ៏ខ្លាំងក្លាគ្មានគូប្រៀបរបស់ជប៉ុន តាមរយ:ការវាយឆ្មក់តាមអាកាសទៅលើទីក្រុងតូក្យូនៅខែមេសា ឆ្នាំ ១៩៤២ ។ នៅទសវត្សរ៍ឆ្នាំ ១៩៧០ ប្រធានាធិបតី Richard Nixon បានកាត់បន្ថយគុណវិបត្តិរបស់អាមេរិក តាមរយៈការបើកចំហចំពោះប្រទេសចិន។

ប្រធានាធិបតី Ronald Reagan ក៏បានងាកចេញពីសហភាពសូវៀត បន្ទាប់ពីការលុកលុយនៅអាហ្វហ្កានីស្ថាន និងកម្ពុជាដោយបានចាប់ដៃជាមួយជប៉ុន ដើម្បីរារាំងកប៉ាល់កងនាវាចម្បាំងរបស់សូវៀតមិនឱ្យលុក លុយចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ទាំងអស់នេះគឺជាវិធានការដ៏អង់អាច និងមានលក្ខណៈប្រថុយប្រថានដែលបានបង្ហាញអំពីភាពរឹងមាំ, ភាពម៉ឺងម៉ាត់ក្នុងការសម្រេចចិត្តនិងភាព ជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។ ហើយលោក Biden ក៏ត្រូវតែបង្ហាញនូវមហិច្ឆតាស្រដៀងគ្នានឹងអតីតប្រធានាធិបតីអាមេរិកទាំងនោះផងដែរ។

ប៉ុន្តែ លោកប្រហែលជាមិនមានលទ្ធភាពក្នុងការចាត់វិធានការយុទ្ធសាស្រ្ត ដូចលោក Roosevelt និង Nixon នោះទេ។ តែយ៉ាងហោច ណាស់ លោកអាចចាត់វិធានការលើវិស័យធំៗ ចំនួន ៤ ដែលរួមមានសេដ្ឋកិច្ច, ហេដ្ឋារចនាសម្ព័ន្ធ, សម្ព័ន្ធភាព និងវិស័យការពារជាតិដែលនឹងអាចជួយស្តារទំនុកចិត្តមកលើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់សហរដ្ឋអាមេរិកនៅ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សហរដ្ឋអាមេរិកមិនអាចពឹងផ្អែកលើទំហំសេដ្ឋកិច្ច ឬភាពរស់រវើកនៃវិស័យឯកជនរបស់ខ្លួនដើម្បី បញ្ចុះបញ្ចូលប្រទេសនានាឱ្យធ្វើការស្រប ទៅតាមវិធាន និងប្រព័ន្ធអន្តរជាតិដែលខ្លួនបានបង្កើតឡើង នោះទេ។ ប្រទេសចិនបាននិងកំពុងជំនួសតួនាទីរបស់សហរដ្ឋអាមេរិកក្នុង នាមជាប្រភពវិនិយោគ និងជាប្រភពនៃតម្រូវការសម្រាប់ការនាំចេញរបស់តំបន់អាស៊ី។

ប្រទេសចិនក៏បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់នេះក៏បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗចំនួន2ដែលរួមមាន កិច្ចព្រមព្រៀង CPTPP និងកិច្ចព្រមព្រៀង RCEP ដោយមិនមានការចូលរួមពីសហរដ្ឋអាមេរិក។

វាពិតជាចាំបាច់ណាស់សម្រាប់សហរដ្ឋអាមេរិកក្នុងការវិលត្រលប់ទៅចូលរួមនៅក្នុងល្បែងសេដ្ឋកិច្ចនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឡើងវិញ។ លោក Biden អាចនឹងទទួលបានសន្ទុះយ៉ាងល្អប្រសើរបំផុត តាមរយៈការបង្ហាញថា «លោកនឹងចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)»។ ក៏ប៉ុន្តែបញ្ហានយោបាយក្នុងស្រុកនឹងរារាំងលោកពីការធ្វើបែបនេះ។

ជំនួសមកវិញរដ្ឋបាលអាមេរិកគួរតែ បង្ហាញនូវចក្ខុវិស័យប្រកបដោយមហិច្ឆតាក្នុងការធ្វើការជាមួយ សេដ្ឋកិច្ចអាស៊ីដោយផ្អែកលើគោលការណ៍ នៃកំណើនរួម, វិបុលភាពប្រកប ដោយចីរភាពនិងការច្នៃប្រឌិតប្រកបដោយការទទួលខុសត្រូវ។

ទីក្រុងវ៉ាស៊ីនតោនមិនអាចអនុវត្តនូវរបៀបវារៈដែលផ្តោតទាំងស្រុងទៅលើការ ប្រឆាំងនឹងជំហរសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ។ សហរដ្ឋអាមេរិកត្រូវតែបង្ហាញថា ខ្លួនមានគោលបំណងចង់លើកកម្ពស់សុខុមាលភាព សេដ្ឋកិច្ចនៃវណ្ណៈកណ្តាលនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ដើម្បីសម្រេចគោលដៅនេះ លោក Biden គួរតែដោះស្រាយបញ្ហាកង្វល់ធំៗនៅក្នុងតំបន់ ដូចជា បញ្ហាសុខភាពសាធារណៈ, បញ្ហាវិសមភាពប្រាក់ ចំណូលនិងបញ្ហានៃការប្រែប្រួលអាកាសធាតុ។

សហរដ្ឋអាមេរិកអាចបង្កើនឥទ្ធិពលនៃ ភាពជាអ្នកដឹកនាំសេដ្ឋកិច្ចតាមរយៈការសង្កត់ធ្ងន់លើយុត្តិធម៌, តម្លាភាព និងគណនេយ្យភាព។ ការអនុវត្តជាច្រើន របស់ចិនដែលផ្ទុយនឹងគុណតម្លៃទាំងនេះបាន បង្កឱ្យអន្តរាយដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សកម្មភាពទាំង នេះរួមបញ្ចូលទាំងការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់ចិនលើលំហូរព័ត៌មាន និងសេដ្ឋកិច្ចឌីជីថល, ការមិនគោរពសិទ្ធិឯកជននិងកម្មសិទ្ធិបញ្ញា, ការផ្តល់ការគាំទ្រហួសហេតុដល់សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ និងភាព មិនច្បាស់លាស់ពាក់ព័ន្ធនឹងសកម្មភាព យោធានិងពាណិជ្ជកម្ម។

ការពង្រឹងគុណតម្លៃសេដ្ឋកិច្ចរបស់អាមេរិកនឹងមិនត្រឹមតែបម្រើឱ្យផលប្រយោជន៍ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយប្រឆាំងនឹងឥទ្ធិពលអាក្រក់របស់ប្រទេសចិនផងដែរ។

សហរដ្ឋអាមេរិកអាចចាត់វិធានការ ដើម្បីជម្រុញចក្ខុវិស័យនេះ។ រដ្ឋបាលរបស់លោក Biden គួរតែចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដែលអាចនឹងផ្លាស់ប្តូរវិធីសាស្រ្តក្នុងតំបន់និងអាចជម្រុញនូវការប្រើប្រាស់ទិន្នន័យឯកជននិងបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ។

សហរដ្ឋអាមេរិកក៏គួរតែជំរុញឱ្យមានសម្ព័ន្ធភាពរវាងរដ្ឋាភិបាលនិងវិស័យឯកជនដែលផ្តោតលើការជំរុញការ វិនិយោគរបស់សហរដ្ឋអាមេរិកលើហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីនិងគម្រោងថាមពលស្អាតនិង ការរៀបចំគំនិតផ្តួចផ្តើមនៅក្នុងតំបន់អាស៊ីដើម្បីកំណត់ច្បាប់ស្តីពីការប្រកួតប្រជែង។

សហរដ្ឋអាមេរិកត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងតូក្យូដើម្បីជំរុញគំនិតផ្តួចផ្តើមគោលនយោបាយសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងជប៉ុនដើម្បីធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់មានលក្ខណៈស្មើភាពគ្នានិងមានតម្លាភាព។

ហើយដើម្បីឈានទៅរកភាពជាអ្នកដឹកនាំក្នុងកិច្ចការ សេដ្ឋកិច្ច លោក Biden គួរតែរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំ ២០២៣ ដោយសហការជាមួយប្រធាននៅក្នុងឆ្នាំ ២០២១ (នូវែលសេឡង់) និង ២០២២ (ថៃ)។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបានក្លាយជាសង្វៀនប្រកួតប្រជែងមួយទៀត។ ទីក្រុងប៉េកាំងបានប្រើប្រាស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) ប្រកបដោយប្រសិទ្ធភាពដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនដោយបានវិនិយោគទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារ លើគម្រោងគមនាគមន៍, ថាមពល និងឌីជីថលដើម្បីធ្វើសមាហរណកម្មអាស៊ី និងដើម្បីធ្វើការតភ្ជាប់ជាមួយតំបន់អឺរ៉ុប។

ទីក្រុងវ៉ាស៊ីនតោនគ្មានធនធាន និងសមត្ថភាពក្នុងការ ប្រកួតប្រជែងគ្នាដោយផ្ទាល់ជាមួយចិន នោះទេ។ រដ្ឋបាលTrumpបាន ព្យាយាមប្រឆាំងនឹងវត្តមានរបស់ចិនជា មួយកម្មវិធីមួយចំនួន ប៉ុន្តែក៍នៅមិនទាន់
គ្រប់គ្រាន់នៅឡើយនោះដែរ។

តាមពិតទៅ សហរដ្ឋអាមេរិកមាន ភាពខ្លាំងរបស់ខ្លួន។ វ៉ាស៊ីនតោនមានសមត្ថភាពក្នុងការកំណត់ស្តង់ដារដ៏ខ្ពស់ និងមានសមត្ថភាពក្នុងការអនុវត្តនូវគម្រោងធំៗ, អាចផ្តល់ហិរញ្ញប្បទាននិងអាចគ្រប់គ្រងគម្រោងប្រកបដោយគុណភាពខ្ពស់និងអាចបង្កើតយន្តការដែលអាចទុកចិត្តបានដើម្បីត្រួតពិនិត្យគុណភាពនៃកិច្ចសន្យានិងគម្រោង។ ហើយសហរដ្ឋអាមេរិកអាចប្រើប្រាស់គុណសម្បត្តិទាំងនេះដើម្បីកសាងក្របខ័ណ្ឌ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ី។

រដ្ឋបាលលោក Biden ក៏គួរតែរៀបចំកិច្ចប្រជុំកំពូលហេដ្ឋារចនាសម្ព័ន្ធសកលរៀងរាល់ ៦ ខែម្តង ដោយយកគំរូតាមកិច្ចប្រជុំកំពូលសន្តិសុខនុយក្លេអ៊ែររបស់ប្រធានាធិបតី Barack Obama និងកិច្ចប្រជុំរបៀប
វារៈសន្តិសុខស្តីពីសុខភាពសកល។

កិច្ចប្រជុំទាំងនេះ ដែលអាចមានការចូលរួមពីសំណាក់ប្រទេសចិន នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចបង្កើតនិងដឹកនាំការសន្ទនាជាសកលស្តីពីវិស័យហេដ្ឋារចនាសម្ព័ន្ធដែលផ្តោតលើការផ្តល់ហិរញ្ញប្បទាន និងនិរន្តរភាពបំណុល, ការរចនាគម្រោង, សិទ្ធិការងារនិងបរិស្ថាននិងកិច្ចសហប្រតិបត្តិការពហុភាគី។

សហរដ្ឋអាមេរិកក៏អាចពិចារណាក្នុងការអញ្ជើញវិនិយោគិនបរទេសឱ្យចូលរួមវិភាគទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកផងដែរ។ ហើយគំនិតបែបនេះមិនមែនដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រទេសចិននោះទេ ប៉ុន្តែដើម្បីពង្រីកខ្លួនឱ្យកាន់តែធំនិងដើម្បីបង្កើតក្របខ័ណ្ឌនិងការលើកទឹកចិត្តដែលអាចឱ្យសហរដ្ឋអាមេរិកយកឈ្នះលើគម្រោង BRI និងអាចជ្រៀតចូលទៅក្នុងល្បែងសេដ្ឋកិច្ច ប្រកបដោយចីរភាព។

ហើយការធ្វើបែបនេះក៏អាចលើកទឹកចិត្តឱ្យប្រទេសចិនបង្កើនស្តង់ដាររបស់ខ្លួនដើម្បីអាចទទួលបាន ឬអាចរក្សាសិទ្ធិក្នុងការទទួលបាននូវគម្រោងនានានៅក្នុងតំបន់អាស៊ីនិងនៅជុំវិញពិភពលោក។

វាដល់ពេលហើយ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏ដូចជាដៃគូអឺរ៉ុបរបស់អាមេរិកត្រូវបង្កើតយុទ្ធសាស្ត្រ រួមទាក់ទងនឹងប្រទេសចិន។ ទស្សនៈរបស់អឺរ៉ុបស្តីពីប្រទេសចិនមានលក្ខណៈតានតឹងជាងមុននៅក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះដោយសហភាពអឺរ៉ុប បានចាត់ទុកប្រទេស ចិនជា «គូប្រជែងដែលមានលក្ខណៈជាប្រព័ន្ធ» ហើយតួអង្គសំខាន់ៗ ដូចជា បារាំងនិងអាល្លឺម៉ង់ ក៏បានបង្កើតយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួនផងដែរ។

សហរដ្ឋអាមេរិក និងអឺរ៉ុបសុទ្ធតែបានបង្ហាញអំពីការព្រួយបារម្ភអំពីវិធីសាស្រ្តរបស់ចិនចំពោះបញ្ហាសេដ្ឋកិច្ច, សិទ្ធិមនុស្សនិងការប្រែប្រួល អាកាសធាតុខណៈ ពេលដែលក្រុមហ៊ុន អាមេរិកនិងក្រុមហ៊ុនអឺរ៉ុបមានគោលបំណង ចង់ទទួលបានទីផ្សារចិនកាន់តែច្រើននិងចង់បាននូវទីលានប្រកួតប្រជែងដោយស្មើភាពគ្នា។

កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការវិនិយោគ (Comprehensive Agreement on Investment ) រវាងសហភាពអឺរ៉ុបនិងចិន នាពេលថ្មីៗនេះមិនមែនជាការចាប់ផ្តើមដ៏អស្ចារ្យនោះទេ បើទោះបីជាវាអាច នឹងធ្វើឱ្យប្រទេសចិនទទួលបានជោគជ័យផ្នែកការទូតក៏ដោយ។

ប៉ុន្តែ កិច្ចព្រមព្រៀងនេះនៅត្រូវការការអនុម័តពីក្រុមប្រឹក្សាអឺរ៉ុបនិង សភាអឺរ៉ុប ហើយវានៅមានបញ្ហាមួយចំនួន ដូចជាកង្វះបទប្បញ្ញត្តិ ដែលបានបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងសហភាពអឺរ៉ុប។

ដូច្នេះ ពេលនេះគឺជាពេលវេលាដ៏ល្អសម្រាប់រដ្ឋបាល Biden ក្នុងការបង្កើតរបៀបវារៈរួមនិងសកម្មភាពសមូហភាពដ៏គួរឱ្យទុកចិត្ត។ ហើយកិច្ចខិតខំប្រឹងប្រែងស្នូលរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបគួរតែផ្តោតលើវិស័យសេដ្ឋកិច្ច, បច្ចេកវិទ្យា, សិទ្ធិមនុស្សនិងបញ្ហាអាកាសធាតុ។

ដោយសារមានទស្សនៈខុសៗគ្នានៅទូទាំងទ្វីបអឺរ៉ុប បូករួមនឹងភាពស្មុគស្មាញនៃកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប វិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុត គឺការផ្តោតលើការកសាងសម្ព័ន្ធភាពដើម្បីបង្កើតឱ្យមាននូវការឯកភាពគ្នានៅទូទាំងអឺរ៉ុប។

គំនិតផ្តួចផ្តើមរួមស្តីពីបញ្ហាទាំងនេះនឹងផ្តល់ជាសញ្ញាដល់ទីក្រុងប៉េកាំងថា «សហរដ្ឋអាមេរិកនិងមហាអំណាចអឺរ៉ុបបាន រួបរួមគ្នាដោយផ្អែក លើគោលការណ៍នៃទីផ្សារសេរី, អភិបាលកិច្ចប្រជាធិបតេយ្យនិងការដោះស្រាយវិវាទដោយសន្តិវិធី»

ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះមានប្រសិទ្ធិភាពកាន់តែខ្លាំង សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនក៏នឹងត្រូវត្រៀមខ្លួនកាន់តែខ្លាំងដើម្បីទប់ទល់នឹងការប្រឆាំងពីទីក្រុងប៉េកាំងផងដែរ ទាំងផ្នែកវោហារសាស្ត្រនិងសេដ្ឋកិច្ច។ ហើយដើម្បីដោះស្រាយបញ្ហាបែបនេះ លោក Biden ត្រូវបង្ហាញនូវភាពជារដ្ឋបុរស (Statesmanship) និងតម្រូវឱ្យមានការជួយគ្នាទៅវិញទៅមក នៅក្នុងចំណោមប្រទេសដែលបានរងនូវសម្ពាធសេដ្ឋកិច្ច របស់ចិន។

ទីក្រុងវ៉ាស៊ីនតោនក៏គួរតែស្វែងយល់អំពីការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកយោធា និងការស៊ើបការណ៍សម្ងាត់រវាងចិននិងអឺរ៉ុបផងដែរ។ រដ្ឋាភិបាលអឺរ៉ុបក៏គួរទទួលស្គាល់ផងដែរថា «ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅ ក្នុងតំបន់អាស៊ីនឹងធ្វើឱ្យសហរដ្ឋអាមេរិកមានធនធានតិចជាងមុនដើម្បីផ្តល់ឱ្យវិស័យការពារជាតិរបស់អឺរ៉ុប»

រដ្ឋបាល Biden ចាំបាច់ត្រូវបញ្ចុះ បញ្ចូលប្រជាជនអឺរ៉ុបថា «ការធ្វើពហិការ របស់ចិនប្រឆាំងនឹងអូស្ត្រាលីនិងកូរ៉េខាងត្បូងបានជះឥទ្ធិពល ដោយផ្ទាល់ទៅលើសន្តិសុខរបស់អាល្លឺម៉ង់ ឬចក្រភពអង់គ្លេសបើទោះបីជាវាបាននិងកំពុងកើតឡើងនៅផ្នែកម្ខាងទៀតនៃពិភពលោកក៏ដោយ»

សហរដ្ឋអាមេរិកមិនអាចព្រងើយកន្តើយចំពោះតួនាទីដ៏ពិសេសរបស់ខ្លួនក្នុងនាមជាអ្នកគាំទ្រសន្តិសុខក្នុងតំបន់នោះទេ ដែលវាជាតួនាទីមួយដែលរដ្ឋបាល Biden ត្រូវតែពង្រឹងឱ្យបានទ្វេដងដើម្បីបង្ហាញអំពីសមត្ថភាពនិងការតាំងចិត្តរបស់អាមេរិក។

សភាអាមេរិកបាន បង្កើតនូវឧបករណ៍ដ៏ប្រសើរមួយ ដែលនោះគឺគំនិតផ្តួចផ្តើមស្តីពីការទប់ទល់នឹងការរាលដាលនៅប៉ាស៊ីហ្វិក (Pacific Deterrence Initiative-PDI) ដែលបានអនុម័តនៅក្នុងខែធ្នូ ឆ្នាំ ២០២០។

PDIផ្តល់ថវិកាដល់កម្មវិធីហេដ្ឋារចនាសម្ព័ន្ធអាវុធនិងការពារជាតិដើម្បីរារាំងការឈ្លានពាន និងដើម្បីធានានូវកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសម្ព័ន្ធមិត្តនិងប្រទេសជាដៃគូ។

ក្នុងចំណោមចំណុចអាទិភាពជាច្រើនដែលមាននៅក្នុង PDI រដ្ឋបាល Biden គួរផ្តោតលើកិច្ចការមួយចំនួនដែលអាចបញ្ជូនជាសញ្ញាខ្លាំងៗ និងភ្លាមៗទៅកាន់ប្រទេសចិននិងតំបន់។

អត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតមួយរបស់ PDI គឺវានឹងបង្ខំឱ្យក្រសួងការពារជាតិធ្វើកាវិនិយោគក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពយោធារបស់អាមេរិក។

ប៉ុន្តែបន្ថែមពីលើការពង្រឹងសមត្ថភាពផ្នែកការពារជាតិរបស់សហរដ្ឋអាមេរិក រដ្ឋបាលលោក Biden ក៏គួរតែ «បង្ហាញនូវមហិច្ឆតាក្នុងការកសាងបណ្តាញនៃភាពជាដៃគូសន្តិសុខ នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក និងបង្កើនទំនាក់ទំនងដែលមានស្រាប់រវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាអូស្រ្តាលី និងវៀតណាម»

ទោះបីជារដ្ឋបាល Biden មិនអាចបញ្ចប់ ភាពតានតឹងផ្នែកនយោបាយរវាងទីក្រុងសេអ៊ូលនិងតូក្យូក៏ ដោយ ក៏អាមេរិកអាច លើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនិងជប៉ុនពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការកសាងសមត្ថភាពយោធាដើម្បីបញ្ជាក់អំពីគុណតម្លៃរួមនិងដើម្បីកាត់បន្ថយភាព ងាយរងគ្រោះចំពោះការបង្ខិតបង្ខំរបស់ចិន។

សម្ព័ន្ធភាព Quad នៅក្នុងចំណោមប្រទេសអូស្ត្រាលី, ឥណ្ឌា, ជប៉ុន និងសហរដ្ឋអាមេរិកបាន ពឹងផ្អែកយ៉ាងខ្លាំងទៅលើទំនាក់ទំនងសន្តិសុខត្រីភាគីរវាងប្រទេសអូស្ត្រាលី, ជប៉ុន និងសហរដ្ឋ អាមេរិក។ ក៏ប៉ុន្តែប្រទេសឥណ្ឌានាពេលនេះ បាននិងកំពុងបង្ហាញនូវមហិច្ឆតាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខ បន្ទាប់ពីកងទ័ពឥណ្ឌានៅ Himalayas បានរងនូវការវាយប្រហារកាន់តែខ្លាំងពីសំណាក់ប្រទេសចិន។

រដ្ឋបាលរបស់លោក Biden គួរតែផ្តល់ការគាំទ្រជាបឋមដល់បញ្ហានេះតាមរយៈការកោះប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៅខែវិច្ឆិកាកន្លងមកនេះ។ ហើយការចែករំលែកនូវ
ព័ត៌មានស៊ើបការសម្ងាត់រវាងសមាជិក Quad គឺជាជំហានដ៏ សមហេតុផលមួយ។

សម្ព័ន្ធភាពនិងភាពជាដៃគូនឹងផ្តល់អត្ថប្រយោជន៍ដ៏រឹងមាំដល់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី ហើយនេះក៏ជាមូលហេតុដែលទីក្រុងប៉េកាំងបានកំណត់គោលដៅលើសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាអូស្រ្តាលីនិងកូរ៉េខាងត្បូង តាមរយៈការធ្វើពហិការផ្នែកសេដ្ឋកិច្ច ដោយសារពួកគេបានបង្កើនការធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងតុល្យភាពអំណាចរបស់ចិន។

ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុម Quad គួរតែជាការប្រកាសអំពីយន្តការសម្របសម្រួលដើម្បីជួយប្រទេសនានាដូចជាអូស្រ្តាលីដែល កំពុងស្ថិតនៅក្រោមការធ្វើពហិការរបស់ចិនដែលអាចរួមមានវិធានការផ្តល់មូលនិធិបម្រុង ឬយន្តការឆ្លើយតបរហ័សនៅក្នុង ចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីថ្កោលទោសសកម្មភាពរបស់ចិន, ការផ្តល់ជំនួយហិរញ្ញវត្ថុ និងការរៀបចំបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ប្រសិនបើទទួល បានជោគជ័យ គំនិតផ្តួចផ្តើមនេះអាចនឹងមានការរីកចម្រើន ហើយបណ្តាប្រទេសអាស៊ីអាចនឹងចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះដើម្បីការពារពួកគេពីសកម្មភាពបង្ខិតបង្ខំរបស់ចិន។

រដ្ឋបាល Biden គួរតែពង្រឹងបន្ថែមទៀតនូវការគាំទ្រជាអន្តរជាតិដល់កោះតៃវ៉ាន់តាមរយៈការធ្វើការជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង នៅអឺរ៉ុបដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ដែលអាចជួយតៃវ៉ាន់កាត់បន្ថយភាពងាយរងគ្រោះចំពោះប្រទេសចិន និងអាចចូលរួមចំណែកដល់ការដោះស្រាយបញ្ហានៅក្នុងតំបន់។

តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងស្ថិតនៅចំណុចរបត់មួយ។ ប្រទេសជាច្រើននៅក្នុងតំបន់កំពុងព្យាយាមទប់ទល់នឹងការត្រួតត្រារបស់ចិន តាមរយៈការបដិសេធមិនជ្រើសរើសភាគីណាមួយរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង។

ហើយនៅពេលរដ្ឋបាលអាមេរិកថ្មីចូលកាន់តំណែង សម្ព័ន្ធមិត្តនិងដៃគូរបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានបញ្ជាក់ យ៉ាងច្បាស់ថា «ពួកគេចង់ឱ្យសហរដ្ឋ អាមេរិកប្រកួតប្រជែងជាមួយចិនតែក្នុងរបៀបដែលនឹងមិនបង្កផលប៉ះពាល់មកលើពួកគេ»

ដើម្បីបង្ហាញភាព ប្រាកដប្រជារបស់ខ្លួន សហរដ្ឋអាមេរិកចាំបាច់ត្រូវចាត់វិធានការធំៗមួយចំនួននៅក្នុងតំបន់អាស៊ីដែលនឹងអាចផ្លាស់ប្តូរនូវបរិយាកាសក្នុងតំបន់ពាក់ព័ន្ធនឹងប្រទេសចិន និងអាចជាសញ្ញាបង្ហាញអំពីការវិលត្រឡប់មកវិញ នៃសមត្ថភាព, សកម្មភាពនិងភាពច្នៃប្រឌិតរបស់សហរដ្ឋអាមេរិក៕ Foreign Affairs

 

អត្ថបទទាក់ទង