ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ឆ្លើយតបចំៗចំពោះការផ្សាយរបស់ Al Jazeera អំពី Online Scams

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 39
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ឆ្លើយតបចំៗចំពោះការផ្សាយរបស់ Al Jazeera អំពី Online Scams ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ឆ្លើយតបចំៗចំពោះការផ្សាយរបស់ Al Jazeera អំពី Online Scams

ឆ្លើយតបទៅនឹងសំណួររបស់សារ​ព័ត៌មានពាក់ព័ន្ធនឹងការផ្សាយរបស់បណ្តាញព័ត៌មាន Al Jazeera លើក​រណី Long Bay ក្នុងខេត្តកោះកុង ថាតើអាចប៉ះពាល់ដល់រូបភាពនិងកិច្ចខិតខំប្រឹងប្រែ​ងរបស់កម្ពុជាដែរ​ឬ​យ៉ាង​ណានោះ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនដែលបដិសេធថា គ្មានបទល្មើសឆបោកតា​មប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នោះឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺកម្ពុជាជារដ្ឋដែលសកម្មធ្វើសកម្មភាពជា​ក់​ស្តែងដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនដកដៃឡើយ ដោយរាជរដ្ឋាភិបាល​កម្ពុជា​បាន​និងកំពុងចាត់វិធានការច្បាប់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុតក្នុងការលុបបំបាត់បទល្មើសនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមថា លទ្ធផលដែលរាជរដ្ឋាភិ​បាលស​ម្រេច​បាន​ជា​បន្តបន្ទាប់ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះជាកត្តាចំបងមួយដែលជំរុញក្រសួង ស្ថានប័ន អាជ្ញាធរក្នុ​ងរាជធានី ខេត្តទូទាំងប្រទេស ឱ្យកាន់តែមានសន្ទុះអនុវត្តកាតព្វកិច្ចប្រកបដោយភាពម៉ឺងម៉ាត់ក្នុងកិច្ចខិតខំ​បោស​សម្អាត Online Scams និងបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវាវិលត្រឡប់វិញជាដាច់ខាត។ ឯកឧត្តម​ទេ​ស​រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងដោ​យភា​ព​ទទួលខុសត្រូវយ៉ាងខ្លាំងក្លាក្នុងការបោសសម្អាត និងបំផ្លាញចោលទាំងស្រុងនូវទីតាំង និងមជ្ឈមណ្ឌ​ល​ប្រតិ​បត្តិ​ការរបស់ក្រុមឧក្រិដ្ឋជន Online Scams។ បន្ថែមពីនេះ អាជ្ញាធរមាន​សមត្ថកិច្ច បាននិ​ងកំពុង​បន្ត​ធ្វើ​ការ​ស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនមេខ្លោង និងមុខសញ្ញាពាក់ព័ន្ធទាំងអស់ដើម្បីយ​កមកផ្ត​ន្ទា​ទោ​ស​តាមច្បាប់ឱ្យខានតែបាន ដោយគ្មានការលើកលែងឡើយ។

ចំពោះវីដេអូផ្សាយរបស់ Al Jazeera នេះដែរ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា ស​កម្មភាពដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នោះ គឺជាសកម្មភាពដែលកើតឡើងមុនពេល​មាន​យុទ្ធ​នា​ការ​បោសសម្អាតទ្រង់ទ្រាយធំរបស់អាជ្ញាធរកម្ពុជាតែប៉ុណ្ណោះ។ ដូច្នេះ ការផ្សាយនេះផ្ទុយទៅវិញ គឺ​បាន​ស្តែ​​ងឱ្យឃើញនិងឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ពេលនេះកម្ពុជាទទួលបានជោគជ័យយ៉ា​ងពិតប្រាក​ដក្នុង​ការ​ប​ង្ក្រា​បនិងបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីទីតាំងទាំងនោះ។

ជាទិសដៅបន្ត ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តបង្កើននិងពង្រឹងកិច្ច​​សហប្រតិប​ត្តិ​ការ​ជា​មួយបណ្តាប្រទេសនិងអង្គការអន្តរជាតិឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលបំណងរារាំង និងទប់​ស្កាត់​មិន​ឱ្យបទល្មើសបច្ចេកវិទ្យាឆ្លងដែនទាំងនេះអាចវិលត្រឡប់មកឈរជើង ឬមានវត្ត​មាននៅក្នុងទឹក​ដីនៃព្រះ​រា​ជា​ណា​ចក្រកម្ពុជាជាថ្មីម្ដងទៀតឡើយ៕

អត្ថបទទាក់ទង