ខ្មែរប៉ុស្ដិ៍ Close

លោកប្រាយុទ្ធ អាចបន្តកាន់តំណែងតទៅទៀត ប៉ុន្តែចុងបញ្ចប់នៃយុគសម័យរបស់លោកជិតមកដល់ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 24
លោកប្រាយុទ្ធ អាចបន្តកាន់តំណែងតទៅទៀត ប៉ុន្តែចុងបញ្ចប់នៃយុគសម័យរបស់លោកជិតមកដល់ហើយ លោក ប្រាយុទ្ធ ចាន់អូចា

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នឹងបន្តកាន់អំណាចមួយរយៈទៀត ក្រោយពីការប្រកាសសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃអំពីភាពស្របច្បាប់នៃការកាន់តំណែងរបស់លោក ក្រោមការកំណត់អាណត្តិរយៈពេល ៨ ឆ្នាំដោយរដ្ឋធម្មនុញ្ញ។ ប៉ុន្តែការបញ្ចប់នៃយុគសម័យរបស់បុរសខ្លាំងរូបនេះ កាន់តែបង្ហាញឱ្យឃើញយ៉ាងច្បាស់ បើទោះបីជាមិនទាន់ដល់ទីបញ្ចប់ ក៏វានឹងខិតជិតមកដល់ហើយដែរ។

ខណៈមានការរឹតបន្តឹងផ្នែកសន្តិសុខ, ការតវ៉ារបស់គណបក្សប្រឆាំង និងការភ័យខ្លាចថានឹងមានអំពើហិង្សាផ្ទុះឡើង តុលាការដែលមានចៅក្រម ៩ រូបបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី ៣០ ខែកញ្ញាថា «អាណត្តិស្របច្បាប់របស់អតីតមេបញ្ជាការកងទ័ពរូបនេះ បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ប្រទេសនេះត្រូវបានអនុម័តដោយមិនបានរាប់តាំងពីពេលដែលគាត់បានកាន់កាប់អំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ ឬនៅពេលដែលលោកត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៩ នោះឡើយ»។

ញត្តិរបស់គណបក្សប្រឆាំងដែលដាក់ទៅតុលាការបានអះអាងថា «ការគ្រប់គ្រងរបស់លោកគួរតែត្រូវបានរាប់ចាប់តាំងពីខែសីហា ឆ្នាំ ២០១៤ នៅពេលដែលលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់របបយោធាជាផ្លូវការ ក្រោយពីបានផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ កាលពីខែឧសភានាឆ្នាំនោះ»។

ក្រុមអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រីបានលើកឡើងផ្សេងៗគ្នាអំពីឆ្នាំ ២០១៧ ឬឆ្នាំ ២០១៩។ សេចក្តីសម្រេចនៅពេលនេះត្រូវបានគេចាត់ទុកថា ជាការសម្របសម្រួលផ្លូវច្បាប់មួយដើម្បីកាត់បន្ថយភាពតានតឹងផ្នែកនយោបាយនៅក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំក្រោយ។

សេចក្តីសម្រេចខាងលើនឹងអនុញ្ញាតឱ្យលោកប្រាយុទ្ធ ដែលកំពុងតែកាន់តួនាទីជារដ្ឋមន្ត្រីការពារជាតិផងដែរនោះ អាចបន្តតួនាទីជានាយករដ្ឋមន្ត្រីឡើងវិញ ក្រោយការព្យួរតំណែងអស់រយៈពេល ៥ សប្តាហ៍។ សេចក្តីសម្រេចខាងលើក៏នឹងអនុញ្ញាតឱ្យរូបគាត់ធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា នៅទីក្រុងបាងកក ដោយមានការចូលរួមពីសំណាក់មេដឹកនាំរបស់ប្រទេសលើពិភពលោកនានា។

ដើម្បីត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ គេនឹងអាចធ្វើការបំបិទការតវ៉ាបែបនយោបាយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែរបៀបដែលទាហានស្មោះស្ម័គ្រនឹងព្រះរាជវាំងយល់ឃើញចំពោះសេចក្តីសម្រេចនេះ អាចនឹងបង្កផលប៉ះពាល់ដែលមិនអាចនិយាយបានទៅលើស្ថិរភាព និងអស្ថិរភាពនៅក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខ។

ឥស្សរជនអភិរក្សជាន់ខ្ពស់មួយក្រុមដែលមានជាប់ពាក់ព័ន្ធជាមួយនឹងអតីតព្រះមហាក្សត្រ បានសរសេរជាលិខិតជូនលោកប្រាយុទ្ធ មុនពេលដែលលោកត្រូវបានគេព្យួរតំណែង ដើម្បីស្នើសុំឱ្យលោកតម្កល់ផលប្រយោជន៍ប្រទេសជាតិជាធំ និងបដិសេធការចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ដើម្បីបើកផ្លូវឱ្យបេក្ខជនស៊ីវិលអាចយកឈ្នះដើម្បីបុព្វហេតុនៃការអភិរក្សនិយម។

អ្នក​គាំទ្រ​រាជានិយម​ថៃ​កាន់​រូប​អតីត​ព្រះមហាក្សត្រ​ថៃ​នៅទីលាន​ Sanam Luang ពី​មុខ​ព្រះបរមរាជវាំង ក្នុង​ពិធី​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej (រាមាទី៩) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២០។ រូបថត៖ ទីភ្នាក់ងារ Anadolu / Guillaume Payen

គេនៅមិនច្បាស់នៅឡើយទេថា តើក្រុមមនុស្សទាំងនោះ ដែលរួមមានទាំងអតីតនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងប្រហែលជាអាចមានទាំងតំណាងក្រុមហ៊ុនអាជីវកម្មធំៗ ពិតជាមានឥទ្ធិពលទៅលើតុលាការធម្មនុញ្ញ ដែលជាស្ថាប័នដែលតែងតែការពារអំណាចអភិរក្សរាជានិយមឯករាជ្យ ហើយតែងតែបានចងសម្ព័ន្ធមិត្តជាមួយនិងក្រុមយោធានោះដែរឬអត់។

អ្នកការទូតម្នាក់ដែលបានដឹងអំពីស្ថានភាពច្បាស់បាននិយាយថា «លោកប្រាយុទ្ធបានគម្រាមថា នឹងធ្វើការរំលាយសភាដើម្បីឆ្លើយតបទៅនឹងការព្យួរតំណែងដែលបានធ្វើឱ្យខូចមុខមាត់របស់លោក ប៉ុន្តែលោកត្រូវបានមនុស្សនៅខាងលើប្រាប់ថា ការរំលាយរដ្ឋសភាភ្លាមៗនឹងមិនអាចធ្វើទៅរួចនោះទេ»។ ពាក្យចចាមអារ៉ាមអំពីការធ្វើរដ្ឋប្រហារសារជាថ្មី ក៏កំពុងតែកើតមាននៅក្នុងរង្វង់អ្នកការទូតរបស់ប្រទេសថៃផងដែរ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើនរណាអាចនឹងត្រូវបានគេល្បួងឱ្យចេញមកធ្វើរដ្ឋប្រហារនៅឡើយទេ។

ខណៈដែលលោកប្រាយុទ្ធ ត្រូវអវត្តមានរយៈពេល ៥ សប្តាហ៍ លោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសុវណ្ណ ដែលជាសហសេវិកដ៏គួរឱ្យទុកចិត្តរបស់លោក និងជាអតីតមេទ័ពនៅក្នុងឋានានុក្រមយោធា គឺជាអ្នកកាន់អំណាចជំនួស។ លោកប្រាវីត មិនបានប្រើប្រាស់ការិយាល័យផ្ទាល់ខ្លួនរបស់លោកប្រាយុទ្ធ នៅក្នុងអំឡុងពេលដែលគេព្យួរតំណែងរបស់លោកប្រាយុទ្ធ នោះទេ ប៉ុន្តែក្រុមជំនួយការរបស់គាត់ត្រូវបានគេរាយការណ៍ថា បានចូលទៅធ្វើការដោយភាពរីករាយជាខ្លាំងនៅក្នុងវិមានរដ្ឋាភិបាល។

ក្រុមអ្នករិះគន់បានលើកឡើងថា ការតែងតាំងលោកប្រាវីត ជានាយករដ្ឋមន្ត្រី «ស្តីទី» គឺជាការតែងតាំងមនុស្សខុស ខណៈដែលមនុស្សជាច្រើនបានធ្វើការចែកចាយរូបភាពដែលលោកប្រាវីត កំពុងដេកលក់នៅលើកៅអី នៅក្នុងអំឡុងពេលព្រឹត្តិការណ៍ជាផ្លូវការមួយនៅក្នុងខេត្ត Krabi ភាគខាងត្បូង ហើយមហាជនក៏កំពុងតែភ្ញាក់ផ្អើលជាខ្លាំងជាមួយនិងមតិរបស់លោកប្រាវីត ដែលបានលើកឡើងថា លោកកំពុងដាក់សម្ពាធលើធនាគារកណ្ដាលថៃឱ្យពង្រឹងរូបិយបណ្ណបាតដែលកំពុងតែធ្លាក់ចុះ។

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលបានកំណត់សិទ្ធិរបស់លោកប្រាយុទ្ធ ឱ្យធ្វើជានាយករដ្ឋមន្ត្រីមិនលើសពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៥ ឬត្រឹមតែពាក់កណ្តាលនៃអាណត្តិរយៈពេល ៤ ឆ្នាំនៃរដ្ឋាភិបាលដែលជាប់ឆ្នោតថ្មីនោះ នឹងអាចបង្កឱ្យមានភាពស្មុគស្មាញជាខ្លាំងដល់គណបក្ស Palang Pracharat (PPRP) ខណៈតាមរយៈលទ្ធផលនៃការស្ទង់មតិកាលពេលថ្មីៗនេះ និងតាមរយៈលទ្ធផលនៃការបោះឆ្នោត បានបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំង។

រឿងរ៉ាវទាំងអស់សុទ្ធតែបានផ្តល់នូវអត្ថប្រយោជន៍ដល់គណបក្ស Peua Thai ដែលជាគណបក្សប្រឆាំងដ៏ធំ ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីនិរទេសខ្លួន Thaksin Shinawatra និងត្រកូលគ្រួសាររបស់គាត់។

ការស្ទង់មតិមួយកាលពីខែមិថុនា ដែលត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងអន្តរជាតិ ហើយត្រូវបានរិះគន់ដោយនាយករដ្ឋមន្ត្រីនោះ បានបង្ហាញថា «កូនស្រីដែលទើបចូលប្រឡូកក្នុងឆាកនយោបាយថ្មីថ្មោងរបស់លោក Thaksin គឺលោកស្រី Paetongtarn Shinawatra ទទួលបានការគាំទ្រច្រើនជាងលោកប្រាយុទ្ធ ជាមួយនិងលទ្ធផល ២៨,២៨% ទល់នឹង ១១,៦៨%។

គេបានទស្សន៍ទាយថា គណបក្ស Peua Thai របស់លោកស្រីអាចនឹងយកឈ្នះយ៉ាង «ភ្លូកទឹកភ្លូកដី» នៅក្នុងការបោះឆ្នោតនៅពេលខាងមុខ ហើយប្រសិនបើលោកស្រីជាប់ឆ្នោតពិតមែន នោះលោកស្រីនឹងស្វះស្វែងរកវិធីដើម្បីនាំយកឪពុករបស់លោកស្រីឱ្យត្រឡប់មកកាន់មាតុភូមិវិញ។

លោកស្រី Paetongtarn Shinawatra បានថ្លែងថា គណបក្ស Peua Thai នឹងផ្តួលគណបក្ស Palang Pracharath របស់លោកប្រាយុទ្ធ នៅការបោះឆ្នោតឆ្នាំក្រោយ។ រូបថត៖ គណបក្សPeua Thai

សារព័ត៌មាន Diplomat ដែលទើបតែបានជួបសម្ភាសន៍ជាមួយមនុស្សនៅក្នុងគណបក្ស Peua Thai បានឱ្យដឹងថា គណបក្ស Peua Thai អាចនឹងឱ្យមហាសេដ្ឋី Srettha Thavisin ដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយលោកស្រី Yingluck ឈរឈ្មោះជាបេក្ខជនរបស់ខ្លួន ដែលនេះគឺជាសេណារីយ៉ូមួយទៀតរបស់លោក Thaksin ខណៈនៅពេលថ្មីៗនេះ ម្តាយរបស់លោកស្រី Paetongtarn កំពុងតែធ្វើការសម្រេចចិត្តថា តើនឹងឱ្យកូនស្រីរបស់ខ្លួនចេញមកឈរឈ្មោះជានាយករដ្ឋមន្ត្រីដែរឬក៏យ៉ាងណា។

គណបក្ស PPRP ប្រហែលជាបានគិតគូររួចទៅហើយអំពីសេនារីយ៉ូ «២+២ ឆ្នាំ» របស់លោកប្រាយុទ្ធ + លោកប្រាវីត ដែលលោកប្រាយុទ្ធ ត្រូវកាន់អំណាចនៅ ២ ឆ្នាំដំបូង ហើយមេដឹកនាំទី២ នៃសម្ព័ន្ធភាពដែលដឹកនាំដោយគណបក្ស PPRP នឹងកាន់អំណាចនៅ ២ឆ្នាំចុងក្រោយ។ គេនៅមិនទាន់ដឹងច្បាស់ទេថា តើរូបមន្តមួយនេះអាចធ្វើឱ្យអ្នកបោះឆ្នោតពេញចិត្ត ឬយ៉ាងណានោះឡើយ ខណៈគណបក្ស PPRP បានទទួល ជោគជ័យលើសពីការរំពឹងទុក ដោយពួកគេទទួលបានសំឡេងបោះឆ្នោតភាគច្រើនដោយសារវត្តមានរបស់លោកប្រាយុទ្ធ ដែលជាបុរសខ្លាំងកាលពីឆ្នាំ ២០១៩។

ក្នុងពេលជាមួយគ្នានេះដែរ មានតម្រុយដែលថាគណបក្ស PPRP ប្រហែលជាអាចមានបេក្ខជនផ្សេងទៀតនៅក្នុងចិត្តរបស់ពួកគេរួចហើយ ដែលជាមនុស្សម្នាក់ដែលផ្តោតទៅលើវិស័យអាជីវកម្ម។

ក្រុមអ្នកសង្កេតការណ៍បានធ្វើការកត់សម្គាល់ទៅលើនាយកប្រតិបត្តិនៃក្រុមហ៊ុន Gulf Energy គឺលោក Sarath Ratanavadi ដែលជាមហាសេដ្ឋីទី២ របស់ប្រទេសថៃ ហើយក៏ជាមនុស្សដែលមានទំនាក់ទំនងផ្ទាល់ជាមួយព្រះមហាក្សត្រ Maha Vajiralongkorn និងជាអតីតអ្នកមានគុណរបស់គណបក្ស PPRP ផងដែរ។ លោកបានលុបបំបាត់ការមិនចង់បានប្រជាប្រិយភាពរបស់លោក តាមរយៈការចេញមកផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Bloomberg អំពីបញ្ហានយោបាយក្តៅៗ ដូចជាការដួលរលំនៃប្រាក់បាត ចាប់តាំងពីមានការព្យួរតំណែងរបស់លោកប្រាយុទ្ធ ជាដើម។

មនុស្សផ្សេងទៀតក៏បានមើលឃើញផងដែរ ចំពោះសក្តានុពលរបស់មេដឹកនាំគណបក្ស Bhumjaithai និងរដ្ឋមន្ត្រីសុខាភិបាល លោក Anutin Charnvirakul ក្នុងការទប់ទល់នឹងគណបក្ស Peua Thai ខណៈរូបលោកទាំងពីរ គឺជាមេក្លោងនៅពីក្រោយនៃការរីកដុះដាលនៃកញ្ឆានៅក្នុងរាជាណាចក្រមួយនេះ។ គណបក្ស Bhumjaithai កំពុងតែធ្វើការប្រមូលផ្តុំ និងបានធ្វើយុទ្ធនាការជាច្រើននៅតាមបណ្តាខេត្តនានា ហើយគេក៏បានរាយការណ៍ដែរថា គណបក្សនេះយល់ព្រមផ្តល់តំណែងកំពូលៗនៅពេលអនាគតដល់អ្នកនយោបាយរបស់គណបក្ស PPRP និងគណប្ស Peua Thai ដែលយល់ព្រមប្តូរមកនៅជាមួយគណបក្ស ខ្លួនថែមទៀតផង។

ប៉ុន្តែអ្នកផ្សេងទៀតក៏បានចេញមកធ្វើការព្យាករណ៍ទុកផងដែរអំពីសេណារីយ៉ូនៃការបោះឆ្នោតឆ្នាំ ២០២៣ ដែលសំឡេងឆ្នោតនឹងត្រូវបានចែកចាយស្មើៗគ្នាក្នុងចំណោមគណបក្ស PPRP, គណបក្ស Peua Thai និងគណបក្ស Bhumjaithai ហើយព្រឹទ្ធសភាដែលមានសមាជិកចំនួន ២៥០ រូប ដែលត្រូវបានតែងតាំងដោយក្រុមយោធា នឹងនៅតែដើរតួរជាអ្នកកាត់សេចក្តីក្នុងការតែងតាំងនាយករដ្ឋមន្ត្រី។

សម្រាប់សេណារីយ៉ូដែលត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងនោះ គឺអភិបាលក្រុងបាងកក លោក Chadchart Sittipunt ដែលជាមនុស្សកំពុងតែមានប្រជាប្រិយភាព ហើយមនុស្សជាច្រើនបានយល់ឃើញថា លោកគឺជាជម្រើសដ៏ល្អដែលអាចធ្វើការបង្រួបបង្រួមការបែកបាក់ផ្នែកនយោបាយរបស់ព្រះរាជាណាចក្រមួយនេះបាន ខណៈដែលលោកមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងគណបក្ស Peua Thai របស់លោក Thaksin ហើយសមាជិកគ្រួសាររបស់លោកក៏ធ្លាប់បានបម្រើការនៅក្នុងក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ (Royal Advisory Privy Council) រហូតដល់ឆ្នាំ ២០១៦ ថែមទៀតផង។

មនុស្សជាច្រើនចង់បានលោកអភិបាលក្រុងបាងកក Chadchart Sittipunt ធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត។ រូបភាព៖ ហ្វេសប៊ុក

អ្វីដែលជាការសន្និដ្ឋាននៅពេលនេះគឺលោកប្រាយុទ្ធ នឹងត្រូវដើរចេញពីឆាកនយោបាយនៅពេលដែលអាណត្តិជាប់ឆ្នោតរបស់លោកត្រូវបានបញ្ចប់នៅឆ្នាំក្រោយ ហើយរូបលោកនឹងត្រូវបំពេញតួរនាទីយ៉ាងពេញលេញក្នុងការការពារព្រះមហាក្សត្រ ក្នុងនាមជាប្រធានក្រុមប្រឹក្សារបស់ព្រះអង្គ Vajiralongkorn ដែលនេះគឺជាតំណែងកំពូលដែលក្រុមអ្នកសង្កេតការណ៍ជាច្រើនជឿជាក់ថា ជាអ្វីដែលរូបលោកចង់បាន។

ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ថា នោះជារបៀបដែលអតីតនាយករដ្ឋមន្ត្រី និងជាអតីតមេបញ្ជាការកងទ័ពគឺលោក Prem Tinsulanonda ទទួលបានបន្ទាប់ពីការលាលែងចេញពីតំណែងក្រោយរយៈពេល ៨ ឆ្នាំនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី (១៩៨០-៨៨) របស់លោក។ លោក Prem បានពង្រីកខ្លួនចូលរបស់លោកទៅក្នុងតំណែងដ៏មានអំណាចមួយនេះ ដែលមានឋានៈស្មើនឹងឧបរាជ ក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ Bhumibol។

ស្ថាប័នទីប្រឹក្សានេះបានបាត់បង់នូវអំណាច និងស្វ័យភាពជាច្រើនក្រោយលោក Prem បានទទួលមរណភាព និងក្រោយការឡើងកាន់តំណែងរបស់ព្រះបាទ Vajiralongkorn ខណៈមនុស្សមួយចំនួនបានចាត់ទុក ស្ថាប័ននេះថាជា «សំណាក់ត្រជាក់» «Cold Room» ក្រោមការគ្រប់គ្រងរបស់ប្រធានបច្ចុប្បន្ន ដែលជាអតីតមេទ័ពគឺលោក Surayud Chulanont ។ ថាតើលោកប្រាយុទ្ធ អាចបង្កើននូវអំណាច និងកិត្យានុភាពរបស់ក្រុមប្រឹក្សានេះឡើងវិញបានឬអត់នោះ វានឹងត្រូវកំណត់នៅត្រង់ថា តើលោកនឹងជ្រើសរើសដើម្បីបន្តឈរឈ្មោះ ឬក៏សម្រេចចិត្តចូលនិវត្តន៍នៅឆ្នាំ ២០២៣ ខាងមុខ៕

Asia Times

អត្ថបទទាក់ទង