ខ្មែរប៉ុស្ដិ៍ Close

វីរុសកូវីដ-១៩ បង្កការរំខានដល់ ពិធីបុណ្យសង្ក្រាន្តនៅថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 60
វីរុសកូវីដ-១៩ បង្កការរំខានដល់ ពិធីបុណ្យសង្ក្រាន្តនៅថៃ វីរុសកូវីដ-១៩ បង្កការរំខានដល់ ពិធីបុណ្យសង្ក្រាន្តនៅថៃ

បើតាមព័ត៌មានដែលចេញដោយសារព័ត៌មានបាងកកប៉ុស្តិ៍ រដ្ឋាភិបាលថៃនឹងពន្យារពេលថ្ងៃឈប់សម្រាកពិធីបុណ្យសង្ក្រាន្ត និងហាមឃាត់ការជួបជុំសាធារណៈធំៗ រួមមានកន្លែងកម្សាន្ត កីឡា និងសកម្មភាពអប់រំ ដើម្បីដោះស្រាយបញ្ហានៃការរីករាលដាលនៃ វីរុស Covid-19។

ទោះជាយ៉ាងណា ប្រទេសនេះមិនទាន់បានឈានដល់ដំណាក់កាលទី៣ នៅឡើយទេ នៅពេលដែលការឆ្លងវីរុសនៅក្នុងសហគមន៍ មានការរីករាលដាលខ្លាំង។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់និងបានធ្វើការធានាថា កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស នេះនឹងមិនឥតប្រយោជន៍នោះទេ។

លោក ប្រាយុទ្ធ បាននិយាយនៅក្នុងការចាក់ផ្សាយតាមទូរទស្សន៍ថា «វីរុសនឹងបន្តកើតឡើង នៅទីនេះមួយរយៈ។ ខ្ញុំយល់ពីការលំបាកនិងការឈឺចាប់ ប៉ុន្តែយើងត្រូវតែអត់ធ្មត់ដើម្បីតស៊ូឱ្យរួចផុតពីវិបត្តិនេះ។ ខ្ញុំសូមអរគុណអ្នករាល់គ្នា។ ប្រទេសថៃនឹងឈ្នះ»

លោកបានបន្តថា ចំនួនករណីឆ្លងដែលបានរកឃើញ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល២ថ្ងៃមកនេះ ប៉ុន្តែព័ត៌មានក្លែងក្លាយបានបំប៉ោងតួលេខនេះដែលជាហេតុធ្វើឱ្យមនុស្សមួយចំនួនមានការភ័យស្លន់ស្លោ និងនាំគ្នាចេញទៅទិញទំនិញ មកស្តុកទុក។ លោកបានទទូចថាមិនមានការចាំបាច់ក្នុងការទិញទំនិញស្តុកទុកនោះទេ។

លោក Prayut បានបន្តលើកឡើងថា គ្រប់ភាគីទាំងអស់បានចាត់វិធានការភ្លាមៗ រួមមានការត្រួតពិនិត្យអ្នកជម្ងឺ ការប្រមូលធនធានទាំងអស់សម្រាប់ការធ្វើតេស្ត និងការព្យាបាល និងការលើកកម្ពស់សីលធម៌ក្នុងចំណោមបុគ្គលិកពេទ្យ និងសុខភាព សាធារណៈ។

លោកបានឱ្យដឹងថា «បុគ្គលិកសុខាភិបាល និងពេទ្យសាធារណៈមានសារសំខាន់ណាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ និងផ្តល់ការថែទាំ និងការព្យាបាល។ រដ្ឋាភិបាលកំពុងផ្តល់ការគាំទ្រពេញទំហឹងដល់ពួកគេ»។

លោកក៏បានលើកឡើងដែរថា សកម្មភាពរបស់រដ្ឋាភិបាលនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើមនុស្សមិនព្រមគោរពច្បាប់។ លោកបានសង្កត់ធ្ងន់ថា សាធារណជនគួរតែធ្វើតាមគោលការណ៍សុខភាពឱ្យបានតឹងរឹង រួមមានការជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសដែលមានហានិភ័យ គួបផ្សុំនិងការអនុវត្តអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។

លោកឧបនាយករដ្ឋមន្រ្តី Wissanu Kreangam បាននិយាយថា ការផ្ទុះឡើងនៃវីរុសនេះ ស្ថិតនៅក្នុងដំណាក់កាលទី២ នៅឡើយទេដែលការឆ្លងនៅមានកម្រិត។ ហើយដើម្បីកាត់បន្ថយ ឬពន្យារពេលការចម្លងនៃវីរុសនេះ រដ្ឋាភិបាលនឹងត្រូវការពារប្រជាជនពីការឆ្លងតាមរយៈការពន្យារពេលថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្ត និងហាមឃាត់ការជួបជុំសាធារណៈធំៗ ព្រមទាំងបិទកន្លែងកម្សាន្ត និងកីឡា។

ថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្ត គួរតែត្រូវបានផ្អាកដើម្បីរារាំងមនុស្សពីការធ្វើដំណើរ ព្រោះការនេះអាចបង្កើនឱកាសនៃការរីករាលដាលនៃវីរុសកាន់តែខ្លាំង។

គណៈរដ្ឋមន្រ្តីនឹងអនុម័តនៅថ្ងៃនេះដើម្បីលុបចោលថ្ងៃឈប់សម្រាកដ៏វែង ដែលចាប់ពីថ្ងៃទី១៣~១៥ ខែមេសា។ កាលបរិច្ឆេទឈប់សម្រាកជំនួសនឹងត្រូវពិចារណានៅពេលដែលស្ថានភាពមានភាពប្រសើរឡើងវីញ។

លោក Wissanu បាននិយាយថា សាលារៀន សាកលវិទ្យាល័យ ឬកន្លែងកីឡាដែលទាក់ទាញហ្វូងមនុស្សយ៉ាងច្រើននិងមានការចូលរួមយ៉ាងជិតស្និទ្ ធនឹងត្រូវបិទជាបណ្តោះអាសន្ន។ ការបិទទ្វារអាចនឹងធ្វើឡើង នៅថ្ងៃស្អែកនេះបន្ទាប់ពីមានការយល់ព្រមពីគណៈរដ្ឋមន្រ្តី។

លោកបានឱ្យដឹងទៀតថា កន្លែងខ្លះអាចត្រូវបានអនុញ្ញាតឱ្យបើក ប៉ុន្តែនឹងមានមានការកំណត់ចំនួនមនុស្សដែលអាចអនុញ្ញាតឱ្យចូល ដើម្បីប្រាកដថា វាមានសុវត្ថិភាពសម្រាប់ពួកគេក្នុងការប្រមូលផ្តុំ។ ទោះយ៉ាងណា ការរឹតត្បិតលើការប្រមូលផ្តុំ នឹងពុំអនុវត្តចំពោះភោជនីយដ្ឋាន ឬហាងលក់ទំនិញនោះទេ។

លោកបាននិយាយថា ហាងទាំងនេះត្រូវអនុវត្តវិធានការសុវត្ថិភាព សុខភាព ដូចជាការត្រួតពិនិត្យសីតុណ្ហភាព របស់អតិថិជន រក្សាចំងាយនៃការអង្គុយរបស់ពួកភ្ញៀវយ៉ាងតិចមួយម៉ែត្រពីគ្នា និងផ្តល់ឱ្យពួកគេនូវសម្ភារៈលាងសម្អាតដៃ។ ការរំលោភបទបញ្ញតិអនាម័យសុខភាពសាធារណៈគឺជាអំពើខុសច្បាប់ក្រោមច្បាប់គ្រប់គ្រងជំងឺឆ្លង (Communicable Diseases Control Act)។

ទីភ្នាក់ងាររដ្ឋាភិបាលក៏នឹងបង្វែរម៉ោងធ្វើការ និងការឈប់សម្រាកអាហារថ្ងៃត្រង់ ដើម្បីចៀសវាងការប្រមូលផ្តុំមនុស្សច្រើននៅលើមធ្យោបាយធ្វើដំណើរសាធារណៈ ហើយបើអាចធ្វើបាន ប្រជាជននឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះ។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាការ ការដោះស្រាយបញ្ហាវីរុស Covid-19 គឺជាអាទិភាពកំពូល។ ការដោះស្រាយផលប៉ះពាល់របស់វាមកលើសេដ្ឋកិច្ច ឬទេសចរណ៍ គឺជារឿងបន្ទាប់បន្សំ។ រដ្ឋាភិបាលថៃបាននិងកំពុងត្រៀមសម្រាប់ស្ថានភាពអាក្រក់បំផុត។ មន្ទីរពេទ្យនិងគ្លីនិកទាំងសាធារណៈ និងឯកជននៅគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសបានត្រៀមរួចរាល់ហើយ។ គ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យទាំងអស់ រួមទាំងអ្នកចូលនិវត្តន៍ នឹងត្រូវបានប្រមែប្រមូលមក ដើម្បីដោះស្រាយបញ្ហា Covid-19 នេះ។

ការផលិតម៉ាស់ និងទឹកលាងសម្អាតដៃកំពុងត្រូវបានបង្កើនដោយក្រសួងពាណិជ្ជកម្មធានាថា ការផលិតម៉ាស់ប្រចាំថ្ងៃមានចំនួនជិត ២លានម៉ាស់។ ចំពោះផែនការរបស់រដ្ឋាភិបាលថៃក្នុងការលុបចោលការផ្តល់ទិដ្ឋាការក្នុងការធ្វើដំណើរ រដ្ឋាភិបាលក៏បានត្រៀមជាស្រេចដើម្បីដំណើរការហើយ ដោយគ្មានប្រទេសដែលរងគ្រោះណាមួយបានជំទាស់នោះទេ។ ឯកអគ្គរដ្ឋទូតថៃនៅឯក្រៅប្រទេសក៏ត្រូវបានគេស្នើសុំឱ្យដឹកនាំក្រុមការងារដើម្បីជួយប្រជាជនថៃនៅតាមប្រទេសទាំងនោះផងដែរ។

បាងកកប៉ុស្តិ៍

អត្ថបទទាក់ទង