ខ្មែរប៉ុស្ដិ៍ Close

ភាពស្ងប់ស្ងៀមរបស់ប្រទេសថៃចំពោះវិបត្តិនៅមីយ៉ាន់ម៉ា គឺជាការខាតបង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 61
ភាពស្ងប់ស្ងៀមរបស់ប្រទេសថៃចំពោះវិបត្តិនៅមីយ៉ាន់ម៉ា គឺជាការខាតបង់ លោកឧត្តមសេនីយ៍ជាន់ខ្ពស់មីយ៉ាន់ម៉ា Min Aung Hlaing (ឆ្វេង) ដែលជាមេដឹកនាំរដ្ឋប្រហារ និងលោក ប្រាយុទ្ធ ចាន់អូចា (ស្ដាំ) នាយករដ្ឋមន្ត្រីថៃ

ចូលមកដល់ខែកុម្ភៈនេះ វាគឺជាខួបគម្រប់មួយឆ្នាំហើយដែលព្រឹត្តិការណ៍រដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទាញទំលាក់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) ដែលជាគណបក្សជាប់ឆ្នោតចេញពីអំណាច។

ចាប់តាំងពីមានការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ កុម្ភៈ ឆ្នាំ២០២១ មក មានមនុស្សជាង ១៤ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ និងមនុស្សច្រើនជាង ៨.៨០០ នាក់ ត្រូវបានគេឃុំឃាំង នៅក្នុងពន្ធនាគារដោយសារតែការចោទប្រកាន់ដែលមិនសមហេតុផល និងមនុស្សជាង ១.៥០០ នាក់ទៀត ត្រូវបានគេសម្លាប់។

ខណៈដែលប្រទេសជាសមាជិកអាស៊ាន មួយចំនួនដូចជាសិង្ហបុរី, ឥណ្ឌូណេស៊ី និងព្រុយណេបានខិតខំអំពាវនាវឱ្យមានការ ចូលរួមផ្នែកការទូត, មានការឯកភាពគ្នាទៅ លើផែនការសកម្មភាព និងការតែងតាំងប្រេសិតពិសេសរបស់អាស៊ានប្រទេសថៃនៅតែបន្តរក្សាភាពស្ងប់ស្ងៀម បើទោះបីជាវិបត្តិមនុស្សធម៌កំពុងតែកើតមានជាហូរហែរ នៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់ខ្លួនក្តី។

ទោះបីវាជាចេតនាឬអត់ក៏ដោយ ក៏ការមិនបានធ្វើសកម្មភាពណាមួយជាចំហបស់ប្រទេសថៃដើម្បីដោះស្រាយចំពោះវិបត្តិនេះ គឺពិតជាបានបង្កឱ្យការខាតបង់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ។

ចាប់តាំងពីការឃុំខ្លួន លោកស្រី អង់សាន ស៊ូជី មក របបយោធាដែលដឹកនាំដោយឧត្តមសេនីយ៍ Min Aung Hlaing បានពង្រើងអំណាចនយោបាយ និងបានបើកយុទ្ធនាការជាប្រព័ន្ធដើម្បីប្រឆាំងនឹងអ្នកនយោបាយដែលប្រឆាំងនឹងគាត់។

លោកស្រី អង់សាន ស៊ូជី និងលោក ប្រាយុទ្ធ ចាន់អូចា
លោកស្រី អង់សាន ស៊ូជី និងលោក ប្រាយុទ្ធ ចាន់អូចា

ប្រទេសមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីរបស់ប្រទេសនេះក៏ត្រូវបានព្យួរ ហើយរបបយោធាបានចាត់ទុកសមាជិកគណបក្សប្រឆាំងថាជាក្រុមភេរវករ។

កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសថា រដ្ឋមន្ត្រីការបរទេសរបបយោធាលោក Wunna Maung Lwin នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់
រដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី ១៦-១៧ ខែកុម្ភៈនោះទេ។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឥស្សរជនប្រឆាំងបានអំពាវនាវឱ្យពលរដ្ឋប្រារព្ធខួបនៃការធ្វើរដ្ឋប្រហារនោះតាមរយៈការធ្វើកូដកម្មស្ងប់ស្ងៀមនៅទូទាំងប្រទេស។

ក្រោយមានការធ្វើរដ្ឋប្រហារ ប្រទេសថៃបានរៀបចំការចរចារវាងលោក Wunna Maung Lwin និងសមភាគីអាស៊ាន ហើយក៏នៅតែបន្តរក្សាទំនាក់ទំនងរវាងយោធាថៃ និងយោធាមីយ៉ាន់ម៉ាដដែល បើទោះបីជាមានភាពតានតឹងកើនឡើងពីសំណាក់ក្រុមជនភាគតិចក៏ដោយ។

ខណៈដែលប្រទេសមីយ៉ាន់ម៉ាគឺជាសត្រូវរបស់ក្រុមជាតិនិយមថៃអស់រយៈពេលរាប់សិបជំនាន់មកហើយនោះ ទំនាក់ទំនងនៅពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ ត្រូវបានគេចាត់ទុកថាមានភាពកក់ក្តៅគួរសម។

មិនដល់រយៈពេលពីរសប្តាហ៍ ក្រោយការធ្វើរដ្ឋប្រហារ លោក Aung Hlaing បានសរសេរលិខិតជាលក្ខណៈបុគ្គលទៅកាន់នាយករដ្ឋមន្ត្រីថៃ ដើម្បីសួរគាត់អំពីរបៀប «គាំទ្រលទ្ធិប្រជាធិបតេយ្យ»។ មេដឹកនាំរដ្ឋប្រហាររូបនេះ បានចាត់ទុក លោក ប្រាយុទ្ធ ចាន់អូចា គឺជាមនុស្សដែលគាត់គួរតែយកតម្រាប់តាម។

អតីតមេទ័ពថៃ និងជាមេដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ហើយក៏ជានាយករដ្ឋមន្ត្រីនៅពេលបច្ចុប្បន្ននេះ បានសម្រេចនូវសមិទ្ធផលជាច្រើនដែលលោក Aung Hlaing អាចបានត្រឹមតែស្រមើស្រមៃចង់បានដែលរួមមានការរៀបចំប្រព័ន្ធនយោបាយដើម្បីឱ្យស៊ីសង្វាក់ទៅនឹងរដ្ឋាភិបាលដែលគាំទ្រដោយយោធា និងរដ្ឋាភិបាលដែលគាំទ្រដោយរបបរាជានិយម។

ទំនោររបស់ប្រទេសថៃក្នុងការមិនធ្វើសកម្មភាពនោះបាន បណ្តាលឱ្យកើតមានសោកនាដកម្មហួសពីការថ្លែងនៅតាមតំបន់ស្ថិតនៅតាមបណ្តោយព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។ នៅចុងខែធ្នូ មនុស្សជាង ៤.៤០០ នាក់ បានភៀសខ្លួនទៅកាន់ប្រទេសថៃដើម្បីគេចចេញពីការវាយប្រយុទ្ធរវាងយោធាមីយ៉ាន់ម៉ា និងកងទ័ពជនភាគតិច Karen។

ប្រជាជនមីយ៉ាន់ម៉ាដែលបានភៀសខ្លួនចេញពីការកើនឡើងនៃអំពើហឹង្សា កំពុងអង្គុយជាជួរ នៅភូមិ Mae Tao Phae ក្នុងសង្កាត់ Mae Sot របស់ប្រទេសថៃ ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា ខណៈដែលបុគ្គលិកយោធាថៃកំពុងត្រួតពិនិត្យមើល។
ប្រជាជនមីយ៉ាន់ម៉ាដែលបានភៀសខ្លួនចេញពីការកើនឡើងនៃអំពើហឹង្សា កំពុងអង្គុយជាជួរ នៅភូមិ Mae Tao Phae ក្នុងសង្កាត់ Mae Sot របស់ប្រទេសថៃ ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា ខណៈដែលបុគ្គលិកយោធាថៃកំពុងត្រួតពិនិត្យមើល។

នៅពេលដែលមានជនភៀសខ្លួនជាច្រើនហូរចូលមកក្នុងខេត្ត Tak អាជ្ញាធរថៃបានផ្តល់ទីជម្រក និងជំនួយមនុស្សធម៌ដល់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការមកដល់នូវជនភៀសខ្លួននោះ បានបង្កើនចំនួនជនភៀសខ្លួននៅក្នុងជំរុំរបស់ប្រទេសថៃឱ្យឡើងដល់ជាង ៩១.៤០០ នាក់។ ដូចនេះ ការឡើងកាន់អំណាចរបស់ពួកយោធាមិនបានបង្ហាញនូវសញ្ញាវិជ្ជមាននោះទេ។

ប្រទេសថៃបានបដិសេធក្នុងការក្លាយជាប្រទេសហត្ថលេខី សម្រាប់អនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ និងបានបដិសេធមិនផ្តល់ភាពស្របច្បាប់ដល់ជនភៀសខ្លួនទាំងនោះទេ ហើយបានផ្តោតសំខាន់តែទៅលើគោលនយោបាយតាំងលំនៅថ្មី និងបញ្ជូនពួកគេឱ្យត្រឡប់ទៅវិញដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។

កាន់តែអាក្រក់ខ្លាំងជាងនេះទៀតនោះ របាយការណ៍កាលពីពេលថ្មីៗនេះបានបង្ហាញថា ក្រុមទាហានមីយ៉ាន់ម៉ាបានធ្វើឱ្យការរស់នៅរបស់មនុស្សដែលស្ថិតនៅក្នុងជំរុំជនភៀសខ្លួនកាន់តែមានភាពលំបាក តាមរយៈការដាក់កម្រិតលើ ស្បៀងអាហារស្រស់ ឬបញ្ឈប់លំហូរនៃជំនួយទាំងស្រុងតែម្តង។

អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ បានស្នើសុំឱ្យលោកប្រាយុទ្ធ អនុញ្ញាតឱ្យក្រុមផ្តល់ជំនួយចូលទៅកាន់ជំរុំនោះ តាមរយៈប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីមីយ៉ាន់ម៉ា លោកស្រី Noeleen Hayzer ។ ប៉ុន្តេមកដល់ពេលនេះ ពាក្យអង្វរទាំងនោះមិនត្រូវបានគេអើរពើនោះទេ។

ខណៈគោលនយោបាយរបស់ប្រទេសថៃសម្រាប់ជនភៀសខ្លួននៅតែអាចទទួលយកបាន បើទោះបីជាស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលជាច្រើនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក៍ដោយ វិបត្តិនៅ
មីយ៉ាន់ម៉ាគួរតែអាចជម្រុញឱ្យមានការផ្លាស់ប្តូរនូវគោលនយោបាយ។

ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ រដ្ឋាភិបាលអាមេរិកបានដាក់កម្រិតលើចំនួនហូរចូលរបស់ជនភៀសខ្លួន ខណៈរដ្ឋាភិបាលផ្សេងៗទៀតនៅអឺរ៉ុប មជ្ឈឹមបូព៌ា និងអាស៊ីខាងលិចកំពុងតែមានភាពជោរជន់ទៅដោយជនភៀសខ្លួនដែលបានរត់ចេញពីប្រទេសអាហ្វហ្កានីស្ថាន, យេមែន, អ៊ីរ៉ាក់ និង ស៊ីរី។

ស្ថិតក្រោមលក្ខខណ្ឌនៅពេលបច្ចុប្បន្ននេះ អ្នកដែលកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃ ច្បាស់ជាមិនអាចស្ម័គ្រចិត្តក្នុងការវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញនោះទេ ខណៈអ្នកខ្លះបានរស់ក្នុងជំរុំជនភៀសខ្លួនថៃអស់រយៈពេលជាច្រើនទសវត្សរ៍រួចមកហើយ។

ភាពអសកម្មរបស់ប្រទេសថៃនៅពេលនេះអាចបង្កឡើងដោយកត្តាចំនួន ៣។

ទី១ ៖ ប្រទេសថៃបានធ្វើការសន្យាច្រើនដង នៅចំពោះមុខមេដឹកនាំយោធាមីយ៉ាន់ម៉ាក្នុងការរក្សាអាព្យាក្រឹត្យ និងការមិនរំលោភទៅ លើអធិបតេយ្យរបស់រដ្ឋជាសមាជិកអាស៊ាន។

នៅក្នុងពេលដែលមានការបង្ក្រាបយ៉ាងឃោរឃៅមកលើជនជាតិរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក Aung Hlaing ប្រទេសថៃបានរុញច្រានមនុស្សដែលបានគេចចេញពីការសម្លាប់រង្គាលទ្រង់ ទ្រាយធំនោះឱ្យចូលទៅក្នុងប្រទេសម៉ាឡេស៊ី ឬរហូតដល់ប្រទេសឥណ្ឌូណេស៊ី និងបានបដិសេធមិនផ្តល់ឱ្យពួកគេនូវការការពារជាមូលដ្ឋាននោះទេ។

ទី២ ៖ រដ្ឋាភិបាលយោធាថៃបានបង្កើនទំនាក់ទំនងរកស៊ីយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនធំៗ ដែលគ្រប់គ្រងដោយក្រុម យោធាមីយ៉ាន់ម៉ា។ សូម្បីតែនៅមុនការកើតមានវិបត្តិកូវីដ-១៩ ប្រទេសថៃបាននាំទំនិញក្នុងតម្លៃជាង ៤,២ ពាន់លានដុល្លារ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលរួមបញ្ចូលទាំងប្រេងសាំង ខណៈការនាំចេញរបស់ប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសថៃមានចំនួន ៥,៣ ពាន់លានដុល្លារផងដែរ។

ទី ៣ ៖ គឺទាក់ទងនឹងរបបដឹកនាំរបស់ថៃខ្លួនឯង។ វាគឺជាការមិនសមស្របក្នុងការផ្តល់ជំនួយដល់អ្នកដែលកំពុងស្វែងរកលទ្ធិប្រជាធិបតេយ្យនៅឯបរទេស ខណៈរដ្ឋាភិបាលខ្លួនកំពុងតែបន្តបើកការបង្ក្រាបមកលើសកម្មជនប្រជាធិបតេយ្យនៅ ក្នុងស្រុកនោះ។

ប្រទេសថៃអាចមានឱកាសក្នុងការដើរតួនាទីជាអ្នកផ្សះផ្សារ។ កិច្ចការទូតបែបស្ថាបនាកាលពីអតីតកាលរបស់ប្រទេសថៃ ដែលមានគោលដៅក្នុងការបើកចំហឱកាសសេដ្ឋកិច្ចនៅក្នុងមីយ៉ាន់ម៉ាស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Chatichai Choonhaven ពិតជាមានភាពជាប់ពាក់ព័ន្ធខ្លាំង។

ខណៈដែលទំនាក់ទំនងបុគ្គលកំពុងតែមានភាព រីកចម្រើននោះ មនុស្សជាច្រើននៅក្នុងរដ្ឋាភិបាលលោក Chatichai និងគណបក្សនយោបាយ Chart Thai គឺជាឥស្សរជនធុរកិច្ចធំៗ ជាពិសេសនៅក្នុងផ្នែកព្រៃឈើ សម្លៀកបំពាក់ សំណង់ និងកសិកម្ម ដែលរួមបញ្ចូលទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ថៃផងដែរ។

នៅពេលនោះ ប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍ដូចគ្នានៅពេលដែលប្រទេសថៃ បានបន្តរក្សាទំនាក់ទំនងផ្នែកការទូតប្រកបដោយលក្ខណៈស្ថាបនាជាមួយប្រទេសមីយ៉ាន់ម៉ា បើទោះបីជាប្រទេសថៃមានគោលបំណង ដើម្បីទាញយកផលប្រយោជន៍ហើយរបបប្រទេសថៃកំពុងតែមានអំពើពុករលួយក៏ដោយ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក សូម្បីតែបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា ដែលបានធ្វើឱ្យលោក Chatichai បាត់បង់អំណាចក៏ដោយ ក៏ការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ានៅតែបន្តរីកចម្រើន។

ទំនាក់ទំនងរវាងបុគ្គលនៅពេលបច្ចុប្បន្ននេះ ក៏ដូចជាទំនាក់ទំនងកាលពីពេលនោះដែរ ត្រូវតែមានការថ្លឹងថ្លែងអំពីលទ្ធភាពនៃជម្លោះដែលអាចនឹងអូសបន្លាយពេលនៅពេលដែលចំនួននៃជនភៀសខ្លួនដែលបានហូរចូលមកក្នុងខេត្ត Tak ខេត្ត Kanchannaburi និងបណ្តាខេត្តទាំង៨ ផ្សេងទៀតរបស់ប្រទេសថៃ។

សង្រ្គាមស៊ីវិល ប្រដាប់អាវុធត្រូវបានគេរំពឹងថានឹងអាចកើតឡើងដោយសារតែក្រុមមួយចំនួនបានបោះបង់ចោលនូវវិធីសាស្ត្រក្នុងការតស៊ូតាមបែបអហិង្សារបស់ខ្លួនកាលពីមុន។

ទិន្នន័យរបស់គម្រោង The Armed Conflict Location and Event Data Project បានបង្ហាញអំពីការកើនឡើងយ៉ាងច្រើន នៃចំនួនក្រុមប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីឆ្នាំមុនរដ្ឋាភិបាលរួបរួមជាតិរបស់ប្រទេសមីយ៉ាន់ម៉ាបានបង្កើតកងកម្លាំងការពារប្រជាជន ដោយសង្ឃឹមថានឹងអាចធ្វើការបង្រួបបង្រួមជាមួយក្រុមជនជាតិភាគតិច និងក្រុមអាដហុកដើម្បីឱ្យស្ថិតនៅក្រោមការបញ្ជាតែមួយ។

ប្រទេសថៃកំពុងតែមានភាពអសកម្មជាមួយអាស៊ានចំពោះករណីប្រទេសមីយ៉ាន់ម៉ា ហើយភាពប្រុងប្រយ័ត្នខ្ពស់និងប្រវត្តិនៃការធ្វើទំនាក់ទំនងរបស់ឥស្សរជនកាលពីមុនគឺជាមូលហេតុស្នូលដែលធ្វើឱ្យប្រទេសនេះ
អនុវត្តទម្រង់ការទូតបែបស្ងប់ស្ងៀម។

ការបាត់បង់ឱកាសក្នុងការពន្លឿនកិច្ចការការទូតនៅចំពេលដែលវិបត្តិកំពុងតែរីករាលដាលនៅក្នុងតំបន់បែបនេះ ពិតជាអាចបំផ្លាញដល់ជំហររបស់ប្រទេសថៃនៅក្នុងអាស៊ាន និងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងមូល។ ប្រទេសជាដៃគូនៅក្នុងតំបន់ដូចជា ប្រទេសឥណ្ឌា និងជប៉ុន អាចនឹងបង្កើនការដាក់សម្ពាធពីខាងក្រៅ។

ខណៈពេលដែលរដ្ឋាភិបាលលោក Chatichai ជឿថា ពួកគេអាចធ្វើកិច្ចការការទូតដើម្បីទាញយកប្រយោជន៍ (Extractive Diplomacy) នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគ្មានការដាក់សម្ពាធពីសំណាក់ ប្រទេសជាមហាអំណាច សកម្មភាពក្នុងការរក្សាតុល្យភាពផលប្រយោជន៍រវាងសហរដ្ឋអាមេរិកនិងចិនរបស់ប្រទេសថៃគឺពិតជាមានគ្រោះថ្នាក់។

ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់អាវុធធុនតូច និងឧបករណ៍យោធាធុនធ្ងន់ដ៏ធំបំផុតរបស់កងទ័ពមីយ៉ាន់ម៉ាដែល ភាគច្រើនពួកគេបាន ប្រើប្រាស់សំភារៈទាំងអស់នោះដើម្បីប្រឆាំងនឹងប្រជាជនស៊ីវិល។ ការវិនិយោគរបស់ប្រទេសចិននៅក្នុងប្រទេសមីយ៉ាន់ម៉ាមានច្រើនជាង ១/៤ នៃ ផ.ស.ស សរុបរបស់ប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែប្រទេសចិនក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ។

ទោះបីជាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន មានភាពមិនស៊ីសង្វាក់គ្នាក៏ដោយ វាពិតជាសមហេតុផលក្នុងការសន្មត់ថា សហរដ្ឋអាមេរិកនឹងធ្វើការដាក់សម្ពាធមកលើប្រទេសថៃដើម្បីឱ្យប្រទេសនេះកាន់តែមានភាពសកម្មចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយវាគឺជាឱកាសរបស់ប្រទេសទាំងពីរ ក្នុងការស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលកំពុងតែជាប់គាំង។

អំណោយដែលមានទំហំទឹកប្រាក់ចំនួន ១០២ លានដុល្លាររបស់លោក បៃឌិន កាលពីខែតុលាកន្លងទៅនេះ ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវក្រោយវិបត្តិកូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលមានការចូលរួមពីសំណាក់លោក ប្រាយុទ្ធ ផងដែរនោះ អាចនឹងមានការកើនឡើង។

ប្រទេសថៃអាចដើរតួនាំមុខគេក្នុងការចាប់ផ្តើមការចាក់វ៉ាក់សាំងនៅតាមតំបន់ព្រំដែនដែលកំពុងតែងាយរងគ្រោះ។ ប្រទេសថៃមិនគួរបន្តធ្វើឱ្យរបបយោធាកាន់តែមានភាពស្របច្បាប់បន្ថែមទៀតនោះទេ ប៉ុន្តែប្រទេសនេះអាចផ្តល់ជំនួយជាសម្ភារៈដល់ទីភ្នាក់ងារជំនួយនានា។

ប្រទេសថៃគួរតែរៀនសូត្រពីអតីតកាលរបស់ខ្លួន។ សកម្មភាពការទូតរបស់លោក Chatichai នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្តល់ផលអវិជ្ជមានច្រើនជាងអត្ថប្រយោជន៍ជាក់ស្តែង។

ការធ្វើការងារប្រកបដោយការស្ថាបនាជាមួយក្រុមប្រឹក្សាស្ដារនីតិរដ្ឋ និងសណ្តាប់ធ្នាប់ (SLORC) ពិតជាបានបង្កនូវភាពមហន្តរាយ និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃតាមរយៈការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងការសាងសង់បំពង់បង្ហូរឧស្ម័ន Yadana ។

ភាពស្មុគស្មាញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការចោទប្រកាន់របស់ប្រទេសមីយ៉ាន់ម៉ាថា ប្រទេសថៃកំពុងគាំទ្រដល់ក្រុម KNU ស្ទើរតែបានបង្កឱ្យមានការ ប៉ះទង្គិចគ្នារវាងយោធាថៃនិងមីយ៉ាន់ម៉ាទៅហើយ។

ការចូលរួមរបស់ពួកគេជាមួយក្រុមប្រឹក្សាស្ដារនីតិរដ្ឋ និងសណ្តាប់ធ្នាប់ (SLORC) បាន បង្កើននូវភាពតានតឹង ខណៈអង្គភាពមីយ៉ាន់ម៉ានោះបានកាន់កាប់ផ្នែកមួយនៃទឹកដីថៃអស់រយៈពេលជិត ១ឆ្នាំ។ នៅពេលដែលក្រុមយោធាថៃបង្ខំចង់ធ្វើការបណ្តេញអង្គភាពមីយ៉ាន់ម៉ានោះចេញពីទឹកដីថៃ ព្រះមហាក្សត្រថៃ Bhumibol Adulyadej បានចេញមកធ្វើអន្តរាគមន៍ ដើម្បីទាមទារឱ្យមានដំណោះស្រាយចំពោះបញ្ហានេះ។

ផ្ទុយទៅវិញ ប្រទេសថៃគួរធ្វើការវាយតម្លៃឡើងវិញចំពោះការរំពឹងទុករបស់ខ្លួនទាក់ទងនឹងទំនាក់ទំនងរបស់ខ្លួនជាមួយមេទ័ពមីយ៉ាន់ម៉ា។ ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជំរុញឱ្យក្រុមប្រដាប់អាវុធ និងប្រជាជនកាន់តែច្រើនខិតចូលមកជិតព្រំដែនប្រទេសថៃ ហើយក៏ធ្លាប់មានឧប្បត្តិហេតុមួយដែលកងកម្លាំងមីយ៉ាន់ម៉ាបានធ្វើការបាញ់ព្រមានទៅលើទូករបស់ជនជាតិថៃ ដែលកំពុងដឹកមន្ត្រីល្បាតតាមព្រំដែនទៀតផង។

ការវាយប្រហារពីសំណាក់ក្រុមកងទ័ពមីយ៉ាន់ម៉ាមកលើកងកម្លាំង KNU នៅក្នុងតំបន់ Lay Kay Kaw ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ បានធ្វើឱ្យមនុស្សជាច្រើនភៀសខ្លួនចូលមកក្នុងប្រទេសថៃ ហើយការវាយប្រហារនេះបានបណ្តាលឱ្យមានការបាញ់កាំភ្លើងធំរវាងកងកម្លាំងថៃ និងមីយ៉ាន់ម៉ាផងដែរ។

វិធីសាស្ត្ររបស់ប្រទេសថៃក្នុងរយៈពេលជិត ១ឆ្នាំកន្លងទៅនេះ មិនទទួលបានផ្លែផ្កាអ្វីនោះទេ ហើយថែម ទាំងបានចង់ភ្ជាប់រដ្ឋាភិបាលថៃជាមួយនឹងរបបដ៏គួរឱ្យស្អប់ខ្ពើម និងបង្កើនភាពអស់សង្ឃឹមថែមទៀតផង។ ភាពអសកម្មដែលបានកើតឡើងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ ខណៈចំនួនអ្នកស្លាប់នៅក្នុងឆ្នាំទី២ នៃការធ្វើរដ្ឋប្រហារទំនងជានឹងកាន់តែអាក្រក់ទៅៗ។

វិបត្តិនៅតាមបណ្តោយព្រំដែនថៃ ដែលមើលឃើញដូចជាព្យុះកំណាចដែលស្ថិតនៅជិតបង្កើយនេះ ប្រសិនបើគ្មានដំណោះស្រាយនោះទេ វាពិតជាអាចធ្វើឱ្យខាតបង់ដល់ពលរដ្ឋថៃនៅក្នុងពេលឆាប់ៗខាងមុននេះផងដែរ។ លោក Prayut កាន់តែជិតអស់ពេលវេលាហើយ៕ South East Asia Globe