ខ្មែរប៉ុស្ដិ៍ Close

    កូនអុករបស់អាមេរិកឈ្នះការបោះឆ្នោតនៅថៃ – ភាពតានតឹងរវាងអាមេរិកនិងចិននឹងកើនឡើង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1753
    កូនអុករបស់អាមេរិកឈ្នះការបោះឆ្នោតនៅថៃ – ភាពតានតឹងរវាងអាមេរិកនិងចិននឹងកើនឡើងកូនអុករបស់អាមេរិកឈ្នះការបោះឆ្នោតនៅថៃ – ភាពតានតឹងរវាងអាមេរិកនិងចិននឹងកើនឡើង

    ការវិវឌ្ឍដែលប្រាកដជានឹងជះឥទ្ធិពលកាន់តែខ្លាំងលើភាពតានតឹងរវាងអាមេរិកនិងចិន គឺបក្សប្រឆាំងដែលគាំទ្រដោយអាមេរិកបានឈ្នះការបោះឆ្នោតជាតិនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នៅក្នុងប្រទេសថៃ។ របបរណបមួយដែលទទួលបានការគាំទ្រពីអាមេរិកដែលនឹងឡើងមកកាន់អំណាចនៅក្នុងប្រទេសថៃ នឹងជះឥទ្ធិពលដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន, បង្កការគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាវិស័យទេសចរណ៍ ហើយក៏អាចបង្កផលប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ។

    បញ្ហានឹងមានភាពតានតឹងកាន់តែខ្លាំង ប្រសិនបើ​ថៃ​ចាប់ផ្តើម​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិកលើ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង, ​កោះ​តៃវ៉ាន់ ឬ​បញ្ហាខ្វែងគំនិតគ្នា​មួយចំនួន​ទៀត ដែល​អាមេរិក​ចង់​ប្រើ​ដើម្បី​ប្រមែរ ប្រមូលការគាំទ្រនៅក្នុងតំបន់ដើម្បី​ប្រឆាំង​នឹង​ចិន ដែលជាបញ្ហាដែល​ថៃ​បានបន្តបដិសេធ​មិនចូលរួមរហូតមកដល់ពេលនេះ។ បក្សប្រឆាំងដ៏ធំបំផុតចំនួន ២ គឺបក្ស Move Forward និងបក្ស Pheu Thai ដែលគ្រប់គ្រងដោយមហាសេដ្ឋី Thanathorn Juangroongruangkit និង Thaksin Shinawatra បានទទួលអាសនៈច្រើនជាងគេនៅក្នុងសភា។

    ប៉ុន្តែពួកគេកំពុងប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់ និងនីតិវិធីមួយចំនួន បូករួមទាំងព្រឹទ្ធសភាដែលមានឥទ្ធិពលយ៉ាងសំខាន់លើបេក្ខជនដែលនឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ក៏ដូចជាសំណុំរឿងផ្លូវច្បាប់មួយចំនួនដែលអាចនាំមកនូវការរំលាយបក្សណាមួយ ឬទាំងពីរ។

    បើទោះបីជាថៃគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានរួចផុតពីអាណានិគមលោកខាងលិចក៏ដោយ ក៏នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អាមេរិកបានចំណាយលុយរាប់លានដុល្លារមកលើបក្សប្រឆាំងនៅថៃ ដោយមិនត្រឹមតែជួយកសាងគណបក្សនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការគ្រប់គ្រងកាន់តែខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានរបស់ថៃ ក៏ដូចជាការបង្កើនឥទ្ធិពលលើប្រព័ន្ធអប់រំនៅក្នុងប្រទេសថៃទៀតផង។

    ដោយសារតែប្រទេសថៃបានបរាជ័យក្នុងការធ្វើសកម្មភាពប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិក វាបាននាំមកនូវបញ្ហាប្រឈមដ៏ចម្បងនិងការគ្រប់គ្រងបានយ៉ាងទូលំទូលាយលើម្ចាស់ឆ្នោត ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេងដែលនឹងបោះឆ្នោតគាំទ្របក្សទាំងឡាយណាដែលទទួលបានការគាំទ្រពីអាមេរិកដែលនឹងដើរផ្ទុយពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសថៃ។

    រដ្ឋាភិបាលអាមេរិកតាមរយៈមូលនិធិជាតិដើម្បីប្រជាធិបតេយ្យ (National Endowment for Democracy -NED) (ត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី) បានបង្កើតអង្គការច្បាប់មួយចំនួន ដែលធ្វើការលើការជំរុញឱ្យមានការតាក់តែងរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃឡើងវិញ, អង្គការប្រព័ន្ធផ្សព្វផ្សាយដែលជួយផ្សព្វផ្សាយអំពីអ្នកនយោបាយប្រឆាំង និងជួយរៀបចំនិងដឹកនាំការធ្វើបាតុកម្ម បូករួមនឹងអង្គការពាក់ព័ន្ធមួយចំនួនទៀត ដែលធ្វើការលើការងារបោះឆ្នោត។

    តាមរយៈគំនិតផ្តួចផ្តើមមេដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង (YSEALI) របស់រដ្ឋាភិបាលអាមេរិក អាមេរិកបាននិងកំពុងកសាងកម្លាំងយុវជនដែលមានឆន្ទៈក្នុងផ្សព្វផ្សាយរឿងរ៉ាវដែលមាននិន្នាការគាំទ្រលោកខាងលិច, បញ្ចូលពួកគេទៅក្នុងបណ្តាញវិជ្ជាជីវៈ និងនយោបាយរបស់អាមេរិកនិងអឺរ៉ុប ហើយបន្ទាប់មកនឹងរុញឱ្យពួកគេចូលទៅធ្វើការនៅក្នុងជួររដ្ឋាភិបាល, ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធច្បាប់របស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បូករួមទាំងនៅថៃផងដែរ។

    អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវការគ្រប់គ្រងលើឆាកនយោបាយថៃដោយជោគជ័យ ដែលជាដំណើរការមួយដែលរដ្ឋាភិបាលនិងយោធាថៃគ្មានសមត្ថភាពប្រឆាំង ឬមិនចង់ប្រឆាំង។ បើទោះបីជាស្ថាប័នរបស់ថៃកាលពីអតីតកាលបានលុបបំបាត់របបរណបដែលគាំទ្រដោយបរទេសបានដោយជោគជ័យនៅក្នុងឆ្នាំ ២០០៦ និងម្តងទៀតក្នុងឆ្នាំ ២០១៤ ក៏ដោយ ក៏បណ្តាញដែលបានជួយឱ្យរបបរណបទាំងនោះឡើងកាន់អំណាច មិនត្រូវបានឃ្លាំមើល ឬទប់ស្កាត់ឡើយ។

    ផលប្រយោជន៍របស់អាមេរិកនៅក្នុងការបោះឆ្នោតនៅថៃមានជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ថៃជាមួយនឹងចិនទាំងផ្នែកភូមិសាស្ត្រ, នយោបាយ, សេដ្ឋកិច្ច និងយោធា បូករួមនឹងបំណងដែលចង់ប្រែក្លាយទំនាក់ទំនងនេះឱ្យងាកចេញឆ្ងាយពីចិនផងដែរ។ បច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្ម, វិនិយោគិន, ប្រភពទេសចរណ៍ និងជាដៃគូហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់ថៃ។

    ចិន​ក៏​ជា​អ្នក​ផ្តល់​សម្ភារៈ​យោធា​ដ៏​សំខាន់​ចំពោះ​កងកម្លាំង​ប្រដាប់​អាវុធ​​ថៃ​ផង​ដែរ។ ការកើនឡើងនៃឥទ្ធិពលរបស់ចិនបានជះឥទ្ធិពលជាវិជ្ជមានយ៉ាងខ្លាំងទៅលើតំបន់អាស៊ីទាំងមូល ហើយនៅពេលដែលចិនកើនឡើង តំបន់អាស៊ីទាំងមូលក៏នឹងកើនឡើងដូចគ្នាដែរ។ ​ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ឡោម​ព័ទ្ធនិង​ទប់​ស្កាត់​ចិន អាមេរិកបាន​បង្ក​អន្តរាយ​ដល់​ស្ថិរភាពនិង​វិបុលភាពដែលតំបន់​អាស៊ីទាំង​មូល​កំពុង​ទទួល​បាន​។

    អាមេរិកបានសារភាពដោយបើកចំហថា «ខ្លួនបានបន្តវិនិយោគប្រាក់រាប់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីផលិតប្រព័ន្ធផ្សព្វផ្សាយ ដែលមានចរិតប្រឆាំងនឹងចិន ដើម្បីបញ្ចុះបញ្ចូលសាធារណជននៅក្នុងពិភពលោកអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយចិន»។ យុទ្ធនាការឃោសនានេះតែងមានវត្តមាននៅក្នុងបណ្តាប្រទេសនានាដែលមានប្រព័ន្ធព័ត៌មានទន់ខ្សោយដូចជានៅប្រទេសថៃ ហើយនៅទីបំផុតនឹងដើរតួនាទីនៅក្នុងការកសាងការគាំទ្រសម្រាប់គណបក្សដែលប្រឆាំងនឹងចិន និងគណបក្សផ្សេងទៀតដូចជា Move Forward ជាដើម។

    លោក Thanathorn Juangroongruangkit ដែលជាមេដឹកនាំនៃបក្ស Move Forward បានប្តេជ្ញាកាត់បន្ថយទំនាក់ទំនងរវាងថៃនិងចិន បូករួមទាំងការសន្យាលុបចោលបណ្តាញផ្លូវដែកល្បឿនលឿនដែលបាននិងកំពុងសាងសង់។ លោកក៏បានអះអាងផងដែរថា «ថៃបានងាកទៅជិតប្រទេសចិនខ្លាំងពេក» ហើយលោកបានបន្ថែមថា «លោកចង់ងាកទៅរកអាមេរិក, អឺរ៉ុប និងជប៉ុន» ដោយមិនបានបង្ហាញថា «តើការធ្វើដូច្នេះនឹងផ្តល់នូវផលប្រយោជន៍ច្រើនជាងមុនដល់ប្រទេសថៃ ឬប្រជាជនថៃដែរឬអត់នោះទេ»។

    បក្សប្រឆាំងថៃដែលគាំទ្រដោយអាមេរិកបានផ្សព្វផ្សាយរបៀបវារៈប្រឆាំងចិនរបស់អាមេរិកទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដោយបានជំរុញឱ្យមានការធ្វើបាតុកម្មតាមដងផ្លូវ, ឱ្យមានការថ្កោលទោសវ៉ាក់សាំង Sinovac របស់ចិនដើម្បីឱ្យប្រជាជនងាកមកគាំទ្រគាំទ្រក្រុមហ៊ុនឱសថយក្ខដែលមានមូលដ្ឋាននៅអាមេរិកគឺ Pfizer និង Monderna។

    អ្នកគាំទ្របក្សប្រឆាំងក៏បានដើរតាមផ្លូវដើម្បីបង្ហាញការគាំទ្រដល់សកម្មភាពប្រឆាំងនឹងចិនរបស់អាមេរិក រួមទាំងការបង្ហាញនូវការគាំទ្រចំពោះការបំបែកខ្លួនដែលទទួលបានការគាំទ្រពីអាមេរិកនៅ Xinjiang, ទីបេ, ហុងកុង និងតៃវ៉ាន់ តាមរយៈការចូលរួមនៅក្នុងអ្វីដែលគេហៅថា «សម្ព័ន្ធតែទឹកដោះគោ»។

    ជាមួយនឹងក្រុមប្រឆាំងដែលគាំទ្រដោយអាមេរិកដែលនឹងឡើងមកកាន់តំណែង របៀបវារៈ, ពាក្យស្លោក និងការលើកឡើងនានា នឹងចាប់ផ្តើមប្រែក្លាយទៅជាគោលនយោបាយប្រឆាំងនឹងចិនដូច ដែលបានកើតឡើង នៅក្នុងប្រទេសមួយចំនួន ដូចជានៅម៉ាឡេស៊ីនិងមីយ៉ាន់ម៉ា នៅពេលដែលបក្សប្រឆាំងដែលគាំទ្រដោយអាមេរិកនៅទីបំផុតបានឡើងមកកាន់អំណាច និងចាប់ផ្តើមលុបចោលគម្រោងរួមគ្នាជាមួយចិន និងបានកាត់បន្ថយទំនាក់ទំនងរបស់ពួកគេជាមួយចិន។

    នៅហ្វីលីពីន រដ្ឋាភិបាលថ្មីបានចុះហត្ថលេខាភ្លាមៗលើកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលទាហានអាមេរិករាប់ពាន់នាក់ក្នុងគោលបំណងប្រឆាំងនឹងចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទំនាក់ទំនងប្រកបដោយការស្ថាបនា និងរីកចម្រើនជាមួយចិនពិតជានឹងផ្តល់នូវផលប្រយោជន៍ដល់តំបន់អាស៊ីទាំងមូល ហើយការលុបបំបាត់និងការការពារប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិកនៅទូទាំងតំបន់នឹងបម្រើផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនភាគច្រើន ដែលរស់នៅក្នុងតំបន់អាស៊ី និងនៅក្នុងប្រទេសនានា ដូចជាប្រទេសថៃជាដើម។

    អាមេរិកបានប្រើប្រាស់សមត្ថភាពរបស់ខ្លួនដើម្បីជ្រៀតជ្រែកមកក្នុងរឿងនយោបាយនៅក្នុងតំបន់, ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត និងដើម្បីគាំទ្របក្សនានា ហើយសកម្មភាពទាំងនេះពិតជាអាចបង្កការខូតខាតដល់ ផលប្រយោជន៍ដ៏ល្អបំផុតរបស់ប្រទេស។ ដូចគ្នានេះដែរ អឺរ៉ុបបានទទួលផលប្រយោជន៍ដ៏ល្អបំផុតក្នុងការធ្វើការជាមួយរុស្ស៊ីលើគម្រោង ដូចជាបំពង់បង្ហូរ Nord Stream ដោយបានទទួលថាមពលក្នុងតម្លៃថោកពីរុស្ស៊ី និងការនាំចេញទំនិញទៅកាន់រុស្ស៊ីនិងចិន។

    ប៉ុន្តែចុងក្រោយ អឺរ៉ុបត្រូវបានបង្ខំឱ្យកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយរុស្ស៊ី និងត្រូវទិញថាមពលក្នុងតម្លៃថ្លៃជាងមុនពីអាមេរិក បូករួមនឹងការត្រូវចូលរួមនៅក្នុងសង្រ្គាមកូនអុករបស់រុស្ស៊ីនៅអ៊ុយក្រែន។ វាអាចទៅរួចដែលថា «អាមេរិកបានដណ្តើមការគ្រប់គ្រងផ្នែកនយោបាយលើតំបន់អាស៊ីដោយជោគជ័យ ដោយក្នុងនោះ រដ្ឋាភិបាលនានាដែលមានការគាំទ្រពីអាមេរិក ឥឡូវនេះបានប្តេជ្ញាចិត្តអនុវត្តនូវគោលនយោបាយការបរទេសដែលអាចបង្កការបំផ្លិចបំផ្លាញដល់ប្រទេសរបស់ពួកគេ»។

    មានតែពេលវេលាទេដែលអាចបញ្ជាក់បានថា «តើតំបន់អាស៊ីអាគ្នេយ៍អសមត្ថភាពក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនដូចអឺរ៉ុប»។ ទន្ទឹមនឹងនេះប្រទេសថៃអាចនឹងប្រឈមមុខនឹងភាពចលាចលនៅពេលខាងមុខ ខណៈដែលជនជាតិថៃដែលបានដឹងអំពីផលប្រយោជន៍ដ៏ល្អបំផុតរបស់ខ្លួន នឹងត្រូវប្រឈមមុខតទល់នឹងអ្នកដែលត្រូវបានបញ្ចុះបញ្ចូលឱ្យធ្វើការប្រឆាំងនឹងពួកគេ៕

    Brian Berletic / New Eastern Outlook

    អត្ថបទទាក់ទង