ខ្មែរប៉ុស្ដិ៍ Close

សូមកុំទុកប្រទេសមីយ៉ាន់ម៉ាឱ្យនៅឯកោអី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 12
សូមកុំទុកប្រទេសមីយ៉ាន់ម៉ាឱ្យនៅឯកោអី សូមកុំទុកប្រទេសមីយ៉ាន់ម៉ាឱ្យនៅឯកោអី

បើទោះជាដោយផ្ទាល់ ឬដោយ ប្រយោលក្ដី យោធាតែងតែអាចរក្សាបាននូវតួនាទីគ្រប់គ្រងអំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ហើយពេលនេះ ពួក យោធាបានបញ្ចប់ ដំណើរឆ្ពោះទៅរក លទ្ធុិប្រជាធិបតេយ្យរបស់ប្រទេសនេះ ដោយការឃុំខ្លួនមេដឹកនាំស៊ីវិលនិងការដណ្តើមយកអំណាច។

បណ្តាប្រទេសលោកខាងលិចបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មមកលើ ប្រទេសមីយ៉ាន់ម៉ានិងការដាក់ធ្វើឱ្យប្រទេសនេះស្ថិតនៅឯកោពីអន្តរជាតិ។ «ប៉ុន្តែការធ្វើបែបនេះ នឹងក្លាយទៅជាកំហុសឆ្គងមួយ»

ការដើរថយក្រោយ របស់ប្រទេសមីយ៉ាន់ម៉ាមានន័យថា «ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដែលរួមមានប្រទេសថៃ, ឡាវ, កម្ពុជា, វៀតណាម និងភូមា សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងបែបផ្តាច់ការដូចជាប្រទេសជិតខាងនៅភាគខាងជើងដ៏ធំរបស់ពួកគេគឺប្រទេសចិន»

ជាងនេះទៅទៀត ការធ្លាក់ចុះនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាគឺជាការរំលឹកថា «លទ្ធិប្រជាធិបតេយ្យទំនងជាមិនចាក់ឬសនោះទេ នៅក្នុងតំបន់ដែលមេដឹកនាំផ្តាច់ការនិងស្ថាប័នផ្តាច់ការនៅតែអាចមានដំណើរការ»

ដូច្នេះហើយវិធីសាស្រ្តក្នុងការដាក់ ទណ្ឌកម្មអាចជាការបង្ហាញពីការខកចិត្តរបស់បណ្តាប្រទេសប្រជាធិបតេយ្យចំពោះការរារាំងការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា, ការរារាំងដល់ការអភិវឌ្ឍ សង្គមស៊ីវិលរបស់ប្រទេស និងការងាក ចេញពីការចូលរួមកាន់តែជិតស្និទ្ធិជាមួយមហាអំណាចប្រជាធិបតេយ្យ។ «ហើយដូចកាលពីអតីតកាលដែរ ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនឹងត្រូវធ្លាក់ទៅ លើប្រជាជនសាមញ្ញតែប៉ុណ្ណោះ ហើយវានឹងមិនជះឥទ្ធិពលដល់ឧត្តមសេនីយ៍ឡើយ»

នេះគឺជាសេណារីយ៉ូដ៏ជាក់ស្តែងមួយ។ ប្រធានាធិបតីអាមេរិក Biden បានព្រមានថា «សកម្មភាពរបស់យោធានឹងតម្រូវឱ្យមានការពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកដែលអាចនឹងមានការចាត់វិធានការសមស្របណាមួយនៅពេលបន្ទាប់»

«ប៉ុន្តែលោកBiden ចាំបាច់ត្រូវពិចារណាឱ្យបានល្អិតល្អន់អំពីការដែលអាមេរិកបាន ដាក់ទណ្ឌកម្មនាពេលកន្លងមក បានរុញច្រានប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ទៅក្នុងរណ្ដៅយុទ្ធសាស្ត្ររបស់ចិន ដែលធ្វើឱ្យបញ្ហា
ប្រឈមផ្នែកសន្តិសុខ នៅក្នុងតំបន់កាន់តែមានភាពស្មុគស្មាញ»

«ការដាក់ទណ្ឌកម្មគឺជាឧបករណ៍ដែល លែងមានប្រសិទ្ធិភាពហើយ»។ មេបញ្ជាការកងទ័ពថៃនៅតែអាចបន្តកាន់អំណាចចាប់តាំងពីការធ្វើរដ្ឋប្រហារនៅឆ្នាំ ២០១៤។

«ដូចគ្នានេះដែរ សហរដ្ឋអាមេរិក, ឥណ្ឌា, ជប៉ុន និងប្រទេសដទៃទៀត បានបង្កើតទំនាក់ទំនងផ្នែកការពារជាតិយ៉ាងជិតស្និទ្ធិជាមួយប្រទេសវៀតណាម ដែលគ្រប់គ្រងដោយគណបក្សកុម្មុយនីស្ត» ហើយ «នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកថែម ទាំងបានបង្ហាញនូវ មោទនភាពយ៉ាងខ្លាំង ក្នុងការអាចបង្កើតភាពជាដៃគូសន្តិសុខដ៏រឹងមាំជាមួយប្រទេសវៀតណាម»

មានតែតាមរយៈការបើកបណ្តាញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជា មួយឧត្តមសេនីយ៍មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ដែលអាចផ្តល់ក្ដីសង្ឃឹមដល់ប្រទេសមហាអំណាចប្រជាធិបតេយ្យក្នុងការជះ ឥទ្ធិពលដល់ការអភិវឌ្ឍនៅក្នុងប្រទេសដែលមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រមួយនេះ។

នាទសវត្សរ៍កន្លង មក នៅពេលដែលការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាបានកើតឡើង «បណ្តាប្រទេសលោកខាង លិចមិនបានអើពើចំពោះការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយយោធានោះទេ»។ ផ្ទុយទៅវិញ ចំណាប់អារម្មណ៍ភាគច្រើនបានផ្តោតតែទៅលើលោកស្រី អ៊ុងសាន ស៊ូជី ដែលជាហេតុធ្វើឱ្យលោកស្រីមានភាពលេចធ្លោជាងយោធា។

ហើយការមិនអើពើបែបនេះនៅតែ បន្តកើតមានដដែល បើទោះបីជាលោកស្រីអង់សាន ស៊ូជីបានទទួលរងនូវការធ្លាក់ចុះប្រជាប្រិយភាពដោយសារការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាមរបស់ប្រទេសនេះ ដែលភាគច្រើនបាន ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស និងមួយចំនួនទៀតទៅកាន់ប្រទេសឥណ្ឌាក្នុងអំឡុងពេលមានការបើកយុទ្ធនាការបង្រ្កាបដ៏ឃោរឃៅពីសំណាក់យោធា។

វិធីសាស្រ្តបែបលម្អៀងរបស់លោកខាងលិចបានរួម ចំណែកដល់ការធ្វើរដ្ឋប្រហារនៅក្នុងខែនេះ។ -សព្វថ្ងៃនេះ សហរដ្ឋអាមេរិកមានឥទ្ធិពលតិចតួចណាស់លើ យោធារបស់មីយ៉ាន់ម៉ា។

មេដឹកនាំរដ្ឋ ប្រហារគឺឧត្តមសេនីយ៍ Min Aung Hlaing និងអនុប្រធានរបស់លោកគឺឧត្តមសេនីយ Soe Win បានរងនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពី ១៤ ខែមុន ដោយសារការបណ្តេញជនជាតិ
រ៉ូហ៊ីងយ៉ា។

ប៉ុន្តែ នៅក្នុងការឆ្លើយតបទៅនឹងការឃុំខ្លួនប្រជាជនម៉ូស្លីមជា លក្ខណៈទ្រង់ទ្រាយធំ នៅតំបន់ Xinjiang ដែលត្រូវបានចាត់ទុកថាជា «អំពើប្រល័យពូជសាសន៍» សហរដ្ឋអាមេរិកបែរជាបានអនុគ្រោះដល់មន្ត្រីយោធានិងមន្ត្រីនៃគណបក្សកុម្មុយនីស្តចិនកំពូលៗ ដោយគ្រាន់តែដាក់ទណ្ឌកម្មជានិមិត្តរូបចំពោះមុខអ្នកកាន់តំណែងថ្នាក់ ទាបៗមួយចំនួនតែប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្មនៅតែជាឧបករណ៍ដ៏ពេញនិយមនិងត្រូវបានប្រើជាឧបករណ៍ការទូតរបស់លោកខាងលិច ជាពិសេសសម្រាប់ដោះស្រាយបញ្ហាជាមួយប្រទេសតូចៗនៅក្នុងតំបន់នៃពិភពលោក។

ផ្ទុយទៅវិញ ប្រទេសប្រជាធិបតេយ្យដែលមិនមែនជាប្រទេសលោកខាងលិច តែងមានទំនោរក្នុងការចូលរួមដើម្បីស្ថាបនា។ ជាឧទាហរណ៍ ប្រទេសជប៉ុនមានកម្មវិធីភាពជាដៃគូជាមួយយោធាមីយ៉ាន់ម៉ា ដែលរួមបញ្ចូលទាំងការគាំទ្រនិងការបណ្តុះ បណ្តាលសមត្ថភាព។ ដូចគ្នានេះដែរ ចំណងមិត្តភាពការពារជាតិរបស់ឥណ្ឌាជា មួយមីយ៉ាន់ម៉ាបានឈានដល់ការធ្វើសមយុទ្ធរួម, ការធ្វើប្រតិបត្តិការរួមគ្នានិងការផ្គត់ផ្គង់សម្ភារៈយោធា ហើយកាល ពីពេលថ្មីៗនេះ ឥណ្ឌាក៏បានផ្តល់នាវាមុជទឹករបស់ខ្លួនជាលើកដំបូង ទៅឱ្យមីយ៉ាន់ម៉ាផងដែរ។

ទំនាក់ទំនងបែប នេះក៏អាចជួយឥណ្ឌាដើម្បីទប់ទល់នឹងការផ្គត់ផ្គង់អាវុធនិងជំនួយផ្សេងៗទៀតពីសំណាក់ប្រទេសចិនទៅដល់ក្រុមកុលសម្ព័ន្ធឥណ្ឌាដែល បះបោរនៅតាមព្រំដែនភាគខាងជើង នៃប្រទេសមីយ៉ាន់ម៉ា។
ការដាក់ទណ្ឌកម្មដោយគ្មានការចូលរួមមិនដែលដំណើរការទៅមុខនោះទេ។

កាលពីឆ្នាំ ២០១០ នៅពេលសហរដ្ឋអាមេរិកកំពុងស្វែងរកវិធីសាស្រ្តដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ពេលនោះប្រធានាធិបតី Barack Obama បានរិះគន់គោលនយោបាយរបស់ប្រទេសឥណ្ឌាដែលបានចូលរួមក្នុងន័យស្ថាបនាជាមួយប្រទេសមីយ៉ាន់ម៉ា។

ប៉ុន្តែនៅរយៈពេលប៉ុន្មានខែក្រោយមក លោក Obama បែរជាអនុវត្តគោលនយោបាយប្រហាក់ប្រហែលគ្នានេះដែរ ដែលនាំឱ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា
ក្នុងឆ្នាំ ២០១២។

ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីចុងទសវត្សរ៍ឆ្នាំ 1980 បានត្រួសត្រាយផ្លូវឱ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏លេចធ្លោបំផុតមួយរបស់មីយ៉ាន់ម៉ា។

ប៉ុន្តែនៅក្នុងឆ្នាំ ២០១១ ការផ្អាកនូវគម្រោងទំនប់វារីអគ្គិសនីដ៏ធំនិងដ៏ចម្រូងចម្រាស់របស់ចិន ដែលមានឈ្មោះថា Myitsone បានក្លាយទៅជារបត់ ចាប់ផ្ដើមនៃការបើក ដំណើរការប្រជាធិបតេយ្យនៅប្រទេសនេះ ដែលអាចជាចលនាកាត់បន្ថយការពឹងផ្អែកតែទៅលើចិន និងការអាចរក្សាបាននូវតុល្យភាពនៃគោល នយោបាយការបរទេស ក៏ដូចជាការជំរុញកំណែទម្រង់ក្នុងស្រុក។

សព្វថ្ងៃនេះ ចិននឹងទទួលបានផលប្រយោជន៍កាន់តែច្រើននៅពេលដែល ប្រទេសមីយ៉ាន់ម៉ាកាន់តែស្ថិតនៅឯកោ ជាពិសេសពីសំណាក់ទណ្ឌកម្មរបស់អាមេរិក ដែលស្ថានភាពនេះនឹងបើកឱកាសអោយប្រទេសចិនអាចទទួលបានច្រកជាយុទ្ធសាស្ត្រមួយទៅកាន់មហាសមុទ្រឥណ្ឌា បូករួមនឹងប្រភពធនធានធម្មជាតិដ៏សំខាន់។

តាមពិត ការដាក់ទណ្ឌកម្មជាថ្មី និងការធ្វើឱ្យមីយ៉ាន់ម៉ាក្លាយជាប្រទេសឯកោ អាចនឹងធ្វើឱ្យប្រទេសនេះក្លាយជា «រដ្ឋរណបរបស់ចិនដូចជាប្រទេសឡាវ, កម្ពុជា និងប៉ាគីស្ថាន»។ ដូចដែលរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Yasuhide Nakayama បានព្រមានហើយថា «ជាលទ្ធផល បញ្ហានេះនឹងបង្កហានិភ័យកាន់តែធ្ងន់ធ្ងរដល់សន្តិសុខនៅក្នុងតំបន់»

«អ្នកធ្វើគោលនយោបាយរបស់សហរដ្ឋអាមេរិកមិនត្រូវព្រងើយកន្តើយចំពោះរបៀបដែលទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសដទៃទៀតបានបម្រើជាផលប្រយោជន៍ដល់ប្រទេសចិននោះឡើយ»

«ពួកគេគួរតែព្រួយបារម្ភខ្លាំងអំពី របៀបដែលទណ្ឌកម្មបានបង្ខំឱ្យប្រទេសរុស្ស៊ីចាប់ដៃជាមួយប្រទេសចិន និងបានប្រែក្លាយដៃគូប្រកួតប្រជែងទាំង២នេះអោយទៅជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ» ។ ហើយ «ប្រទេសចិនក៏ជាអ្នកទទួលផលដ៏សំខាន់ខាងផ្នែកពាណិជ្ជកម្ម និងវិនិយោគពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ»

ក្នុងន័យនេះ សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការយ៉ាងប្រុងប្រយ័ត្នចំពោះប្រទេសមីយ៉ាន់ម៉ា។ នៅពេលដែលលោក Biden បានបង្ហាញនូវការត្រៀមខ្លួនដើម្បីសហការជាមួយប្រទេសចិនដែលជាប្រទេសផ្តាច់ការដ៏ធំ
បំផុត លោក Biden ក៏គួរតែប្រើវិធីសាស្រ្តស្រដៀងគ្នានេះជាមួយប្រទេសទន់ខ្សោយ ដូចជាមីយ៉ាន់ម៉ាផងដែរ។

ដើម្បីជួយស្រោច ស្រង់ប្រទេសមីយ៉ាន់ម៉ា លោក Biden ពុំមានជម្រើសអ្វីក្រៅពីការដោះស្រាយបញ្ហា ដែលមន្រ្តីសហរដ្ឋអាមេរិកបានទទួលស្គាល់ថា ជាចំណុច ខ្សោយនៅក្នុងគោល នយោបាយអាមេរិក ដែលនោះគឺ «កង្វះទំនាក់ទំនងជាមួយយោធាដែលជាក្រុមជាតិនិយមដ៏ខ្លាំងក្លាបំផុតរបស់ប្រទេសនេះ»។ សហរដ្ឋអាមេរិកមិនគួរប្រែក្លាយមីយ៉ាន់ម៉ាពីប្រទេសជាដៃគូឱ្យក្លាយទៅជាប្រទេសឯកោម្តងទៀតនោះទេ៕ The Japan Times

អត្ថបទទាក់ទង