ខ្មែរប៉ុស្ដិ៍ Close

របៀបដែលប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានអាចដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 106
របៀបដែលប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានអាចដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងឆ្លងព្រែកមួយដើម្បីចូលទៅក្នុងទឹកដីប្រទេសបង់ក្លាដេស

បច្ចុប្បន្ននេះ បញ្ហាជនជាតិរ៉ូហ៊ីងយ៉ាបានក្លាយជាបញ្ហាអន្តរជាតិដ៏សំខាន់។ មានជនជាតិរ៉ូហ៊ីងយ៉ាជាង ១,១ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសចាប់តាំងពីខែសីហា ឆ្នាំ ២០១៧ ដោយសារតែការប្រល័យពូជសាសន៍ និងការបោសសម្អាតជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក៏មានកុមាររ៉ូហ៊ីងយ៉ាប្រហែល ៥ម៉ឺននាក់បានកើតនៅក្នុងប្រទេសនេះជារៀងរាល់ឆ្នាំផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស បានលើកអំពីបញ្ហានេះនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មេដឹកនាំពិភពលោកដើម្បីឱ្យជួយដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។ «លោកស្រីបានផ្តោតជាពិសេសទៅលើការចូលរួមរបស់មេដឹកនាំអាស៊ាន ព្រោះមានតែអាស៊ានទេ ដែលអាចដោះស្រាយបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ានេះបានយ៉ាងងាយស្រួល»។

ក្នុងនាមជាប្រធាន និងជាសមាជិកដ៏សកម្មរបស់អាស៊ាន កម្ពុជាពិតជាអាចជួយដោះស្រាយបញ្ហានេះបាន។ «កម្ពុជាគឺជាអ្នកសម្រុះសម្រួលដ៏ស្មោះត្រង់នៅក្នុងបញ្ហានេះ ហើយកម្ពុជាក៏មានទំនាក់ទំនងយ៉ាងកក់ក្ដៅជាមួយប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសផងដែរ»។

កាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០២១ កម្ពុជាបានចូលកាន់តំណែងជាប្រធានអាស៊ានជាផ្លូវការជាលើកទី៣ ចាប់តាំងពីប្រទេសនេះបានចូលជាសមាជិកកាលពីឆ្នាំ  ១៩៩៩ មក។

កម្ពុជាគឺជាប្រទេសដែលចូលជាសមាជិកចុងក្រោយគេ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ និងបានឡើងធ្វើជាប្រធានជារៀងរាល់ទស្សវត្សរ៍ កាលពីឆ្នាំ ២០០២ និង ២០១២ ។ លោក ហ៊ុន សែន និងស្តេចស៊ុលតង់ នៃប្រទេសប្រ៊ុយណេគឺជាមេដឹកនាំតែពីររូបគត់ ដែលបានបន្តកាន់តំណែងអស់រយៈពេលយូរជាងគេនៅក្នុងតំបន់អាស៊ាន។

ជនជាតិរ៉ូហ៊ីងយ៉ាបានទទួលរងនូវការរើសអើងជាប្រព័ន្ធ ការដកហូតសិទ្ធិបោះឆ្នោត និងត្រូវបានគេកំណត់ធ្វើជាគោលដៅនៃការប្រើប្រាស់អំពើហិង្សាជាប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ជនជាតិរ៉ូហ៊ីងយ៉ា បានចូលមកក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ គេចចេញពីការប្រើប្រាស់អំពើហិង្សាដ៏ព្រៃផ្សៃពីសំណាក់ក្រុមយោធា។ ប៉ុន្តែការចូលមករបស់ពួកគេ បានបង្កឱ្យមានការព្រួយបារម្ភ ដោយ ឲសារតែពួកគេមានជាប់ពាក់ព័ន្ធជាមួយនឹងការធ្វើចំណាកស្រុក ការជួញដូរគ្រឿងញៀន ការជួញដូរកុមារ ការរត់ពន្ធ និងអំពើខុសច្បាប់ផ្សេងទៀតដូចជនជាតិបង់ក្លាដែសដែរ។ ជនជាតិរ៉ូហ៊ីងយ៉ាខ្លះត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការធ្វើជាសកម្មជនប្រយុទ្ធ និងការវាយប្រហារទៅលើទីក្រុង Ramu ទៀតផង។

យោងតាមប្រភពផ្សេងៗបានឱ្យដឹងថា មានជនជាតិរ៉ូហ៊ីងយ៉ា ប្រហែល ៤លាននាក់ នៅក្នុងប្រទេសបង់ក្លាដែស និងប្រហែល ១លាននាក់ផ្សេងទៀតនៅខាងក្រៅប្រទេស ជាពិសេសនៅមជ្ឈិមបូព៌ា។

លើសពីនេះទៅទៀត មានរបាយការណ៍ដែលបានបញ្ជាក់ថា មានស្ត្រីដែលមិនទាន់គ្រប់អាយុ និងកុមារនៅក្នុងជំរុំនានានៅក្នុងទីក្រុង Cox’s Bazar កំពុងត្រូវបានគេបង្ខិតបង្ខំឱ្យចូលរួមនៅក្នុងសកម្មភាពសង្គមនានា ដូចជាការរៀបអាពាហ៍ពិពាហ៍ជាដើម ដែលសកម្មភាពនេះបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម និងប្រព័ន្ធរបស់រដ្ឋ។

ការបង្ខំឱ្យក្មេងស្រីមិនទាន់គ្រប់អាយុធ្វើការរៀបអាពាហ៍ពិពាហ៍ពិតជាបានបង្កការគំរាមកំហែងដល់សុខភាពរបស់នាងក៏ដូចជាសុខភាពរបស់កូនៗរបស់នាង។ ការមានផ្ទៃពោះក្នុងវ័យជំទង់អាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើន ដែលរួមមានទាំងផលវិបាកនៅក្នុងកំឡុងពេលនៃការសម្រាលកូនផងដែរ។

ក្នុងករណីខ្លះ ក្មេងស្រីទាំងនោះក៏បានក្លាយជាជនរងគ្រោះដោយការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការបង្ខិតបង្ខំដើម្បីធ្វើការរួមភេទក្រោយការរៀបអាពាហ៍ពិពាហ៍ជាដើម។ លើសពីនេះ ការបង្កើនដង់ស៊ីតេប្រជាជនដ៏លឿនបែប នេះពិតជាបានបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។

នៅក្នុងរយៈពេល ៤ ឆ្នាំកន្លះចុងក្រោយនេះ បើទោះបីជាមានការបង្កើតឡើងនូវគំនិតផ្តួចផ្តើមផ្សេងៗក៏ដោយ ក៏ការដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ាមិនមានការរីកចម្រើនទៅមុខនោះទេ ។

ក្រោមការដាក់សម្ពាធពីសហគមន៍អន្តរជាតិរដ្ឋាភិបាលមីយ៉ាន់ម៉ាបានព្រមព្រៀងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើមាតុភូមិនិវត្តន៍ របស់ជនជាតិរ៉ូហ៊ីងយ៉ា ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនបានផ្តល់ផលអ្វីនោះឡើយ។ យោងតាមកិច្ចព្រមព្រៀងនេះជនជាតិរ៉ូហ៊ីងយ៉ានឹងត្រូវធ្វើមាតុភូមិនិវត្តន៍ជាដំណាក់កាល ប៉ុន្តែដំណើរការធ្វើមាតុភូមិនិវត្តន៍នេះមិនបានចាប់ផ្តើមនោះទេអស់រយៈពេលជាយូរ មកហើយ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបរាជ័យក្នុងការរៀបចំធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលផ្លាស់ទីលំនៅ ខណៈប្រទេសបង់ក្លាដែសបានជំរុញម្តងហើយម្តងទៀតនៅក្នុងវេទិកាអន្តរជាតិ នានាដើម្បីឱ្យមានការ ដាក់ចេញនូវវិធានការ ដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា ប្រកប ដោយប្រសិទ្ធភាព។

នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Sheikh Hasina មិនត្រឹមតែបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរៀបចំការធ្វើមាតុភូមិនិវត្តន៍ជនជាតិរ៉ូហ៊ីងយ៉ាប៉ុណ្ណោះទេ ថែមទាំងបានលើកបង្ហាញអំពីសំណើរចំនួន ៦ ចំណុចទៀតផង។ លោកស្រីក៏បានលើកឡើងអំពីបញ្ហានេះនៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសបារាំងកាលពី ពេលថ្មីៗនេះផងដែរ។

នៅក្នុងស្ថានភាពបែបនេះ គណៈកម្មាធិការអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទទៅលើដំណោះស្រាយមួយ ដើម្បីជំរុញឱ្យប្រទេសមីយ៉ាន់ម៉ាបញ្ចប់វិបត្តិជនជាតិរ៉ូហ៊ីងយ៉ា ហើយអ្វីដែលសំខាន់បំផុតនោះគឺ ប្រទេសរុស្ស៊ី និងប្រទេសចិន មិនបានប្រឆាំងនឹងសំណើនេះទេ។

ដំណោះស្រាយដែលត្រូវបានលើកឡើងដោយសមាគមន៍ OIC និងសហភាពអឺរ៉ុប ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយគណៈកម្មាធិការមនុស្សធម៌ និងវប្បធម៌សង្គម ដែលត្រូវបានគេស្គាល់ថាជាគណៈកម្មាធិការទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសប្រទេសបង់ក្លាដែស លោក Abdul Momen ចាត់ទុកការគាំទ្ររបស់ប្រទេសរុស្ស៊ី និងចិនថាពិតជាមានសារៈសំខាន់។ លោកបាននិយាយថា ប្រទេសចិន និងប្រទេសរុស្ស៊ីពិតជាចង់បានដំណោះ ស្រាយចំពោះបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ហើយនេះគឺជាព័ត៌មានវិជ្ជមានសម្រាប់ពួកយើង។

«ប្រទេសកម្ពុជាអាចដើរតួនាទីជារួម និងជាយុទ្ធសាស្ត្រ»។ ប្រទេសកម្ពុជាអាចបង្ហាញការគាំទ្រចំពោះប្រទេសបង់ក្លាដែសនៅគ្រប់វេទិកាអន្តរជាតិ ទាំងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងសន្និសីទថ្នាក់តំបន់ ហើយពួកគេក៏អាចបោះឆ្នោតដើម្បីគាំទ្រដល់ប្រទេសបង់ក្លាដែស និងលើកអំពីបញ្ហានេះនៅក្នុងវេទិកាអាស៊ានផងដែរ។

«ប្រទេសកម្ពុជាអាចធ្វើការចរចាជាមួយប្រទេសមីយ៉ាន់ម៉ាតាមលក្ខណៈការទូត និងលក្ខណៈទ្វេភាគី» «ខណៈប្រទេសនេះក៏កំពុងតែមានទំនាក់ទំនងទ្វេភាគីយ៉ាងល្អជាមួយមីយ៉ាន់ម៉ា»។

«ប្រទេសកម្ពុជាអាចចូលរួមជាមួយរដ្ឋអាស៊ានដទៃទៀត ដើម្បីដោះស្រាយវិបត្តិនេះ ហើយសង្គមព្រះពុទ្ធសាសនានៅកម្ពុជា អាចដើរតួនាទីយ៉ាងមានប្រសិទ្ធភាពនៅក្នុងបញ្ហានេះ»។ ប្រទេសកម្ពុជាអាចធ្វើឱ្យប្រទេស
មីយ៉ាន់ម៉ាយល់ដឹងអំពីសារៈសំខាន់នៃការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិរ៉ូហ៊ីងយ៉ា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងការធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅក្រោយកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីបង់ក្លាដែស កាលពីឆ្នាំ ២០១៧ ថា «ប្រទេសកម្ពុជាសង្ឃឹមថា អាចជួយប្រទេសបង់ក្លាដែស និងប្រទេសមីយ៉ានម៉ា ដើម្បីស្វែងរកដំណោះស្រាយជួយឱ្យជនជាតិរ៉ូហ៊ីងយ៉ាធ្វើមាតុភូមិនិវត្តន៍បាន»។

លោកស្រី Sheikh Hasina ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសបង់ក្លាដែស ក្នុងការផ្តល់ជម្រកដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ៧០ម៉ឺននាក់ និងបន្តការចរចាជាមួយប្រទេសមីយ៉ាន់ម៉ាដើម្បីរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេផងដែរ។

ប្រទេសកម្ពុជាបានបញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់ខ្លួន ជុំវិញវិបត្តិជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា «វិបត្តិជនជាតិរ៉ូហ៊ីងយ៉ា គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយប្រទេសកម្ពុជានឹងមិនអាចជ្រៀតជ្រែកក្នុងបញ្ហានេះបានឡើយ»។

នាយករដ្ឋមន្ត្រីកម្ពុជាក៏បានសម្តែងការសោកស្ដាយចំពោះវិបត្តិដែលកើតមាននៅក្នុងរដ្ឋ Rakhine របស់ប្រទេសមីយ៉ាន់ម៉ា និងបានលើកឡើងថា ប្រទេសកម្ពុជាកំពុងពិចារណាក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៃរដ្ឋ Rakhine ដែលពួកគេខ្លះកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងខ្លះទៀតកំពុងភៀសខ្លួនទៅប្រទេសបង់ក្លាដែស។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២។ ប្រេសិតពិសេសថ្មីរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ក៏ត្រូវបានប្រកាសតែងតាំង ហើយលោកនឹងត្រូវជួយជ្រោមជ្រែងដោយលោក ចម ប្រសិទ្ធ ដែលជាអ្នកនយោបាយជើងចាស់សម្រាប់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា។

ដំបូងឡើយ ប្រទេសកម្ពុជាមានការស្ទាក់ស្ទើរក្នុងការនិយាយប្រឆាំងនឹងរបបយោធា និងតែងតែលើកឡើងអំពីគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ។ «ប៉ុន្តែនៅពេលនេះ ក្នុងនាមជាប្រធានអាស៊ាន ប្រទេសកម្ពុជាក៏មានបំណងចង់ភ្ជាប់ប្រទេសខ្លួន និងអាស៊ានដើម្បីដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ហើយវាគឺជាសកម្មភាពវិជ្ជមានមួយរបស់ប្រទេសកម្ពុជា ព្រោះការដាក់ឱ្យប្រទេសមីយ៉ាន់ម៉ានៅឯកោ មិនមែនជាដំណោះស្រាយនោះទេ»។

ការចូលរួមសហការ និងការចរចាគឺជាឧបករណ៍មួយចំនួនដើម្បីស្វែងរកដំណោះស្រាយ ហើយកម្ពុជាកំពុងតែអនុវត្តតាមវីធីទាំងអស់នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់អាស៊ានជាមួយប្រទេសមីយ៉ាន់ម៉ា ហើយតួនាទីរបស់ប្រទេសកម្ពុជានៅក្នុងបញ្ហានេះនឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។

«ក្នុងនាមជាប្រធានអាស៊ាន ប្រទេសកម្ពុជាអាចដោះស្រាយបញ្ហាជម្លោះនៅក្នុងតំបន់ដែលបានកើតឡើង អស់រយៈពេលជាយូរមកហើយ»។ «ប្រសិនបើប្រទេសកម្ពុជាចាប់ផ្តើមបង្កើតនូវគំនិតផ្តួចផ្តើមដើម្បីដោះស្រាយបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា វានឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់អាស៊ាន ហើយតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ទាំងមូល នឹងរកឃើញនូវដំណោះស្រាយចំពោះវិបត្តិនៅក្នុងតំបន់មួយនេះ»។

«ជាការពិតណាស់ តួនាទីរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានកំពុងត្រូវបានគេមើលឃើញ ថាជាចំណុចវិជ្ជមាន ហើយកិត្យានុភាពរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងត្រូវបានគេទទួលស្គាល់នៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ទាំងអស់»៕ Scoop.co.nz