នយោបាយស្តីពីកម្ពុជាដ៏បរាជ័យរបស់លោក Biden គឺជាបញ្ហាចាស់ ដែលបន្សល់ទុកកាលពីអតីតកាល
ដូចដែលគ្រប់គ្នាបាន ដឹងហើយថា «នៅឆ្នាំ ១៩៧៥ សហរដ្ឋអាមេរិកបានបោះបង់ចោលរដ្ឋាភិបាលរបស់ លន់ នល់ ហើយខ្មែរក្រហមក៏បានឡើងមកកាន់អំណាច»។ ប៉ុន្តែអ្វីដែលគេមិនសូវបានដឹងនោះគឺ «នៅពេលនោះ សមាជិកព្រឹទ្ធសភាទើបចូលកាន់តំណែងថ្មី គឺលោក Joseph Biden បានគាំទ្រការជម្លៀសជនជាតិអាមេរិកចេញពីប្រទេសវៀតណាម និងកម្ពុជា»។
ថ្ងៃទី២៥ ខែមេសា ឆ្នាំ ១៩៧៥ ជនជាតិអាមេរិកបានចាកចេញពីប្រទេសកម្ពុជា ហើយអតីតនាយករដ្ឋមន្ត្រី ស៊ីសុវត្ថិ សិរិមតៈ ដែលបានបដិសេធមិនព្រមចាកចេញពីកម្ពុជានិងដែលត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម នៅប៉ុន្មានថ្ងៃក្រោយមក បានលើកឡើងនូវការកត់សម្គាល់ដ៏លេចធ្លោរថា «ខ្ញុំបានប្រព្រឹត្តកំហុស ដោយសារការជឿលើអាមេរិក»។
ខណៈពេលដែលអ្នករិះគន់បាននិយាយថា «គោលនយោបាយស្តីពីអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះរបស់លោកប្រធានាធិបតី Biden ត្រូវបានធ្វើឡើងដោយមិនបានគិតគូរឱ្យបានល្អិតល្អន់» វាគឺមានលក្ខណៈដូចគ្នាទៅនឹងគោលនយោបាយរបស់លោកស្តីពីកម្ពុជា នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែរ។ ការដាក់ទណ្ឌកម្មថ្មីៗរបស់រដ្ឋបាលលោក Biden មកលើប្រទេសកម្ពុជាអាចមានពាក់ព័ន្ធនឹងបរិបទប្រវត្តិសាស្ត្រនេះ ហើយសកម្មភាពនេះ បានឆ្លុះបញ្ចាំងអំពីផ្នត់គំនិតរបស់លោក Biden។
ក្នុងនាមជាប្រទេសឯករាជ្យនិងប្រជាធិបតេយ្យ កម្ពុជាត្រូវបានប្រើប្រាស់ជាកូនអុកនៅក្នុងនយោបាយសង្គ្រាមត្រជាក់ ដោយក្នុងនោះរាប់បញ្ចូលទាំងការទម្លាក់គ្រាប់បែកជាសម្ងាត់របស់អាមេរិកលើមូលដ្ឋានកុម្មុយនីស្ត និងផ្លូវផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជាដែលបានចាប់ ផ្តើមនៅឆ្នាំ ១៩៦៩។
នៅក្រោយសង្គ្រាម លោកលើកទី២ រដ្ឋាភិបាលកម្ពុជាគឺស្ថិតនៅក្រោមអាណានិគមនិយមបារាំង ហើយបន្ទាប់មកបានក្លាយជាសម័យកាលអាមេរិកនិយម, បន្ទាប់មកគឺជាសម័យកាលចិននិយម និងបន្ទាប់មកគឺសម័យកាលវៀតណាមនិយម ខណៈដែលនៅពេលឥឡូវនេះ កម្ពុជាត្រូវបានគេសន្មតថាកំពុងវិលត្រលប់ទៅរកសម័យកាលចិននិយម វិញហើយ។ ទាំងនេះឆ្លុះបញ្ចាំងអំពីការយល់ខុសផ្នែកនយោបាយរបស់កម្ពុជា។
ក្នុងនាមជាអតីត ប្រទេសក្រោមអាណានិគមបារាំង កម្ពុជានៅក្រោមការដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ បានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣។ នៅឆ្នាំ ១៩៥៥ ព្រះបាទនរោត្តមសីហនុបានដាក់រាជ្យឱ្យព្រះបិតាទ្រង់ ហើយទ្រង់ក៏បានកាន់តំណែងជាប្រមុខរដ្ឋាភិបាលអស់រយៈពេល ១៥ ឆ្នាំ។
នៅក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។ ចាប់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ ព្រះបាទនរោត្តម សីហនុ គឺជានាយករដ្ឋមន្ត្រី ហើយទ្រង់មានទំនាក់ទំនងជាមួយប្រទេសចិនជាយូរមកហើយ។ នៅខែឧសភា ឆ្នាំ ១៩៦៥ កម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក ដោយហេតុថា «ទ្រង់ចង់រក្សាអព្យាក្រឹតភាពក្នុងអំឡុងសង្គ្រាមវៀតណាម»។
នៅឆ្នាំ ១៩៧០ សហរដ្ឋអាមេរិកបានគាំទ្រការធ្វើរដ្ឋប្រហារប្រឆាំងនឹងព្រះបាទ នរោត្តម សីហនុ ដែលបានភៀសខ្លួនទៅកាន់ទីក្រុងប៉េកាំង។ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់កម្ចីចំនួន ២៧៨ លានដុល្លារដល់រដ្ឋាភិបាល លន់ នល់ ដែលជាបំណុលដែលទីក្រុងវ៉ាស៊ីនតោនកំពុងបន្តទារពីកម្ពុជា ខណៈដែលពេលនេះចំនួននេះបានកើនឡើងទ្វេដងដល់ ៥០០ លានដុល្លារ។ កាលពីពេលថ្មីៗនេះ រដ្ឋបាលរបស់លោក Biden ក៏បានទាមទារឱ្យកម្ពុជាសងប្រាក់កម្ចីនេះផងដែរ។
ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានថ្កោលទោសរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ហើយក្នុងសង្រ្គាមកម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ វៀតណាមបានបណ្តេញខ្មែរក្រហមចេញពីអំណាច និងបានលើកបន្តុបរដ្ឋាភិបាលថ្មីមួយ ដែលមានការចូលរួមពីសំណាក់លោក ហ៊ុន សែន។
នៅឆ្នាំ ១៩៨៥ លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រី ខណៈដែលពេលនោះ លោកមានអាយុត្រឹមតែ ៣៣ ឆ្នាំប៉ុណ្ណោះ ហើយលោកគឺជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងពិភពលោក និងពេលនេះ លោកបានក្លាយជាអ្នកដែលបានកាន់តំណែងយូរបំផុត (រយៈពេល ៣៦ ឆ្នាំ)។ ក្នុងវ័យ ២៦ ឆ្នាំ លោក ហ៊ុន សែន ក៏បានធ្វើជារដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេបំផុតក្នុងពិភពលោកផងដែរ។
នៅឆ្នាំ ១៩៨៩ វៀតណាមបានដកខ្លួនចេញពីកម្ពុជា ហើយនៅឆ្នាំ ១៩៩១ ភាគីជម្លោះនៅកម្ពុជាបានព្រមព្រៀងគ្នាស្តីពីបទឈប់បាញ់។ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ (UNTAC) ហើយអ៊ុនតាក់គឺជាអ្នកដឹកនាំដំណើរការដ៏ជោគជ័យ ក្នុងការផ្លាស់ប្តូរប្រទេសឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងសន្តិភាព។
នៅឆ្នាំ ១៩៩២ សហរដ្ឋអាមេរិកបានបញ្ចប់ការហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ចលើកម្ពុជា ហើយនៅឆ្នាំ ១៩៩៤ សហរដ្ឋអាមេរិកបានចាប់ផ្តើមបេសកកម្មការទូតនៅទីក្រុងភ្នំពេញ។ ចាប់តាំងពីឆ្នាំ១៩៩៧ នៅពេលដែលការ
ដឹកនាំរួមគ្នាជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានបញ្ចប់ លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីតែមួយគត់របស់កម្ពុជា។
ការពិតនោះគឺថា «លោក ហ៊ុន សែន គឺជាសម្ព័ន្ធមិត្តដ៏ល្អឥតខ្ចោះមួយសម្រាប់សហរដ្ឋអាមេរិក»។ កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជាអ្នកស្នងតំណែងកំពូលបន្តបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពី «United States Military Academy» នៅ West Point ទីក្រុងញូវយ៉ក។
លោកហ៊ុន សែន គឺជាផ្នែកមួយនៃភាពរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យដែលមាន លក្ខណៈមូលធននិយម ទីផ្សារសេរី (Free-Market Capitalist)។ «កម្ពុជាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋអាស៊ានទាំង១០ ដែលធ្លាប់មានប្រវត្តិសាស្ត្រគាំទ្រលោកខាងលិច និងជាប្លុកនយោបាយមួយ ដែលមិនមានជាប់ពាក់ព័ន្ធនឹងប្រទេសចិន»។
ក្រោមរបបរបស់ លោក ហ៊ុន សែន កម្ពុជាបានបង្កើតទីផ្សារហ៊ុន។ ធនាគារពិភពលោក បាននិយាយថា«ការ វិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈបើកចំហបំផុតនៅក្នុងអាស៊ាន ខណៈដែលប្រទេសថៃគឺជាប្រទេសដែលមានការរឹតត្បិតបំផុត»។ ប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា បូករួមជាមួយរូបិយប័ណ្ណផ្លូវការគឺប្រាក់រៀល។
ប៉ុន្តែក្រោយមក ប្រវត្តិសាស្ត្របាននាំយើងមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅពេលដែលរដ្ឋបាលរបស់លោក Biden បានប្រកាស អំពីទណ្ឌកម្មសព្វាវុធប្រឆាំងនឹងកម្ពុជា ជុំវិញការចោទប្រកាន់ពីការកើនឡើងនូវឥទ្ធិពលយោធារបស់ចិន និងការកែលម្អឡើងវិញនៅមូលដ្ឋានទ័ពជើងទឹករាមដោយទទួលបានការឧបត្ថម្ភពីទីក្រុងប៉េកាំង។
«ដោយសារសហរដ្ឋអាមេរិកមិនមែនជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់កម្ពុជា វាគឺជាគោលនយោបាយដ៏គ្មានន័យ ដែលបានកើតឡើងនៅក្នុងពេលដំណាលគ្នានឹងការធ្វើពហិការរបស់អាមេរិកចំពោះកីឡាអូឡាំពិកដែលនឹងប្រារព្ធទៅនៅក្នុងប្រទេសចិន» ហើយប្រការបែបនេះ វាគឺជា «ខ្លាក្រដាសមួយទៀតដែលឆ្លុះបញ្ចាំងអោយឃើញនូវភាពទន់ខ្សោយច្រើនជាងការបង្ហាញកម្លាំងរបស់សហរដ្ធអាមេរិក»។
ប្រតិកម្មរបស់លោកហ៊ុន សែន ចំពោះទណ្ឌកម្មគឺមានលក្ខណៈស្រដៀងគ្នានឹងប្រទេសអាហ្វហ្កានីស្ថាន។ នៅមុនការដាក់ទណ្ឌកម្មគឺនៅថ្ងៃទី ១២ ខែកញ្ញា លោក ហ៊ុន សែនបាននិយាយថា «ស្ថានភាពនៅអាហ្វហ្កានីស្ថានបានធ្វើឱ្យគ្រប់គ្នាចងចាំអំពីពេលដែលខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៥»។
កម្ពុជាអាច និងគួរតែជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែជាដំបូងអាមេរិកត្រូវយល់ថា «លោក ហ៊ុន សែន មានទស្សនៈបែបណាចំពោះពិភពលោក»។ នៅក្រោមការត្រួតត្រារបស់វៀតណាម ទឹកដីរបស់កម្ពុជាជាច្រើនបានធ្លាក់ទៅក្នុងដៃរបស់វៀតណាម។
«ប្រទេសចិនបានផ្តល់កម្លាំងប្រឆាំងតបតទៅនឹងការគំរាម កំហែងនិងការលុកលុយរបស់វៀតណាម មកលើអធិបតេយ្យភាព និងផ្ទៃដីរបស់កម្ពុជា ខណៈដែលអាមេរិកមិនបានផ្តល់ការការពារដល់ប្រទេសកម្ពុជាប្រឆាំងនឹងវៀតណាមនោះទេ។ ដូច្នេះ អាមេរិកមិនបានផ្តល់ជម្រើសដល់កម្ពុជាទេ»។
ករណីនេះគឺខុសគ្នាពីប្រទេសថៃដែលមិនធ្លាប់បានប្រឈមមុខនឹងការឈ្លានពានពីចិន ឬវៀតណាមទេ ដោយសារប្រទេសថៃបានស្ថិតនៅក្រោមឆ័ត្រសន្តិសុខរបស់អាមេរិក។ ក្នុងឆ្នាំ ២០០៣ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក George W Bush ប្រទេសថៃត្រូវបានគេដាក់ឈ្មោះថាជា «សម្ព័ន្ធមិត្តសំខាន់ក្រៅអង្គការណាតូ»«Key Non-NATO Ally) រួមជាមួយប្រទេសអាហ្សង់ទីន, អូស្ត្រាលី, បារ៉ែន, អេហ្ស៊ីប, អ៊ីស្រាអែល, ជប៉ុនហ្ស៊កដានី, គុយវ៉ែត, ម៉ារ៉ុក, នូវែលសេឡង់, ប៉ាគីស្ថាន, ហ្វីលីពីន, កូរ៉េភាគខាងត្បូង និងទុយនេស៊ី។
លោក ហ៊ុន សែន គឺជាមេដឹកនាំដ៏ល្អ ដែលមានទំនាក់ទំនងក្នុងន័យស្ថាបនាជាមួយប្រទេសចិន, វៀតណាម និងសហរដ្ឋអាមេរិកដែលជាប្រទេសដែលបានជះឥទ្ធិពលដល់នយោបាយរបស់កម្ពុជានៅក្រោយសង្គ្រាម។
លោក Bidenបានបន្តជាប់ផុងនៅក្នុងគំនិតស្តីពីប្រទេសអាហ្វហ្គានីស្ថានដែល មានជាប់ពាក់ព័ន្ធនឹងតួនាទីឈានមុខគេរបស់លោកក្នុងការជម្លៀសជនជាតិអាមេរិកចេញពីប្រទេសកម្ពុជានៅក្នុងឆ្នាំ ១៩៧៥។ «ជាក់ស្តែង លោកគឺជាអ្នកជាប់ជំពាក់បំណុលកម្ពុជា»។
លោក Biden ចាំបាច់ត្រូវទទួលស្គាល់ថា «កម្ពុជានៅក្រោមការដឹកនាំរបស់លោកហ៊ុន សែន នៅឆ្នាំ ២០២២ នឹងកាន់តំណែងជាប្រធានអាស៊ាន ដែលជាដៃគូប្រកួតប្រជែងផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយភាគច្រើនគឺជាប្រទេសប្រជាធិបតេយ្យ»។
«លោក ហ៊ុន សែនគឺជាអ្នកនយោបាយដ៏ប៉ិនប្រសព្វម្នាក់ ដែលចង់ធ្វើជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលជាប្រទេសមួយ ដែលបានបើកស្ថានទូតទំនើបថ្មីដ៏ធំមួយនៅកម្ពុជានៅឆ្នាំ ២០០៦» ។
«លោក Biden ត្រូវភ្ជាប់មិត្តភាពជាមួយប្រទេសកម្ពុជា ហើយត្រូវចំណាយពេលវេលាជាមួយលោក ហ៊ុន សែន»។ «លោក ហ៊ុន សែន គឺជាមនុស្សម្នាក់ដែលអាចបង្កើតជោគជ័យបានដោយខ្លួនឯង (Self-made Man)» «ដែលជាទាហានក្រីក្រម្នាក់ ដែលបានឡើងមកធ្វើជានាយករដ្ឋមន្ត្រី»។ «លោក ហ៊ុន សែន គឺជាអ្នកជាតិនិយម ដែលចង់ការពារប្រទេសរបស់លោកពីការគំរាមកំហែងជាច្រើនពីខាងក្រៅ»។
«ការដាក់ទណ្ឌកម្មរបស់លោក Biden ដោយសារកម្ពុជាកំពុងស្ថិតក្រោមការគ្រប់គ្រងដោយយោធារបស់ចិន គឺជារឿងមិនពិត»។ កម្ពុជាមិនមែនជារដ្ឋអាយ៉ងរបស់ចិន ឬប្រទេសណាមួយឡើយ។
បុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ (កែសម្រួលនៅឆ្នាំ ២០០៨) បានចាប់ផ្តើមថា «យើងជាប្រជាជនកម្ពុជា, ជាអ្នកស្នងមរតកអរិយធម៌ដ៏អស្ចារ្យ, ជាជាតិដ៏រុងរឿង,ជាអំណាចធំដែលមានកិត្យានុភាពភ្លឺដូចពេជ្រ» ហើយមាត្រា ១ បានចែងថា «ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសឯករាជ្យ, អធិបតេយ្យ, សន្តិភាព, អព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ»។
អ្នកដែលបានស្គាល់លោក ហ៊ុន សែន ច្បាស់ជាបាន ដឹងថា «លោកមិនមែនជាអាយ៉ងរបស់អ្នកណាទេ»។ លោក ហ៊ុន សែន គឺជាអ្នកជាតិនិយម ដែលនឹងបង្កើតសម្ព័ន្ធភាពទាំងឡាយណា ដែលមានភាពចាំបាច់ដើម្បីការពារឯករាជ្យរបស់កម្ពុជា។
លោក ហ៊ុននសែនបានដឹងយ៉ាងច្បាស់ថា «កម្ពុជាត្រូវតែមានទំនាក់ទំនងល្អទាំងជាមួយប្រទេសចិន, វៀតណាម និងសហរដ្ឋអាមេរិក»។
នៅឆ្នាំ ១៩៩២ វិធានការដំបូងរបស់សហរដ្ឋអាមេរិកគឺ «ការបញ្ចប់ការហ៊ុមព័ទ្ធប្រឆាំងនឹងកម្ពុជា» ហើយការដាក់ទណ្ឌកម្មជាថ្មីលើប្រទេសជាមិត្តនៅពេលនេះគឺជា «ការបោះជំហានថយក្រោយ»។
តាមពិតទៅ សហរដ្ឋអាមេរិកត្រូវបានប្រជាជនកម្ពុជាចាត់ទុកជាគំរូដ៏សក្តិសមសម្រាប់កម្ពុជា និងសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
«ជំនួសឱ្យការហ៊ុមព័ទ្ធដ៏ឆោតល្ងង់នេះ លោក Biden គួរតែលុបបំណុល ៥០០ លានដុល្លារអាមេរិកដែលកំពុងតែបង្កការឈ្លោះប្រកែកគ្នា ហើយទី២ គឺអាមេរិកគួរដាក់ឈ្មោះប្រទេសកម្ពុជាជា «សម្ព័ន្ធមិត្តដ៏សំខាន់ក្រៅអង្គការណាតូ»។
បន្ទាប់មក កម្ពុជាអាចនឹងធានាបានថា «ខ្លួននឹងអាចពឹងផ្អែកលើការការពាររបស់សហរដ្ឋអាមេរិក ហើយនឹងមិនក្លាយជារដ្ឋាភិបាល លន់ នល់ ឬអាហ្វហ្គានីស្ថានផ្សេងមួយទៀតទេ ដែលទាំងនេះគឺសុទ្ធតែជាកំហុស
កាលពីអតីតកាលតាមលងលោក Biden»៕
Asia Times