ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិកជាគ្រូគង្វាលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលភ្លេចឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ជំងឺខ្លួនឯង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 99
សហរដ្ឋអាមេរិកជាគ្រូគង្វាលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលភ្លេចឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ជំងឺខ្លួនឯង សហរដ្ឋអាមេរិកជាគ្រូគង្វាលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលភ្លេចឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ជំងឺខ្លួនឯង

រដ្ឋសភាសហរដ្ឋអាមេរិកដែលដិតដាមដោយរូបភាពអំពើ ហិង្សាអំឡុងពេលកុបករគាំទ្រ លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រុកចូលកាន់កាប់យ៉ាងអនាធិបតេយ្យ និងជានិមិត្តរូបនៃការបែកបាក់សង្គម និងគំរូអាក្រក់នៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់មហាអំណាចដែលចាញ់ការបោះឆ្នោតឡាំប៉ា បានអនុម័តសេចក្តីស្នើច្បាប់ស្តីពី លទ្ធិប្រជាធិបតេយ្យ កម្ពុជាដើម្បីដាក់ទណ្ឌកម្ម លើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាដែលស្នើឡើង ដោយតំណាងរាស្ត្រ២នាក់ ដែលលុះដោយអគតិនិងជាអ្នកស្និទ្ធខ្លាំង និងផ្តល់ការគាំទ្រលើក្រុមជនក្បត់ជាតិដោយចោទប្រកាន់បែបកូនក្មេងថា មន្ត្រីរដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យ។ សេចក្តីព្រាងច្បាប់ដែលអនុម័តកាលពីថ្ងៃទី២៨ ខែកញ្ញានេះនឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាដើម្បីអនុម័ត។

សំណើច្បាប់តែមួយដូចគ្នានេះធ្លាប់ត្រូវបានព្រឹទ្ធសភាអាមេរិកមិនបានឆ្លងនិងអនុម័តម្តងរួចមកហើយកាលពីឆ្នាំកន្លងទៅ។ ជាសេចក្តីស្នើច្បាប់មួយដែលរៀបចំឡើងក្នុងចេតនាទុច្ចរិតប្រឆាំង នឹងថ្នាក់ដឹកនាំនិងមន្ត្រីកម្ពុជា ហើយក៏ជាសេចក្តីស្នើច្បាប់ដើម្បីសងសឹកនឹងកម្ពុជាដែល បានចាត់វិធានការស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវប្រឆាំងនឹងអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ និងដកសិទ្ធិធ្វើនយោបាយរបស់ក្រុមមេដឹកនាំប្រតិបត្តិករបដិវត្តន៍ពណ៌ និងក្រុមឧបឃាដដែលជាកូនជឹងនយោបាយរបស់ពួកគេ។ ជាងនេះច្បាប់នេះត្រូវបានគេមើលឃើញថា ជាការបម្រើឱ្យរបៀបវារៈភូមិសាស្ត្រ នយោបាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិននៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដោយគាបសង្កត់កម្ពុជាឱ្យជ្រើសរើសប៉ូលនយោបាយណាមួយ។

តើកម្ពុជាគ្រាន់តែអនុវត្តវិធានការច្បាប់ដើម្បីកម្ចាត់ក្រុមជនក្បត់ជាតិ និងប្រឆាំងនឹងបទល្មើស ការពារជាតិ ការពារសន្តិភាព និងការពារប្រជាជនគឺជាការរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យមែនឬ?

គឺមានតែក្រុមជនអគតិប៉ុណ្ណោះដែលបានមើលកម្ពុជាក្នុងក្រសែភ្នែកដ៏អវិជ្ជមានបំផុតដោយធ្វើជាមិនឃើញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងលាបពណ៌មួលបង្កាច់កម្ពុជាគ្រប់បែបយ៉ាងតាមរបៀបវារៈនយោបាយពួកគេដែលបានរៀបចំទុកជាស្រេច។ កម្ពុជាមានសេរីភាពសារព័ត៌មានល្អជាងគេក្នុងអាស៊ាន ដែលជាឋានសួគ៌នៃក្រុមប្រឆាំង។

កម្ពុជាបានគោរពសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនិងសិទ្ធិសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ហើយលំហប្រជាធិបតេយ្យមានយ៉ាងទូលំទូលាយបំផុត។ គឺមានតែជនប្រឆាំងនឹងច្បាប់តែប៉ុណ្ណោះដែលថាគ្មានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ តែកាលដែលប្រទេសអមិត្តមួយចំនួនថាកម្ពុជារំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជា ធិបតេយ្យគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងរកលេសប្រឆាំងនឹងកម្ពុជា គាប់សង្កត់កម្ពុជាដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន ដូចដែលគេធ្លាប់បានធ្វើនៅតាមបណ្តាប្រទេសមួយចំនួន។

ដោយសារតែពួកគេដឹងថាកម្ពុជាប្រកាន់គោលជំហររឹងមាំក្នុងនយោបាយការទូតដោយមិនយកប្រទេស ណាមួយជាសត្រូវ និងប្រកាន់គោលជំហរអព្យាក្រឹត្យមិន ចូលបក្សសម្ព័ន្ធ និងជានយោបាយផ្កាចម្រុះពណ៌។

ពួកគេព្យាយាមក្នុងការទាញកម្ពុជាឱ្យងាកចេញពីគោលនយោបាយសន្តិសហវិជ្ជមាននេះដូចដែលពួកគេធ្លាប់ធ្វើមកលើកម្ពុជាកាលពីអតីតកាលដូច្នេះដែរ។ ម្យ៉ាងទៀត ពួកគេទំនងឈឺចាប់ខ្លាំងនៅពេលឃើញផែនការដ៏ខ្មៅងងឹត របស់ខ្លួនត្រូវបានបំផ្លាញ ហើយកូនជឹងរបស់ខ្លួនត្រូវបាន ជាប់ទ្រុងដោយសារតែភ្លាត់ស្នៀត ហើយពាក្យសារភាព របស់អតីតប្រធានគណបក្សសង្គ្រោះជាតិនិយាយទៅកាន់អ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីឆ្នាំ២០១៣ ជាសក្ខីកម្មស្រាប់។

ពិតជាគួរឱ្យសោកស្តាយបំផុតដែលអ្នកតំណាងរាស្ត្រនៃ ប្រទេសមហាអំណាចមួយធ្វើទង្វើដ៏អយុត្តិធម៌មកលើមន្ត្រីកម្ពុជាដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងសងសឹកឱ្យក្រុមខ្លួន ខណៈថ្នាក់ដឹកនាំនិងមន្ត្រី ដែលពួកគេចោទដោយគ្មានមូលដ្ឋាននេះជាអ្នកដែលបានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជីវិតប្រជាជន និងជាតិកម្ពុជាទាំងមូលពីមហាឧក្រិដ្ឋកម្មនៃរបបខ្មែរ ក្រហម ថែមទាំងបានពន្លត់ភ្នក់ភ្លើងសង្គ្រាមនាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ។ ភ្នក់ភ្លើងសង្គ្រាមដែល មួយផ្នែកជំរុញមកពីការទម្លាក់គ្រាប់បែកដ៏សន្ធឹកសន្ធាប់ របស់សហរដ្ឋអាមេរិក។

ពួកគេកំពុងតែដើរបញ្ច្រាសគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដោយរៀបចំច្បាប់ប្រឆាំងនឹងអ្នកដែលលើកតម្កើងសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ លើកតម្កើងសិទ្ធិរស់រានមានជីវិត អ្នកអភិវឌ្ឍជាតិ និងធ្វើច្បាប់ប្រឆាំងនឹងអ្នកការពារប្រជាជនទៅវិញ។ កាលដែលតំណាងរាស្ត្រអាម៉េរិក បង្កើតច្បាប់ប្រឆាំងកម្ពុជាដែលចាត់វិធានការប្រឆាំងនឹងក្រុមជនក្បត់ជាតិ គឺមានន័យស្មើនឹងការគាំទ្រឱ្យមានអំពើ ក្បត់ជាតិនិងគាំទ្រឱ្យមានការអនុវត្តផែនការបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងឡើងកាន់អំណាច តាមបែបមិនប្រជាធិបតេយ្យ។ តាមពិតទៅ ក្រុមតំណាង រាស្ត្រអាម៉េរិកគួរតែក្រឡេកមើលសហរដ្ឋអាម៉េរិកខ្លួនឯង ផង មុននឹងចោទគេថាមិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

តំណាងរាស្ត្រអាមេរិកទាំងនេះគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការពិនិត្យមើលប្រទេសខ្លួនឯងរំលោភសិទ្ធិមនុស្សឡើយ។ ដោយមិននិយាយពីការប្រកាន់ពូជសាសន៍ និង បញ្ហាអសន្តិសុខនិងបញ្ហាផ្ទសក្នុងផ្សេងៗរបស់សហរដ្ឋអាមេរិក តើតំណាងរាស្ត្រទាំងនេះមានដែលបានគិតទេថា រដ្ឋការអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ៣ លានតោនក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង៧០ ជាការរំលោភសិទ្ធិមនុស្ស ហើយសូម្បីពាក្យសុំទោសមួយម៉ាត់ក៏មិនបាននិយាយចំពោះជនជាតិខ្មែរ ហើយថែមទាំងទារឱ្យសងសំណងកខ្វក់ ថែមទៀតផង។

តើតំណាងរាស្ត្រទាំងនេះមានបានចោទសួរពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកនៅក្រៅប្រទេសទេដូចជានៅអ៊ីរ៉ាក់ អាហ្វហ្គានីស្ថានជាដើម។ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន សហរដ្ឋអាមេរិកបានប្រើប្រាស់មធ្យោបាយសង្គ្រាមដោយទម្លាក់គ្រាប់បែក បញ្ជូនកងទ័ពចូលឈ្លានពានប្រទេសដទៃរំលោភលើអធិបតេយ្យភាព បូរណភាពដែនដីប្រទេសមួយចំនួនក្រោមលេសដ័ពិសិដ្ឋរបស់ពួកគេគឺសេរីភាព សិទ្ធិមនុស្ស និងបបរជាធិបតេយ្យ។

ក្រុមតំណាងរាស្ត្រទាំងនេះបានបិទភ្នែកធ្វើមិនឃើញនូវទង្វើរំលោភសិទ្ធិប្រទេសដទៃ និងធ្វើមិនឃើញពីការប្រព្រឹត្ត អំពើឧក្រិដ្ឋកម្មសង្គ្រាមរបស់កងទ័ពខ្លួន ហើយថែមទាំងប្រឆាំងនឹងការស៊ើបអង្កេតដោយតុលាការព្រហ្មទណ្ឌអន្តរជាតិថែមទៀត។ ដោយមិននឹកគិត និងមិនអើពើនឹងទង្វើទាំងនេះ ប៉ុន្តែពួកគេបានតាមចាប់កំហុស ឬប្រឌិតរឿងផ្សេងៗដើម្បីលាបពណ៌មកលើប្រទេសផ្សេងដែលពួកគេគិតថា មិនបានដើរតាមបន្ទាត់នយោបាយ ឬមិនបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ ពួកគេ។ ពួកគេគួរយកពេលវេលាកែសម្អស្ថានភាពក្នុង ប្រទេសខ្លួនឱ្យបានល្អជាងមុនសិន ហើយគួរពិនិត្យថាតើ នៅលើទឹកដីអាមេរិកអស់ហើយឬនៅការរើសអើងប្រកាន់ពូជសាសន៍ តើមានការគោពសិទ្ធិមនុស្សល្អឥតខ្ចោះ ហើយឬនៅ? អ្វីដែលគេមើលឃើញ តាមពិតសហរដ្ឋអាមេរិកគ្មានអ្វីខុសគេឡើយលើការគោរពសិទ្ធិមនុស្ស ហើយពេលខ្លះអាក្រក់ជាងកម្ពុជាទៅទៀតជាពិសេសការរើសអើងប្រកាន់ពូជសាសន៍។ ក្រុមតំណាងរាស្ត្រ នេះមិនបានគិតថាសហរដ្ឋអាមេរិកជាប្រទេសបិតាប្រជាធិបតេយ្យ តែឡាំប៉ាលើលទ្ធផលបោះឆ្នោតរហូតដល់បង្កើតជាអំពើហិង្សា កុបករកាន់កាប់រដ្ឋសភា។ ឆ្នាំងណា គ្របហ្នឹង ក្រុមប្រឆាំងនៅកម្ពុជាក៏ប្រើវិធីឡាំប៉ាតវ៉ាលទ្ធផលបោះឆ្នោតពេលបោះឆ្នោតម្តងៗដែរ។

ដូច្នេះសហរដ្ឋអាមេរិកដែលជាគ្រូគង្វាលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគួររៀនឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិន ហើយងូតទឹក ដុះក្អែល ព្យាបាល វះកាត់ខ្លួនឯងជាមុនសិន ចាំមកប្រដៅគេ។ សហរដ្ឋអាមេរិកតាំងខ្លួនជាអ្នកអប់រំអ្នកដទៃ តែមិនខិតខំអប់រំខ្លួនឯង។ សហរដ្ឋអាមេរិកឃើញកំហុសអ្នកដទៃ តែមិនឃើញកំហុសខ្លួនឯង។ សហរដ្ឋអាមេរិកដឹងរឿងអ្នកដទៃ មិនដឹងរឿងខ្លួនឯង ហើយសហរដ្ឋអាមេរិកឈ្នះអ្នកដទៃ តែមិនអាចឈ្នះខ្លួន។ សហរដ្ឋអាមេរិកគួរកុំប្រកាន់ឥរិយាបថខែងរែង ខ្លាំងពេក ហើយមហាអំណាចបានមកបីការគំរាមកំហែង សម្លុត ចោទប្រកាន់ បំពានលើអធិបតេយ្យភាព បូរណ ភាពដែនដីប្រទេសដទៃ គឺជាមហាអំណាចដែលគ្មានកិត្តិយសឡើយ។ កម្ពុជាជារដ្ឋឯករាជ្យ មានអធិបតេយ្យភាពជាតិ បូរណភាពដែនដីដែលជាតិនិងប្រជាជនកម្ពុជាបានរួមសាមគ្គីការពារជាដាច់ខាត។

ក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយបរទេសពួកគេបាននិងកំពុងព្យាយាមបំផ្លាញកម្ពុជាគ្រប់មធ្យោបាយ ហើយពេលនេះក្រុមជនក្បត់ជាតិបាន និងកំពុងសប្បាយរីករាយដែលគោលបំណងបំផ្លាញជាតិនិងប្រជាជនកម្ពុជា សងសឹកត្រូវបានចៅហ្វាយនាយរបស់ពួកគេជួយសម្រេចឱ្យបានតាមចិត្ត តែសម្រាប់ជាតិនិងប្រជាជនកម្ពុជានៅតែមានភាពរឹងមាំ និងក្រោកឈរការពារជាតិ និងប្រឆាំងដាច់ខាតរាល់ឧបាយកលទុច្ចរិតបំផ្លាញកម្ពុជា ការរំលោភលើបូរណ ភាពដែនដី និងអធិបតេយ្យភាពជាតិ និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីបរទេសខាងក្រៅ។

ទូតអាមេរិកប្រចាំកម្ពុជាដែលតែងតែអួតអាងពីការជួយ ការពារអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា គួរតែប្រាប់ទៅតំណាងរាស្ត្ររបស់ខ្លួនថាកុំលង់ដោយអគតិ និងកុំធ្វើបាបកម្ពុជាដែលជាប្រទេសខិតខំលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការពារផលប្រយោជន៍ជាតិ នេះបើខ្លួនពិតជាមានចេតនាជួយការពារ អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជាពិតប្រាកដមែន មិនមែនជាការសម្តែងការស្រឡាញ់និងការការពារដូចពីអតីតកាល តែធាតុពិតគាំទ្រក្រុមស្តាំនិយម លន់ នល់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ នរោត្តម សីហនុ និងយកគ្រាប់បែករាប់លានតោនមក ស្រោចលើក្បាលខ្មែរបង្កការស្លាប់របួសមនុស្សរាប់ម៉ឺននាក់ បំផ្លាញកម្ពុជាឡើយ ហើយកាកសំណល់សង្គ្រាមដ៏អសោចនេះនៅបន្សល់ទុកនូវការឈឺចាប់ដល់ប្រជាជនកម្ពុជានៅឡើយ។ នេះមិនមែនជាការស្រឡាញ់ពិត និងជាមិត្តពិតស្មោះសឡើយ តែខ្មែរបុរាណហៅថាហុតទឹក សំឡឹងកាក ឬដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្តដើរលើសាកសពអ្នកដទៃ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

បញ្ចេញមតិ

អត្ថបទទាក់ទង