ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានប្រជាពលរដ្ឋជាង ៦០ម៉ឺនគ្រួសារដែលនឹងត្រូវប្រកាសទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានប្រជាពលរដ្ឋជាង ៦០ម៉ឺនគ្រួសារដែលនឹងត្រូវប្រកាសទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានប្រជាពលរដ្ឋជាង ៦០ម៉ឺនគ្រួសារដែលនឹងត្រូវប្រកាសទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកនឹងអញ្ជើញប្រកាសជាផ្លូវការនូវការអនុវត្តន៍កម្មវិធីប្រគល់សាច់ប្រាក់នេះនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។ លោកបន្តថា មានប្រជាពលរដ្ឋជាង ៦០ម៉ឺនគ្រួសារ ស្មើនឹងមនុស្សរាប់លាននាក់ ដែលនឹងត្រូវប្រកាសទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលហើយចំណាយអស់ថវិកាប្រមាណ២០លានដុល្លារក្នុងមួយខែផងដែរ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ បញ្ចេញកញ្ចប់ថវិកាជាតិឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។

យោងតាមខ្លឹមសារនៅក្នុងអនុក្រឹត្យ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
– មានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និង
– បានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

ក្នុងអនុក្រឹត្យ បានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលនឹងត្រូវទទួលបានផងដែរ។ ចំនួនទឹកប្រាក់ត្រូវផ្តល់ជូនក្នុងមួយខែចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀល។ កម្រិតសាច់ប្រាក់ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទជនក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ៕

អត្ថបទទាក់ទង