ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 73
លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន» រូបភាពយោធាអាមេរិកកំពុងជន្លៀសបុគ្គលិកស្ថានទូត, ជនជាតិរបស់ខ្លួន និងអ្នកដែលស្មោះស្ម័គ្រនឹងខ្លួនចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន

ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល ២០ឆ្នាំ ក្រោមលេសធ្វើសង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្កានីស្ថានវិញដោយទុកឲ្យប្រជាជននៃប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន។

ក្រុមតាលីបង់ដែលអាមេរិកបានធ្វើសង្គ្រាមប្រឆាំងអស់រយៈពេលពីរទសវត្សរ៍ ក៏បានវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗមកវិញហើយកំពុងរុលចូលទៅកាន់ទីក្រុងកាប៊ុលដែលជារដ្ឋធានីរបស់អាហ្វហ្កានីស្ថាន។ រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេសបានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងប្រសេចប្រសាច ក្រោមស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។

អ្វីដែលគួរឲ្យអណោចអធមបំផុតនោះ គឺស្ត្រីនិងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹកនិងចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម, រូបភាពមនុស្សរងរបួសនិងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។

សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក្សរសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុត និងការសោកស្តាយអាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។

សោកនាដកម្មដែល កំពុងកើតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលនេះមិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែ «វាគឺជាការដើរជាន់ដានចាស់របសសហរដ្ឋអាមេរិក»តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ក៏ដូចជាមនុស្សជាច្រើនទៀតនៅក្នុងពិភពលោក ពិតជានៅចងចាំបាននូវ «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកម្ពុជានិងវៀតណាម កាលពីកន្លះសតវត្សរ៍កន្លងទៅ»។

កាលណោះ សហរដ្ឋអាមេរិកដែលនៅពីក្រោយរបបសាធារណរដ្ឋខ្មែរដឹកនាំដោយសេនាប្រមុខ លន់ នល់ បានជួយឲ្យរបបនេះបានកាន់អំណាចក្រោយពីធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃ ១៨ មីនា ១៩៧០។

ប៉ុន្តែ ៥ឆ្នាំក្រោយមក ស្រាប់តែអាមេរិកបានដោះដៃចេញពីកម្ពុជា ដោយទុកឲ្យរបបខ្មែរក្រហមវាយដណ្តើមយកជ័យជំនះលើរបប លន់ នល់ ហើយបានចូលកាន់កាប់អំណាចនៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥។ រូបភាពប្រទេសកម្ពុជានៅពេលនោះ គឺដូចគ្នាបេះបិទទៅនឹងអ្វីដែលបាននិងកំពុងកើតមាននៅប្រទេសអាហ្វហ្គានីស្ថាននាពេលនេះដែរ។

ពួក ប៉ុល ពត បានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាងពីរលាននាក់ ក្រោមក្រសែភ្នែកមិនអើពើរបស់សហគមន៍អន្តរជាតិ។ ជាភ័ព្វសំណាង ប្រជាពលរដ្ឋខ្មែរបានរួចរស់ជីវិត និងបានស្គាល់សុខសន្តិភាពដូចបច្ចុប្បន្ន ដោយសារចលនារណសិរ្ស ២ធ្នូ ១៩៧៨ និងជ័យជំនះ ៧ មករា ១៩៧៩ កុំអីខ្មែរប្រហែលជាដាច់ពូជពីភពផែនដីបាត់ទៅហើយ។

ឥឡូវនេះ កន្លះសតវត្សរ៍ក្រោយមក រូបភាពដូចគ្នានេះក៏បាននិងកំពុងកើតឡើងវិញជាថ្មី នៅលើទឹកដីអាហ្វហ្គានីស្ថាន។

ក្រោមហេតុផលនៃការតាមប្រម៉ាញ់បណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ សហរដ្ឋអាមេរិកក៏បានលើកទ័ពធ្វើសង្គ្រាមចូលលុកលុយប្រទេសអាហ្គានីស្ថាន កាលពីឆ្នាំ២០០១ ដោយបានផ្តួលរំលំរបបតាលីបង់ ហើយបានបង្កើតរបបដឹកនាំថ្មីមួយដែលខ្លួនគិតថា «មានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។

ប៉ុន្តែ រយៈពេល២០ឆ្នាំនៃការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកមិនបានកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនប្រទេសនេះដូចដែលខ្លួនបានអះអាងនោះឡើយ។ សូម្បីតែការអភិវឌ្ឍប្រទេសនេះក៏អាមេរិកមិនបានអើពើដែរ។

២០ឆ្នាំក្រោយមក ដោយយល់ឃើញថា ខ្លួនគ្មានលុយសម្រាប់ចំណាយទៅលើសង្គ្រាមនេះទៀតទេ និងដោយយល់ឃើញថា ប្រទេសនេះគ្មានប្រយោជន៍ទៀតឡើយ អាមេរិកក៏បានដោះដៃចោលអាហ្វហ្គានីស្ថានដោយទុកឲ្យពួកសកម្មប្រយុទ្ធតាលីបង់ វាយលុកចូលកាន់កាប់ជាថ្មី ហើយប្រហែលជាមិនយូរប៉ុន្មានទៀតទេ រដ្ឋាភិបាលទីក្រុងកាប៊ុលដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនឹងដួលរលំ។

តើប្រជាជនអាហ្វហ្គានីស្ថានបានទទួលអ្វីខ្លះពីរដ្ឋាភិបាលដែលបន្តុបឡើងដោយសហរដ្ឋអាមេរិក? តើឯណាទៅប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីស្ថិតក្នុងកណ្តាប់ដៃអាមេរិកអស់រយៈពេល ២០ឆ្នាំ? ទាំងនេះគឺជាសំណួរដែលពិពភលោកទាំងមូលកំពុងចោទសួរ។

សំណួរនេះពិតជាមានអត្ថន័យណាស់សម្រាប់មនុស្សជាតិនៅលើភពផែនដី ជាពិសេសនៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច ដែលបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស តែងតែត្រូវបានគេលើកមកធ្វើជាលេសសម្រាប់ធ្វើបាបប្រទេសទន់ខ្សោយ។

ម្យ៉ាងវិញទៀត ប្រសិនបើបញ្ហាសិទ្ធមនុស្សនិងប្រជាធិបតេយ្យពិតជាតំលៃស្នូលរបស់សហរដ្ធអាមេរិកដូចការពើងទ្រូងអះអាងមែននោះ គឺអាមេរិកពិតជាមិនដកទ័ព និងបោះបង់ប្រជាជនអាហ្វហ្កានីស្ថានចោលនោះទេ។

ប៉ុន្តែការដកទ័ពចេញពីអាហ្គានីស្ថាននេះ គឺអាចថាអាមេរិកកំពុងប្រើយុទ្ធសាស្ត្រ «ព្រួញមួយបាញ់យកចាប ៣» ពោលគឺអាមេរិកកំពុងបង្វែរសមរភូមិទៅទប់ជាមួយរុស្ស៊ីផង ទប់ជាមួយចិនផង និងបំពេញចិត្តពួអឺរ៉ុបផង៖

  1. ទី១៖ អាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន ហើយយកទៅពង្រាយនៅជិតតំបន់ Crimée/Crimea ដើម្បីគំរាម និងទប់រុស្ស៊ីក្នុងករណីរុស្សីវ៉ៃយកប្រទេស ៣ នៅតំបន់បាល់ទិក ដែលជាអតីតរដ្ឋចំណុះ អតីតសហភាពសូវៀត ហើយដែលបានផ្តាច់ខ្លួនចេញទាមទារឯករាជ្យមុនគេហើយ
  2. ទី២៖ ការដាក់ពង្រាយទ័ពនៅជិតតំបន់ Crimée/Crimea នេះ ក៏អាចនឹងទទួលបាននូវសមានចិត្តខ្លះពីពួកអឺរ៉ុបផងដែរ ពីព្រោះពួកអឺរ៉ុបបារម្ភខ្លាចសង្គ្រាមផ្ទុះម្តងទៀតចេញពីទឹកដីរបស់ខ្លួន
  3. ទី៣៖ ការដកទ័ពចេញពីអាហ្វហ្កានីស្ថាន គឺអាមេរីកបានដឹងច្បាស់ណាស់ថា ខ្លួនពិតជាមិនអាចយកឈ្នះសង្គ្រាមលើពួកតាលីបង់នេះបានទេ ហើយម៉្យាងវិញទៀត ពួកតាលីបង់នេះ ក៏ជាអ្នកគាំទ្រពួក Uighur នៅតំបន់ស៊ីនជាំង ដែលអាមេរិកកំពុងប្រើប្រាស់ជាលេសដើម្បីចោទប្រកាន់ និងប្រឆាំងទីក្រុងប៉េកាំងដែរ។

ដូច្នេះ ជោគវាសនារបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាប្រទេសផ្សេងៗទៀតដែរ មិនមែនជារឿងធំដុំនោះឡើយសម្រាប់សហរដ្ឋអាមេរិក។

កម្ពុជានិងវៀតណាមកាលពីអតីតកាល និងអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជាប្រទេសតែ ៣គត់ ដែលបានទទួលមេរៀនដ៏ជូរចត់បែបនេះនោះទេ។ នៅមានប្រទេសជាច្រើនទៀត ដែលបានភ្លក្សរសជាតិ នៃការលើកទ័ពវាយលុកចូលពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ក្រោមហេតុផលផ្តួលរំលំរបបផ្តាច់ការ ហើយនាំមកនូវប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជូនដល់ប្រទេសទាំងនោះ។

ប្រទេសទុយនេហ្ស៊ី, អ៊ីរ៉ាក់, លីប៊ី, ស៊ីរី និងអេហ្ស៊ីប សុទ្ធសឹងជាឧទាហរណ៍យ៉ាងជាក់ស្តែងបំផុតដែលទទួលរងគ្រោះនារយៈពេលចុងក្រោយនេះ។

ក្រោយការលើកទ័ពឈ្លានពានដោយត្រង់ៗ ឬក្រោមការគាំទ្រចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំ រដ្ឋាភិបាលចាស់ ហើយលើកបន្តុបរដ្ឋាភិបាលថ្មី បណ្តាប្រទេសទាំងនោះបានធ្លាក់ចូលក្នុងសភាពយ៉ាប់យ៉ឺន និងខ្ទេចខ្ទាំលើសដើម។ វាមិនខុសអ្វីពីសុភាសិតចាស់បូរាណថា «ប្រាក់ក៏បង់ថង់ក៏ដាច» នោះឡើយ មានន័យថា «ប្រទេសក៏ខ្ទេចខ្ទី រីឯប្រជាធិបតេយ្យនិងសិទ្ធិមនុស្សវិញក៏គ្មានដែរ» ។

ពេលនេះ សំណួរដែលគេផ្តោតការយកចិត្តទុកដាក់បំផុតនោះគឺ តើប្រជាជនអាហ្វហ្គានីស្ថាននឹងមានជោគវាសនាទៅជាយ៉ាងណា? ហើយតើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនេះ? ដោយផ្អែកលើ បទពិសោធន៍ប្រវត្តិសាស្ត្រ ប្រជាជនអាហ្វហ្គានីស្ថាននឹងធ្លាក់ក្នុងសភាពរងទុក្ខវេទនាគ្មានទីបញ្ចប់ ហើយក៏គ្មានអ្នកណាទទួលខុសត្រូវដែរ។ សហគមន៍អន្តរជាតិបានត្រឹមតែសោកស្តាយ និងបានត្រឹមនិយាយតែមាត់ ប៉ុន្តែ ក៏មិនអាចជួយអ្វីដល់ប្រជាជន និងប្រទេសអាហ្វហ្គានីស្ថានបានឡើយ។ មានតែប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯងប៉ុណ្ណោះ ដែលជាអ្នកកំណត់ជោគវាសនាខ្លួនដោយខ្លួនឯង។

តាមរយៈបទពិសោធន៍កាលពីអតីតកាល និងក៏ដូចជាអ្វីដែលប្រទេសអាហ្វហ្គានីស្ថានកំពុងជួបប្រទេះនាពេលនេះ គេអាចទាញសេចក្តីសន្និដ្ឋានបានយ៉ាងច្បាស់លាស់ថា «អ្នកនយោបាយនិងប្រជាពលរដ្ឋនៃប្រទេសនីមួយៗ ត្រូវរួមគ្នាដើម្បីកំណត់ជោគវាសនារបស់ខ្លួន ដោយមិនត្រូវធ្វើនយោបាយពឹងផ្អែកលើបរទេសនោះឡើយ»។

«អ្នកនយោបាយនិងមេដឹកនាំដែលឆ្លាត គឺជាអ្នកដែលចេះកសាងមិត្តជាមួយបរទេសគ្រប់ទិសទី ហើយចេះទាញយកប្រយោជន៍ពីបរទេសដើម្បីមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិរបស់ខ្លួន តែមិនធ្វើជារណប ឬជាអាយ៉ងកូនអុកបរទេសឡើយ»។

«រីឯអ្នកនយោបាយណាដែលស្ថិតក្រោមខ្សែញាក់របស់បរទេស ហើយតែងតែពឹងបរទេសឲ្យជួយផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្នដើម្បីលើកបន្តុបខ្លួនជាមេដឹកនាំ ក្រោមលេស «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» គឺជាអ្នកនយោបាយដែលអន់បំផុត, ល្ងង់បំផុត និងមិនបានរៀនសូត្រអ្វីសោះពីប្រវត្តិសាស្ត្រ»។

នេះជាអ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវចងចាំទុកជាមេរៀនប្រវត្តិសាស្ត្រជានិច្ចនិងមិនត្រូវភ្លេចខ្លួនឡើយ៕

ដោយសាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម
នៃសាកលវិទ្យាល័យកំពង់ចាម

រូបភាពយោធាអាមេរិកកំពុងជន្លៀសបុគ្គលិកស្ថានទូត, ជនជាតិរបស់ខ្លួន និងអ្នកដែលស្មោះស្ម័គ្រនឹងខ្លួនចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន
រូបភាពយោធាអាមេរិកកំពុងជន្លៀសបុគ្គលិកស្ថានទូត, ជនជាតិរបស់ខ្លួន និងអ្នកដែលស្មោះស្ម័គ្រនឹងខ្លួនចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន

អត្ថបទទាក់ទង