ខ្មែរប៉ុស្ដិ៍ Close

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីប្រទេសរុស្ស៉ី មកដល់កម្ពុជា ដើម្បីបន្តនីតិវិធី

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1559
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីប្រទេសរុស្ស៉ី មកដល់កម្ពុជា ដើម្បីបន្តនីតិវិធី អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីប្រទេសរុស្ស៉ី មកដល់កម្ពុជា ដើម្បីបន្តនីតិវិធី

(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់បណ្តាញព័ត៌មាន ។

បើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបុគ្គល ហេង សិទ្ធិ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។

លោកបានបន្ថែមថា តាមសំណើរបស់ INTERPOL កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកដើម្បីផ្តល់កិច្ចសហការស្វែងរកនិងឃាត់ខ្លួនបុគ្គល ហេង សិទ្ធី ប្រគល់ជូនអាជ្ញាធរកម្ពុជាដើម្បីបន្តនីតិវិធី។ ផ្អែកលើនិវេទន៍ក្រហមរបស់កម្ពុជា INTERPOL ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានឃាត់ខ្លួនបុគ្គល ហេង សិទ្ធិ នៅថ្ងៃ១៣ មករា ២០២៥ ប្រហែលម៉ោង១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទី ក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ អនុលោមតាមច្បាប់ប្រទេសរុស្ស៊ី និងច្បាប់ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្រសួងមហាផ្ទៃដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានជូនព័ត៌មានទៅក្រសួង យុត្តិធម៌ ដែលមានសមត្ថកិច្ចជាអាជ្ញាធរកណ្តាល និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមទាំងស្ថានទូត រុស្ស៊ីប្រចាំកម្ពុជា ដើម្បីបំពេញបែបបទស្នើសុំធ្វើបត្យាប័នបុគ្គលត្រូវចោទ ហេង សិទ្ធី យកមកជំនុំជម្រះទោសតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ទៀតថា ពេលនេះ បុគ្គល ហេង សិទ្ធី កំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការដើម្បីមានចំណាត់ការបន្តនីតិវិធី៕