ខ្មែរប៉ុស្ដិ៍ Close

Moody៖ កម្ពុជា​មិន​ងាយ​រងគ្រោះ​ដោយ​បំណុល​បរទេស​នោះទេ​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 65
Moody៖ កម្ពុជា​មិន​ងាយ​រងគ្រោះ​ដោយ​បំណុល​បរទេស​នោះទេ​ Moody៖ កម្ពុជា​មិន​ងាយ​រងគ្រោះ​ដោយ​បំណុល​បរទេស​នោះទេ​

​របាយការណ៍​នៃ​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ពិភពលោក Moody’s Investor Service បាន​ឲ្យ​ដឹងថា​ភាព​ងាយ​រងគ្រោះ​នៃ​បំណុល​របស់​កម្ពុជា​នៅតែ​ស្ថិតនៅ​ក្នុងស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។​

បើទោះបី​ជាមាន​ទស្សនវិស័យ​អវិជ្ជមាន​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APAC) ក៏ដោយ ក៏​ទីភ្នាក់ងារ​វាយតម្លៃ​នេះ​នៅតែ​រក្សា​ចំណាត់ថ្នាក់​ឥណទាន B2 ដែលមាន​ស្ថេរភាព​របស់​ព្រះរាជាណាចក្រ​បន្ទាប់ពី​បាន​បន្ថយ​ចំណាត់ថ្នាក់​សម្រាប់​ទីផ្សារ​នាំមុខ​ជាច្រើន​រួមមាន​ប្រទេស​ថៃ ស្រីលង្កា ឡាវ និង​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំមុន​។​

​ទីភ្នាក់ងារ​ដដែល​នេះ​បន្តថា​៖ «​ការរីក​រាលដាល​នៃ​លទ្ធផល​អវិជ្ជមាន​ដែល​បង្កដោយ​ជំងឺ​រាតត្បាត​និង​វិធានការ​នានា​ដែល​បានអនុម័ត​ដោយ​រដ្ឋ​អធិបតេយ្យ​ដើម្បី​ទប់ស្កាត់​ករណីនេះ​បាន​បង្កើត​ឲ្យ​មាន​ជា​វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​សង្គម​ដែល​នឹង​អូសបន្លាយ​រហូតដល់​ឆ្នាំ ២០២១ និង​លើសពីនេះ»​។​

​ភ្នាក់ងារ​វាយតម្លៃ Moody លើកឡើងថា «​ចក្ខុវិស័យ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ដ៏​រឹងមាំ​» របស់​កម្ពុជា គឺជា​កត្តា​ដែល​ផ្ដល់​ទំនុកចិត្ត​របស់ខ្លួន​លើ​បន្ទុក​បំណុល​របស់​ប្រទេស​កម្ពុជា​។​

​លោកស្រី Anushka Shah អនុប្រធាន​ភ្នាក់ងារ Moody និង​ជា​អ្នកវិភាគ​ជាន់ខ្ពស់​បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន​ដោយសារ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​។ ប្រទេស​ចិន​គឺជា​វិនិយោគិន​បរទេស​ធំជាងគេ​ជាមួយ​ប្រទេស​កម្ពុជា​ដែល​តំណាងឱ្យ ៤៣ ភាគរយ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ហើយ​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន ៣៦ ភាគរយ​ក្នុង​ឆ្នាំ ២០១៩»​។​

​លោកស្រី Anushka Shah អនុប្រធាន​ភ្នាក់ងារ Moody និង​ជា​អ្នកវិភាគ​ជាន់ខ្ពស់
​លោកស្រី Anushka Shah អនុប្រធាន​ភ្នាក់ងារ Moody និង​ជា​អ្នកវិភាគ​ជាន់ខ្ពស់

​យោងតាម​តួលេខ​ផ្លូវការ​បានឱ្យដឹងថា ប្រទេស​ចិន​នៅតែ​ជា​អ្នកផ្តល់​ប្រាក់កម្ចី​ចម្បង​របស់​ប្រទេស​កម្ពុជា ខណៈដែល ៤០ ភាគរយ​នៃ​ទឹកប្រាក់​ចំនួន ៧,៦ ពាន់​លាន​ដុល្លារ​របស់ខ្លួន​ត្រូវបាន​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន​។​

​ទោះជា​យ៉ាងណា ភ្នាក់ងារ​វាយតម្លៃ Moody បាន​ព្រមាន​ថា​ការសង​បំណុល​ឆ្លងដែន​នៅមាន​ចំនួន​ច្រើន​ទាក់ទង​នឹង​ប្រាក់​បម្រុង​បរទេស​។​

​របាយការណ៍​បន្តថា​៖ «​ក្នុងករណី​ទាំងនេះ ការទទួលបាន​និរន្តរភាព​នៃ​ទីផ្សារ​មូលនិធិ​ឆ្លងកាត់​ព្រំដែន​ឬ​ជំនួយ​សាច់ប្រាក់​ងាយស្រួល​ពី​ខាងក្រៅ​នឹង​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការប្តេជ្ញាចិត្ត​ពី​ការជំរុញ​លើ​កំណែទម្រង់​និង​ស្ថេរភាព​សារពើពន្ធ​សេដ្ឋកិច្ច​»​។​

​ខណៈពេលដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​ស្ថិតក្នុង​ដំណាក់កាល​ស្តារឡើងវិញ​នៅ​ឆ្នាំ ២០២១ វា​ជាការ​សំខាន់​ក្នុងការ​កត់សម្គាល់ថា​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នេះ​មាន​មូលដ្ឋាន​ច្រើនជាង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់ខ្លួន​។​

​ក្នុងអំឡុងពេល​មាន​ករណី​នៃ​ជម្ងឺ​រាតត្បាត​ជាស​កល រដ្ឋាភិបាល​ចិន​បាន​ចែកចាយ​វត្ថុធាតុដើម​ចំនួន ១០០០ កុងតឺន័រ ក្នុងនោះ ៦០ ភាគរយ​សម្រាប់​ផលិតកម្ម​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង ដើម្បី​ជួយ​ឧស្សាហកម្ម​នាំចេញ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ទប់ទល់​នឹង​បញ្ហា​សេដ្ឋកិច្ច​។​

​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ចំពោះ​ការនាំចេញ​ដែលមាន​តម្លៃ​ខ្ពស់​ដោយសារតែ​ការ​រឹតបន្តឹង​ពាណិជ្ជកម្ម ហើយ​ផលប៉ះពាល់​ដល់​កំណើន​ពី​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ចិន​អាច​ក្លាយជា​ផ្នែក​សំខាន់​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​។​

​ក្នុង​ឆ្នាំ ២០១៩ ភ្ញៀវទេសចរ​សរុប​មាន​ចំនួន ៦.៦១០.៥៩២ នាក់ ដែល​ក្នុងនោះ ជាង ៣៨% ​ជា​ជនជាតិ​ចិន​។ បើទោះបីជា​មានការ​ធ្លាក់​ចុះ​ក៏ដោយ ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ចកម្ពុជា​នឹង​ងើបឡើង​វិញ​និង​កើនឡើង ៤ ភាគរយ​នៅ​ឆ្នាំនេះ​បន្ទាប់ពី​បាន​ធ្លាក់ចុះ ២ ភាគរយ​នៅ​ឆ្នាំ ២០២០ ។​

​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា Inguna Dobraja ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖ «​ភាពមិនប្រាកដប្រជា​គួរឱ្យកត់សម្គាល់​នៅតែមាន​នៅក្នុង​ទស្សនវិស័យ​កំណើន​របស់​ប្រទេស​កម្ពុជា​។ គោលដៅ​គោលនយោបាយ​សំខាន់បំផុត​គឺ​ត្រូវ​ស្វែងរក​ការងារ​ដែល​បាន​បាត់បង់​និង​ត្រូវបាន​ផ្អាក​ដោយសារ​ជំងឺ​រាតត្បាត​»​។​

«​វា​ចាំបាច់​ណាស់​ដែល​ការវិនិយោគ​ក្នុងស្រុក​និង​បរទេស​ត្រូវបាន​លើកទឹកចិត្ត​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​តំបន់​នាពេល​ថ្មីៗ​នេះ​។ សកម្មភាព​នេះ​អាចធ្វើ​ទៅបាន​តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​ច្បាប់​វិនិយោគ​មាន​លក្ខណៈ​ប្រកួតប្រជែង និង​គម្រោង​លើកទឹកចិត្ត រួម​ជាមួយនឹង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ជំនួញ​»៕ ​ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​ ខ្មែរថែមស៍

អត្ថបទទាក់ទង