ខ្មែរប៉ុស្ដិ៍ Close

ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ អះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជួយគាំទ្រកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 34
ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ អះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជួយគាំទ្រកម្ពុជា ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ អះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជួយគាំទ្រកម្ពុជា

លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ប្រចាំកម្ពុជាបានអះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជួយគាំទ្រកម្ពុជាតាមរយៈការបន្តកិច្ចសហប្រតិបត្តិការជាប្រពៃណីកន្លងមក និងបានគូសបញ្ជាក់ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពិសេស។

ក្នុងឱកាសដែល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារកាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Yasuhisa Ojima បានបញ្ជាក់ថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពិសេស ក្នុងនោះរួមមាន មូលនិធិហិរញ្ញប្បទានរហ័ស ដែលអាចជាជម្រើសមួយបន្ថែមសម្រាប់កម្ពុជាក្នុងការបំពេញកង្វះខាតហិរញ្ញប្បទានសម្រាប់ផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ។

លោក Yasuhisa Ojima ក៏បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបានល្អប្រសើរនូវការរីករាលដាននៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេស ប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការ មុតស្រួច ថ្មីៗ នានាក្រោមក្របខណ្ឌយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ ១៩ និងកម្មវិធីគាំពារសង្គម ជាដើម ។ ជាមួយគ្នានេះលោកប្រធានស្ថានតំណាងបានគាំទ្រស្មារតីប្រុងប្រយ័ត្នខ្ពស់របស់រាជរដ្ឋាភិបាល តាមរយៈការបន្តតាមដានការប្រែប្រួលស្ថានការម៉ាក្រូសេដ្ឋកិច្ច និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការឃ្លាំមើលការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច ទាំងកម្រិតសកល និងតំបន់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចជាកាល រួមជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត បន្តរួមសុខទុក្ខជាមួយកម្ពុជា ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកកំពុងបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ ។ មូលនិធិរូបិយវត្ថុអន្តរជាតិ មានតួនាទីសំខាន់ក្នុងការបន្តតាមដាន និងវាយតម្លៃការវិវត្តសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា និងផ្ដល់ការសិក្សាផ្សេងៗ ដែលអាចជាធាតុចូលសម្រាប់កម្ពុជា ក្នុងការបន្តរៀបចំវិធានការពាក់ព័ន្ធក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងការរៀបចំនូវវិធានការគោលនយោបាយសម្រាប់ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ទោះបីជាកម្ពុជាត្រូវបានវាយតម្លៃ និងទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា នៅបន្តតាមដានការវិវត្តនៃជំងឺនេះដោយយកចិត្តទុកដាក់ខ្ពស់ និងពុំមើលស្រាលស្ថានការ ដោយបន្តអនុវត្តនូវវិធានការសុខាភិបាល រួមជាមួយការចាត់វិធានការមុតស្រួចក្នុងការគាំទ្រលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ។

ឈរលើមូលដ្ឋាននេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាអាចបន្តមានប្រក្រតីភាពល្អ ខណៈស្ថានភាពសារពើពន្ធ ជាពិសេស ផ្នែកចំណូលពន្ធនឹងមានភាពប្រសើរជាងការរំពឹងទុក ដែលនេះជាបច្ច័យល្អសម្រាប់ការអនុវត្តថវិកាឆ្នាំ ២០២១ ដោយអនុញ្ញាតឱ្យមានលំហថវិកាធំ និងការប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលតិចជាងការរំពឹងទុក។ ប៉ុន្តែថ្មីៗនេះ, ផលប៉ះពាល់ពីជំនន់ទឹកភ្លៀង បាន និងកំពុងដាក់សម្ពាធមួយផ្នែកវិញ ដល់បន្ទុកចំណាយរដ្ឋ ពិសេស ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងធារាសាស្រ្ត ។

ទោះជាយ៉ាង រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលជាការគិតគូរសម្រាប់រយៈពេលមធ្យមក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅរកសក្តានុពលវិញឱ្យបានលឿន៕

អត្ថបទទាក់ទង