ខ្មែរប៉ុស្ដិ៍ Close

ពង្រីកទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកពង្រឹងអធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 64
ពង្រីកទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកពង្រឹងអធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជា ពង្រីកទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកពង្រឹងអធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជា

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូ​ស​បញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទីផ្សារ នាំចេញរបស់កម្ពុជាដែលនឹង រួមចំណែកសំខាន់ដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពរបស់កម្ពុជាព្រមទាំងឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់។
លោកបានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូក​សរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាល​ពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រម​ទាំងសាខាកាំកុងត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០​នាក់។

លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់លោក រដ្ឋមន្ត្រី ពាណិជ្ជកម្ម ប៉ាន សូរ ស័ក្តិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជ​ការក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្ត «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា» និង «យុទ្ធសាស្រ្តចតុកោណដំណាក់​កាលទី៤» រហូត
សម្រេចបានសមិទ្ធផលគួរជាទីមោទនៈជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ លោក ក៏បានស្នើ​​​ក្រសួងពាណិជ្ជកម្ម ខិតខំជំរុញការធ្វើសេរីភាវូបនី​យកម្ម និងសមាហរណកម្មក្នុងតំបន់ និងពិភពលោក តាម​រយៈការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំ២០២០ និងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា​-ចិន និងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ដែលជាគោលដៅនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

បន្ថែមលើនោះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជាវិភាគទានសម្រាប់រៀបចំគោលន​យោបាយ និងកំណត់ទិសដៅសម្រាប់អនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ មាន ដូចជា៖
១) ការកែទម្រង់ផ្ទៃក្នុង និង បន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលក្នុងតំបន់ និងពិភពលោក
២) កំណែទម្រង់រដ្ឋបាលសាធារណៈ និងគុណភាព សេវាសាធារណៈ
៣) ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ ឧស្សាហកម្ម ជំនាន់ទី៤ និង
៤) ការរក្សាបាននូវសន្តិសុខ ស្បៀងនិងស្ថិរភាពថ្លៃទំនិញ និងសេវាកម្ម ដើម្បីគាំទ្រឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា។

គួររម្លឹកដែរថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ បាន ទទួលជោគជ័យលើការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ការធ្វើកំណែទម្រង់សេវាសាធារ ណៈ ការកសាងលិខិតបទដ្ឋានគតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងសុខមាលភាពប្រជាជន ការរក្សាបានសន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលបាន រួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើន និងការអនុវត្តអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង