ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ទស្សនៈលោក ហ៊ុន សែន ស្តីពីសិទ្ធិរស់រានមានជីវិតកំពុងមានតម្លៃក្នុងសម័យកូវីដ-១៩»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 31
លិខិតមិត្តអ្នកអាន៖ «ទស្សនៈលោក ហ៊ុន សែន ស្តីពីសិទ្ធិរស់រានមានជីវិតកំពុងមានតម្លៃក្នុងសម័យកូវីដ-១៩» លិខិតមិត្តអ្នកអាន៖ «ទស្សនៈលោក ហ៊ុន សែន ស្តីពីសិទ្ធិរស់រានមានជីវិតកំពុងមានតម្លៃក្នុងសម័យកូវីដ-១៩»

រហូតមកដល់ពេលនេះ មេរោគ Covid-19 កំពុងវាយលុកយ៉ាងខ្លាំងពាសពេញពិភពលោកជាពិសេសប្រទេសមហាអំណាចធំៗដែលកំពុងរងគ្រោះធ្ងន់ជាងគេ។ ប្រសិនបើគេក្រឡេកបែរក្រោយបន្តិចទៅរំលឹកឡើងវិញ នូវអ្វីដែលមេដឹកនាំខ្មែរ បាននិយាយនិងបានធ្វើកន្លងទៅ គេនឹងយល់ច្បាស់ថា ពាក្យសម្តី និងសកម្មភាពរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែត្រឹមត្រូវ និងជាគំរូមុនគេសម្រាប់មេដឹកនាំបណ្តាប្រទេសនានា នៅក្នុងពិភពលោក។

ទស្សនៈដ៏សំខាន់មួយដែល លោក ហ៊ុន សែន បានលើកមកនិយាយមុនគេក្នុងចំណោម មេដឹកនាំនានាគឺ «សិទ្ធិរស់រានមានជីវិត» ដែលត្រូវគិតគូរជាបឋមមុនគេបង្អស់ក្នុងសម័យ Covid-19 ។

បុរសខ្លាំងកម្ពុជាដែលជាមនុស្សមើលឃើញទស្សនៈវិស័យវែងឆ្ងាយបានលើកបញ្ហានេះមក និយាយពីព្រោះលោក យល់ឃើញថា Covid-19 គឺជា មេរោគដែលនឹងផ្តាច់ជីវិត មនុស្សជាច្រើនលើពិភពលោក។ ដូច្នេះ ដើម្បីកាត់បន្ថយកុំឲ្យមានការស្លាប់បាត់បង់ជីវិតមនុស្សបន្ថែមទៀតកាន់តែច្រើននោះ ពិភពលោកចាំបាច់ត្រូវប្រយុទ្ធប្រឆាំងជាមួយការភ័យខ្លាចនិងការរើសអើងជាមុនសិនតាមរយៈការរួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនេះទើបមានប្រសិទ្ធភាព។ លោកហ៊ុន សែន យល់ច្បាស់ណាស់ថា «មេរោគភ័យខ្លាច និងមេរោគ រើសអើង» មានចរិតសាហាវជាង Covid-19 ទៅទៀត

ជាមួយគ្នានឹងការផ្ញើសារបែបនេះ ទៅកាន់ពលរដ្ឋខ្មែរក៏ដូចជា ទៅកាន់ពិភពលោកទាំងមូល ដើម្បីជាការពង្រឹងស្មារតីត្រៀមទប់ទល់ជាមួយ Covid-19 នាយករដ្ឋមន្ត្រីខ្មែរក៏បានធ្វើសកម្មភាពជាគំរូភ្លាមៗដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្តែងក្នុងការលុបបំបាត់ការភ័យខ្លាច និងការរើសអើង។

ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីចិនបានបដិសេធ មិនឲ្យទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ និងការទទួលឲ្យនាវា Westerdam ចូលចតក្នុងកំពុងផែខេត្តព្រះសីហនុកាលពីថ្ងៃទី ១៣ កុម្ភៈ បន្ទាប់ពីនាវានេះរសាត់អណ្តែតជាច្រើនសប្តាហ៍លើផ្ទៃសមុទ្រ គឺជាសកម្មភាពដ៏ លេចធ្លោ២ដែលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនចង់ដាស់សតិអារម្មណ៍ពិភពលោកឲ្យភ្ញាក់ខ្លួនពីការលង់ក្នុងការភ័យខ្លាច និងការរើសអើងក្នុងគ្រាដែលពិភពលោកជួបគ្រោះអាសន្ន ដោយការវាយប្រហាររបស់មេរោគ Covid-19 ។ សកម្មភាពរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះពិតជាបានធ្វើឲ្យកក្រើកពិភពលោកមែនបើទោះបីជាមានខ្មែរជ្រុលនិយមខ្លះដែលមិនយល់ពីទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំ បាននាំគ្នារិះគន់ដោយការផ្ចាញ់ផ្ចាលក៏ដោយ។

ឥឡូវនេះ នៅពេលដែល មេរោគ Covid-19 រីករាលដាលចូលដល់ជណ្តើរផ្ទះរបស់ខ្លួន មេដឹកនាំពិភពលោកទាំងអស់រាប់ទាំងបណ្តាប្រទេសមហាអំណាចធំៗផងដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែដ ប៊ែលហ្ស៊ីក អូស្ត្រាលី ជាដើម សុទ្ធតែបានប្រើប្រាស់ភាសានិងទស្សនៈ ដែលលោក ហ៊ុន សែន ធ្លាប់ប្រើដូចៗគ្នា។ នោះគឺជាភាសាដើម្បីពង្រឹងស្មារតី ប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យតក់ស្លុតស្លន់ស្លោនៅចំពោះមុខ វីរុស Covid-19 និងភាសាសូមឲ្យមានសាមគ្គីភាពនិងកុំឲ្យមានការរើសអើង។

ជាក់ស្តែង នៅថ្ងៃទី ១៩ មីនានេះ ប្រធានអង្គការសុខភាពពិភពលោក Tedros បានអំពាវនាវឲ្យបណ្តាប្រទេសទាំងអស់ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងជាមួយ Covid-19 ដែលលោក ចាត់ទុកជាសត្រូវប្រឆាំងនឹងមនុស្សជាតិ ពោលគឺប្រឆាំងនឹងជីវិតមនុស្សនេះឯង។

បណ្តាមេដឹកនាំពិភពលោកនីមួយៗក៏បាននាំគ្នាចាត់វិធានការ ចាំបាច់នានាដើម្បីការពារជីវិតពលរដ្ឋរបស់ខ្លួនឲ្យរួចផុតពីសេចក្តីស្លាប់ដោយចាត់ទុក «សិទ្ធិរស់រានមានជីវិត» ជាអាទិភាពខ្ពស់បំផុតជាងអ្វីៗទាំងអស់ពីព្រោះបើជីវិតមនុស្សស្លាប់ហើយ អ្វីៗក៏ត្រូវចប់ដែរ។ ដល់ពេលទឹកចូលច្រមុះមែនទែន មេដឹកនាំប្រទេសខ្លះបែរជាភ័យស្លន់ស្លោហើយចាត់វិធានការការពារជីវិតពលរដ្ឋខ្លួន ដោយភ្លេចគិតពីផលប៉ះពាល់ដល់ពលរដ្ឋដទៃថែមទៀតផង និង «បានបំភ្លេចចោលមួយអន្លើសិនដំណើរការប្រជាធិបតេយ្យ» ជាក់ស្តែង ប្រទេសបារាំងបានលុបចោលការបោះឆ្នោតថ្នាក់មូលដ្ឋានជុំទី២ដែលគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យសប្តាហ៍នេះដើម្បីងាកមកគិតគូរដោះស្រាយបញ្ហា Covid-19 ដែលកំពុងសម្លាប់ជនជាតិបារាំងជាបន្តបន្ទាប់។ ត្រង់នេះហើយដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែផ្តល់តម្លៃដល់សន្តិភាព និងសិទ្ធិរស់រានមានជីវិតដោយលោកតែងតែលើកឡើងម្តងហើយម្តងទៀតថា «បើគ្មានសន្តិភាពទេ បើប្រទេសជាតិវឹកវរ ប្រជាពលរដ្ឋប្រឈមនឹងសេចក្តីស្លាប់ ហើយគ្មានឡើយដំណើរការប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស»

សូម្បីសកម្មភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ច ជាច្រើនត្រូវបានលុបចោលនៅក្នុងបណ្តាប្រទេសនានាដើម្បីតែបុព្វហេតុនៃសិទ្ធិរស់រានមានជីវិត។ ប្រទេសខ្លះទៀតដែលគិតតែពីជីវិតពលរដ្ឋរបស់ខ្លួនក៏ភ្លេចហើយ មិនបានខ្វាយខ្វល់ពីជីវិតជាតិសាសន៍ដទៃឡើយ។

ចុចអាន៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ ៤គ្រឿង ដែលវៀតណាមមិនឱ្យចូលចត

ប៉ុន្តែ សម្រាប់មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន គឺនៅតែប្រកាន់ខ្ជាប់នូវទស្សនៈនៃការផ្តល់តម្លៃដល់ «សិទ្ធិរស់រានមានជីវិត» ជាសាកលដដែល ពោលគឺជាសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរផង និងពលរដ្ឋនៃជាតិសាសន៍ដទៃផង។

ជាក់ស្តែង ទន្ទឹមនឹងការការពារជីវិតពលរដ្ឋខ្លួនឯងដែលមកដល់ម៉ោងនេះមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ដោយ Covid-19 នៅឡើយ មេដឹកនាំខ្មែរក៏មិនភ្លេចការពារជីវិតពលរដ្ឋនៃជាតិសាសន៍ដទៃដែលផ្ទុកវីរុសនេះនៅលើទឹកដីកម្ពុជាដែរ។ ជាក់ស្តែង ពលរដ្ឋចិនម្នាក់បានជាសះស្បើយពី Covid-19 នៅកម្ពុជា ហើយបច្ចុប្បន្ននេះ មានអ្នកផ្ទុកវីរុសនេះជាច្រើននាក់ទៀតជាជនបរទេសដែលកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យខ្មែរ។ នេះជាចំណុចខ្លាំងដ៏លេចធ្លោរបស់នាយករដ្ឋមន្ត្រីខ្មែរ។

ម្យ៉ាងទៀត «ទស្សនៈនៃការសាមគ្គីភាពមិនរត់ចោលគ្នាក្នុងគ្រាអាសន្ន» ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើក្នុងរឿងប្រយុទ្ធប្រឆាំង Covid-19 ក៍បានស្តែងចេញជាលទ្ធផលជាក់ស្តែងហើយដែរ។ ចិនដែលពីមុនជាអ្នករងគ្រោះខ្លាំងជាងគេ តែពេលនេះអាចគ្រប់គ្រងស្ថានការណ៍បានហើយនោះ ក៏បានសម្តែងកាយវិការសាមគ្គីភាពជាមួយកម្ពុជាវិញ តាមរយៈការផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រជាច្រើនដល់កម្ពុជា សម្រាប់ប្រឆាំងជាមួយ Covid-19 ក៏ដូចជាការជួយសម្រួលឲ្យវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរបានមកដល់កម្ពុជាទាន់ពេលវេលា ដើម្បីបញ្ចៀសការបិទព្យួររោងចក្រ។ នេះហើយជាផ្លែផ្កានៃការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំខ្មែរ។

ចិនក៏បានសម្តែងការសាមគ្គីភាពជួយបណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងការប្រយុទ្ធប្រឆាំងជាមួយ Covid-19 ផងដែរដូចជា ហ្វីលីពីន អ៊ីរ៉ង់ និងបារាំងជាដើម។ នេះហើយជាផ្លែផ្កានៃ «ទស្សនៈជួយគ្នាក្នុងគ្រាអាសន្ន» ដែលមេដឹកនាំខ្មែរ បានបង្ហាញមុនគេក្នុងគ្រាដែល ពិភពលោកជួបគ្រោះអាសន្ន Covid-19

សរុបមកវិញ ទស្សនៈនៃការផ្តល់តម្លៃដល់ «សិទ្ធិរស់រានមានជីវិត» ជាអាទិភាពចម្បងដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជាគំរូកំពុងស្តែងឲ្យឃើញជាលទ្ធផលជាក់ស្តែងសម្រាប់ពិភពលោកទាំងមូលដែលគ្មានអ្នកណាអាចមើល រំលងបានឡើយ។ ហេតុអ្វីបានជា មេដឹកនាំខ្មែររូបនេះយល់ច្បាស់ពីបញ្ហានេះ ហើយផ្តល់តម្លៃមុនគេដល់សិទ្ធិរស់រានមានជីវិតជាធំនៅគ្រាដែលពិភពលោកជួបគ្រោះអាសន្ន? ពីព្រោះនោះគឺជាតម្លៃដែលបុរសខ្លាំងកម្ពុជាមានជាប់នឹងខ្លួនជាស្រេចនិងធ្លាប់បានធ្វើជាច្រើនលើករួចមកហើយ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ជាក់ស្តែង ការយកជីវិតខ្លួនឯង ទៅធ្វើដើមទុនដើម្បីរំដោះជីវិតខ្មែររាប់លាននាក់ចេញពីសេចក្តី ស្លាប់ក្រោមរបបអាវខ្មៅប៉ុល ពត និងការយកជីវិតធ្វើដើមទុនដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាជនខ្មែរ គឺជាតិតតាងជាក់ស្តែងមិនអាច ប្រកែកបានដែលបញ្ជាក់ថា មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន តែងតែចាត់ទុក «សិទ្ធិរស់រានមានជីវិតនិងសន្តិភាព» ជារឿងសំខាន់ចាំបាច់បំផុតជាងអ្វីៗ ទាំងអស់។ ហើយពេលនេះ ទស្សនៈនេះបាននិងកំពុងមានតម្លៃកាន់តែខ្ពស់ក្នុងសម័យដែលពិភពលោកកំពុងរងគ្រោះដោយ Covid-19៕

ដោយ: អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង