ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ លើបុរសជនជាតិអង់គ្លេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ លើបុរសជនជាតិអង់គ្លេស កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ លើបុរសជនជាតិអង់គ្លេស

ក្រសួងសុខាភិបាល នៅព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ កើតលើបុរសជនជាតិអង់គ្លេស។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល  បុរសជនជាតិអង់គ្លេសដែលរកឃើញមានកូវីដ-១៩នេះ អាយុ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់ បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ លទ្ធផល វិភាគវត្ថុសំណាករបស់បុរសនេះ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ក្រសួងបញ្ជាក់ទៀតថា ជើងហោះហើរដែលរកឃើញមានកូវីដ-១៩ លើបុរសជនជាតិអង់គ្លេសនេះ មានអ្នកដំណើរសរុបចំនួន ៧៣នាក់ (ស្រី្ត ២១នាក់ និង កុមារី ០៣នាក់) ក្នុងនោះមាន៖

  • ជនជាតិខ្មែរ ២០នាក់ (ស្ត្រី ០៦នាក់ និងកុមារី ០១នាក់)
  • ជនជាតិអាល្លឺម៉ង់ ០៧នាក់ (ស្រី ០១នាក់)
  • ជនជាតិកូរ៉េ ២១នាក់ (ស្រី ០៤នាក់ និងកុមារី ០២នាក់)
  • បុរសជនជាតិអង់គ្លេស 0១នាក់
  • ជនជាតិស្វីស ០៤នាក់ (ស្ត្រី ០១នាក់)
  • បុរសជនជាតិព័រទុយហ្គាល់ ០១នាក់
  • ជនជាតិអាមេរិកកាំង ១២នាក់ (ស្ត្រី០៦នាក់)
  • បុរសជនជាតិស៊ែប៊ី ០១នាក់
  • ស្ត្រីជនជាតិជប៉ុន ០១នាក់
  • ជនជាតិចិន ០៣នាក់ (ស្រី ០២នាក់)
  • បុរសជនជាតិអូស្ត្រាលី ០១នាក់
  • បុរសជនជាតិអូទ្រីស ០១នាក់

ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា សម្រាប់អ្នកដំណើរផ្សេងទៀត តាមជើងហោះហើរនេះ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញចំនួន៥៤នាក់, មណ្ឌលកងទ័ពអាកាសចំនួន១៧នាក់ និងនៅស្ថានទូតអាល្លឺម៉ង់ចំនួន០២នាក់ (ជាមន្ត្រីការទូត)។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់៕

 

អត្ថបទទាក់ទង