លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបរាប់ពីដំណើរជីវិតលំបាក និងទុក្ខវេទនា យកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកឱ្យដឹងថា នៅថ្ងៃទី២0 ខែមិថុនានេះ គឺជាខួបលើកទី៤១ឆ្នាំ ដែលរូបលោកបានចាប់ផ្តើមយកជីវិតធ្វើជាដើមទុន ដើម្បីសង្គ្រាះប្រទេសជាតិ។ លោកបានបញ្ជាក់ថា និយាយដល់រឿងនេះ ស្ទើរតែពិបាកទ្រាំជាមួយនឹងការទប់ទឹកភ្នែក ព្រោះវាវេទនាពេកនាពេលនោះ។ លោកថាយុវជនសម័យនេះ ជាយុវជនមានសំណាងខ្លាំងណាស់។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ នៅក្នុងខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា លោកបានចាប់ផ្តើមពីអាយុ១៨ ដល់២៥ឆ្នាំគឺជាពេលវេលា ដែលលោកស្ថិតនៅក្នុងស្ថានភាព ជាអ្នកនៅក្រោមបញ្ជាគេ អនុវត្តនូវនយោបាយរបស់គេ ក៏ប៉ុន្តែចាប់តាំងពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧២ មក លោកបានតាំងចិត្តថា លែងស្តាប់អ្នកណាទាំងអស់ គឺត្រូវគូសវាសដោយខ្លួនឯង នូវជីវិតរបស់ខ្លួន ហើយជីវិតរបស់លោក មិនមែនគ្រាន់តែរស់ខ្លួនឯងទេ ក៏ប៉ុន្តែដើម្បីការរស់រានមានជីវិតរបស់ប្រទេសជាតិមួយ និងជាការរស់រានមានជីវិតរបស់ប្រជាជនមួយដែលកំពុងរងគ្រោះថ្នាក់។
តាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី គឺលោកមានការលំបាកបំផុតក្នុងការធ្វើសេចក្តីសម្រេចចិត្ត តើត្រូវយកការសម្រេចចិត្តបែបណា ប្រសិនបើពេលនោះលោកយកការសម្រេចចិត្តខុសតែបន្តិច ប្រហែលជានយោបាយរបស់កម្ពុជាថ្ងៃនេះ ប្រហែលជាដូរទិសទៅខាងណាមិនដឹងទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា បើសិនជាមិនមានវត្តមានរបស់លោកនៅពេលនោះក្នុងដំណើរជីវិតសម្រាប់សង្គ្រោះជាតិទេ តើប្រទេសជាតិនេះដូរទិសរបៀបមិច? ពេលនោះពិតជាការមានការលំបាកខ្លាំងណាស់។ តើត្រូវបោះបោរឡើង វៃប៉ុលពតនៅហ្នឹងកន្លែងតែម្តងរឺយ៉ាងណា? នោះហើយជាស្ថានភាពដ៏លំបាកបំផុត ។ លោកបានឱ្យដឹងថា លទ្ធភាពបញ្ជាកងទ័ព អាចប្រើប្រាស់បានកំលាំង១ពាន់ ឬលើសពី១ពាន់ ព្រោះពេលនោះលោកកាន់អង្គភាពមួយ ដែលមានចំនួនកំលាំងកងទ័ពជាង២ពាន់ ក៏ប៉ុន្តែនៅថ្ងៃដែលលោកចេញដំណើរកងទ័ពរបស់លោក នៅក្រោមបញ្ជារបស់លោកនៅសល់តែ១៧៧៦នាក់ ដូច្នេះកំលាំងដែលអាចប្រើប្រាស់ភ្លាមៗ ដែលអាចវៃកាន់កាប់បាននៅស្រុកមេម៉ត់ ស្រុកតាម៉ោង ស្រុកស្នួល និងមួយភាគរបស់ស្រុកពញ្ញាក្រែក និងស្រុកដំបែរអាចវៃកាន់កាប់បាន ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់លោកនៅពេលនោះ យ៉ាងយូរមួយអាទិត្យនឹងត្រូវបង្រ្កាបនៅក្នុងថ្លុកឈាមវិញ ព្រោះយើងមិនអាចយកឈ្នះប៉ុលពត ដែលមានកំលាំងរហូតទៅដល់១៨កងពលធំ បានទេ ។ ដូច្នេះជម្រើសដែលនៅសេសសល់ល្អជាងគេ ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់ជីវិតកងទ័ព សម្រាប់ជួយជីវិតប្រជាជន មានតែសម្រេចចិត្តធ្វើការចាកចេញ ដោយការឈឺចាប់ ជាមួយនឹងទឹកភ្នែករាប់សែនដំណក់ រាប់ម៉ឺនដំណក់ចាកចោលប្រទេសជាតិ ដោយក្តៅឈឺចាប់ ជាមួយនឹងប្រជាជនដែលកំពុងរងគ្រោះ ជាមួយនឹងភរិយាដែលកំពុងមានផ្ទៃពោះ៥ខែ។ នោះហើយគឺជាការលំបាករបស់យុវជនជំនាន់នោះ ដែលរួមមានទាំងជីដូនជីតា ឪពុកម្តាយ របស់យុវជនយើងជំនាន់នេះផងដែរ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា មិនមែនជាការងាយស្រួលទេ គ្រាន់តែលោកសរសេរសំបុត្រ ព្រោះនៅពេលដែលលោកធ្វើការសម្រេចចិត្តថា លោកមិនធ្វើការប្រយុទ្ធទេ គឺសម្រេចចាកចេញដើម្បីប្រមូលកំលាំងតស៊ូសារជាថ្មី។ លោកនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថាពេលនោះគ្រាន់តែលិខិតតែប៉ុន្មានបន្ទាត់ប៉ុណ្ណោះ លោកសរសេរច្រើនម៉ោងដោយសារតែទឹកភ្នែក បានហូរធ្លាក់មកលើក្រដាស សរសេរហើយហែកចោលៗ តើត្រូវប្រើន័យរបៀបមិចឱ្យស្របជាមួយទៅនឹងស្ថានភាពជាក់ស្តែង ដែលយើងកំពុងតែស្ថិតនៅនេះ។ លោក ហ៊ុន សែន លើកឡើងថា លោកនៅចាំច្បាស់បើទោះបីលិខិតនោះ ត្រូវបានភរិយារបស់លោកហែកចោល នៅក្នុងថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ បន្ទាប់ពីនិរសារបស់លោក បានយកលិខិតនោះទៅឱ្យភរិយារបស់លោក។ ប៉ុន្តែលោកនៅចាំច្បាស់ នូវន័យខាងដើមដែលសរសេរហើយលុបៗ ពាក្យនៅត្រង់ថា «នៅពេលដែលអូនកំពុងអានលិខិតនេះ បងនៅសែនឆ្ងាយៗរហូតមិនដឹងថាបងខ្លួនឯងនៅទីណាផងទេ។ នេះជាចំណុចដ៏លំបាក សម្រាប់ភរិយារបស់លោក ព្រោះមិនដឹងថាយើងកំពុងសរសេរលិខិតត្រូវគេបាញ់ប្រហារ រឺសរសេររួចហើយត្រូវគេសម្លាប់យើង រឺយើងចង់ធ្វើដំណើរទៅទីណា ក៏យើងអត់ច្បាស់ខ្លួនយើងផងទេ។ នោះហើយគ្រាន់តែសេសេរលិខិតក៏មានការលំបាកណាស់ទៅហើយ តើត្រូវរៀបរាប់ប្រាប់ភរិយារបស់យើងថាយើងទៅណាពិតប្រាកដ។ ជួនកាលយើងចង់ទៅខាងលិច តែសភាពការណ៍បង្ខំឱ្យយើងទៅខាងកើត យើងចង់ទៅខាងត្បូង ប៉ុន្តែសភាពការណ៍បង្ខំឱ្យយើងទៅទិសខាងជើង។ បងសុំលាហើយ លាដើម្បីជួបវិញដោយគ្មានពេលកំណត់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំ នៃការចាប់ផ្តើមដែលបានចាប់ផ្តើមគូសវាសដោយខ្លួនឯង សម្រាប់ជីវិតរបស់ខ្លួន នឹងសម្រាប់ប្រទេសជាតិកម្ពុជា។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថាលោកធ្វើបានមែន ជាមួយនឹងការគាំទ្ររបស់ប្រជាជន និងជាមួយនឹងការគាំទ្ររបស់ប្រទេសវៀតណាម។ លោក ហ៊ុន សែន បានកសាងកំលាំងកងទ័ព ហើយដែលកងទ័ពនោះបានចូលមករួមចំណែក ដើម្បីរំដោះខេត្តតាកែវ កំពត កំពង់សោម មួយផ្នែក ដែលចេញមកពីទិសដែលលោកបានបញ្ជូនកំលាំង ភាគខាងលិច ភាគនិរតី ដែលពីមុននោះការបញ្ជូនកំលាំងមកភាគនិរតីគ្រាន់ តែជាការវៃដើម្បីគេហៅថា ដើម្បីទាញកំលាំងកុំឱ្យពួកប៉ុលពតប្រមូលផ្តុំកំលាំងទៅខាងបូព៌ាទិសតែប៉ុណ្ណោះ ក៏ប៉ុន្តែក្រោយមក កំលាំងនេះក៏បានចូលមកគ្រប់គ្រងនៅខេត្តតាកែវ។
គួរបញ្ជាក់ថា ដើម្បីរំលឹកដល់ការតស៊ូលះបង់ និងការឈឺចាប់កាលពី៤១មុន ក្នុងដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៨) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំចម្រៀងមួយបទមានចំណងជើងថា (ដើមទុនជីវិត) ទុកសម្រាប់ការស្តាប់ និងស្វែងយល់ដល់បងប្អូនជនរួមជាតិទាំងអស់៕