ពិធីបំពាក់គ្រឿងឥស្សរិយយសនៃសាធារដ្ឋសង្គមនិយមវៀតណាមជូនកងឯកភាពនិងនាយទាហាននៃកងយោធពលខេមរភូមិន្ទ
ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈនាយករដ្ឋមន្ត្រី និងក្រសួងការពារប្រទេសកងទ័ពប្រជាជនវៀតណាម បានប្រកាសសេចក្តីសម្រេចលើកសរសើរនិងជូនរង្វាន់ បំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ជូនដល់អង្គភាព និងបុគ្គលនាយទាហានជាន់ខ្ពស់ របស់កងយោធពលខេមរភូមិន្ទចំនួន ១៤១ រូប និងអង្គភាពដែលមានស្នាដៃក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ វៀតណាម និងកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម។
ពិធីបំពាក់គ្រឿងឥស្សរិយយសថ្នាក់ មិត្តភាព របស់ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់បុគ្គលនាយទាហានជាន់ខ្ពស់ និងអង្គភាព នៃកងយោធពលខេមរភូមិន្ទនាពេលនេះ បានប្រព្រឹត្តទៅ ក្នុងឱកាសដែល ឧត្ដមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ លោក ហ៊ូ ហ្វាងមិញ (HOU VANG MING) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមាននាយទាហានជាន់ខ្ពស់ ថ្នាក់អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពទាំង ៣ ប្រភេទ មេបញ្ជាការគ្រប់បណ្ដាយោធភូមិភាគ កងពលតូច កងពលធំ មេបញ្ជាការទ័ពជំនាញ និងនាយទាហានជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានថ្លែងថា ការបំពាក់ជូននូវគ្រឿងឥស្សរិយយសរបស់បក្សរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនដល់អង្គភាពនិងបុគ្គលនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទនាពេលនេះគឺមានអត្ថន័យដើម្បីឆ្លុះបញ្ចាំងពីស្មារតីពូនជ្រុំលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជាវៀតណាម ដោយបានជ្រោងទង់ខ្ពស់យុទ្ធសាមគ្គីកម្ពុជាវៀតណាម ដែលមានភាពជាប្រពៃណីជិតខាងដ៏ល្អ ក្នុងការចូលរួមក្នុងបុព្វហេតុកសាងការពារមាតុភូមិប្រទេសជាតិយើងទាំងពីរ រឹងមាំរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងថែរក្សាសន្តិភាពកិច្ចសហប្រតិបត្តិការជាមិត្តជិតខាងល្អយូរអង្វែង។