ខ្មែរប៉ុស្ដិ៍ Close

ឯកសារ ៥សំខាន់ៗ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
ឯកសារ ៥សំខាន់ៗ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ឯកសារ ៥សំខាន់ៗ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា

បន្ទាប់ពីជំនួបពិភាក្សាការងារនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥។

ឯកសារ ៥សំខាន់ៗ ដែលត្រូវបានចុះហត្ថលេខា ក្រោមវត្តមានរបស់មេ ដឹកនាំកំពូលទាំង២រួមមាន៖
– ទី១៖ ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក
– ទី២៖ សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក។ ពិធីសារទាំងពីរចុះហត្ថលេខាដោយលោក ង្វៀន វ៉ាន់ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា
– ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង២៥លានដុល្លាអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា។

ចុះហត្ថលេខាដយលោក ឌីញ គៀនយ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា
– ទី៤៖ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០។ ចុះហត្ថលេខាដោយលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា
– ទី៥ ៖អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម។ ចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋវៀតណាមនៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ។

ពេលអញ្ជើញដល់លោកបានចូលគាល់ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង ព្រមទាំងបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផងដែរ ៕

អត្ថបទទាក់ទង