ខ្មែរប៉ុស្ដិ៍ Close

ប្រទេសវៀតណាមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំពេលកំពុងកើតមានការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 51
ប្រទេសវៀតណាមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំពេលកំពុងកើតមានការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ-១៩ ប្រទេសវៀតណាមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំពេលកំពុងកើតមានការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ-១៩

ជនជាតិវៀតណាមបានពាក់ម៉ាស់ដើម្បីទៅចូលរួមការ បោះឆ្នោតនៅថ្ងៃអាទិត្យនេះ ខណៈពេលដែលប្រទេសវៀតណាមបាននិងកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃវីរុសកូវីដ-១៩ ។

បេក្ខជនឯករាជ្យតិចជាងមុនបានឈរឈ្មោះនៅក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលមានអាសនៈសរុបចំនួន ៥០០ អាសនៈ និងដែលធ្វើឡើងជារៀងរាល់ ៥ ឆ្នាំម្តង និងជាធម្មតាតែងតែត្រូវបានធ្វើឡើង បន្ទាប់ពីគណបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាចបានធ្វើសមាជដើម្បីជ្រើសរើសមេដឹកនាំថ្មីរួច។

បើទោះបីជាមានការកើនឡើងនូវការបើកចំហកាន់តែខ្លាំងចំពោះការផ្លាស់ប្តូរនៅក្នុងសង្គមនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បូករួមនិងវត្តមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ដោយ ក៏គណបក្សកុម្មុយនីស្តវៀតណាមនៅតែបន្តរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើប្រទេសវៀតណាម ក៏ដូចជាលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេស និងតែងតែបង្ហាញការអត់ធ្មត់តិចតួចបំផុតចំពោះសម្លេងប្រឆាំង។

អ្នកបោះឆ្នោត ដែលបានចុះឈ្មោះចំនួនជិត ៦៩,២ លាន នាក់ ក៏នឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជននៅថ្នាក់ខេត្ត និងស្រុកផងដែរ។

នៅមុនការបោះឆ្នោត លោក Vuong Dinh Hue ដែលជាប្រធានរដ្ឋសភា បាននិយាយថា «ខ្ញុំសង្ឃឹមថា អ្នកបោះឆ្នោតទាំងអស់នឹងចូលរួមបោះឆ្នោតដើម្បីជ្រើសរើសបេក្ខជនណាដែលគួរឱ្យទុកចិត្តបំផុត និងដែលសក្ដិសមបំផុត ដើម្បីតំណាងឱ្យសម្លេងរបស់ពួកគេ»។

បេក្ខជនដែលឈរឈ្មោះសម្រាប់អាសនៈនៅរដ្ឋសភាចំនួន ៩២% គឺជាសមាជិកនៃគណបក្សកុម្មុយនីស្ត ខណៈដែលចំនួនបេក្ខជនដែលមិនមែនជាសមាជិកគណបក្សបានធ្លាក់ចុះពីចំនួន ៩៧ នាក់ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ មកនៅត្រឹមតែ ៧៤ នាក់សម្រាប់ឆ្នាំនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានលើកឡើងថា «ចំនួនតំណាងរាស្ត្រដែលមិនមែនជាសមាជិកគណបក្សបានបន្តធ្លាក់ចុះនៅក្នុងការបោះឆ្នោតចំនួន ៣ លើកចុងក្រោយ»។

ការបោះឆ្នោតនេះត្រូវបានធ្វើឡើង នៅពេលដែលប្រទេសវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលបានផ្ទុះឡើងជាថ្មីនៅក្នុងប្រទេស និងដែលបាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័សចាប់តាំងពីចុងខែមេសាមក។

នៅមណ្ឌល Long Bien នៅក្នុងទីក្រុងហាណូយ អ្នកបោះឆ្នោតប្រមាណ ៣០ នាក់ បានឈរតម្រង់ជួរនៅស្តង់បោះឆ្នោតនិងសុទ្ធតែមានពាក់ម៉ាស់។ មុនពេលតម្រង់ជួរ អ្នកបោះឆ្នោតទាំងអស់បានវាស់កំដៅរបស់ពួកគេនៅតុក្បែរនោះ ហើយម៉ាស់និងទឹកជែលសម្រាប់លាងដៃ ក៏ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃផងដែរ ខណៈពេលដែលឧបករណ៍បំពងសម្លេងបានបន្តផ្សព្វផ្សាយឱ្យអ្នកបោះឆ្នោតរក្សាគំលាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់។

លោក Vuong Dinh Hue បាននិយាយថា «ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះគឺជាលើកដំបូងហើយ ដែលបានធ្វើឡើងនៅចំពេលកើតមានការផ្ទុះឡើងនៃវីរុសឆ្លងដ៏គ្រោះថ្នាក់បំផុត ដែលបានរីករាលដាលដល់ខេត្តជិតពាក់កណ្តាលនៃចំនួនខេត្តទាំងអស់នៅក្នុងប្រទេស ហើយខេត្តទាំងនោះ ភាគច្រើនក៏កំពុងស្ថិតនៅក្នុងការបិទខ្ទប់ផងដែរ» ។

លោកបានបន្តថា «អ្នករៀបចំការ បោះឆ្នោតបានចាត់វិធានការយ៉ាងហ្មត់ចត់ ដើម្បីធានាថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅប្រកប ដោយសុវត្ថិភាព»។ លទ្ធផលនៃការ បោះឆ្នោតជាទូទៅនឹងត្រូវបានប្រកាស នៅប្រហែល ២ សប្តាហ៍បន្ទាប់៕ Reuters

អត្ថបទទាក់ទង