ខ្មែរប៉ុស្ដិ៍ Close

តើការបន្ទច់បង្អាក់របស់ឥណ្ឌាលើទីផ្សារស្រូវអង្ករពិភពលោក នឹងបង្កការគំរាមកំហែងជាថ្មីដល់សន្តិសុខស្បៀងដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 136
តើការបន្ទច់បង្អាក់របស់ឥណ្ឌាលើទីផ្សារស្រូវអង្ករពិភពលោក នឹងបង្កការគំរាមកំហែងជាថ្មីដល់សន្តិសុខស្បៀងដែរឬទេ? តើការបន្ទច់បង្អាក់របស់ឥណ្ឌាលើទីផ្សារស្រូវអង្ករពិភពលោក នឹងបង្កការគំរាមកំហែងជាថ្មីដល់សន្តិសុខស្បៀងដែរឬទេ?

នៅពេលនេះ ទាំងការផ្គត់ផ្គង់ស្រូវអង្ករនិងស្រូវសាលី កំពុងប្រឈមនឹងការខ្វះខាតដ៏គួរឱ្យព្រួយបារម្ភ។ ទស្សនវិស័យនៃការអាចកើតមានវិបត្តិស្បៀងផ្សេងមួយទៀតនៅក្នុងពិភពលោក ដែលនឹងមានលក្ខណៈស្រដៀងគ្នានឹងវិបត្តិនៅឆ្នាំ ២០០៨-២០០៩, ១៩៧២-១៩៧៤, និង ១៩៦៦-១៩៦៨ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចស្បៀងអាហារពិភពលោកបានទទួលសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយសារភាពរអាក់រអួលផ្នែកផ្គត់ផ្គង់ដែលបង្កឡើងដោយវីរុសកូវីដ-១៩, ឥទ្ធិពលអាកាសធាតុដ៏អាក្រក់, ការបង្ក បញ្ហាពីសំណាក់រុស្ស៊ីលើការនាំចេញនិងទីតាំងស្តុកទុកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន និងការលេចឡើងយ៉ាងឆាប់រហ័សនៃបាតុភូតគ្រោះរាំងស្ងួត El Nino។

ជម្លោះក្នុងតំបន់នៅអាហ្វ្រិកដែលបានកាត់បន្ថយការផ្គត់ផ្គង់ស្បៀងអាហារទៅកាន់ប្រជាជនងាយរងគ្រោះ បានក្លាយជាបញ្ហាដែលកើតមានកាន់តែញឹកញាប់។ ភាពស្មុគស្មាញដ៏ធំសម្បើមនៃសន្តិសុខស្បៀងគឺថា «មានតែរដ្ឋាភិបាលប៉ុណ្ណោះដែលអាចធានាបាននូវសន្តិសុខស្បៀង ក៏ប៉ុន្តែទីផ្សារនឹងត្រូវទទួលអំរែកធ្ងន់ជាងគេ»។

បញ្ហានេះបានបង្ហាញនូវបញ្ហាប្រឈមសម្រាប់ប្រទេសភាគច្រើន ក្នុងការគ្រប់គ្រងឱ្យបាននូវទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបែបនេះ។ ឥណ្ឌូណេស៊ីបានបង្ហាញអំពីមេរៀនដែលខ្លួនបានរៀនសូត្រនៅពេលដឹកនាំជំនួបកំពូល G20 ឆ្នាំ ២០២២ នៅកោះបាលី ដែលបាននាំមកនូវសេចក្តីប្រកាសដ៏ម៉ឺងម៉ាត់មួយដែលផ្តោតខ្លាំងលើសន្តិសុខស្បៀង។

គេនៅមិនទាន់ដឹងច្បាស់ទេថា «តើឥណ្ឌាដែលជាប្រធាននៃកិច្ចប្រជុំ G20 នៅពេលបច្ចុប្បន្ន អាចបង្ហាញសមត្ថភាពដឹកនាំស្រដៀងគ្នានេះ ដើម្បីបញ្ឈប់ភាពចលាចលកាន់តែខ្លាំងនៅក្នុងបញ្ហាសេដ្ឋកិច្ចស្បៀងអាហារពិភពលោកនៅពេលនេះបានដែរឬទេ»។

ក្នុងបរិបទនេះ គេចាំបាច់ត្រូវស្វែងយល់អំពីមូលហេតុដែលនាំឱ្យមានបម្រាមនាំចេញស្រូវរបស់ឥណ្ឌា នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។ សន្តិសុខស្បៀងត្រូវតែធានាឱ្យបានសម្រាប់ពលរដ្ឋក្នុងស្រុក ហើយការ បោះឆ្នោតជាតិដែលគ្រោងនឹងរៀបចំនៅឆ្នាំ ២០២៤ បានជំរុញឱ្យអ្នកនយោបាយផ្តោតការយកចិត្តទុកដាក់លើស្ថិរភាពតម្លៃស្បៀងអាហារសំខាន់ៗ។

ឥណ្ឌានឹងបន្តគ្រប់គ្រងលើបម្រាមនាំចេញស្រូវអង្ករដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះអតិថិជន។ ទោះជាយ៉ាងណាក៏ដោយ ការមិនរាប់បញ្ចូលនូវអង្ករស្ងោរ (Par-boiled Rice) បានជួយការពារប្រទេសបង់ក្លាដែស និងបណ្តាទីផ្សារអាហ្វ្រិកមួយចំនួនទៀត ហើយបណ្តាកិច្ចសន្យាដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនស្រូវទាំងនោះ អាចនឹងត្រូវបានគោរព។

ក្នុងនាមជាប្រធានកិច្ចប្រជុំ G20 ឆ្នាំ ២០២៣ និងដោយនៅចងចាំច្បាស់នៅឡើយអំពីភាពជោគជ័យរបស់ឥណ្ឌូណេស៊ីក្នុងជំនួបកំពូល G20 ឆ្នាំ ២០២២ ឥណ្ឌានឹងបន្តព្យាយាមរក្សាតុល្យភាពរវាងតម្រូវការក្នុងស្រុកជាមួយនឹងការនាំចេញ។

ខណៈវិធានការរបស់ឥណ្ឌាបានបង្កផលប៉ះពាល់ខ្លាំងដល់ទីផ្សារស្រូវអង្ករពិភពលោក ប្រទេសចំនួន ៣បានទទួលនូវការយកចិត្តទុកដាក់ខ្លាំង។

ទី១ «គេមិនច្បាស់ទេថា : តើឥណ្ឌូណេស៊ីនឹងទទួលបានស្រូវចំនួន ១ លានតោន ដូចមានចែងនៅក្នុងកិច្ចសន្យាជាមួយឥណ្ឌាដែរឬអត់»។ ប្រសិនបើត្រូវបានបំពេញតាមកិច្ចសន្យា នោះភាពស្ងប់ស្ងាត់នឹងកើតមាននៅក្នុងទីផ្សារស្រូវអង្ករពិភពលោក។

ទី២ «ស្ថានភាពនៃឃ្លាំងស្តុកស្រូវរបស់ហ្វីលីពីនមានសារៈសំខាន់ខ្លាំង»។ ក្រុមបច្ចេកាធិបតេយ្យដែលពោរពេញទៅដោយបទពិសោធន៍នៅក្នុងគណៈរដ្ឋមន្ត្រីហ្វីលីពីន ទំនងជាបានរៀបចំផែនការត្រៀមខ្លួនចំពោះបញ្ហានេះហើយ។

ទី៣ «លំនាំនៃការនាំអង្ករចេញរបស់វៀតណាម ក៏ត្រូវបានគេឃ្លាំមើលផងដែរ»។ ខណៈទស្សនៈវិស័យលើផលដំណាំរបស់ខ្លួនហាក់មានសភាពល្អ ស្ថានភាពគ្រោះថ្នាក់តែងតែកើតមាន ប្រសិនបើរដ្ឋាភិបាលវៀតណាមរឹតត្បិតលើការនាំចេញ ដើម្បីឆ្លើយតបទៅនឹងភាពស្លន់ស្លោរក្នុងស្រុក ដែលបានជំរុញឱ្យប្រជាជនប្រមូលទិញស្រូវស្តុកទុក។

ការគ្រប់គ្រងបាននូវតម្លៃស្រូវនៅវៀតណាមនឹងមានភាពចាំបាច់។ នៅក្នុងស្ថានភាពអាសន្នផ្នែកស្រូវអង្ករ ក្រសែភ្នែកទាំងអស់ប្រាកដជាសម្លឹងទៅមើលចិន។ ផលិតកម្មស្រូវអង្កររបស់ចិនបានរងគ្រោះខ្លាំងគួរសម ដោយសារគ្រោះទឹកជំនន់ និងបាតុភូតអាកាសធាតុក្តៅ។

កម្រិតស្តុកទុកស្រូវអង្ករពិតប្រាកដនៅចិនស្ថិតក្នុងស្ថានភាពសម្ងាត់របស់រដ្ឋ ក៏ប៉ុន្តែវាគឺជាស្តុកស្រូវដែលមានទំហំធំជាងគេបង្អស់នៅក្នុងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ស្តុកទាំងនោះស្ថិតនៅរាយប៉ាយពាសពេញប្រទេស ដែលជាហេតុធ្វើឱ្យការគ្រប់គ្រងរបស់រដ្ឋាភិបាលមជ្ឈិម ស្ថិតក្នុងស្ថានភាពមានកម្រិត។

សន្តិសុខស្បៀងនៅចិនគឺជាអាទិភាពដ៏ខ្ពស់ ហើយដោយសារទាំងតម្លៃអង្ករ និងស្រូវសាលីកំពុងកើនឡើង គេនៅមិនទាន់អាចដឹងបានទេថា «តើរដ្ឋាភិបាលចិននឹងឆ្លើយតបក្នុងលក្ខខណ្ឌបែបណា»។ រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការនាំចូលបន្ថែមទៀត នឹងបង្កភាពចលាចលដល់ទីផ្សារ។

ក្នុងស្ថានភាពអាសន្នខ្លាំងចំពោះដំណាំស្រូវ ប្រទេសជប៉ុនអាចដើរតួនាទីស្រដៀងគ្នានឹងនៅឆ្នាំ ២០០៧។ កាលនោះ ការប្រកាសរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលថា «ជប៉ុននឹងចាប់ផ្តើមចរចាជាមួយហ្វីលីពីនដើម្បីលក់ស្រូវតាមគោលការណ៍របស់ WTO» បានធ្វើឱ្យតម្លៃស្រូវពិភពលោកធ្លាក់ចុះ។

ស្តុកស្រូវជប៉ុននៅពេលនេះមានទំហំតិចជាងកាលពីឆ្នាំ ២០០៧ តែប្រសិនបើជប៉ុនបញ្ចេញស្រូវត្រឹមតែកន្លះលានតោនទៅដល់ប្រទេសដែលកំពុងត្រូវការបំផុតនៅក្នុងតំបន់ វាក៏អាចជួយធ្វើឱ្យស្ថានការណ៍មានភាពស្ងប់ស្ងាត់បានមួយរយៈផងដែរ។

អ្នកជំនាញផ្នែកស្រូវអង្ករនៅក្រសួងកសិកម្មអាមេរិកមានសុទិដ្ឋិនិយមថា «ពិភពលោកអាចមានដំណោះស្រាយនៅក្នុងស្ថានភាពខ្វះខាតស្រូវអង្ករនេះ»។ ក្នុងរបាយការណ៍ចេញផ្សាយក្នុងខែសីហា ឆ្នាំ ២០២៣ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់ផលិតផលកសិកម្មពិភពលោក គេបានព្យាករថា «ផលិតកម្មស្រូវពិភពលោកសម្រាប់ទីផ្សារឆ្នាំ ២០២៣-២០២៤ មានចំនួន ៨,១ លានតោន» គឺច្រើនជាងឆ្នាំ ២០២២-២០២៣។

គេក៏បានព្យាករ ទៀតថា «ការប្រើប្រាស់ស្រូវអង្ករក្នុងពិភពលោកនឹងថយចុះចំនួន ១ លានតោន ដោយហេតុតែមានការនាំចូលតិចជាងមុនពីសំណាក់ប្រទេសជាច្រើននៅតំបន់អាស៊ីនិងតំបន់ Sub-Sahara Africa»។

គ្រោះអត់ឃ្លានមួយចំនួននៅតាមបណ្តាប្រទេសទាំងនោះ អាចនឹងកើតមានដោយសារការកាត់បន្ថយការប្រើប្រាស់ស្រូវអង្ករ ក៏ប៉ុន្តែកង្វះខាតស្រូវអង្ករខ្លាំងនឹងមិនកើតមានឡើយ បើយោងតាមការព្យាកររបស់ក្រសួងកសិកម្មអាមេរិក។

ទស្សនៈវិស័យអាស៊ីបានបង្ហាញនូវភាពអំណោយផលខ្លាំងពាក់ព័ន្ធនឹងបាតុភូត El Nino និងបម្រាមនាំចេញស្រូវអង្ករមួយចំណែករបស់ឥណ្ឌា។ ការធ្លាក់ចុះនៃការនាំចូលស្រូវអង្កររបស់ចិននៅឆ្នាំ ២០២២-២០២៣ និងការកាត់បន្ថយការរក្សាស្តុកទុកស្រូវក្នុងស្រុក នឹងក្លាយជាកត្តាអំណោយផលមួយទៀត។

ក្រសួងកសិកម្មអាមេរិកក៏បានរំពឹងដែរថា «ឥណ្ឌូណេស៊ីនិងហ្វីលីពីនមានស្តុកស្រូវគ្រប់គ្រាន់ក្នុងបរិបទនៃការខ្វះខាតស្រូវអង្ករនៅក្នុងពិភពលោក»។ ស្រូវបានក្លាយជាមុខទំនិញកាន់តែមានតម្លៃ តាំងពីមុនពេលកើតមានបាតុភូតអាកាសធាតុ El Nino និងការវាយប្រហាររបស់រុស្ស៊ីលើការនាំចេញស្រូវសាលីនិងពោតរបស់អ៊ុយក្រែនមកម្ល៉េះ។

តម្លៃស្រូវអង្ករអាចនឹងបន្តកើនឡើងនៅក្នុងរយៈពេល ៦-១២ ខែខាងមុខនេះ ដែលអាចកើនចំនួន ១០០ ដុល្លារបន្ថែមទៀតក្នុងមួយតោនសម្រាប់ស្រូវអង្ករវៀតណាម ឬថៃ។ ប៉ុន្តែបញ្ហាដ៏ធំគឺ «តើតម្លៃនោះនឹងកើនឡើងជាសន្សឹមៗ ដោយអាចផ្តល់ពេលដល់អ្នកប្រើប្រាស់ដើម្បីសម្របខ្លួនដោយមិនបង្កការភ័យស្លន់ស្លោរ» ឬ «តើតម្លៃនោះនឹងហក់ឡើងយ៉ាងគំហ៊ុក?»

ដោយសារតែចាប់ពីមានការប្រកាសរបស់ឥណ្ឌានៅខែកក្កដាមក ការភ័យស្លន់ស្លោរស្ទើរតែមិនត្រូវបានគេឃើញកើតមាន។ គេនៅតែមានក្តីសង្ឃឹមថា «តម្លៃស្រូវអង្ករនឹងកើនឡើងជាសន្សឹមៗ ហើយអាចនឹងស្ថិតក្រោមការគ្រប់គ្រងបាន»៕

East Asia Forum

អត្ថបទទាក់ទង