ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញជាថ្មីនៃលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែឧបសគ្គសំខាន់ៗនៅតែមាន
ពេលវេលាចុងក្រោយដែលអ្នកបោះឆ្នោតធ្វើដំណើរទៅបោះឆ្នោតនៅថៃគឺនៅឆ្នាំ ២០១៩ ដែលបាននាំមកនូវការបន្តរយៈពេល ៥ ឆ្នាំទៀតនៃរបបយោធាផ្តាច់ការ។ អ្នកបោះឆ្នោតថៃមានការភ័យខ្លាចក្នុងការលើកឡើងអំពីសេចក្តីប្រាថ្នារបស់ពួកគេចំពោះប្រជាធិបតេយ្យ និងបានអនុញ្ញាតឱ្យរដ្ឋាភិបាលដែលដឹកនាំដោយយោធាឡើងមកកាន់អំណាចបន្ត។ ឥឡូវនេះ បន្ទាប់ពីរយៈពេល ៤ ឆ្នាំនៃដំណើរការលទ្ធិប្រជាធិបតេយ្យអាស្រ័យសភា អ្នកបោះឆ្នោតថៃបាននាំគ្នាចេញមកធ្វើការសម្រេចចិត្តជាថ្មី។
ជាមួយនឹងការរាប់សន្លឹកឆ្នោតស្ទើរតែទាំងអស់នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ប្រជាជនបានបង្ហាញអំពីការប្រឆាំងយ៉ាងដាច់អហង្ការចំពោះរបបយោធា និងបណ្តាគណបក្សដែលជាកូនអុករបស់យោធា។ គណបក្សដែលមាននិន្នាការកំណែទម្រង់បំផុតរបស់ប្រទេសថៃ គឺគណបក្ស «Move Forward» អាចនឹងទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភា ហើយបន្ទាប់មកអាចជាគណបក្ស «Pheu Thai» សេរីនិយមដែលគ្របគ្រងដោយក្រុមគ្រួសារស៊ីណាវ៉ាត្រា។
តាមពីក្រោយពួកគេនៅក្នុងចំណាត់ថ្នាក់ទី៣ គឺគណបក្ស «Bhumjaithai» ដែលជាបក្សនយោបាយដែលមានលក្ខណៈប្រពៃណី, មានមូលដ្ឋាននៅជនបទ និងជាដៃគូចម្រុះរបស់រដ្ឋាភិបាលមុន។ តាមពីក្រោយឆ្ងាយ នៅលេខរៀងទី៤ និងទី៥ គឺគណបក្សកូនអុករបស់យោធាគឺគណបក្ស «Palang Pracharat» ដែលដឹកនាំដោយអតីតឧបនាយករដ្ឋមន្ត្រី និងជាមេទ័ព Prawit Wongsuwan និងគណបក្ស «United Thai Nation» ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន Prayuth Chan-ocha ដែលជាមេដឹកនាំរដ្ឋប្រហារឆ្នាំ ២០១៤។
តើវានឹងនាំមកនូវការកើតមានលទ្ធិប្រជាធិបតេយ្យជាថ្មីដែរឬទេ?
លទ្ធផលនេះបានឆ្លុះបញ្ចាំងអំពីកម្លាំងគាំទ្រដ៏ធំចំពោះគណបក្ស Move Forward ដែលបានឈ្នះអាសនៈច្រើនជាងកាលពីការបោះឆ្នោតឆ្នាំ ២០១៩ ទៅទៀត។ ឥឡូវនេះ គណបក្ស Move Forward អាចនឹងដណ្តើមបានអាសនៈទាំង៣៣ (លើកលែងតែមួយ) នៅទីក្រុងបាងកក ដែលកាលពីមុនធ្លាប់ជាបន្ទាយដ៏រឹងមាំរបស់គណបក្ស Pheu Thai។
វាមិនច្បាស់ទេថា «តើការអនុវត្តដ៏ល្អរបស់អភិបាលក្រុងបាងកកដែលទើបជាប់ឆ្នោត គឺលោក Chadchart Sittipunt ដែលជាមនុស្សឯករាជ្យ ដែលបានកំណត់ស្តង់ដារថ្មីសម្រាប់តម្លាភាព, គណនេយ្យភាព និងកិច្ចខិតខំប្រឹងប្រែងធ្វើការងារ បានជះឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកបោះឆ្នោតនៅទីក្រុងបាងកកដែរឬទេ»។ គណបក្ស Move Forward មានអ្នកដឹកនាំជាអតីតពាណិជ្ជករ គឺលោក Pita Limjaroenrat ដែលទទួលបានការអប់រំពីសាកលវិទ្យាល័យ Harvard ដែលជាអ្នកដែលមានទាំងការអប់រំខ្ពស់ និងមានគំនិតអាជីវកម្មដ៏ល្អ។
ការបង្កើតរដ្ឋាភិបាលថ្មីដែលប្រឆាំងនឹងការចូលរួមរបស់យោធានៅក្នុងឆាកនយោបាយ អាចជារឿងដ៏សមហេតុផលដែលអាចនាំឆ្ពោះទៅរកវឌ្ឍនភាពថ្មីនៃសម័យកាលប្រជាធិបតេយ្យនៅក្នុងឆាកនយោបាយថៃ ដែលមានលោក Pita ជានាយករដ្ឋមន្ត្រីថ្មី។ នេះអាចជាការផ្លាស់ប្តូរមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ជាពិសេសសម្រាប់បណ្តាប្រទេសដីគោក។
ការធ្លាក់ចុះយ៉ាងខ្លាំងនៃការគាំទ្រចំពោះរដ្ឋាភិបាលថៃដែលកំពុងកាន់អំណាច អាចឆ្លុះបញ្ចាំងឱ្យឃើញអំពីអារម្មណ៍ទូទៅរបស់ប្រជាជនថៃ ដែលបានយល់ថា «វាដល់ពេលហើយដែលរបបយោធាត្រូវចាកចេញ»។ លោក Prayut បានធ្វើជានាយករដ្ឋមន្ត្រីចាប់តាំងពីខែឧសភាឆ្នាំ ២០១៤ បន្ទាប់ពីលោកបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Yingluck Shinawatra។
ចាប់តាំងពីពេលនោះមក ប្រជាជនថៃកាន់តែធុញទ្រាន់នឹងរបៀបគ្រប់គ្រងផ្តាច់ការ និងអារម្មណ៍ឆាប់មួរម៉ៅរបស់លោក ក៏ដូចជាកង្វះសមត្ថភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេស។ ប្រជាជនថៃអាចមានអារម្មណ៍ថា «ការងាររបស់យោធាក្នុងការត្រួតពិនិត្យដំណើរការផ្លាស់ប្តូររាជាធិបតេយ្យពីព្រះបាទ Rama IX ទៅ Rama X គឺធ្វើបានល្អ ហើយឥឡូវនេះការងារនេះបានបញ្ចប់ហើយ»។ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនៅមិនទាន់អាចធានាបានទេថា «កម្លាំងប្រឆាំងរបស់ប្រទេសនឹងអាចបង្កើតរដ្ឋាភិបាលបាន»។
បញ្ហាប្រឈមចម្បងសម្រាប់គណបក្ស Move Forward គឺរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ដោយសារតែវាមានឃ្លាដែលបានអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភា ដែលមិនបានជាប់ឆ្នោតចំនួន ២៥០ រូប (ដែលត្រូវបានតែងតាំងដោយយោធា) អាចមានសិទ្ធិចូលរួមជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។ ដូច្នេះបណ្តាគណបក្សដែលជាកូនអុករបស់យោធា នៅតែអាចធ្វើការរួមគ្នាជាក្រុមចម្រុះដើម្បីរក្សាការក្តោបក្តាប់អំណាច។
ប្រសិនបើពួកគេទទួលបានការគាំទ្រពីគណបក្សដែលចូលរួមជាមួយរដ្ឋាភិបាលមុន (គឺបក្ស Bhumjaithai និង Democrats) នោះពួកគេនឹងអាចបង្កើតរដ្ឋាភិបាលចម្រុះមួយជាមួយនិងអាសនៈប្រហែល ១៧០ ដែលពួកគេបានឈ្នះសរុបនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បូករួមជាមួយនឹងការគាំទ្រពីរបបយោធាចំនួន ២៥០ អាសនៈ។
ប្រសិនបើរឿងនេះកើតឡើងមែន ពួកគេនឹងក្លាយជារដ្ឋាភិបាលសំឡេងភាគតិចដែលមិនអាចអនុម័តច្បាប់បាន ប្រសិនបើគ្មានការគាំទ្រពីបក្សប្រឆាំង។ ប៉ុន្តែពួកគេអាចនឹងសង្ឃឹមថា «ពួកគេអាចទាក់ទាញសមាជិកសភារបស់បក្សប្រឆាំងផ្សេងៗទៀត តាមរយៈការប្រើប្រាស់ការលើកទឹកចិត្តផ្សេងៗ ដូចជាការផ្តល់តំណែងជារដ្ឋមន្ត្រីដើម្បីសម្រេចឱ្យបាននូវសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប»។
បញ្ហាប្រឈមទី២ សម្រាប់បក្សប្រឆាំង គឺការបង្កើតសម្ព័ន្ធប្រជាធិបតេយ្យ។ តើបក្ស Pheu Thai នឹងយកព្រមទទួលយកលោក Pita ជានាយករដ្ឋមន្ត្រីដែរឬទេ ឬពួកគេចង់ឱ្យបេក្ខភាពម្នាក់ក្នុងចំណោម ៣ នាក់របស់ពួកគេ គឺលោក Srettha Thavisin, លោកស្រី Paetongtarn Shinawatra ឬលោក Chaikasem Nitisiri ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី?
តើបក្ស Pheu Thai នឹងព្យាយាមលើកលោកស្រី Paetongtarn ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ឱ្យឡើងកាន់តំណែងនេះដែរឬទេ? សំណួរសំខាន់មួយទៀតគឺថា «តើគណបក្ស Pheu Thai នឹងយល់ព្រមចំពោះគោលនយោបាយដ៏ចម្រូងចម្រាសរបស់គណបក្ស Move Forward ស្តីពីការកែទម្រង់ច្បាប់ទាក់ទងនឹងព្រះមហាក្សត្រដែរឬទេ»។
គណបក្ស Move Forward ចង់ផ្លាស់ប្តូរច្បាប់ដែលដាក់ទោសទណ្ឌចំពោះការប្រមាថព្រះមហាក្សត្រ ដើម្បីកុំឱ្យវាត្រូវបានគេយកមកប្រើជាអាវុធដើម្បីវាយប្រហារលើគូប្រជែងនយោបាយ។ ឱកាសរបស់គណបក្សទាំងពីរ ក្នុងការបង្កើតជាសម្ព័ន្ធការងារនឹងត្រូវបានពង្រឹង ប្រសិនបើពួកគេអាចនាំបក្ស Bhumjaithai មកចូលរួមនៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ខណៈដែលបក្សនេះបានផ្លាស់ប្តូរចុះឡើងរវាងភាគីទាំងសងខាងនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ប៉ុន្តែវានឹងមានន័យថា «បក្ស Bhumjaithai ត្រូវទទួលយកគោលជំហររបស់បក្ស Move Forward និង Pheu Thai ក្នុងការលុបចោលនូវការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់ប្រទេសថៃកាលពីឆ្នាំមុនក្នុងការផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កញ្ឆា»។ បក្សទាំងពីរកំពុងស្នើឱ្យមានការរឹតបន្តឹងលើការប្រើប្រាស់កញ្ឆាសម្រាប់តែគោលបំណងវេជ្ជសាស្រ្ត។ មេដឹកនាំបក្ស Bhumjaithai គឺ លោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីសុខាភិបាលបច្ចុប្បន្ន និងជាអ្នកតស៊ូមតិគាំទ្ររឿងនេះបាន និយាយថា «ការផ្លាស់ប្តូរច្បាប់កញ្ឆារបស់ប្រទេស គឺជារឿងដែលមិនអាចចរចាបានទេសម្រាប់គណបក្សរបស់លោក»។
បញ្ហាប្រឈមទី៣ ដែលបក្សប្រឆាំងកំពុងជួបប្រទះ អាចជាចំណុចដ៏គួរឲ្យព្រួយបារម្ភបំផុត។ វាគឺជាលទ្ធភាពដែលស្ថាប័នអភិរក្សនិយមនៅក្នុងប្រទេសថៃនឹងស្វែងរកវិធីដើម្បីធ្វើឲ្យលទ្ធផលបោះឆ្នោតមិនមានសុពលភាពតាមរយៈចំណាត់ការរបស់តុលាការ ឬរដ្ឋប្រហារតាមរយៈតុលាការ (Judicial Coup)។
បច្ចុប្បន្ន លោក Pita កំពុងប្រឈមនឹងបណ្តឹងពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ។ ទន្ទឹមនឹងនេះ គណបក្ស Pheu Thai ក៏កំពុងប្រឈមមុខនឹងវិវាទទាក់ទងនឹងការអនុញ្ញាតឱ្យភាគីខាងក្រៅជ្រៀតជ្រែកនៅក្នុងដំណើរការកិច្ចការរបស់ខ្លួនផងដែរ។ វាអាចទៅរួចដែលថា «យើងនឹងអាចដឹងលទ្ធផលបោះឆ្នោតបានលឿនជាងកាលពីឆ្នាំ ២០១៩»។
គណៈកម្មការរៀបចំការបោះឆ្នោតហាក់ដូចជាបានអនុវត្តកិច្ចការបានល្អជាងមុនពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោតនៅពេលនេះ និងមិនចាំបាច់សម្រេចចិត្តអំពីរបៀបអនុវត្តរូបមន្តដ៏ស្មុគស្មាញក្នុងការបែងចែកអាសនៈទៀតនោះទេ។ ប្រការនេះមានន័យថា «ការអង្គុយរួមនៅក្នុងសភាអាចនឹងកើតមានលឿនជាងមុន ហើយក្រុមចម្រុះក៏អាចនឹងលេចឡើងនៅក្នុងពេលឆាប់ៗ»។ នៅពេលនោះយើងនឹងអាចដឹងបានយ៉ាងប្រាកដថា «តើសំឡេងរបស់ប្រជាជនពិតជាត្រូវបានគេទទួលស្តាប់មែនដែរឬអត់»៕
The Conversation