ខ្មែរប៉ុស្ដិ៍ Close

លំហាត់ហ្វឹកហ្វឺនរួមស្តីពីការសង្រ្គោះគ្រោះមហន្តរាយ នឹងចែករំលែកបទពិសោធន៍ការងារនិងរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅតាមព្រំដែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 55
លំហាត់ហ្វឹកហ្វឺនរួមស្តីពីការសង្រ្គោះគ្រោះមហន្តរាយ នឹងចែករំលែកបទពិសោធន៍ការងារនិងរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅតាមព្រំដែន លំហាត់ហ្វឹកហ្វឺនរួមស្តីពីការសង្រ្គោះគ្រោះមហន្តរាយ នឹងចែករំលែកបទពិសោធន៍ការងារនិងរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅតាមព្រំដែន

យោងតាមកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉ូ ស៊ុន លិច្ស “NGO XUAN LICH” រដ្ឋមន្ត្រីក្រសួងការពារប្រទេ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកលំហាត់ហ្វឹកហ្វឺនរួម ស្តីពីការសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកកម្ពុជា វៀតណាម និងការងារមនុស្សធម៌ឆ្នាំ២០១៩ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោក ទៀ បាញ់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយស្នងការសង្គ្រោះគ្រោះមហន្តរាយ នៃកងទ័ពប្រជាជនវៀតណាម និងអាជ្ញាធរពាក់ព័ន្ធខេត្តស្វាយរៀង រួមគ្នារៀបចំលំហាត់ហ្វឹកហ្វឺននាពេលនេះ ដំណើរការទទួលលទ្ធផលប្រកបដោយផ្លែផ្កា ទៅតាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក ដែលជាមូលដ្ឋានគ្រឹះ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនគោកកម្ពុជា វៀតណាម។

លោកបានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយឯក ង៉ូ ស៊ុន លិច្ស ដែលបានបង្ហាញពីឆន្ទៈគាំទ្រ ការផ្តួចផ្តើមរៀបចំលំហាត់ហ្វឹកហ្វឺននាពេលនេះ សម្រាប់ធ្វើជាបទពិសោធន៍រៀបចំនាឆ្នាំក្រោយៗទៀត សំដៅលើកកម្ពស់សន្តិភាព និងស្ថេរភពតាំព្រំដែន ក៏ដូចជាជម្រុញទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត រួមចំណែកឲ្យកាន់តែស៊ីជម្រៅលើការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា រវាងកងទ័ពប្រទេសទាំងពីរ។ លំហាត់ហ្វឹកហ្វឺននេះ បានបង្ហាញការសម្តែងនៅលើទីលាន និងការងារមនុស្សធម៌ ដែលជាការសង្គ្រោះគ្រោះមហន្តរាយ ដែលបង្កឡើងដោយសារការសាយភាយសារជាតិគីមី គឺជាឧប្បទ្ទវហេតុមួយនៅតាមព្រំដែន ដែលតម្រូវឲ្យប្រទេសទាំងពីរសហការរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះជាបន្ទាន់ ឲ្យរួចផុតពីការគ្រោះថ្នាក់។

តាមរយៈលំហាត់ហ្វឹកហ្វឹននេះ នឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា វៀតណាម ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដែលជាការបង្ហាញនូវបំណងប្រាថ្នារួមក្នុងការពង្រីកស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម រួមចំណែកដល់សន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពីព្រោះសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមព្រំដែនប្រទេសទាំងពីរ គឺជាកត្តាស្នូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរទៀតផង។

ជាមួយគ្នានេះ តាមរយៈលំហាត់រួមគ្នានាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ ទាំងនយោបាយ សន្តិសុខ ការទំនាក់ទំនងការទូតយោធាប្រទេសទាំងពីរ ឱ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ក្នុងការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហការសម្របសម្រួលសកម្មភាពទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនានានៅតាមព្រំដែន ដូចជា ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការនាំចេញចូលទំនិញខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ជាដើម។ល។ ប្រការទាំងអស់នេះ ទាមទារឲ្យប្រទេសយើងទាំងពីរបន្តលើកកម្ពស់យល់ដឹងដល់ប្រជាជនអំពីសារៈសំខាន់ និងសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងព្រំដែនរួមមួយ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។

លោក ទៀ បាញ់ បានលើកទឹកចិត្តដល់លោក លោកស្រី ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរកម្ពុជា វៀតណាម សូមបន្តធ្វើឲ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀតដើម្បីឆ្លើយតបបានទាន់ពេលវេលា ទៅនឹងការគំរាមកំហែងផ្សេងៗនៅតាមព្រំដែន និងបញ្ហាប្រឈមនានា ដែលកំពុងកើតមានទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ មួយវិញទៀត លំហាត់ហ្វឹកហ្វឺននាពេលនេះ នឹងចែករំលែកបទពិសោធន៍ការងារកាន់តែល្អិតល្អន់ផុលផុសថែមទៀតអំពីបញ្ហាប្រឈម ដែលជាគន្លឹះក្នុងការលើកកម្ពស់ការជឿទុកចិត្តគ្នា រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅតាមព្រំដែន និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ក៏ដូចជាស្ថានភាពសង្គ្រោះគ្រោះមហន្តរាយ និងភាពអាសន្នផ្សេងៗទៀត ប្រកបដោយប្រសិទ្ធភាព ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ដែលជាធាតុចូលដ៏សំខាន់ ទាក់ទងទៅនឹងប្រធានបទ«លំហាត់ រួមគ្នាសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារការសាយភាយសារជាតិគីមី និងការងារមនុស្សធម៌» នាពេលនេះ៕

អត្ថបទទាក់ទង