ខ្មែរប៉ុស្ដិ៍ Close

សម្រាប់ចិន ការជំរុញវិស័យអចលនទ្រព្យគឺគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 55
សម្រាប់ចិន ការជំរុញវិស័យអចលនទ្រព្យគឺគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ អគារ​លំនៅឋាន​កំពុង​សាងសង់​នៅទី​ក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន។ ប្រទេសចិនកំពុងធ្វើការលើកញ្ចប់វិធានការថ្មី ដើម្បីគាំទ្រដល់ទីផ្សារអចលនទ្រព្យ រូបថត៖ Bloomberg

ការកាត់បន្ថយអត្រាការប្រាក់កម្ចីសំខាន់ចំនួន២ របស់ធនាគារកណ្តាលប្រទេសចិន ដែលរួមមានទាំងសម្រាប់ការបញ្ចាំអចលនទ្រព្យនោះ ទំនងជាមិនមែនជាការបញ្ចប់នៃការបន្ធូរបន្ថយគោលនយោបាយនោះទេ។ ទិន្នន័យចុងក្រោយបំផុតនេះបានឆ្លុះបញ្ចាំងអំពីការវិលត្រឡប់មកវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ដែលកំពុងតែរអាក់រអួល។

គេបានរំពឹងថា វាអាចនឹងមានដំណើរធ្លាក់ចុះជាច្រើននៅក្នុងផ្លូវឆ្ពោះទៅរកការងើបឡើងវិញ នៅចំពេលមានការថយចុះនៃតម្រូវការសកល និងការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជាពិសេសគឺនៅក្នុងការធ្វើពាណិជ្ជកម្មបរទេស។

តួលេខពាណិជ្ជកម្មមិនល្អរបស់ប្រទេសនាំចេញធំៗ ពិតជាបានបង្ហាញថា នេះមិនមែនជាការរឹតត្បិតចំពោះប្រទេសចិននោះទេ។ បរិយាកាសពាណិជ្ជកម្ម ទំនងជាមានការលំបាកនៅក្នុងឆ្នាំនេះ ពីព្រោះតម្រូវការជាច្រើន ជាពិសេសគឺតម្រូវការពីសំណាក់ប្រទេសលោកខាងលិច នៅតែចុះខ្សោយ។

ដូចនេះ វាមានន័យថា ប្រទេសចិននឹងត្រូវស្វែងរកក្បាលម៉ាស៊ីនកំណើនថ្មីសម្រាប់ការពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។ ការប្រើប្រាស់នៅក្នុងស្រុករបស់ប្រទេសចិនក៏នៅខ្សោយដូចគ្នា ខណៈមនុស្សជាច្រើននិយាយថា អ្វីដែលជាមូលហេតុនោះ គឺការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។

ទីផ្សារខាងលើពិតជាមានសារៈសំខាន់ក្នុងការការពង្រីកនូវតម្រូវការ ពីព្រោះរដ្ឋាភិបាលក្នុងស្រុកជាច្រើនបានពឹងផ្អែកទៅលើការលក់ដីធ្លីដើម្បីស្វែងរកប្រាក់ចំណូលសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្សេងៗ។

មួយផ្នែកគឺដោយសារតែការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ម៉្យាងទៀតកម្រិតបំណុលរបស់រដ្ឋាភិបាលតំបន់កំពុងតែក្លាយជារឿងដ៏គួរឱ្យព្រួយបារម្ភ។ នៅក្នុងរយៈពេលខ្លី ប្រសិនបើរដ្ឋាភិបាលពិតជាធ្វើការជំរុញសេដ្ឋកិច្ចដូចអ្វីដែលមនុស្សជាច្រើនរំពឹងទុកមែន នោះរដ្ឋាភិបាលត្រូវតែផ្តល់ការគាំទ្រដល់វិស័យអចលនទ្រព្យ។

ការធ្វើបែបនេះនឹងអាចជួយបង្កើតបរិយាកាសគ្រួសារឱ្យមានភាពប្រសើរឡើង ជាពិសេសតាមរយៈការបន្ធូរបន្ថយកង្វល់ពាក់ព័ន្ធនឹងការបង់រំលោះទ្រព្យសកម្មរបស់ពួកគេដែលជាទ្រព្យសម្បត្តិដ៏សំខាន់។ ប្រសិនបើគ្រួសារនីមួយៗនៅតែមិនមានទំនុកចិត្ត ឬប្រសិនបើពួកគេនៅតែព្រួយបារម្ភអំពីតម្លៃនៃទ្រព្យសម្បត្តិរបស់ពួកគេ ពួកគេនឹងត្រូវជ្រើសយកការរក្សាប្រាក់ទុកសម្រាប់ពេលមានបញ្ហាលំបាកធ្ងន់ធ្ងរ ជំនួសឱ្យការចំណាយ។

ដូច្នេះ ក្រុមមន្ត្រីត្រូវតែបង្កើតនូវគោលនយោបាយដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យនៅក្នុងចំណោមវិធានការផ្សេងៗទៀតដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់និងក្រុមគ្រួសារ នូវទំនុកចិត្តជាថ្មីដើម្បីឱ្យពួកគេចាប់ផ្តើមធ្វើការចំណាយម្តងទៀត។

សម្រាប់រដ្ឋាភិបាលក្នុងតំបន់វិស័យអចលនទ្រព្យដែលមានស្ថិរភាពជាងមុន ក៏អាចនឹងផ្តល់ភាពល្អប្រសើរដល់ហិរញ្ញវត្ថុរបស់ពួកគេផងដែរ ដែលចំណុចនេះពិតជាមានសារៈសំខាន់ណាសស់សម្រាប់តម្រូវការក្នុងស្រុក។ ហេតុដូច្នេះហើយ បានជាអាជ្ញាធរកំពុងព្យាយាមជំរុញទីផ្សារអចលនទ្រព្យដោយប្រយោលដើម្បីបន្ធូរបន្ថយបន្ទុករបស់អ្នកទិញផ្ទះ។

នោះមានន័យថា ទិសដៅគោលនយោបាយរបស់ចិនទំនងជាមិនផ្លាស់ប្តូរនោះទេនៅក្នុងរយៈពេលយូរ។ អាជ្ញាធរនឹងមិនអាចមើលឃើញថា វិស័យអចលនទ្រព្យជាកត្តាជំរុញប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ ហើយម្យ៉ាងវិញទៀតពួកគេក៏មិនអាចស្រមើស្រមៃអំពីការចម្លងគំរូកំណើនចាស់របស់ទីក្រុងហុងកុងនោះឡើយ។

នៅទីបំផុត រដ្ឋាភិបាលនៅតែចង់ជម្រុញធនធាន និងមូលធនឆ្ពោះទៅរកសកម្មភាពផលិត ដូចជាផលិតកម្មជាដើម។

ដូច្នេះនៅក្នុងរយៈពេលវែង គោលបំណងនៃគោលនយោបាយរបស់ប្រធានាធិបតី Xi Jinping ដែលបានធ្វើឱ្យលំនៅដ្ឋានក្លាយជាតម្រូវការដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ហើយលែងក្លាយជាឧបករណ៍សម្រាប់ការវិនិយោគនោះនឹងនៅតែមិនផ្លាស់ប្តូរនោះឡើយ។ គោលដៅរយៈពេលវែងរបស់រដ្ឋាភិបាលគឺការព្យាយាមបង្វែរធនធាន និងមូលធនឆ្ពោះទៅរកអ្វីដែលគេហៅថាជាវិស័យសេដ្ឋកិច្ចពិតប្រាកដ៕

South China Morning Post

អត្ថបទទាក់ទង