ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ចិននឹងប្រារព្ធពិធីបិទ «ឆ្នាំទស្សនាវប្បធម៌ និងទេសចរណ៍» រួមគ្នា ក្រោយដំណើរការ ៥ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 47
កម្ពុជា-ចិននឹងប្រារព្ធពិធីបិទ «ឆ្នាំទស្សនាវប្បធម៌ និងទេសចរណ៍» រួមគ្នា ក្រោយដំណើរការ ៥ឆ្នាំ កម្ពុជា-ចិននឹងប្រារព្ធពិធីបិទ «ឆ្នាំទស្សនាវប្បធម៌ និងទេសចរណ៍» រួមគ្នា ក្រោយដំណើរការ ៥ឆ្នាំ

គេនៅចាំបានថា ភាគីកម្ពុជា និងភាគីចិនបានប្រកាសបើករួមគ្នានូវ «ឆ្នាំទស្សនាវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» តាំងពីឆ្នាំ២០១៩ ពោលគឺមានរយៈពេល៥ឆ្នាំមកហើយ ដែលនៅក្នុងឆ្នាំ២០២៣នេះ ភាគីទាំងពីរកំពុងពិគ្រោះគ្នារកពេលរៀបចំពិធីបិទឆ្នាំទស្សនាវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិននេះវិញ នាពេលខាងមុខសមស្របណាមួយ។

នេះបើតាមការពិភាក្សាទ្វេភាគីរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា កាលពីឆ្នាំ២០១៩ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌និងទេសចរណ៍ចិនបានប្រារព្ធពិធីបើក «ឆ្នាំទស្សនាវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» ប៉ុន្តែបន្ទាប់ពីពេលនោះមក វិបត្តិកូវីដ១៩ក៏បានកើតឡើងពាសពេញពិភពលោក រួមទាំងកម្ពុជា និងចិនផងដែរ។ ម្ល៉ោះហើយទើបលោករដ្ឋមន្ត្រី ថោង ខុន បានស្នើសុំទៅកាន់ក្រសួងវប្បធម៌ និងទេសចរណ៍ចិនពិចារណារៀបចំប្រារព្ធពិធីបិទរួមគ្នានៅប្រទេសចិន នាពេលសមស្របណាមួយ។

លោករដ្ឋមន្ត្រីក៏បានរំឭកអំពីអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងចិន កាលពីឆ្នាំ២០១៦ និងមានបំណងចង់បង្កើនសកម្មភាពនៃកិច្ចសហប្រតិបត្តិការនោះឱ្យបានជិតស្និទ្ធថែមទៀត ដើម្បីសម្រេចឱ្យបាននូវគុណប្រយោជន៍សម្រាប់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

លោកអនុរដ្ឋមន្ត្រីបានឯកភាពលើការប្រារព្ធពិធីបិទ «ឆ្នាំទស្សនាវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នៅពេលសមស្របណាមួយ។

លោកថា កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ចិនមិនមែនរីងស្ងួតអស់ត្រឹមនេះនោះទេ គឺមានតែបន្ថែមកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ពិសេសគឺការបង្កើនការសកម្មភាពអនុវត្តលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ចិនឱ្យកាន់តែទទួលបានផ្លែផ្កាថែមទៀត ពិសេសបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩នេះតទៅ។

លោកអនុរដ្ឋមន្ត្រីបានលើកឡើងថា កិច្ចសហប្រតិបត្តិការខាងលើក៏សមស្របនឹងពេលវេលាដែលរដ្ឋាភិបាលចិនដាក់ចេញគោលនយោបាយបើកទេសចរណ៍ឡើងវិញទៅកាន់ពិភពលោក ក្នុងនោះកម្ពុជាជាទីផ្សារទេសចរណ៍មួយ ក្នុងចំណោមទីផ្សារទេសចរណ៍សំខាន់ៗរបស់ប្រទេសចិនយ៉ាងចាំបាច់ផងដែរ។

ភាគីទាំងពីរក៏បានឯកភាពលើការជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងសក្ដានុពលទេសចរណ៍ពីគ្នាទៅវិញទៅមក និងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕

Fresh News

អត្ថបទទាក់ទង