ខ្មែរប៉ុស្ដិ៍ Close

នៅកិច្ចប្រជុំ G20 និងកិច្ចប្រជុំកំពូលផ្សេងៗទៀត តំបន់អាស៊ីអាចដណ្តើមអំណាចសេដ្ឋកិច្ចមកវិញពីសហរដ្ឋអាមេរិក, ចិន និងរុស្ស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 150
នៅកិច្ចប្រជុំ G20 និងកិច្ចប្រជុំកំពូលផ្សេងៗទៀត តំបន់អាស៊ីអាចដណ្តើមអំណាចសេដ្ឋកិច្ចមកវិញពីសហរដ្ឋអាមេរិក, ចិន និងរុស្ស៊ី នៅកិច្ចប្រជុំ G20 និងកិច្ចប្រជុំកំពូលផ្សេងៗទៀត តំបន់អាស៊ីអាចដណ្តើមអំណាចសេដ្ឋកិច្ចមកវិញពីសហរដ្ឋអាមេរិក, ចិន និងរុស្ស៊ី

តំបន់អាស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ចជាច្រើននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយមេដឹកនាំអាមេរិកនិងចិន ដែលកំពុងរងនូវការប៉ះទង្គិចគ្នា (បូករួមទាំងលោក Vladimir Putin របស់រុស្ស៊ី) ក៏ត្រូវបានគេរំពឹងថានឹងអញ្ជើញមកចូលរួមផងដែរ។ សម្រាប់ប្រទេសដទៃ ការរក្សាខ្លួនឱ្យស្ថិតនៅឆ្ងាយពីបញ្ហា គឺជារឿងដ៏សំខាន់។ ក៏ប៉ុន្តែពួកគេក៏ត្រូវរួមគ្នាចាត់វិធានការវិជ្ជមានបន្ថែមទៀតផងដែរ។

សង្រ្គាមដ៏ក្តៅគគុករវាងរុស្ស៊ីជាមួយអ៊ុយក្រែន និងសង្រ្គាមត្រជាក់ រវាងអាមេរិកជាមួយរុស្ស៊ីនិងចិន អាចនឹងនាំមកនូវវិបត្តិសេដ្ឋកិច្ចពិភពលោក ប្រសិនបើបណ្តាប្រទេសអាស៊ីនិងប្រទេសដទៃទៀតមិនអាចជំរុញឱ្យមហាអំណាចធំៗផ្លាស់ប្តូរទិសដៅរបស់ពួកគេ។

សហរដ្ឋអាមេរិក, ចិននិងរុស្ស៊ី គឺសុទ្ធតែជាមហាអំណាចដ៏សំខាន់។ ក៏ប៉ុន្តែជំនួសឱ្យការរួមគ្នាបង្ហាញអំពីភាពជាអ្នកដឹកនាំ ពួកគេកំពុងអូសពិភពលោកឆ្ពោះទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ច។ មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់គ្រោះមហ្តរាយនេះគឺ «ការតស៊ូពីសំណាក់មហាអំណាចតូចៗដោយត្រូវរួមគ្នាធ្វើសកម្មភាព»។ ហេតុដូច្នេះហើយ កិច្ចប្រជុំកំពូលនៅពេលខាងមុខ គឺពិតជាមានសារៈសំខាន់ណាស់។

ទិសដៅនៃសេដ្ឋកិច្ចនិងយុទ្ធសាស្ត្ររបស់ពិភពលោកត្រូវបានគ្រោងឡើង និងអនុវត្តមិនបានល្អនោះទេ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ អតីតប្រធានាធិបតីអាមេរិក Donald Trump បានបង្កើតឱ្យមានកំហុសដ៏ឆ្កួតលេលា ជាមួយនឹងការប្រើប្រាស់ការធ្វើពាណិជ្ជកម្មជាអាវុធប្រឆាំងនឹងចិន ខណៈដែលអ្នកស្នងតំណែងបន្តពីលោក គឺលោក Joe Biden ក៏បាននិងកំពុងធ្វើដូចគ្នានេះដែរ ជាមួយនឹងការជំរុញឱ្យសម្ព័ន្ធមិត្តចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងជាមួយចិននិងរុស្ស៊ី។

សម្ព័ន្ធមិត្តទាំងនេះត្រូវតែយល់ថា «ជាមួយនឹងមនុស្សដែលមិនមានការយល់ដឹងច្បាស់លាស់អំពីការដឹកនាំ ពួកគេអាចនឹងទាញយើងឱ្យធ្លាក់ជ្រោះ។ ដូច្នេះ យើងត្រូវតែបំបែកខ្លួនចេញ ដើម្បីបង្កើតទម្រង់ថ្មីឡើងដែលនឹងអនុញ្ញាតឱ្យយើងអាចបន្តដំណើរទៅមុខទៀតបាន បើទោះបីជាការបោះជំហានទៅមុខអាចមានល្បឿនយឺតក៏ដោយ»។

អ្នកនិពន្ធ Christopher Caldwell បានកត់សម្គាល់ថា «ការប៉ុនប៉ងរបស់អាមេរិកក្នុងការផ្តាច់ប្រទេសរុស្ស៊ីចេញពីប្រព័ន្ធពិភពលោក នឹងនាំមកនូវផលវិបាកដែលនឹកស្មានមិនដល់»។ កិច្ចប្រជុំកំពូលនៅ ក្នុងខែវិច្ឆិកាខាងមុខ ដែលរួមមានកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូណេស៊ី, កិច្ចប្រជុំកំពូលអាស៊ី បូព៌ានៅកម្ពុជា និងកិច្ចប្រជុំថ្នាក់មេដឹកនាំ Apec នៅប្រទេសថៃ អាចនឹងមានវត្តមានរបស់មេដឹកនាំអាមេរិក, ចិន និង រុស្ស៊ីដែលនឹងបង្កើតជាឱកាសដ៏ពិសេសមួយសម្រាប់ការធ្វើសកម្មភាព។

ប្រសិនបើសហរដ្ឋអាមេរិក ចិននិង រុស្ស៊ីមិនអាចបង្កើតឱ្យមានសមិទ្ធផលគួរឱ្យកត់សម្គាល់នៅឯកិច្ចប្រជុំកំពូលទាំងនេះបានទេ ខណៈដែលវាអាចជាឱកាសចុងក្រោយសម្រាប់ពួកគេសេដ្ឋកិច្ចពិភពលោកអាចនឹងបន្តរងនូវការធ្លាក់ចុះដែលនឹងជំរុញល្បឿនបដិសាកលភាវូបនីយកម្ម (Deglobalization) ។

លោក Biden បានបង្ហាញអំពីការផ្លាស់ប្តូរយ៉ាងលឿន ជាមួយនឹងការងាកចេញពីការអនុវត្តពន្ធគយធម្មតាទៅជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងពីការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទៅជា «ការទាញដំណើរផលិតកម្មមកក្នុងស្រុកវិញ» ឬ «ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុង ចំណោមប្រទេសជាមិត្ត»។

សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងតែប្រយុទ្ធជាមួយនឹងបីសាចដែលពួកគេជាអ្នកបង្កើតឡើងដោយខ្លួនឯង។ សមាជិកជាន់ខ្ពស់នៃអង្គការ «Atlantic Council» លោក Hung Tran បានកត់សម្គាល់ថា «សហរដ្ឋអាមេរិក និងអឺរ៉ុប គឺជាអ្នកដែលបានជួយធ្វើឱ្យប្រទេសចិនក្លាយជាមហាអំណាចផលិតកម្មនិងពាណិជ្ជកម្មសកល ហើយវាមិនមែនជារឿងងាយស្រួលទេ ក្នុងការបង្វែរខ្សែសង្វាក់ផ្គត់ផ្គង់សកលចេញពីប្រទេសចិនវិញ»។

លោក Tran ដែលជាអតីតមន្ត្រីនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងនៅវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បានបន្តថា «ប្រទេសចិនបានដណ្តើមយកតួនាទីដ៏សំខាន់នៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក ក្នុងនាមជាក្រុមហ៊ុនផលិតលំដាប់កំពូលនៃផលិតផលបច្ចេកវិទ្យាខ្ពស់និងជាដៃគូពាណិជ្ជកម្មលំដាប់កំពូល និងជាដៃគូវិនិយោគដ៏សំខាន់របស់ប្រទេសភាគច្រើន»។

វាគឺជាការប៉ុនប៉ងតាមតែអំពើចិត្តក្នុងការជំរុញការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ខណៈពេលដែលវីរុសកូវីដ-១៩ បានបង្កការរំខានដល់ការផ្គត់ផ្គង់ និងបានជំរុញឱ្យមានបញ្ហាអតិផរណានៅជុំវិញពិភពលោក។ វាគឺជាការប្រឈមុខដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ដែលបានជំរុញឱ្យមានសង្រ្គាមប្រកបដោយការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន។

វាមិនមែនជាអ្នកជំនួញទេដែលកំពុងជំរុញឱ្យមានចលនាផ្លាស់ប្តូរខ្សែច្រវ៉ាក់ផលិតកម្មមកកាន់ប្រទេសដើមវិញ។ ក៏ប៉ុន្តែ វាកំពុងត្រូវបានជំរុញដោយមេដឹកនាំប្រទេស ដូចជាលោក Biden ជាដើម ដែលបានផ្តល់អាទិភាព ខ្ពស់ដល់រឿងនយោបាយជាជាងរឿងសេដ្ឋកិច្ច។ ឥឡូវនេះ លោក Biden កំពុងពិចារណាអំពីវិធានការរឹតត្បិតលើការវិនិយោគរបស់សហរដ្ឋ អាមេរិកនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។

ពាណិជ្ជកម្មពិភពលោកកំពុងត្រូវបានប្រើជាឧបករណ៍នយោបាយដែលជាហេតុធ្វើឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ចកាន់តែរលាយបាត់រូបរាង។ ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់វិបុលភាព ឬ IPEF របស់សហរដ្ឋអាមេរិក គឺជាឧបករណ៍មួយដែល ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពល របស់ចិននៅក្នុងតំបន់។

ជប៉ុនតែងតែមានទំនោរគាំទ្រសហរដ្ឋអាមេរិកក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញឱ្យស្របទៅនឹងការចង់បានរបស់អាមេរិក។ ក៏ប៉ុន្តែ សញ្ញាមួយចំនួនបានបង្ហាញថា «នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក Fumio Kishida មានបំណងចង់ប្រកាន់យកនូវទិសដៅដែលមានលក្ខណៈឯករាជ្យជាងមុនលើបញ្ហាសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ»។ វាអាចនឹងក្លាយជាជំហានដំបូងមួយឆ្ពោះទៅរកការផ្លាស់ប្តូរ។

ប្រសិនបើបណ្តាប្រទេសអាស៊ី និងប្រទេសផ្សេងៗទៀតដែលមិនស្ថិតនៅក្នុងគន្លងផ្ទាល់នៃឥទ្ធិពលរបស់អាមេរិក, ចិន និងរុស្ស៊ីមានបំណងចង់ដណ្តើមយកមកនូវអំណាចពីមហាអំណាចទាំងនេះ រយៈពេលប៉ុន្មានខែខាងមុខ គឺជាឱកាសដ៏ល្អសម្រាប់ពួកគេ ក្នុងការចាប់ផ្តើមសកម្មភាពដើម្បីសម្រេចគោលដៅនេះ ឬយ៉ាងហោចណាស់ ក៏អាចជួយឱ្យពួកគេទប់ទល់បាននឹងការព្យាយាមគ្រប់គ្រងលើជោគវាសនារបស់ពួកគេដោយមហាអំណាចទាំងនេះ៕

South China Morning Post

អត្ថបទទាក់ទង