ខ្មែរប៉ុស្ដិ៍ Close

រយៈពេល៦ខែដើមឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 57
រយៈពេល៦ខែដើមឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ រយៈពេល៦ខែដើមឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១

នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ-៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ)។ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២។
គួរជម្រាបថា «វិស័យទេសចរណ៍កម្ពុជាមានចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយមថា នឹងអាចវិលទៅរកសភាពប្រហាក់ប្រហែលនឹងស្ថានភាពទេសចរណ៍ឆ្នាំ២០១៩វិញ នៅក្នុងឆ្នាំ២០២៦»។ កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៦លាននាក់ កើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨ ប៉ុន្តែដោយសារនាពេលបន្ទាប់កម្ពុជាត្រូវជួបនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរក៏ត្រូវធ្លាក់ចុះជាលំដាប់ ជាក់ស្ដែងនៅឆ្នាំ២០២០ មានភ្ញៀវអន្តរជាតិតែ១.៣លាននាក់ ធ្លាក់ចុះ-៨០.២% ហើយនៅឆ្នាំ២០២១ ទទួលបាន១៩ម៉ឺននាក់ ថយចុះ-៨៥%។ ទាំងនេះគឺដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ហើយមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។

លោក ទិត ចន្ថា បញ្ជាក់ថា សម្ពាធពីកត្តាខាងក្រៅមួយចំនួនដែលយើងកំពុងជួបនោះ មានដូចជាចរន្តនៃការធ្វើដំណើរទេសចរចេញក្រៅសំខាន់ៗ លទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោលនយោបាយគ្មានកូវីដ-១៩ (Zero-COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខ ឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែន ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្វើឱ្យមានការថមថយអំណាចទិញ គឺសុទ្ធបានជំរុញឱ្យមានការផ្លាស់ប្តូរគោលដៅនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ម្យ៉ាងទៀត ការប្រកួតប្រជែងស្រួចស្រាលពីប្រទេសជិតខាងដែលជាគោលដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នា និងការផ្លាស់ប្តូរឥរិយាបទនៃការធ្វើដំណើររបស់ទេសចរជាសកលផងនោះ ក៏ជាកត្តារួមចំណែករាំងស្ទះក្នុងការទាក់ទាញកំណើននេះដែរ។ សម្ពាធពីកត្តាខាងក្រៅទាំងនេះហើយដែលអាចនឹងធ្វើឱ្យចក្ខុវិស័យទេសចរណ៍មានការប្រែប្រួល អាចឈានដល់ការពន្យារពេលនៃការងើបទ្បើងវិញទៅរកស្ថានភាពប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលត្រូវពន្យារពេលដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧។

ទោះបីជាកម្ពុជាទទួលរងនូវវិបត្តិសកលលោកយ៉ាងនេះក្ដី ប៉ុន្តែជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងស្មារតីបុរេសកម្ម និងហ្មត់ចត់ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់កម្ពុជាពិតជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩បានល្អប្រសើរ គួបផ្សំនឹងការដាក់ចេញនូវគោលនយោបាយជំនួយសេដ្ឋកិច្ច-សង្គមទាន់ពេលវេលា រួមមាន គោលនយោបាយលើកលែងពន្ធអាករ ការលើកលែងកម្រៃអាជ្ញាបណ្ណទេសចរណ៍ និងកម្មវិធីជំនួយសាច់ប្រាក់ដល់ជនក្រីក្រផងនោះ ពិតជាធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយប្រកបដោយសុវត្ថិភាព និងបៃតងក្នុងតំបន់ និងសកលលោក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងតំបន់ដែលបានមានលក្ខខណ្ឌធ្វើដំណើរចេញ-ចូលប្រទេសមានភាពងាយស្រួល និងធានាបាននូវសុវត្ថិភាពជូនទេសចរជាតិ-អន្តរជាតិ៕

អត្ថបទទាក់ទង