ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ៖ ភាពស្របគ្នា និង មេរៀនសម្រាប់វៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 63
សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ៖  ភាពស្របគ្នា និង មេរៀនសម្រាប់វៀតណាម សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ៖ ភាពស្របគ្នា និង មេរៀនសម្រាប់វៀតណាម

ខណៈពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្តអូសបន្លាយ ហើយចំនួនអ្នកស្លាប់និងរបួសកំពុងកើនឡើងនោះ ផលវិបាករបស់វាត្រូវបានលើកយកមកជជែកពិភាក្សាគ្នាយ៉ាងក្តៅគគុកនៅក្នុងចំណោមមហាជន
វៀតណាម។ វិបត្តិមួយនេះ ថែមទាំងត្រូវបានគេលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់វៀតណាមកាលពីថ្ងៃទី ១០ មីនាទៀតផង។

វិបត្តិនេះក៏បានបង្ហាញអំពីជម្រើសដ៏ លំបាកមួយសម្រាប់ទីក្រុងហាណូយក្នុងការជ្រើសរើសរវាងការរក្សាគោលការណ៍ជាមូលដ្ឋាននៃការគោរពឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសអធិបតេយ្យមួយ និងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ីដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ និងជាដៃគូរុករកប្រេងនិងឧស្ម័នដ៏សំខាន់របស់ខ្លួននៅឯសមុទ្រចិនខាងត្បូង។

វិបត្តិនេះក៏បានជំរុញឱ្យមានការគិតគូរយ៉ាងស៊ីជម្រៅនៅក្នុងចំណោមមហាជនវៀតណាម អំពីមេរៀនដែលទីក្រុងហាណូយគួរតែរៀនសូត្រអំពីជម្រើសគោលនយោបាយការបរទេសរបស់អ៊ុយក្រែន។

មតិភាគច្រើនបាន លើកឡើងអំពីភាពស្របគ្នារវាងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះ ទៅនឹងលទ្ធភាពនៃការកើនឡើងនូវជំហររបស់ចិនក្នុងការប្រើ ប្រាស់កម្លាំងនៅក្នុងជម្លោះទឹកដីជាមួយប្រទេសជិតខាង។

ការភ័យខ្លាចអំពីការដែលចិនអាចយកគម្រូតាមរុស្ស៊ីតាមរយៈការ ប្រឌិតប្រវតិ្តសាស្រ្ត និងបំភ្លៃច្បាប់អន្តរជាតិ នៅសមុទ្រចិនខាងត្បូង គឺទៅណាមិនឆ្ងាយពីចិត្តគំនិតនៃមហាជនវៀតណាមនោះទេ។

ជាការពិត ដោយសារការព្រួយបារម្ភជាមូលដ្ឋានបែបនេះ ហើយ ទើបប្រទេសវៀតណាមបានរិះគន់យ៉ាងចំៗ ទៅលើសកម្មភាពរបស់ទីក្រុងម៉ូស្គូថា មិនស្របទៅតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បើទោះបីជាខ្លួនមិនបានបញ្ជាក់ឈ្មោះប្រទេសរុស្ស៊ីនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួនក៏ដោយ។

ភាពស្របគ្នាមួយដ៏សំខាន់ជាងនេះ ទៅទៀតរវាងអ៊ុយក្រែននិងវៀតណាម គឺប្រទេសទាំង២ ស្ថិតនៅជាប់ព្រំប្រទល់នៃប្រទេសមហាអំណាចដោយផ្ទាល់។ ប្រទេសដែលនៅក្បែរខាងមហាអំណាចទាំងនោះ គឺងាយនឹងរងគ្រោះដោយសារអំណាចនយោបាយ និងបញ្ហាជម្រើសខាងសន្តិសុខ។

ប្រទេសទាំង២ គឺជាកម្មវត្ថុ និងនៅតែជាកម្មវត្ថុដ៏ចម្បងក្នុងការប៉ះទង្គិចគ្នារវាងមហាអំណាចដើម្បីប្រជែងឥទ្ធិពលរបស់ពួកគេរៀងៗខ្លួន។ ចំណុចស្នូលនៃអត្ថិភាពជាតិរបស់ពួកគេ គឺជាខ្សែបន្ទាត់មិនច្បាស់លាស់ រវាងការរក្សាស្វ័យភាពយុទ្ធសាស្រ្តរបស់ខ្លួន និងការសង្កត់ធ្ងន់លើ ការព្រួយបារម្ភផ្នែកសន្តិសុខនៃអ្នកជិតខាងដែលធំជាងខ្លួន ជាជាងទៅលើគូសត្រូវផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រុស្ស៊ីនិងចិនកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានសង្កត់ធ្ងន់ទៅលើ «សន្តិសុខដែលមិនអាចបំបែកបាន» ដើម្បីប្រឆាំងនឹងការពង្រីកដែនអធិបតេយ្យរបស់ NATO ទៅកាន់តំបន់ដែលជាប់នឹងព្រំដែនរុស្ស៊ី។ ពួកគេបានប្តេជ្ញាថា ប្រទេសទាំង២ នឹង «ប្រឆាំងនឹងរាល់ការប៉ុនប៉ងទាំងឡាយណាពីកម្លាំងខាងក្រៅ ដើម្បីធ្វើឱ្យខូចដល់សន្តិសុខនិងស្ថិរភាព នៅក្នុងតំបន់រួមគ្នារបស់ពួកគេ»។

ស្រដៀងគ្នានឹងរុស្ស៊ីដែរ ប្រទេសចិនបាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមានដើម្បីយាយីប្រទេសជិតខាងព្រមទាំងបានអភិវឌ្ឍ សមត្ថភាពក្នុងការរារាំង មិនឱ្យមានការចូលមកក្នុងតំបន់ហាមឃាត់ «A2/AD» (Anti-Access/Area Denial) របស់ខ្លួន ដើម្បីប្រឆាំងនឹងការពង្រឹងអំណាចរបស់សត្រូវដែលមកពីទីឆ្ងាយៗនៅក្នុងតំបន់ក្បែរខាងរបស់ខ្លួន ជាពិសេសគឺសហរដ្ឋអាមេរិក។

ដូចដែលបានកត់សម្គាល់ដោយលោក Brantly Womack រួចមកហើយថា «ប្រទេសចិនមិនមានអ្វីដែលត្រូវខ្លាចវៀតណាមនោះទេ លើកលែងតែប្រទេសនេះចូលដៃជាមួយមហាអំណាចផ្សេងទៀត ដែលជាទស្សនវិស័យទូទៅដែលចាក់ឫសនៅក្នុងការព្រួយបារម្ភជាយុទ្ធសាស្ត្ររបស់វៀតណាម»។

សង្គ្រាមនៅអ៊ុយក្រែនបានរំលឹកឡើងវិញនូវការចងចាំអំពីជំពូក/ទំព័រដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់វៀតណាមកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ ។ នៅពេលនោះ គោលនយោបាយរបស់ទីក្រុងហាណូយ ក្នុងការងាកទៅរកសហភាពសូវៀតនិងការកាន់កាប់ប្រទេសកម្ពុជាអស់រយៈពេលដ៏យូរ បាននាំមកនូវលទ្ធផលជាយុទ្ធសាស្ត្រដ៏មហន្តរាយសម្រាប់ខ្លួន ជាពិសេសគឺបង្កឱ្យមានអរិភាពនៅក្នុងទំនាក់ទំនងជាមួយ
ទីក្រុងប៉េកាំងនិងជា មួយបណ្តាប្រទេសអាស៊ាន, ធ្វើឱ្យខ្លួនឯង នៅឯកោពីអន្តរជាតិ និងធ្វើឱ្យសេដ្ឋកិច្ចរងនូវការបំផ្លិចបំផ្លាញ។

នៅ ១ទសវត្សរ៍មុននោះ ការបោះបង់ចោលពីសំណាក់សហរដ្ឋអាមេរិកបានធ្វើឱ្យវៀតណាមខាងត្បូងអស់សង្ឃឹមយ៉ាងខ្លាំងនៅក្នុងការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងប្រទេសចិន ជុំវិញប្រជុំកោះ Paracel ។ ចាប់តាំងពីពេលនោះមក សុភាសិតដែលថា «ទឹកនៅទីឆ្ងាយមិនអាចពន្លត់ភ្លើង នៅទីជិតបាន» បានដក់ជាប់នៅក្នុងយុទ្ធសាស្ត្រគន្លឹះរបស់វៀតណាមជានិច្ច។

ជនជាតិវៀតណាមជាច្រើនបានគូសបញ្ជាក់អំពីមេរៀនដ៏លំបាកនៅក្នុងអតីតកាលដ៏ខ្លោចផ្សារបស់ពួកគេថា រដ្ឋតូចមួយដែលរស់ នៅក្បែរអ្នកជិតខាងដ៏ធំសម្បើម គួរតែចៀសវាងពីការក្លាយ ទៅជាសមរភូមិនៃជម្លោះរវាងមហាអំណាច។ លើសពីនេះទៅទៀត វៀតណាមមិនគួរពឹងពាក់លើជំនួយខាងក្រៅដើម្បីធានាដល់ការរស់រានមាន ជីវិតរបស់ខ្លួនឡើយ។

សម្រាប់ជនជាតិ វៀតណាមភាគច្រើនវិបត្តិនៅអ៊ុយក្រែន នៅពេលនេះ បានផ្ដល់នូវមេរៀនយ៉ាងល្អឥតខ្ចោះដល់ប្រទេសរបស់ពួកគេ។ ក្រុមអ្នកអភិរក្សមនោគមវិជ្ជាវៀតណាមមួយចំនួន បានលើកឡើងអំពីការយល់ច្រឡំពីសំណាក់ឥស្សរជនអ៊ុយក្រែនដែលមានគំនិតសេរីនិយម និងដែលរំពឹងតែពីលោកខាងលិចសម្រាប់វិស័យសន្តិសុខនិងអនាគតនៃប្រទេសរបស់ពួកគេ។

ដូចដែលបានគូសបញ្ជាក់នៅក្នុងសុន្ទរកថានាពេលថ្មីៗ នេះរបស់បេសកជន វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ដែលថា «ជាច្រើនដងមកហើយដែលប្រវត្តិនៃសង្រ្គាមដ៏យូរលង់របស់ជាតិយើងបានបង្ហាញថា សង្រ្គាម និងជម្លោះដែលកើតមានជាញឹកញាប់រហូត មកទល់សព្វថ្ងៃនេះ គឺផ្តើមចេញពីលទ្ធិនៃ ឥទ្ធិពលនយោបាយដែលហួសសម័យ, មហិច្ឆតានៃការត្រួតត្រា និងការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយជម្លោះអន្តរជាតិ»។

លោក Nguyen Chi Vinh អតីតអនុរដ្ឋមន្ត្រីការពារជាតិ និងជាអ្នកវិភាគយុទ្ធសាស្ត្រដ៏លេចធ្លោរបស់វៀតណាម បានពន្យល់កាន់តែច្បាស់ថា «យើងគួរតែប្រាប់មិត្តភក្តិអ៊ុយក្រែន របស់យើងថា: វាមិន មែនជារឿងល្អនោះទេ ក្នុងការអនុញ្ញាតឱ្យប្រទេសរបស់ពួកគេក្លាយជាសង្វៀននយោបាយរបស់មហាអំណាច,ការពឹងផ្អែកលើអំណាចយោធាដើម្បីប្រឈមមុខនឹងប្រទេសជិតខាងដ៏ធំ និងការឈរនៅខាងភាគីណាមួយនៅក្នុងការប្រជែងអំណាចរវាងប្រទេសមហាអំណាច»។

ការកត់សម្គាល់របស់លោក Vinh លើវិបត្តិនៅអ៊ុយក្រែនក៏ជាការណែនាំដល់អ្នកសង្កេតការណ៍នានាដែលកំពុងតែវិភាគអំពីរបៀបដែលទីក្រុងហាណូយថ្លឹងថ្លែងអំពីលំដាប់នៃអាទិភាពរបស់ខ្លួននៅ ក្នុងទំនាក់ទំនងសន្តិសុខអន្តរជាតិរបស់វៀតណាម។

លោកបានបញ្ជាក់ សារជាថ្មីអំពីគោល នយោបាយ «៣ គ្មាន» គឺ ៖ «គ្មានសម្ព័ន្ធភាពយោធា, គ្មានការចូលដៃជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត និងការគ្មានមូលដ្ឋានយោធាបរទេស» ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសឯករាជ្យ របស់វៀតណាម។

ទោះជាយ៉ាងណាក៏ដោយ «សៀវភៅ ស» ការពារជាតិរបស់វៀតណាមឆ្នាំ ២០១៩ ក៏មានបញ្ចូលនូវបទប្បញ្ញត្តិថ្មីមួយស្ថិតនៅក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួនដែលថា វៀតណាមនឹងបង្កើតឱ្យមាន «ទំនាក់ទំនងការពារជាតិនិងយោធា ដែលចាំបាច់និងសមស្របជាមួយប្រទេសដទៃទៀត» ដើម្បីថែរក្សាផល ប្រយោជន៍សន្តិសុខរបស់ខ្លួន។ ជាលទ្ធផល គេឃើញមានភាពតានតឹងដ៏ក្ដៅគគុកមួយរវាងគោលនយោបាយមុន និង«សៀវភៅ ស» ដែលទើបចេញក្រោយនេះ។

ប៉ុន្តែរូបមន្ត «3 គ្មានបូក» នេះ ក៏ត្រូវបានគេមើលឃើញថា ជាការរក្សាសមមាត្រដ៏ល្អរវាងការធានាសន្តិសុខរបស់ទីក្រុងហាណូយចំពោះទីក្រុងប៉េកាំង និងការបន្តទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ក៏ដូចជាមួយបណ្ដាប្រទេសដែល មានចិត្តគំនិតដូចគ្នាផ្សេងទៀតដើម្បីទប់ទល់នឹងការវាតទីរបស់ចិននៅសមុទ្រចិនខាងត្បូង។

ជាការពិត ទីក្រុងហាណូយរួមជាមួយប្រទេសសិង្ហបុរីនិងហ្វីលីពីន ត្រូវបានគេចាត់ទុកថា ជារដ្ឋនៅអាស៊ីអាគ្នេយ៍ដែលចេញមុខខ្លាំងជាងគេ ក្នុងការគាំទ្រដល់ការចូលប្រើ និងការមានវត្តមាននៃយោធាអាមេរិកនៅក្នុងតំបន់អាស៊ី។

ដោយរៀនសូត្រពីវិបត្តិនៅអ៊ុយក្រែន តើទីក្រុងហាណូយនឹងហ៊ានប្រថុយបង្កើតទំនាក់ទំនងយោធាកាន់តែស្អិតរមួតជាងមុន ជាមួយទីក្រុងវ៉ាស៊ីនតោនឬទេ? ឬមួយក៏ប្រទេសនេះនឹងជ្រើសយកការសម្របខ្លួនតាមទីក្រុងប៉េកាំងវិញ?

រដ្ឋបាល Biden បានចាត់ទុកវៀតណាមជាដៃគូសន្តិសុខអាទិភាពមួយ នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន ហើយព្យាយាមជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ។ តើទីក្រុងហាណូយនឹងសម្រេចជ្រើសយកសហរដ្ឋអាមេរិកឬទេ?

ដោយវិនិច្ឆ័យអំពីរបៀបដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អង្គការ NATO ដែលប្រឆាំងនឹងរុស្ស៊ី គាំទ្រអ៊ុយក្រែន តើវៀតណាមនឹងកាន់តែមានទំនុកចិត្ត ឬមួយកាន់តែមានការសង្ស័យជាងមុន ទៅលើទីក្រុងវ៉ាស៊ីនតោនដែលជាអ្នកធានាសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះ?

វិធីសាស្រ្តមិនច្បាស់លាស់របស់វៀតណាមចំពោះសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនបានបង្ហាញថា ទីក្រុងហាណូយនឹងបន្តមានហានិភ័យតទៅមុខទៀតក្នុងការការពារខ្លួនពីការប្រជែងឥទ្ធិពលគ្នារវាងទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង។ ប្រការនេះគួរតែផ្តល់ការពិចារណាខ្លះៗដល់អ្នកដែលកំពុងភ្នាល់គ្នា ថាតើគន្លងនៃសមរភូមិយុទ្ធសាស្ត្រអាមេរិក-វៀតណាម ទល់នឹងចិន នឹងកើនឡើង ឬក៏នឹងមានស្ថិរភាព។

លោក Robert Sutter បានធ្វើការកត់សម្គាល់រួចហើយថា «អ្នកបង្កើតគោល នយោបាយរបស់អាមេរិក គួរតែចងចាំថា វៀតណាមនឹងបន្តដើរតាមផ្លូវរបស់ខ្លួនដោយ ឈរលើប្រវត្តិជូរចត់ដ៏យូរលង់របស់ប្រទេសនេះជាមួយប្រទេសចិន»៕ Fulcrum

អត្ថបទទាក់ទង