ខ្មែរប៉ុស្ដិ៍ Close

រូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDC) កំពុងបង្កបញ្ហាចំពោះប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 60
រូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDC) កំពុងបង្កបញ្ហាចំពោះប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ រូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDC) កំពុងបង្កបញ្ហាចំពោះប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ

អស់រយៈពេលជិត ៨០ ឆ្នាំមកហើយ ដែលប្រាក់ដុល្លារអាមេរិកបានត្រួតត្រាលើប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ភាពលេចធ្លោរបស់ប្រាក់ដុល្លារបានជួយឱ្យវាអាចឆ្លងផុតពីបញ្ហាដែលបង្កឡើងដោយការដួលរលំនៃប្រព័ន្ធ Bretton Woods នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ និងថែមទាំងបានទទួលនូវការឡើងថ្លៃជាលំដាប់ទៀត ផងចាប់តាំងពីពេលកើតមានវីរុសរាតត្បាតកូវីដ-១៩។

អស់រយៈពេលជា​យូរ​មក​ហើយសហរដ្ឋ​អាមេរិក​បាន​បន្តទទួល​អត្ថប្រយោជន៍​ជា​ច្រើន​ពីឥទ្ធិពលនៃប្រាក់ដុល្លារដែលរួមមានដូចជាលំហូរ​ចូលជា​បន្ត​បន្ទាប់​នៃមូលធន​, ការ​ចំណាយ​ទាបលើការខ្ចីប្រាក់ពីបរទេស ​និងអំណាច​ក្នុង​ការដាក់​ទណ្ឌកម្ម​ទៅលើប្រទេស​ផ្សេងៗ​ទៀត។ ប៉ុន្តែជាមួយនឹងការវិវឌ្ឍនៃបច្ចេកវិទ្យារូបិយវត្ថុជំនាន់ថ្មីនិងការដាក់ទណ្ឌកម្មលើធនាគារកណ្តាលរបស់រុស្ស៊ីនៅក្នុងឆ្នាំ ២០២២ ​អត្ថប្រយោជន៍​ទាំងនេះកំពុងរងនូវការបាត់បង់។

រូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាល (Central Bank Digital Currencies-CBDCs) មានសក្តានុពលក្នុងការបង្អាក់ការត្រួតត្រារបស់ប្រាក់ដុល្លារ និងនៅក្នុងការផ្លាស់ប្តូរយន្តការនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក តាមរយៈការផ្តល់នូវមធ្យោបាយលឿនរហ័ស និងមានតម្លៃថោកជាងមុនក្នុងការទូទាត់នៅក្នុងការធ្វើពាណិជ្ជកម្មជាអន្តរជាតិនិងប្រតិបត្តិការហិរញ្ញវត្ថុ។

រូបិយបណ្ណ CBDCs គឺជាទម្រង់នៃរូបិយបណ្ណឌីជីថលដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយធនាគារកណ្តាលទាំងសម្រាប់ការប្រើប្រាស់ពីសំណាក់សាធារណជនទូទៅ (ផ្នែកលក់រាយ) និងពីសំណាក់អាជីវកម្ម (ផ្នែកបោះដុំ)។ រូបិយបណ្ណ CBDCs នៅក្នុងផ្នែកបោះដុំ នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការសំខាន់ៗ ហើយវាត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ឆ្លងធនាគារ, ការធ្វើពាណិជ្ជកម្ម និងការទូទាត់ផ្នែកហិរញ្ញវត្ថុ។

ដោយឡែក រូបិយបណ្ណ CBDCs នៅក្នុងផ្នែកលក់រាយនឹងផ្ដល់ឱ្យសាធារណជនទូទៅនូវរូបិយបណ្ណឌីជីថល សម្រាប់ប្រើប្រាស់ដោយ មានការគាំទ្រពីសំណាក់ធនាគារកណ្តាល។ អតិថិជននានាអាចនឹងនៅតែប្រើប្រាស់ធនាគារពាណិជ្ជដដែល ក៏ប៉ុន្តែលក្ខខណ្ឌនានានឹងត្រូវបានកំណត់ដោយធនាគារកណ្តាលជាជាងកំណត់ដោយធនាគារពាណិជ្ជ។ បើទោះបីជាបទពិសោធន៍ក្នុងការប្រើប្រាស់របស់អតិថិជនអាចនឹងមិនមានផ្លាស់ប្តូរក៏ដោយ ក៏ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់រូបិយបណ្ណទាំងនេះអាចនឹងរងនូវការផ្លាស់ប្ដូរ។

កាលពីឆ្នាំ ២០២១ ធនាគារសម្រាប់ការទូទាត់ជាអន្តរជាតិ (Bank for International Settlements) បានធ្វើការស្ទង់មតិមួយ និងបានរកឃើញថា «៩០% នៃធនាគារកណ្តាលដែលត្រូវបានស្ទង់មតិកំពុងសិក្សា ស្វែងយល់អំពីរូបិយបណ្ណ CBDCs» ដោយក្នុងនោះ ៥៤% កំពុងពិចារណាអំពីការដាក់ឱ្យប្រើប្រាស់វា នៅក្នុងរយៈពេល ៦ ឆ្នាំខាងមុខ។

ប្រទេសចិនកំពុងនាំមុខគេនៅលើពិភពលោកនៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយក្នុងនោះ រូបិយបណ្ណ CBDC របស់ចិន (រូបិយបណ្ណឌីជីថលអ៊ីយ័ន e-CNY ) អាចនឹងក្លាយជារូបិយបណ្ណឌីជីថលដំបូងគេ របស់ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំ។ រូបិយបណ្ណឌីជីថល e-CNY ត្រូវបានដាក់ឱ្យសាកល្បងប្រើប្រាស់រួចហើយនៅក្នុងទីក្រុងជាង ២០ ហើយត្រូវបានគេប្រើប្រាស់នៅក្នុងប្រតិបត្តិការដែលមានតម្លៃជាង ១០០ ពាន់លានយ័ន (១៤ ពាន់លានដុល្លារអាមេរិក) ដែលជាហេតុផ្តល់ឱ្យចិននូវអត្ថប្រយោជន៍នៃការបោះជំហានដ៏ធំមុនគេ។

រូបិយបណ្ណ CBDCs សម្រាប់ផ្នែកលក់ដុំបានបង្កបញ្ហាប្រឈមដ៏ធំចំពោះឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិក ហើយវាក៏អាចបង្កើតឱ្យមានការទូទាត់ឆ្លងកាត់ព្រំដែនយ៉ាងច្រើនឥតគណនាផងដែរ។ ការវិវឌ្ឍនៃរូបិយបណ្ណ CBDCs បានកើតឡើងទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់បណ្តារដ្ឋនានា ក្នុងការបង្កើតជម្រើសជំនួសឱ្យប្រាក់ដុល្លារដែលកិច្ចការនេះភាគច្រើនត្រូវបានត្រួសត្រាយផ្លូវដោយសម្ព័ន្ធភាព BRICS (ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូង)។

សម្ព័ន្ធភាពនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩-២០១០ ដើម្បីបង្កើនតួនាទីរបស់ពួកគេនៅក្នុង អភិបាលកិច្ចសកល។ រូបិយបណ្ណ CBDCs គឺជាការវិវឌ្ឍដ៏ជោគជ័យបំផុតសម្រាប់បណ្តារដ្ឋនានាដែលកំពុងស្វះស្វែងបង្កើតជម្រើសផ្សេងជំនួសឱ្យប្រាក់ដុល្លារ។ កិច្ចការនេះត្រូវបានពន្លឿនដោយការដាក់ទណ្ឌកម្មមិនធ្លាប់មានពីមុនមកទៅលើរុស្ស៊ីនៅក្នុងឆ្នាំ ២០២២។ ជាមួយនឹងការទទួលស្គាល់អំពីហានិភ័យនេះ បច្ចុប្បន្នសហរដ្ឋអាមេរិកបាននិងកំពុងពន្លឿនការអភិវឌ្ឍប្រាក់ដុល្លារឌីជីថល ក៏ប៉ុន្តែកិច្ចការនេះបានស្ថិតនៅ​ពីក្រោយប្រទេសចិនឆ្ងាយ​ណាស់។

បណ្ដាប្រទេសតូចៗជាច្រើនត្រូវបានលើកទឹកចិត្តឱ្យបង្កើតរូបិយបណ្ណ CBDCs ផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុរបស់ពួកគេ។ «ប្រទេស Bahamas និងកម្ពុជា» បានដាក់ឱ្យប្រើប្រាស់រូបិយបណ្ណ CBDCs ផ្ទាល់ខ្លួនក្នុងគោលបំណងពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងវិស័យមិនមែនធនាគារ និងដើម្បីលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។

វិធានការទាំងនេះបានជួយដោះស្រាយគម្លាតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៃការទូទាត់ប្រាក់ដែលមានស្រាប់។ វិធានការនេះមានលក្ខណៈខុសគ្នាពីរូបិយបណ្ណ CBDCs នៅក្នុងវិស័យបោះដុំនៅក្នុងប្រទេសបណ្ដាប្រទេសធំៗដែលមានបំណងបង្កើនការជឿទុកចិត្តមកលើទីផ្សារបោះដុំផ្នែកហិរញ្ញវត្ថុ និងការធ្វើពាណិជ្ជកម្មជាអន្តរជាតិ និងដើម្បីបង្កើនប្រសិទ្ធភាព និងការអនុវត្តនូវគោលនយោបាយ សារពើពន្ធ និងរូបិយវត្ថុ។

បើទោះបីជារូបិយបណ្ណ CBDCs មានសក្តានុពលផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសក៏ដោយ ក៏វានៅតែអាចបង្កជាបញ្ហានៅក្នុងភូមិសាស្ត្រនយោបាយ។ ប្រាក់ដុល្លារឌីជីថលអាចជួយរក្សានិងពង្រឹងការត្រួតត្រារបស់ប្រាក់ដុល្លារអាមេរិក បើទោះបីជាជម្រើសផ្សេងទៀតត្រូវបានបង្កើតឡើងដោយបណ្តារដ្ឋដែលជាគូប្រជែងរបស់អាមេរិកក៏ដោយ ពីព្រោះប្រាក់ដុល្លារឌីជីថលនឹងមានតម្លៃថោក និងងាយស្រួលប្រើប្រាស់ជាងប្រាក់ដុល្លារបច្ចុប្បន្ន។

ប៉ុន្តែសហរដ្ឋអាមេរិកអាចបាត់បង់ឥទ្ធិពលត្រួតត្រារបស់ខ្លួននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល នៅពេលដែលរដ្ឋជាគូប្រជែងរបស់ខ្លួនអាចបង្កើតបាននូវរូបិយបណ្ណ CBDC ផ្ទាល់ខ្លួន ហើយបញ្ហានេះអាចនឹងបែងចែកសេដ្ឋកិច្ចពិភពលោកចេញជាប្លុកប្រកួតប្រជែងចំនួន ២ ឬច្រើនជាងនេះ។ វាអាចនាំមកនូវការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលមួយ ដែលត្រូវបានកំណត់ដោយកិច្ចសហប្រតិបត្តិការ ជាជាងការប្រកួតប្រជែងបើទោះបីជាវាអាចបង្កើតបាននូវលទ្ធផលតិចតួចនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ននេះក៏ដោយ។

បញ្ហាទាំងនេះអាចបង្កើតបានទាំងឱកាស ក៏ដូចជាហានិភ័យសម្រាប់ប្រទេសអូស្ត្រាលី និងប្រព័ន្ធហិរញ្ញវត្ថុសកល។ បន្ថែមពីលើនេះ សេដ្ឋកិច្ចពិភពលោកដែលត្រូវបានបែងចែកចេញជាប្លុកប្រកួតប្រជែងចំនួន ២ ឬច្រើនជាងនេះ ដែលអាចត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិកនិងចិនអាច នឹងបង្កការលំបាកកាន់តែខ្លាំងសម្រាប់អូស្ត្រាលី។

ដោយសារទំនាក់ទំនងសន្តិសុខជាប្រវត្តិសាស្ត្ររវាងអូស្ត្រាលីនិងសហរដ្ឋអាមេរិក បូករួមនឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអូស្ត្រាលីជាមួយនឹងប្រទេសចិន អូស្ត្រាលីអាចនឹងព្យាយាមចូលរួមជាមួយបណ្តាញ CBDC របស់ភាគីទាំងពីរ។ ការរក្សាតុល្យភាពរវាងទំនាក់ទំនងទាំងនេះនឹងមានលក្ខណៈកាន់តែពិបាកនិងស្មុគស្មាញ ប្រសិនបើប្លុកដែលដឹកនាំដោយប្រទេសចិនដាក់លក្ខខណ្ឌនយោបាយ ឬសន្តិសុខសម្រាប់ការចូលជាសមាជិក។

ដោយមើលឃើញអំពីសារៈសំខាន់នៃការនាំចេញចំពោះសេដ្ឋកិច្ច ប្រទេសចិនអាចនឹងមានភាពយឺតយ៉ាវក្នុងការដាក់ឱ្យប្រើប្រាស់រូបិយបណ្ណ e-CNY។ សហរដ្ឋអាមេរិកបានបង្ហាញអំពីឆន្ទៈក្នុងការប្រើប្រាស់ទណ្ឌកម្មហិរញ្ញវត្ថុដើម្បីដោះស្រាយជម្លោះជាសកល ហើយប្រទេសចិនក៏កំពុងចូលរួមលេងល្បែងយុទ្ធសាស្ត្រនេះផងដែរ។ អ្នកបង្កើតគោលនយោបាយអូស្ត្រាលីត្រូវតែ ចាប់ផ្តើមត្រៀមខ្លួនចំពោះបញ្ហាប្រឈមទាំងនេះ។

ធនាគារកណ្ដាលអូស្ត្រាលី (The Reserve Bank of Australia) កំពុងធ្វើការកំណត់អំពីវិសាលភាពនៃការប្រើប្រាស់ប្រាក់ដុល្លារឌីជីថលអូស្រ្តាលី។ ខណៈពេលដែលការដាក់ឱ្យប្រើប្រាស់រូបិយបណ្ណ CBDC អាចនឹងជះឥទ្ធិពលយ៉ាងធំធេងទៅលើប្រព័ន្ធហិរញ្ញវត្ថុសកល អ្នកបង្កើតគោលនយោបាយរបស់អូស្ត្រាលីត្រូវតែគិតគូរឱ្យបានម៉ត់ចត់អំពីវិធីសាស្រ្ត និងយុទ្ធសាស្ត្រដែលអាចជួយកាត់បន្ថយហានិភ័យ និងដែលអាចជួយសម្រេចបាននូវអត្ថប្រយោជន៍៕

East Asia Forum

អត្ថបទទាក់ទង