កម្ពុជាបានទទួលផលពីគម្រោង BRI តែត្រូវត្រៀមចក្ខុវិស័យបែបយុទ្ធសាស្ត្រសម្រាប់ពេលអនាគត
ចិនគឺជាម្ចាស់ជំនួយ ម្ចាស់ឥណទាន វិនិយោគិន និងជាដៃគូពាណិជ្ជកម្មទេ្វភាគីដ៏ធំបំផុតរបស់កម្ពុជា។ ពាណិជ្ជកម្មសរុបរបស់កម្ពុជាប្រមាណ ១/៤ ជំនួយប្រមាណ ១/៣ និងប្រមាណ ២/៥ នៃការវិនិយោគផ្ទាល់ពីបរទេសនិងបំណុលបរទស គឺសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងចិន។ បើទោះបីជាទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចរវាងចិននិងកម្ពុជា បានកើតមានរាប់សតវត្សរ៍មកហើយក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទើបតែបានកើនឡើងយ៉ាងគំហ៊ុកនៅប៉ុន្មានទសវត្សរ៍ថ្មីៗនេះទេ។
ទំនាក់ទំនងសេដ្ឋកិច្ចត្រូវបានពង្រឹងតាមរយៈការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។ កម្ពុជាបានក្លាយជាអ្នកគាំទ្រដ៏លេចធ្លោមួយចំពោះគម្រោង BRI ចាប់តាំងពីកម្ពុជាបានទទួលយកគម្រោងនេះនៅឆ្នាំ ២០១៣។ នៅកម្ពុជាគម្រោង BRI បានផ្តោតជាចម្បងលើប្រាក់កម្ចីដែលផ្តល់ឱ្យសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជារូបវ័ន្ត ក៏ប៉ុន្តែគម្រោងនេះក៏មានជាប់ពាក់ព័ន្ធដោយប្រយោលខ្លះផងដែរជាមួយការអភិវឌ្ឍ និងការធ្វើបរិវត្តកម្មទីក្រុងកំពង់ផែព្រះសីហនុ។
បន្ថែមពីលើនេះ វាក៏មានការវិនិយោគលើវិស័យកសិកម្ម ថាមពល និងផលិតកម្មផងដែរ បូករួមនឹងការពង្រឹងទំនាក់ទំនងនានា តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងពលរដ្ឋនិងពលរដ្ឋ។ ការចូលរួមនៅក្នុងគម្រោង BRI បាននាំមកនូវទាំងការខាតបង់និងផលចំណេញ (Costs and Benefits)។ ក្នុងនាមជាប្រទេសមិនសូវអភិវឌ្ឍ និងដែលមានសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរ ជាមួយនិងបំណងឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ កម្ពុជាបានឱបក្រសោបគម្រោង BRI មកធ្វើជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ដោះស្រាយឱនភាពហេដ្ឋារចនាសម្ព័ន្ធ និងដើម្បីកាត់បន្ថយការចំណាយលើការធ្វើពាណិជ្ជកម្មនិងការដឹកជញ្ជូន។
គម្រោង BRI ក៏បានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យថាមពល និងការធ្វើពិពិធកម្មវិស័យកសិកម្មផងដែរ។ ករណីនេះបានជួយបង្កើនផលិតភាពនិងពង្រីកទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់។ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សបាននាំមកនូវការកើនឡើងនៃវិសមភាពទ្រព្យសម្បត្តិ តែក៏បាននាំមកនូវការកាត់បន្ថយភាពក្រីក្រយ៉ាងគំហ៊ុកផងដែរ។ នៅចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ចំនួនពលរដ្ឋស្ថិតក្រោមបន្ទាត់នៃភាពក្រីក្រ (ដែលត្រូវបានវាស់វែងដោយចំណែកនៃពលរដ្ឋដែលរស់នៅក្រោមប្រាក់ចំណូលតិចជាង ១ ដុល្លារ) បានធ្លាក់ចុះជិតពាក់កណ្តាល គឺពីចំនួនប្រមាណ ៣៤% មកនៅត្រឹម ១៨%។
សមិទ្ធផលនេះ ច្បាស់ណាស់បានកើតចេញពីកត្តាជាច្រើន ក៏ប៉ុន្តែគេក៏មិនអាចទាត់ចោលការរួមចំណែករបស់គម្រោង BRI ដែរ។ វត្តមានរបស់គម្រោង BRI នៅកម្ពុជា គួបផ្សំនឹងសមិទ្ធផលសេដ្ឋកិច្ចសង្គមបានបង្ហាញថា «កម្ពុជាពិតជាបានទទួលផលប្រយោជន៍ដុលពីគម្រោង BRI»។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានហានិភ័យពាក់ព័ន្ធនឹងការពឹងផ្អែកកាន់តែខ្លាំងលើប្រទេសតែមួយ ទាំងសម្រាប់តម្រូវការសេដ្ឋកិច្ច និងតម្រូវការមិនមែនសេដ្ឋកិច្ច។
គម្រោង BRI បានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលបានជួយសម្រួលដល់ការផ្លាស់ប្តូរខេត្តព្រះសីហនុចេញពីទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រដ៏ស្ងាត់ជ្រងំ ទៅជាមជ្ឈមណ្ឌលកំសាន្តដ៏រស់រវើកជាមួយនឹងការផ្តោតលើល្បែងស៊ីសង។ ផលប្រយោជន៍យ៉ាងហូរហៀរដែលកើតចេញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ បានទៅដល់សហគមន៍ក្នុងស្រុកក្នុងកម្រិតដ៏តិចតួច ទន្ទឹមនឹងការកើនឡើងនូវបញ្ហាជាច្រើន ដូចជាការចំណាយដ៏ខ្ពស់លើជីវភាពប្រចាំថ្ងៃ បទល្មើស អំពើពុករលួយ និងទម្រង់ផ្សេងៗទៀតនៃវិសមភាព។
បើទោះបីជាគម្រោង BRI មិនមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការផ្លាស់ប្តូរខេត្តព្រះសីហនុក៏ដោយ ក៏វាបានរួមចំណែកបង្កើតនូវលក្ខខណ្ឌរួមផ្សំ។ វាគឺជារឿងចាំបាច់ក្នុងការដោះស្រាយការខាតបង់ដែលបង្កឡើងដោយការផ្លាស់ប្តូរយ៉ាងលឿននេះ ដែលបានបង្កការជម្លៀស និងការបង្ខំឱ្យផ្លាស់ទីចេញពីលំនៅឋាននៅក្នុងចំណោមសហគមន៍ក្នុងស្រុក។ បញ្ហានៅខេត្តព្រះសីហនុបានបង្កក្តីកង្វល់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
វេទិកា BRI លើកទី២ នៅឆ្នាំ ២០១៩ បានប្តេជ្ញាចិត្តកាត់បន្ថយបញ្ហាទាំងនេះ ដូចជាតាមរយៈការពិគ្រោះយោបល់ជាមួយសហគមន៍ និងការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធឱ្យបានកាន់តែទូលំទូលាយ។ វាអាចជារឿងឆាប់ពេកក្នុងការទាញសេចក្តីសន្និដ្ឋានអំពីទំហំនៃការផ្លាស់ប្តូរ ដែលបានកើតមានឡើង ចាប់តាំងពីវេទិកានោះមក ខណៈការរីករាលដាលនៃវីរុសបានបន្ថែមភាពស្មុគស្មាញកាន់តែខ្លាំងដល់ការដោះស្រាយបញ្ហា។
វេទិកានោះក៏បានព្យាយាមធ្វើពហុភាគីភាវូបនីយកម្មលើគម្រោង BRI ផងដែរ តាមរយៈការពង្រីកការចូលរួមពីសំណាក់បណ្តាស្ថាប័នក្នុងតំបន់ បើទោះបីជាបណ្តាស្ថាប័នទាំងនោះភាគច្រើនមានមូលដ្ឋាននៅចិន ក៏ដោយ។ នៅកម្ពុជា ករណីនេះកំពុងកើតឡើងតាមរយៈការផ្លាស់ប្តូរសន្សឹមៗនៅក្នុងការផ្តល់ហិរញ្ញប្បទាន ជាមួយការងាកចេញពីបណ្តាធនាគារ និងសាជីវកម្មរដ្ឋចិនដែលពេលខ្លះប្រតិបត្តិការរបស់ពួកគេមានភាពស្រពិចស្រពិលទៅរកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលជាធនាគារអភិវឌ្ឍពហុភាគីវិញ។
តួនាទីរបស់ធនាគារ AIIB កំពុងកើនឡើងយ៉ាងឆាប់រហ័ស ព្រមមកជាមួយនឹងការប្តេជ្ញាបង្កើននូវតម្លាភាពជារួម បូករួមទាំងកាតព្វកិច្ចក្នុងការគោរពតាមកិច្ចសន្យា។ ទោះយ៉ាងណាក៏ដោយ គេនៅមិនច្បាស់នៅឡើយទេអំពីការចូលរួមរបស់ធនាគារ AIIB នៅក្នុងការលើកកម្ពស់ស្តង់ដារបរិស្ថាន និងការការពារផ្សេងៗទៀត ដែលនេះក៏ដោយសារតែធនាគារ AIIB បានប្រកាន់យកស្តង់ដារជាតិដែលនៅមិនទាន់មានភាពច្បាស់លាស់ និងការត្រួតពិនិត្យលើការអនុវត្តដោយអាជ្ញាធរជាតិជាជាងដោយភាគីឯករាជ្យ។
ប្រការនេះអាចបង្កជាបញ្ហា ដោយសារតែបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តច្បាប់និងស្តង់ដារ។ ការរីករាលដាលនៃវីរុសកូវីដ-១៩ បានបង្វែរការផ្តោតសំខាន់លើប្រតិបត្តិការទៅរកការផ្តោតលើវិស័យសុខភាព និងសង្គមវិញ ជាពិសេសជាមួយនឹងការដាក់ចេញនូវ «ផ្លូវសូត្រសុខភាព» (Health Silk Road)។ «កម្ពុជាគឺជាឧទាហរណ៍ដ៏លេចធ្លោរមួយស្តីអំពីរបៀបដែលទំនាក់ទំនងរបស់ខ្លួនជាមួយចិន និងការឱបក្រសោបយកគម្រោង BRI បានជួយឱ្យកម្ពុជាអាចសម្រេចបាននូវអត្រាចាក់វ៉ាក់សាំងដ៏គួរឱ្យកត់សម្គាល់ ដែលជាហេតុនាំទៅរកការងើបឡើងវិញយ៉ាងមានប្រសិទ្ធភាពនៅក្រោយការរីករាលដាលនៃវីរុសនេះ បើប្រៀបធៀបនឹងបណ្តាប្រទេសដែលមានការអភិវឌ្ឍជាច្រើន»។
«តាមរយៈការក្លាយជាប្រទេសដំបូងគេមួយនៅអាស៊ីដែលបានបើកចំហព្រំដែនរបស់ខ្លួនឡើងវិញដោយសុវត្ថិភាព កម្ពុជាបានជួបប្រទះបញ្ហាសេដ្ឋកិច្ចតិចតួចប៉ុណ្ណោះ» និង «អាចទប់ស្កាត់បាននូវការធ្លាក់ចុះនៃវឌ្ឍនភាពនៃការកាត់បន្ថយភាពក្រីក្រនិងការលើកកម្ពស់សង្គម»។ ទៅថ្ងៃមុខ «តើកម្ពុជាអាចធានាបានថា បណ្តាគម្រោងនៅថ្ងៃអនាគតដែលកើតចេញពីគម្រោង BRI និងពីស្ថាប័នដទៃទៀតនឹងផ្តលនូវភាពវិជ្ជមានជារួម ហើយនឹងដើរស្របតាមផលប្រយោជន៍ជាតិខ្លួនបានដោយរបៀបណា?»
បច្ចុប្បន្ន សំណើរស្តីពីការវិនិយោគផ្ទាល់ពីបរទេសត្រូវបានពិនិត្យយ៉ាងលម្អិតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលវាក៏ជាផ្នែកមួយនៃដំណើរការក្នុងការផ្តល់ឋានៈជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project – QIP) និងដែលអាចធានាបាននូវការលើកទឹកចិត្តផ្នែកសារពើពន្ធ ដូចជាការលើកលែងពន្ធជាដើម។
បើទោះបីជាលក្ខខណ្ឌមួយចំនួនដែលត្រូវបានប្រើដើម្បីកំណត់ឋានៈ QIP មានរួមបញ្ចូលនូវការវាយតម្លៃលើផលប្រយោជន៍ ដែលអាចកើតមានចំពោះសេដ្ឋកិច្ចក្នុងស្រុកក៏ដោយ ក៏ដំណើរការនេះមិនមានលក្ខណៈពេញលេញនោះទេ ដោយហេតុថា «ការវិនិយោគនៅខ្វះខាតក្របខណ្ឌវិភាគឱ្យបានគ្រប់ជ្រុងជ្រោយលើផលចំណេញ និងការខាតបង់» ហើយវាក៏មានលក្ខណៈដូចគ្នាដែរពាក់ព័ន្ធនឹងច្បាប់វិនិយោគថ្មីដែលត្រូវបានអនុម័តនៅឆ្នាំ ២០២១ ដែលត្រូវបានបង្កើតឡើងជាចម្បងដើម្បីជួយសម្រួលដល់ការវិនិយោគផ្ទាល់ពីបរទេស។
វាមិនមានការគិតគូរអំពីបញ្ហាម៉ាក្រូសេដ្ឋកិច្ច ដូចជាប្រាក់បំណុល ឬចីរភាពនៃការវិនិយោគ និងមិនមានចេតនាវាស់ស្ទង់លើផលប៉ះពាល់ដែលអាចកើតមានចំពោះសេដ្ឋកិច្ចនោះទេ។ កម្ពុជាត្រូវការការវាយតម្លៃដែលមានលក្ខណៈកាន់តែផ្លូវការជាងមុន លើផលប៉ះពាល់និងផលចំណេញនៃគម្រោងទាំងអស់។
«កម្ពុជាអាចពិចារណាអំពីការបង្កើតក្រុមប្រឹក្សាត្រួតពិនិត្យគម្រោង (Projects Review Board) ថ្មីមួយ» ដែលអាចប្រតិបត្តិការក្នុងនាមជាស្ថាប័នមិនមានចំណងផ្លូវច្បាប់ ដែលអាចមានអ្នកតំណាងមកពីអន្តរក្រសួង និងមានអ្នកទទួលខុសត្រូវចម្រុះ (មេដឹកនាំសហគមន៍ អ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន) ដើម្បីវាយតម្លៃលើសំណើរនីមួយ និងដើម្បីផ្តល់ប្រឹក្សាជាក់ច្បាស់ដល់រដ្ឋាភិបាល។ ស្ថាប័ននេះក៏គួររួមបញ្ចូលនូវបុគ្គលិកដែលមានសមត្ថភាពបច្ចេកទេសដែលអាចធ្វើការវិភាគលើផលប៉ះពាល់ និងផលចំណេញយ៉ាងគ្រប់ជ្រុងជ្រោយ។
ក្រុមប្រឹក្សាត្រួតពិនិត្យគម្រោងដែលមានដំណើរការដ៏ល្អប្រសើរ អាចជួយលុបបំបាត់នូវប្រភេទនៃគម្រោង BRI ដែលបានធ្វើឱ្យប្រទេសឡាវធ្លាក់ក្នុងស្ថានភាពមិនអាចបង់សងបំណុលយ៉ាងធ្ងន់ធ្ងរ។ សេដ្ឋកិច្ចអន្តរកាល ដូចជានៅកម្ពុជា គួរតែមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើស និងគួរផ្តោតលើយុទ្ធសាស្ត្រនៅពេលនិយាយដល់ការសម្រេចចិត្តទទួលយកគម្រោងវិនិយោគពីរបរទេស ឬការទទួលយកប្រាក់កម្ចី ប្រសិនបើកម្ពុជាចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនរីកលូតលាស់ប្រកបដោយចីរភាព និងបរិយាប័ន្ន៕
Fulcrum