ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារពិសេសទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី៖ «មេដឹកនាំសឹង្ហបុរីចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56
នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារពិសេសទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី៖ «មេដឹកនាំសឹង្ហបុរីចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ» នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារពិសេសទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី៖ «មេដឹកនាំសឹង្ហបុរីចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»

នៅយប់ថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៩នេះលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរីថាមេដឹកនាំសឹង្ហបុរីបានចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដព្រមទាំងបានចោទសួរថាតើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះជាការត្រឹមត្រូវដែរឬទេ?

ការប្រតិកម្មធ្ងន់ៗរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែននៅពេលនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីសិង្ហបុរីលោកLee Hsien Loong នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ីនិងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុនបានលើកឡើងថាការអន្តរាគមន៍យោធារបស់កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ជា«ការឈ្លានពានរបស់វៀតណាម» ទៅលើកម្ពុជា។

លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានផ្ញើសារពិសេសតាមរយៈFacebook ទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរីលីស៊ានឡុងយ៉ាងដូច្នេះថា៖

ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល.នាយករដ្ឋមន្ត្រីសឹង្ហបុរីលីស៊ានឡុងបានបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៣១ខែឧសភាកន្លងទៅដោយលើកឡើងថា«ពេលដែលគាត់(ឧត្តមសេនីយ៏ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី(ថៃ) គាប់ជួននឹងពេលដែលសមាជិកASEAN (កាលនោះគ្នាយើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជានិងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។…»

ការលើកឡើងនេះបង្ហាញថាកាលនោះសឹង្ហបុរីបានគាំទ្ររបបប្រល័យពូជសាសន៏និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។

សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យនិងអូសបន្លាយសង្គ្រាមនៅកម្ពុជានិងទុក្ខវេទនារបស់ប្រជាជនកម្ពុជាជាង១០ឆ្នាំថែមទៀតហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។

ការលើកឡើងនេះក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។ ការលើកឡើងរបស់ឯកឧត្តមលីស៊ានឡុងនាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួនិងពិភពលោកថាមេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

ចុងក្រោយនេះខ្ញុំចង់សួរ.នាយករដ្ឋមន្ត្រីលីស៊ានឡុងថាតើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថាជាការត្រឹមត្រូវដែរឬអត់?

សូមជំរាបថាកាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៩ក្រសួងការបរទេសរបស់វៀតណាមបានបង្ហាញការ«សោកស្តាយ» ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោកLee Hsien Loong កាលពីសប្តាហ៍មុនដែលថាការអន្តរាគមន៍យោធារបស់កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ជា«ការឈ្លានពានរបស់វៀតណាម» ទៅលើកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមអ្នកស្រីLe Thi Thu Hang បានឆ្លើយតបជាសាធាណៈនៅថ្ងៃទី៤ខែមិថុនាថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី«មិនបង្ហាញពីការណ៍ពិតនៃប្រវត្តិសាស្រ្តដែលនាំឲ្យមានការប៉ះពាល់អវិជ្ជមានលើការយល់ឃើញរបស់សាធារណជន»

តាមរយៈគេហទំព័រក្រសួរការបរទេសវៀតណាមអ្នកស្រីបានលើកឡើងថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រមលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហមកាលពីខែវិច្ឆិកាឆ្នាំមុន។

«សាលក្រមនេះគឺជាភ័ស្តុតាងជាក់ស្តែងចំពោះការណ៍ពិតជាប្រវត្តិសាស្ត្រហើយវាផ្តល់យុត្តិធម៌និងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះដែលសាលក្រមនេះត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ»

អត្ថបទទាក់ទង