លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩របស់ចិន ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩របស់ចិននាពេលនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ និងជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទ ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង (SARS-CoV-2Sinopharm)ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីពាក្យស្លោកមួយថា ស្គាល់មិត្តក្នុងគ្រាក្រដែលនេះបានឆ្លុះបញ្ចាំងពីការជួយគ្នាក្នុងពេលដែលកម្ពុជាកំពុងជួបប្រទះនូវវិបត្តិកូវីដ-១៩។ លោកបានបន្តថា វ៉ាក់សាំងកូវីដ-១៩នាពេលនេះគឺជាតម្រូវការជាយុទ្ធសាស្រ្តដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សុខភាពសាធារណៈផងដែរ៕