ខ្មែរប៉ុស្ដិ៍ Close

តើការផ្លាស់ប្តូរមេដឹកនាំកំពូលៗនៅពេលថ្មីៗនេះមានន័យដូចម្តេចសម្រាប់វៀតណាម?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 51
តើការផ្លាស់ប្តូរមេដឹកនាំកំពូលៗនៅពេលថ្មីៗនេះមានន័យដូចម្តេចសម្រាប់វៀតណាម? សភាវៀត​ណាមបើកសម័យ​ប្រជុំ​នារដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ទីក្រុង​ហាណូយ ​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០២២ (Nhac Nguyen/AFP via Getty Images)

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការផ្លាស់ប្តូរមន្ត្រីកំពូលៗជាច្រើនបានប្រព្រឹត្តឡើងនៅក្នុងរដ្ឋាភិបាលវៀតណាម។ នៅថ្ងៃទី ០៥ មករា ឧបនាយករដ្ឋមន្ត្រី Pham Binh Minh និងលោក Vu Duc Dam ត្រូវបានបណ្តេញចេញ និងត្រូវបានដាក់ជំនួសដោយលោក Tran Hong Ha និងលោក Tran Luu Quang។ នៅក្នុងរយៈពេលមិនដល់ ២ សប្តាហ៍ផង លោក Nguyen Xuan Phuc ក៏បានលា លែងពីតំណែង ហើយលោកបានក្លាយជាប្រធានាធិបតីវៀតណាមដំបូងគេបង្អស់ដែលបានលាលែងចេញពីមុខតំណែង។

សូមអាន តើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាម នឹងបង្កផលប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ខ្លួនដែរឬទេ នៅចំពេលកើតមានការប្រកួតប្រជែងរវាងអាមេរិកនិងចិន?

បច្ចុប្បន្ន អនុប្រធានាធិបតី Bo Thi Ang Xuan កំពុងដើរតួនាទីជាប្រធានាធិបតីស្តីទីរហូតដល់មានការបោះឆ្នោតជ្រើសរើសមនុស្សថ្មីមកកាន់មុខតំណែងនេះដែលត្រូវគេរំពឹងថា «វាអាចនឹងប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះ»។ ជាផ្លូវការ លោក Phuc, Minh និង Dam ត្រូវបានគេឱ្យចេញមកទទួលខុសត្រូវចំពោះរឿងអាស្រូវពុករលួយធំៗដែលបានកើតឡើងនៅក្រោមការដឹកនាំរបស់ពួកគេនៅក្នុងអំឡុង ពេលកើតមានវីរុសកូវីដ-១៩។

ទោះជាយ៉ាងណាក៏ដោយ ការរុះរើនេះបានបង្កក្តីកង្វល់នៅក្នុងចំណោមវិនិយោគិន និងបានធ្វើឱ្យអ្នកសង្កេតការណ៍លើបញ្ហាវៀតណាមមួយចំនួនមានមន្ទិលសង្ស័យលើស្ថិរភាពនយោបាយរបស់ប្រទេសនេះ ដែលបានដើរតួនាទីជាកត្តាគន្លឹះនៅក្នុងការជួយឱ្យវៀតណាមអាចទាក់ទាញបាននូវការវិនិយោគពីបរទេសនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

វាមានមូលដ្ឋានដ៏រឹងមាំក្នុងការជឿថា «ការផ្លាស់ប្តូរមន្ត្រីទាំងនេះនឹងមិនបន្ទច់បង្អាក់ដល់ស្ថិរភាពនយោបាយរបស់វៀតណាមនោះទេ ហើយវាក៏នឹងមិនបង្កឱ្យមានការផ្លាស់ប្តូរគោលនយោបាយ ដែលអាចនាំមកនូវការកាត់បន្ថយសក្តានុពលវិនិយោគរបស់វៀតណាមនោះដែរ»។ ជារួម នេះមិនមែនជាការផ្លាស់ប្តូរគណបក្សកាន់អំណាចនោះទេ ក៏ប៉ុន្តែវាគឺគ្រាន់តែជាការផ្លាស់ប្តូរមុខតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលតែប៉ុណ្ណោះ។

ដោយសារតែវៀតណាមគឺជារដ្ឋឯកបក្ស គោលនយោបាយគន្លឹះៗរបស់ប្រទេសនេះត្រូវបានគ្រប់គ្រងដោយគណបក្សកុម្មុយនីស្តវៀតណាម និងត្រូវបានធ្វើឡើងរួមគ្នា ដោយការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបក្ស។ វាមិនមានសញ្ញាដែលថា «ការផ្លាស់ប្តូរមន្ត្រីទាំងនេះនឹងបង្កឱ្យមានការប្រែប្រួលណាមួយនៅពេលខាងមុខជុំវិញបញ្ហាគោលនយោបាយ, អភិបាលកិច្ច និងការប្រើប្រាស់អំណាចរបស់គណបក្សកុម្មុយនីស្តវៀតណាមនោះឡើយ»។

នៅក្នុងន័យគោលនយោបាយការចាកចេញរបស់ឧបនាយករដ្ឋមន្ត្រីដែលទទួលបានការ បណ្តុះបណ្តាលនៅលោកខាងលិច គឺលោក Minh និងលោក Dam អាចនឹងមិនត្រូវបានគេបកស្រាយថា «វៀតណាមកំពុងងាកកាន់តែជិតចិននោះទេ»។ វៀតណាមនឹងគ្មានជម្រើសអ្វីក្រៅពីការបន្តគោលនយោបាយការបរទេសនៃ «ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម» របស់ខ្លួនជាមួយនឹងការខិតខំរក្សាតុល្យភាពដ៏មុតមាំរវាងចិននិងអាមេរិក និងសម្ព័ន្ធមិត្ត។

ប្រការនេះនឹងជួយវៀតណាមឱ្យគេចផុតពីជាប់ផុងនៅក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែតានតឹងរវាងអាមេរិកនិងចិន ជាពិសេសខណៈពេលដែលអាមេរិកដែលជាទីផ្សារនាំចេញនិងចិនដែលជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាម គឺសុទ្ធតែជាដៃគូសេដ្ឋកិច្ចសំខាន់ដូចគ្នាដែលបានដើរតួនាទីមិនអាចខ្វះបាននៅក្នុងការជួយគណបក្សកុម្មុយនីស្តវៀតណាមឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងស្រុក។

ភាពស្របច្បាប់របស់គណបក្សកុម្មុយនីស្តវៀតណាមនឹងមិនប្រឈមនឹងហានិភ័យនោះទេ ប្រសិនបើខ្លួនអាចបន្តផ្តល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងអាចបន្តពង្រឹងជីវភាពរបស់ប្រជាជនបាន។ ដូច្នេះ គណបក្សនិងមន្ត្រីរបស់ខ្លួនត្រូវតែបន្តលើកតម្កើងកំណែទម្រង់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលរួមមានដូចជាការពង្រីកការនាំចេញ និងការទាក់ទាញការវិនិយោគបន្ថែមទៀត។

ប៉ុន្តែវិនិយោគិន និងបណ្តាដៃគូរបស់វៀតណាមនឹងសួរថា «តើការផ្លាស់ប្តូរមន្ត្រីទាំងនេះនឹងផ្តល់ភាពប្រសើរឡើងជាក់ស្តែងនៅក្នុងអភិបាលកិច្ចរបស់ប្រទេសក៏ដូចជាការអនុវត្តលើគម្រោង អភិវឌ្ឍសេដ្ឋកិច្ចសង្គមដែរឬអត់»។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយដ៏ខ្លាំងក្លារបស់វៀតណាម បានធ្វើឱ្យមន្ត្រីរដ្ឋាភិបាលមានភាពប្រុងប្រយ័ត្ន ជាពិសេសវាបានបង្កការពន្យាពេលលើគម្រោងវិនិយោគឯកជន និងគម្រោងវិនិយោគដែលផ្តល់មូលនិធិដោយរដ្ឋជាច្រើន។

បណ្តាមន្ត្រីនានាមិនមានឆន្ទៈក្នុងការអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗឡើយ ជាពិសេសនៅពេលគំរោងទាំងនោះមានជាប់ពាក់ព័ន្ធនឹងការកំណត់តម្លៃដីធ្លី។ បញ្ហានេះបានបង្កឱ្យមានការខកចិត្តនៅក្នុងចំណោមវិនិយោគិននិងបានបង្កការរាំងស្ទះដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម។ ការទូទាត់យឺតយ៉ាវលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈធំៗកំពុងបង្កការព្រួយបារម្ភខ្លាំង ជាពិសេសក្នុងបរិបទនៃការបន្តដួលរលំផ្នែកឥណទាន និងការធ្លាក់ចុះនៃការបញ្ជាទិញនូវទំនិញនាំចេញរបស់វៀតណាម។

ការពន្យារពេលនៃការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈធំៗក្នុងប្រទេសវៀតណាមបានបង្កឱ្យមានការព្រួយបារម្ភ ជាពិសេសក្នុងបរិបទនៃវិបត្តិឥណទានដែលកំពុងបន្តរបស់ប្រទេស និងការបញ្ជាទិញសម្រាប់នាំចេញ ធ្លាក់ចុះ (Maika Elan/Bloomberg តាមរយៈរូបភាព Getty)

ផ្អែកលើបញ្ហានេះ ការចាក់បញ្ចូលនូវមូលនិធិថ្មីៗតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ គឺពិតជាមានភាពចាំបាច់ណាស់ចំពោះចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេស។ មនុស្សមួយចំនួនបានលើកឡើងនូវក្តីសង្ឃឹមថា «មេដឹកនាំថ្មីៗទាំងនេះអាចជួយដោះស្រាយបញ្ហាប្រឈមទាំងនេះបាន» ក៏ប៉ុន្តែវាមានកត្តាចំនួន ៣ ដែលអាចបង្កជាឧបសគ្គនៅចំពោះមុខ។

ទី១ «ជាមួយនឹងយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយកំពុងព្យាយាមបោសសម្អាតប្រព័ន្ធនយោបាយ ថ្នាក់ដឹកនាំគណបក្សបច្ចុប្បន្នអាចផ្តល់អាទិភាពកាន់តែខ្លាំងលើសុចរិតភាពបុគ្គល និងភក្តីភាពនយោបាយជាជាងទេពកោសល្យនិងស្នាដៃក្នុងការងារ និងជំនាញវិជ្ជាជីវៈ»។ ប្រសិនបើវាជារឿងពិតមែន នោះមេដឹកនាំថ្មីៗទាំងនេះអាចមានសុវត្ថិភាពផ្នែកនយោបាយ ក៏ប៉ុន្តែវានឹងមិនមានប្រសិទ្ធភាពនោះទេ ក្នុងការលើកតម្កើងកំណើនសេដ្ឋកិច្ច។ ប្រសិនបើចរន្តបែបនេះបន្តដំណើរទៅមុខឥតងាករេ នោះទស្សនវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់វៀតណាម អាចនឹងរងនូវផលប៉ះពាល់អវិជ្ជមាន។

ទី២ «ភាពរាំងស្ទះជាប្រព័ន្ធនៅតែបន្តកើតមានដដែល»។ ប្រាក់បៀវត្សទាបសម្រាប់មន្ត្រីរដ្ធការនិងបុគ្គលិករដ្ឋនៅវៀតណាមបានបង្កការធ្លាក់ចុះផ្នែកសីលធម៌ និងអាចបង្កបញ្ហាជាច្រើនទៀតដែលរួមមានអំពើពុករលួយ ឬកង្វះជំនាញនៅតាមបណ្តាស្ថាប័នសាធារណៈ។ សូម្បីតែមេដឹកនាំដែលមានឆន្ទៈនិងមនសិការដ៏ល្អបំផុតក៏នឹងមិនអាចបំពេញបេសកកម្មរបស់ពួកគេបានដែរ ប្រសិនបើគ្មានមន្ត្រីល្អៗ។

ទី៣ «កង្វះតម្លាភាព, អំពើពុករលួយចាក់ឬស បូករួមនឹងយន្តការសម្រេចចិត្តត្រួតស៊ីគ្នា និងគ្មានប្រសិទ្ធភាពនៅក្នុងចំណោមស្ថាប័នរដ្ឋាភិបាលក៏បានបង្កការរាំងស្ទះដល់វឌ្ឍនភាពផងដែរ»។ ដូច្នេះមេដឹកនាំថ្មីៗត្រូវតែតស៊ូខិតខំតាមរយៈការជំរុញកិច្ចការប្រទាក់ក្រឡាគ្នាផ្នែកការិយាធិបតេយ្យដើម្បីធ្វើការសម្រេចចិត្ត និងដើម្បីអាចសម្រេចបាននូវជោគជ័យ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណបក្សកុម្មុយនីស្តបានអនុវត្តវិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយក្នុងនោះរួមមានទាំងការព្យាយាមពង្រឹងប្រសិទ្ធភាពការិយាធិបតេយ្យដើម្បីពង្រីកធនធានហិរញ្ញវត្ថុទៅបង្កើនប្រាក់បៀវត្សដល់មន្ត្រីរដ្ធ និងការបង្កើតគោលនយោបាយដើម្បីជំរុញទឹកចិត្តដល់មន្ត្រីរដ្ឋាភិបាលឱ្យផ្តល់នូវគំនិតផ្តួចផ្តើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

កំណែទម្រង់ស្ថាប័នខ្លះក៏ត្រូវបានចាប់ផ្តើមផងដែរ ដើម្បីពង្រឹងយន្តការសម្រេចចិត្ត។ ប៉ុន្តែវិធានការបែបនេះបានផ្តល់នូវជោគជ័យតិចតួចប៉ុណ្ណោះ។ បញ្ហាថា «តើមេដឹកនាំថ្មីៗទាំងនេះអាចនាំមកនូវការផ្លាស់ប្តូរវិជ្ជមានដែរឬអត់» នឹងអាស្រ័យលើសមត្ថភាពរបស់គណបក្សកុម្មុយនីស្ត ក្នុងការដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធដែលកំពុងបង្កការរាំងស្ទះទាំងដល់អភិបាលកិច្ចរបស់គណបក្ស និងដល់សេដ្ឋកិច្ច។

ជាជាងការផ្តោតលើការផ្លាស់ប្តូរមន្ត្រីកំពូលៗវិនិយោគិន និងអ្នកឃ្លាំមើលវៀតណាមគួរតែផ្តោតសំខាន់ទៅលើរបៀបដែលប្រទេសនេះនឹងដោះស្រាយភាពរាំងស្ទះនៅចំពោះមុខ៕

The Interpreter

អត្ថបទទាក់ទង