ខ្មែរប៉ុស្ដិ៍ Close

វៀតណាមនឹងដាក់ចេញនូវការផ្ទៀងផ្ទាត់អត្តសញ្ញាណសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 45
វៀតណាមនឹងដាក់ចេញនូវការផ្ទៀងផ្ទាត់អត្តសញ្ញាណសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម វៀតណាមនឹងដាក់ចេញនូវការផ្ទៀងផ្ទាត់អត្តសញ្ញាណសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម

រដ្ឋាភិបាលវៀតណាមកំពុងរៀបចំបង្កើតនូវកាតព្វកិច្ចដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook, TikTok និងបណ្តាញសង្គមផ្សេងៗទៀតធ្វើការផ្ទៀងផ្ទាត់នូវអត្តសញ្ញាណរបស់ពួកគេ ដោយយោងទៅលើតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ ក៏ដូចជាទម្រង់ផ្សេងៗទៀតនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។

នៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ «អាជ្ញាធរផ្សព្វផ្សាយនិងព័ត៌មានអេឡិចត្រូនិករបស់ក្រសួងព័ត៌មានបានបញ្ជាក់ថា វិសោធនកម្មច្បាប់ទូរគមនាគមន៍នឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ដែលនឹងតម្រូវឱ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដូចបានលើកឡើងខាងលើ ត្រូវធ្វើការបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ នៅពេលដែលពួកគេចុះឈ្មោះបង្កើតគណនី»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Nguyen Thanh Lam ថា «ពេលខ្លះអាជ្ញាធរអាចកំណត់អត្តសញ្ញាណរបស់ម្ចាស់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានបំពានច្បាប់ ក៏ប៉ុន្តែអាជ្ញាធរមិនអាចតាមដានពួកគេបានទេ ដោយសារឧក្រិដ្ឋជនទាំងនោះបានប្រើប្រាស់កម្មវិធី Cross-border Applications។ គណនីដែលមិនអាចផ្ទៀងផ្ទាត់បាន រាប់ទាំងគណនីនៅក្នុងកម្មវិធីក្នុងស្រុក និងកម្មវិធីបរទេសដូចជា Facebook, TikTok, YouTube នឹងតម្រូវឱ្យធ្វើការបញ្ជាក់នូវអត្តសញ្ញាណ»។

សម្ព័ន្ធប្រឆាំងនឹងការបោកប្រាស់សកល (Global Anti Scam Alliance) បានឱ្យដឹងថា «វៀតណាមមានអត្រាបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតខ្ពស់បំផុតនៅអាស៊ី»។ មិនខុសគ្នាពីវិធានការសន្តិសុខតាមអ៊ីនធឺណិតជាច្រើនផ្សេងទៀតនោះទេ ហេតុផលនៅពីក្រោយការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋ គឺពិតជាពិបាកក្នុងការកាត់ផ្តាច់ចេញពីគោលដៅនយោបាយណាស់។

វិធានការនេះនឹងផ្តល់នូវសិទ្ធិអំណាចបន្ថែមទៀតដល់ការបង្ក្រាបអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអនាមិក ដែលតែងតែរិះគន់បក្សកុម្មុយនីស្តវៀតណាម (CPV)។ នៅក្នុងប្រទេសវៀតណាម ការផលិតនិងការផ្សព្វផ្សាយ «ឃោសនាប្រឆាំងនឹងរដ្ឋ» ក៏ត្រូវបានគេរាប់បញ្ចូលថាជា «សកម្មភាពឧក្រិដ្ឋកម្ម» ផងដែរ។

ជាក់ស្តែង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានកាត់ទោសអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងក្រុមអ្នកប្រឆាំង ដែលបានបង្ហោះសារតាមប្រព័ន្ធអ៊ីនធឺណិតក្នុងចំនួនកាន់តែច្រើនឡើង។ វៀតណាមមានមូលដ្ឋានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដោយក្នុងនោះអ្នកប្រើប្រាស់ Facebook មានចំនួនច្រើនជាងគេលំដាប់ទី៧ និងអ្នកប្រើប្រាស់ TikTok មានចំនួនច្រើនជាងគេលំដាប់ទី ៦។

ខណៈពេលដែលក្រុមអ្នកកែទម្រង់, អ្នកប្រឆាំង, អ្នកការពារសិទ្ធិមនុស្សនិងអ្នកស្រាវជ្រាវអំពីសេរីភាពផ្សេងទៀតបានប្រើប្រាស់ឧបករណ៍ទាំងនេះជាមធ្យោបាយទំនាក់ទំនង និងដើម្បីប្រមូលផ្តុំចលនានយោបាយដ៏មានសក្តានុពល អាជ្ញាធរនៃបក្សកុម្មុយនីស្ត CPV បានបង្កើនការចាត់វិធានការដើម្បីរក្សាឧបករណ៍ទាំងនោះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ការបង្រ្កាបខាងលើកំពុងត្រូវបានពង្រឹងបន្ថែម តាមរយៈការបង្កើតក្របខណ្ឌច្បាប់ដែលត្រូវបានរៀបចំឡើងដើម្បីឱ្យរដ្ឋអាចមានសិទ្ធិគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់លើក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ក៏ដូចជាលើលំហូរព័ត៌មាននៅក្នុងប្រព័ន្ធអ៊ីនធឺណិត។

នៅឆ្នាំ ២០១៨ វៀតណាមបានអនុម័តច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដែលបានបង្ខំឱ្យក្រុមហ៊ុន Facebook និង Google លុបចោលនូវការបង្ហោះទាំងឡាយណាដែលមានខ្លឹមសារគំរាមកំហែងដល់សន្តិសុខជាតិនៅក្នុងរយៈពេល ២៤ ម៉ោង ក្រោយពេលទទួលបានសំណើពីរដ្ឋាភិបាល ហើយពួកគេក៏បានបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបរទេសបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសវៀតណាមផងដែរ និងត្រូវរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាម។

បន្ថែមពីលើនេះ ពួកគេកំពុងរៀបចំច្បាប់ថ្មីមួយចំនួនដើម្បីធ្វើការកំណត់ថា «តើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមប្រភេទណា ដែលអាចបង្ហោះមាតិកាទាក់ទងនឹងព័ត៌មានបាន»។ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរបក្សកុម្មុយនិស្ត CPV បានចាត់វិធានការជាក់លាក់មួយចំនួនលើកម្មវិធី បណ្តាញផ្សព្វផ្សាយ សង្គមរបស់ចិន «TikTok» ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចំណោមយុវវ័យ និងដែលកំពុងតែធ្វើការប្រកួតប្រជែងជាមួយបណ្តាញ Facebook ដើម្បីក្លាយជាបណ្តាញផ្សព្វផ្សាយសង្គមដ៏ល្បីជាងគេនៅក្នុងប្រទេស។

កាលពីខែមុន ក្រសួងព័ត៌មានវៀតណាមបានប្រកាសថា «ពួកគេកំពុងចាប់ផ្តើមធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយលើកម្មវិធីវីដេអូខ្លីៗ ក្រោមហេតុផលថា មាតិកាដែលកំពុងតែបំពុល, ប្រមាថ, ក្លែងបន្លំ និងមានលក្ខណៈអបិយជំនឿ នៅលើបណ្តាញសង្គមទាំងនេះ ដែលអាចបង្កការគំរាមកំហែងដល់យុវជន, វប្បធម៌ និងប្រពៃណីរបស់ប្រទេសវៀតណាម»។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងថា «ការស៊ើបអង្កេតដែលនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែឧសភា នឹងគ្របដណ្តប់ទៅលើបញ្ហាមួយចំនួនដែលរួមមានទាំងការចែកចាយមាតិកាព័ត៌មាន, ការបង់ពន្ធ, ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក និងការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធីទាំងនោះ»។ ការពិតដែលថា «កម្មវិធី Tiktok គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន» ក៏ជាកត្តាមួយដែលបានជំរុញឱ្យមានការ
ដាក់ចេញនូវសកម្មភាពបែបនេះផងដែរ។

ការលុបបំបាត់ភាពអនាមិកនឹងក្លាយជាការដើរថយក្រោយបន្ថែមទៀតចំពោះសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសវៀតណាម ហើយវានឹងបង្កើតនូវស្ថានភាពមួយដែលការធ្វើទំនាក់ទំនងតាមអ៊ីនធឺណិត នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋ។ វាអាចជាការការពារការរីករាលដាលនៃការបោកប្រាស់ និងសកម្មភាពមិនសមរម្យដទៃទៀតនៅក្នុងប្រព័ន្ធអ៊ីនធឺណិត ក៏ប៉ុន្តែវាក៏នឹងនាំមកនូវការបិទសិទ្ធិកាន់តែខ្លាំងផងដែរ៕

The Diplomat

អត្ថបទទាក់ទង