ខ្មែរប៉ុស្ដិ៍ Close

ប្រទេសនៅតំបន់អាស៊ីទទួលរងផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះនៅអ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 147
ប្រទេសនៅតំបន់អាស៊ីទទួលរងផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះនៅអ៊ុយក្រែន ប្រទេសនៅតំបន់អាស៊ីទទួលរងផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះនៅអ៊ុយក្រែន

ការឈ្លៀនពានពីសំណាក់រុស្ស៊ីចូលទៅក្នុងអ៊ុយក្រែន បានកើតឡើងអស់រយៈពេលជិត ១ខែហើយ ខណៈផលប៉ះពាល់សេដ្ឋកិច្ចក៏កំពុងតែចាប់ផ្តើមកើតមាននៅទូទាំងពិភពលោក ដែលរួមទាំងនៅតំបន់អាស៊ីផងដែរ។

នៅប្រទេសឥណ្ឌា ទីផ្សារប្រេងឆាដែលពឹងផ្អែកខ្លាំងទៅលើការនាំចូលពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងទទួលរងគ្រោះយ៉ាងខ្លាំង ខណៈសេដ្ឋកិច្ចប្រទេសបង់ក្លាដែសក៏កំពុងជួបប្រទះនឹងផលលំបាកដូចគ្នា។ បណ្តារដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ បើទោះបីជាពួកគេមិនបានទទួលរងផងប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏ពួកគេកំពុងតែទទួលរងនូវឥទ្ធិពល ដោយប្រយោលផងដែរ។

ពលរដ្ឋឥណ្ឌាបាន ប្រើប្រាស់ប្រេងឆាប្រមាណ ២៥ លានតោនក្នុងមួយឆ្នាំៗ ហើយជាងពាក់កណ្តាលនៃទំហំប្រេងឆាដែលត្រូវបានប្រើប្រាស់នេះ ត្រូវបាននាំចូលពីក្រៅប្រទេស ។ តួរលេខខាងលើនេះបានធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសដែលនាំចូលប្រេងឆាច្រើនជាងគេបំផុតនៅក្នុងពិភពលោក ហើយប្រេងឆាទាំងនោះភាគច្រើនត្រូវបាននាំចេញពីតំបន់ដែលកំពុងកើតមានសង្គ្រាម។

បើយោងតាមការឱ្យដឹងពីសំណាក់សមាគម Solvent Extractors’ Association របស់ឥណ្ឌាបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែកន្លងទៅនេះ ប្រេងផ្កាឈូករ័ត្នរបស់ឥណ្ឌាប្រមាណ ៨៥% ត្រូវបាននាំចូលពីប្រទេសអ៊ុយក្រែន ខណៈ ១៤% នាំចូលមកពីប្រទេសរុស្ស៊ី ហើយប្រេងដែលនៅសេសសល់ផ្សេងទៀតគឺនាំចូលពីប្រទេសអាហ្សង់ទីន។

ជាងនេះទៀតទៅទៀត តម្លៃស្រូវសាឡី បានហក់ឡើងយ៉ាងខ្ពស់ ដោយសារតែតម្រូវការបន្ថែមរបស់ពិភពលោក ខណៈមានការភ័យខ្លាចថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចនឹងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការផ្គត់ផ្គង់គ្រាប់ធុញ្ញជាតិ។ ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានក្តោបក្តាប់ការធ្វើពាណិជ្ជកម្មស្រូវសាឡីនៅក្នុងពិភពលោករហូតដល់ទៅ ២៥%។

អ្នកវិភាគសេដ្ឋកិច្ចលោក MK Venu បាននិយាយថា «អតិផរណាតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា បានកើនដល់ចំនួន ៦% ដែលនេះគឺជាតួរលេខកម្រិតខ្ពស់មួយ ដែលត្រូវបានកំណត់ដោយធនាគារកណ្តាល»។

ការរឹតត្បិតលើការធ្វើដំណើររបស់នាវា នៅក្នុងសមុទ្រខ្មៅក៏បានប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសឥណ្ឌាទៅបណ្តាប្រទេសដែលជាអតីតរដ្ឋរបស់សហភាពសូវៀតផងដែរ ដោយសារតែការខ្វះខាតខ្សែដឹកជញ្ជូន។

ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលបានធ្វើឱ្យធនាគាររុស្ស៊ីមិនអាចប្រើប្រព័ន្ធធនាគារ SWIFT បាននោះក៏បានបង្កនូវផលប៉ះពាល់ដល់ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាផងដែរ។ រដ្ឋាភិបាលឥណ្ឌាកំពុងតែស្ថិតនៅក្នុងដំណើរការនៃការរៀបចំកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មរវាងប្រាក់ Rupee របស់ឥណ្ឌា និងប្រាក់ Ruble របស់រុស្ស៊ី ដើម្បីសម្រាលដល់ការធ្វើប្រតិបត្តិការសាច់ប្រាក់ឆ្លងព្រំដែន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុននាំចេញឥណ្ឌាក៏មានការព្រួយបារម្ភអំពីរឿងនេះផងដែរ ដោយសារតែពួកគេបានធ្វើការទូទាត់ប្រាក់ចន្លោះពី ៤០០ ទៅ ៦០០ លានដុល្លាររួចទៅហើយ ដែលកំពុងជាប់គាំងនៅក្នុងប្រទេសរុស្ស៊ី។

អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅវិទ្យាស្ថានជាតិហិរញ្ញវត្ថុ និងគោលនយោបាយសាធារណៈ លោកស្រី Lekha Chakraborty បាននិយាយថា «ការផ្គត់ផ្គង់ប្រេងផ្កាឈូករ័ត្នធំៗគឺចេញមកពីប្រទេសអ៊ុយក្រែន ខណៈប្រទេសឥណ្ឌាក៏បាននាំចេញតែទៅប្រទេសរុស្ស៊ីប្រមាណ ១៣% ហើយប្រទេសឥណ្ឌាក៏ជាប្រទេសនាំចូលជីធម្មជាតិដ៏ធំពីរុស្ស៊ីផងដែរ»។

ការហក់ឡើងនៃតម្លៃប្រេងពិភពលោក ចាប់តាំងពីមានជម្លោះនៅអ៊ុយក្រែនក៏បានក្លាយជាកត្តាប្រឈមបន្ថែមសម្រាប់ប្រទេសឥណ្ឌា។ ក្រុមហ៊ុនសាជីវកម្ម ប្រេងឥណ្ឌា (Indian Oil Corporation Limited) ថ្មីៗនេះ ទើបតែបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងរុស្ស៊ីដើម្បីនាំចូលប្រេងឆៅប្រមាណ ៣លានប៉ារ៉ែល។

ប្រទេសឥណ្ឌាមានតម្រូវការក្នុងការនាំចូលប្រេងប្រមាណ ៨០% នៃតម្រូវការប្រេងសរុបរបស់ខ្លួន ដោយក្នុងនោះមាន ៣% ត្រូវបាននាំចូលមកពីប្រទេសរុស្ស៊ី។ ការនាំចូលប្រេងរបស់ឥណ្ឌាពីប្រទេសរុស្ស៊ីមានតម្លៃជិត ១ ពាន់លានដុល្លារ។

ទន្ទឹមនោះដែរ សេដ្ឋកិច្ចប្រទេសបង់ក្លាដែសក៏កំពុងតែទទួលរងផលប៉ះពាល់ពីសង្គ្រាមនេះរួចទៅហើយ។ ការហក់ឡើងតម្លៃប្រេងនៅក្នុងទីផ្សារពិភពលោកបានធ្វើឱ្យតម្លៃទំនិញផ្សេងៗទៀតរបស់ប្រទេសនេះ ហក់ឡើងខ្ពស់ដូចគ្នា ដែលប្រការនេះ បានធ្វើឱ្យមានការខាតបង់យ៉ាងច្រើនសម្រាប់ផ្នែកកិច្ចការធុរកិច្ច។

នៅពាក់កណ្តាលខែមីនា ក្រុមហ៊ុនប្រេងរដ្ឋរបស់បង់ក្លាដែស បានប៉ាន់ប្រមាណអំពីការខាតបង់ប្រមាណ ២ លានអឺរ៉ូក្នុងមួយថ្ងៃ ខណៈក្រុមហ៊ុននាំចេញក៏បានរាយការណ៍អំពីការកើនឡើងនៃតម្លៃដឹកជញ្ជូន និងការចំណាយផ្សេងៗទៀត ពិសេសគឺក្រុមហ៊ុននាំចេញសម្លៀកបំពាក់សម្រេចដែលបានកាន់កាប់ស្ទើតែ ៨០% នៃការនាំចេញសរុបរបស់បង់ក្លាដែស។

លោក Mohammad Hatem អនុប្រធានសមាគមកាត់ដេរបង់ក្លាដែសបាននិយាយថា «យើងកំពុងជួបប្រទះនឹងការដំឡើងថ្លៃរួចហើយសម្រាប់វត្ថុធាតុដើម និងការដឹកជញ្ជូននៅក្នុងអំឡុងពេលកូវីដ-១៩ ហើយពេលនេះ វាបានបន្តកើនឡើងបន្ថែមទៀត ដោយសារតែការហក់ឡើងនៃតម្លៃប្រេង ដែលបង្កឡើងដោយសារសង្គ្រាម។

នៅមុនកូវីដ-១៩ តម្លៃក្នុងការដឹកជញ្ជូនទូរកុងទីន័រដែលមានប្រវែង ៤០ ហ្វូត (៤០ foot) ទៅកាន់ទីក្រុង Hamburg មានតម្លៃត្រឹមតែ ១៥០០ ដុល្លារ ទៅ ១៨០០ ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែឥឡូវតម្លៃនេះ បានឈានដល់ ១០០០០ ដុល្លារ»។

លោក Zahid Hussain អតីតសេដ្ឋវិទូធនាគារពិភពលោកប្រចាំប្រទេសបង់ក្លាដែស បានប្រាប់ដល់សារព័ត៌មាននេះផងដែរថា «ផលប៉ះពាល់សេដ្ឋកិច្ចកើនឡើងទ្វេដង ដោយសារអតិផរណាផ្ទៃក្នុងផង និងការដំឡើងតម្លៃនាំចូលផង»។ ពីមុន ពាណិជ្ជកម្មរវាងបង់ក្លាដែសនិងរុស្ស៊ី ក៏ទទួលរងផលប៉ះពាល់ដែរ ដោយសារតែការដាក់ទណ្ឌកម្មមកលើធានាគាររុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននាំចេញរបស់ប្រទេសបង់ក្លាដែសបានរកឃើញវិធីផ្សេងទៀត ដោយពួកគេបានធ្វើការដឹកជញ្ជូនតាមរយៈប្រទេសចិន ដើម្បីបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។ ពាណិជ្ជកម្មទ្វេភាគី រវាងបង់ក្លាដែសនិងរុស្ស៊ីមានទំហំប្រមាណ ១,១៤ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធកន្លងទៅ។ ក្នុងពេលនោះ ប្រទេសបង់ក្លាដែស បាននាំចេញផលិតផលប្រមាណ ៦៦៥ លានដុល្លារទៅប្រទេសរុស្ស៊ី។

បើទោះបីជាតួរលេខនេះតំណាងឱ្យត្រឹមតែ ១% នៃការធ្វើពាណិជ្ជកម្មសរុបរបស់ប្រទេស់បង់ក្លាដែស ដែលមានតម្លៃរហូត ដល់ ១០៤,៣៥ ពាន់លានដុល្លារក្តី ក៏ប្រទេសរុស្ស៊ីត្រូវបានចាត់ទុកថា ជាទីផ្សារកំពុងរីកលូតលាស់មួយសម្រាប់ប្រទេសបង់ក្លាដែស។

លោក Hussain បាននិយាយថា «ការរក្សាការធ្វើពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ីបាន តាមរយៈការប្រើប្រាស់ច្រករបស់ប្រទេសចិននោះគឺគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ វានឹងមិនមានចីរភាពនោះទេ។ ការធ្វើពាណិជ្ជកម្មធំៗរបស់ប្រទេសបង់ក្លាដែស រួមមានការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប អាមេរិក និងអូស្ត្រាលី ហើយសូម្បីតែការធ្វើពាណិជ្ជកម្មជាមួយចិន ក៏ប្រទេសបង់ក្លាដែសប្រើប្រាស់ប្រព័ន្ធ SWIFT ដែរ»។

ឥទ្ធិពលនៃសង្គ្រាមនេះនឹងមិនបង្កផលប៉ះពាល់ខ្លាំងពេកទេ ដល់តំបន់អាស៊ីអាគ្នេយ៍។ ប្រទេសរុស្ស៊ីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៩ ប៉ុណ្ណោះសម្រាប់តំបន់នេះ ខណៈកាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរបស់ពួកគេមានតម្លៃត្រឹមតែ ១៧ ពាន់លានអឺរ៉ូតែប៉ុណ្ណោះ ហើយមានការវិនិយោគធំៗរបស់រុស្ស៊ីតិចតួចណាស់ដែលអាចនឹងទទួលរងផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងស្ថាប័នហិរញ្ញវត្ថុរបស់រុស្ស៊ី។

ប្រទេសដែលជាដៃគូប្រវត្តិសាស្ត្ររបស់រុស្ស៊ីចំនួន២ នៅក្នុងតំបន់ គឺប្រទេសវៀតណាមនិងឡាវ គឺជាប្រទេសនៅក្នុងតំបន់ដែលបានបោះឆ្នោតអនុប្បវាទចំពោះសេចក្តីសម្រេចនៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានរបស់រុស្ស៊ី ហើយប្រទេសទាំង២ នេះក៏កំពុងមានហានិភ័យបំផុតក្នុងផ្នែកពាណិជ្ជកម្មផងដែរ។

ប៉ុន្តែទំហំនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសវៀតណាមជាមួយប្រទេសរុស្ស៊ី និងអ៊ុយក្រែនមាន ប្រមាណតែ ៤% តែប៉ុណ្ណោះ។

ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន VinaCapital លោក ស្រី Thu Nguyen បាននិយាយថា «សង្គ្រាមនេះស្ទើតែមិនមានផលប៉ះពាល់មកលើវិស័យហិរញ្ញវត្ថុរបស់ប្រទេសវៀតណាមនោះទេ»។ ខណៈដែលសង្គ្រាម នៅអ៊ុយក្រែនអាចនឹងបង្កឱ្យមានការកើនឡើងនៃអត្រាអតិផរណានោះ លោកស្រីបន្ថែមថា ស្ថានភាពនៅក្នុងប្រទេសវៀតណាមកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបានយ៉ាងល្អនៅពេលនេះ។

បើតាមលោក Nguyen Khac Giang អ្នកវិភាគនៅសាកលវិទ្យាល័យ Victoria University of Wellington នៅក្នុងប្រទេសនូវែលសេឡង់ បានលើកឡើងថា «ដូចនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលដែរ ប្រទេសវៀតណាមអាចនឹងទទួលរងនូវផលប៉ះពាល់ដោយប្រយោលពីសង្គ្រាមនោះ ដោយរាប់ចាប់ពីភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក រហូតដល់ការកើនឡើងនៃតម្លៃថាមពល និងស្បៀងអាហារ ជាពិសេសនៅពេលដែលសេដ្ឋកិច្ចវៀតណាមកំពុងតែងាយនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីភាពចលាចលនៅខាងក្រៅ»។

លោកបានកត់សម្គាល់បន្ថែមទៀតថា តម្លៃឥន្ទនៈបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់ពីសប្តាហ៍មុនមក។ វាអាចជាដំណឹងល្អសម្រាប់ក្រុមហ៊ុនរៀតណាមដែលកំពុងផលិតប្រេង និងហ្គាស់នៅឯនាយ
សមុទ្រ ក៏ដូចជាសម្រាប់ហិបថវិការបស់រដ្ឋ នៅពេលដែលរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ចំណូលរដ្ឋដែលទទួលបានពីប្រេងឆៅបានកើនឡើង ៥៧% សម្រាប់រយៈពេល ២ ខែដំបូងនៃឆ្នាំនេះ។ ប៉ុន្តែវានឹងអាចបង្កផលប៉ះពាល់ដល់ម្ចាស់អាជីវកម្មតូចៗ និងអាចបង្កឱ្យមានការ ដំឡើងថ្លៃការនាំចេញសម្រាប់ឧស្សាហកម្មរោងចក្រជាច្រើនរបស់ប្រទេសវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ សន្តិសុខស្បៀងអាហារនៅតែជាបញ្ហាកង្វល់របស់ប្រទេសវៀតណាម។ សម្រាប់រយៈពេល ៦ខែដំបូងនៃឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់សាច់ធំជាងគេរបស់វៀតណាម ជាមួយនឹងការកើនឡើងនៃការនាំចេញរហូតដល់៤៥០% ធៀបនឹងឆ្នាំមុន។

ផលប៉ះពាល់នៃសង្គ្រាមមកលើវិស័យកសិកម្មក៏ជាក្តីកង្វល់សម្រាប់តំបន់ទាំងមូលផងដែរ។ ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានរួមចំណែកប្រមាណ ១៥% នៃស្រូវសាឡី និងគ្រាប់ធុញ្ញជាតិដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រទេសឥណ្ឌូណេស៊ីគឺជាអ្នកនាំចូលស្រូវសាឡីធំជាងគេទី៤ ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈប្រទេសហ្វីលីពីនឈរនៅលំដាប់ទី១០។ ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ជីកសិកម្មជាង ១០% ដល់តំបន់នេះ។

អ្វីដែលជាការព្រួយបារម្ភធំបំផុតសម្រាប់ប្រទេសវៀតណាមនៅពេលនេះគឺថា ពេលនេះប្រទេសវៀតណាមបានក្លាយជាប្រទេសដែលមានការតភ្ជាប់ធំជាងគេបំផុតមួយនៅក្នុងសេដ្ឋកិច្ចពិភពលោក។ ផលធៀបពាណិជ្ជកម្មទៅនឹង GDP ដែលមានចំនួនរហូតដល់ ២១០% បានធ្វើឱ្យប្រទេសនេះស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១០ នៅក្នុងពិភពលោក។

ការកើនឡើងនៃការនាំចេញផ្នែកឧស្សាហកម្មបច្ចេកវិទ្យារបស់វៀតណាមក៏ត្រូវបានគេរំពឹងថា នឹងទទួលរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃការនាំចេញពីប្រទេសរុស្ស៊ីផងដែរ ជាពិសេសសម្រាប់ពពួករ៉ែសំខាន់ៗដូចជា nickel, krypton, aluminum និង palladium ដែលកំពុងត្រូវបានគេប្រើដើម្បីបង្កើតបន្ទះឈីប ៕ DW

អត្ថបទទាក់ទង