ខ្មែរប៉ុស្ដិ៍ Close

ការឆ្លើយតបរបស់ប្រទេសជប៉ុនចំពោះយុទ្ធវិធីតំបន់ប្រផេះរបស់ចិន៖ ការជួយឱ្យតំបន់អាស៊ីអាគ្នេយ៍មានភាពកាន់តែប្រសើរឡើង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 170
ការឆ្លើយតបរបស់ប្រទេសជប៉ុនចំពោះយុទ្ធវិធីតំបន់ប្រផេះរបស់ចិន៖ ការជួយឱ្យតំបន់អាស៊ីអាគ្នេយ៍មានភាពកាន់តែប្រសើរឡើង ការឆ្លើយតបរបស់ប្រទេសជប៉ុនចំពោះយុទ្ធវិធីតំបន់ប្រផេះរបស់ចិន៖ ការជួយឱ្យតំបន់អាស៊ីអាគ្នេយ៍មានភាពកាន់តែប្រសើរឡើង

ជម្លោះនៅប្រជុំកោះ Senkaku/Diaoyu រវាងជប៉ុននិងចិន បានផ្តល់ជាមេរៀនដ៏សំខាន់សម្រាប់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងតែប្រឈមមុខនឹងការឈ្លានពានកាន់តែខ្លាំងឡើងរបស់ចិន ជាពិសេសនៅសមុទ្រចិនខាងត្បូង។

នៅសមុទ្រចិនខាងកើត ប្រទេសជប៉ុនទទួលបាននូវបទពិសោធន៍ជាច្រើន តាមរយៈការប្រឈមមុខនឹងយុទ្ធវិធីយកឈ្នះរបស់ចិនដែលមានគោលបំណងបញ្ចប់ការគ្រប់គ្រងរបស់ជប៉ុនទៅលើកោះ។ ទីក្រុងតូក្យូដែលជាដៃគូដ៏យូរអង្វែងមួយរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន បានបន្តផ្តល់ជំនួយដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលពួកគេកំពុងប្រឈមនឹងការឈ្លានពាននៅដែនសមុទ្រពីសំណាក់ចិន។

ចិនបានទាមទារអធិបតេយ្យភាពលើប្រជុំកោះ Diaoyu ក៏ប៉ុន្តែជប៉ុនបានបន្តលើកឡើងថា «ជម្លោះមិនគួរកើតមានជុំវិញប្រជុំកោះទាំងនេះទេ»។ នៅក្នុងឆ្នាំ 2010 កិច្ចព្រមព្រៀងសម្ងាត់រវាងរដ្ឋាភិបាលទាំងពីរ សម្រាប់កិច្ចសហការរួមគ្នាក្នុងការទប់ស្កាត់ជនស៊ីវិលពីភាគីទាំងសងខាងមិនឱ្យចូលចត ត្រូវបានលុបចោលវិញនៅពេលដែលនាវានេសាទរបស់ចិនបានបុកគ្នាជាមួយនឹងទូកល្បាតរបស់ជប៉ុន (JCG) នៅខាងក្នុងដែនទឹកនៃប្រជុំកោះ Senkakus។

ដោយសង្ស័យថា «ទូកនេសាទនោះគឺជាទូករបស់ទាហានដែលបានធ្វើការបន្លំខ្លួនដើម្បីចូលធ្វើការលុកលុយ» ទូកល្បាតរបស់ជប៉ុនបានចាប់ប្រធានក្រុមរបស់ទូកនោះទៅសួរចម្លើយ ហើយសកម្មភាពនេះបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។ ក្រោយមក រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តដោះលែង និងធ្វើបត្យាប័នប្រធានក្រុមរបស់ទូកនោះ ក៏ប៉ុន្តែការបែកធ្លាយវីដេអូនៃការប៉ះទង្គិចគ្នានោះបានធ្វើឱ្យសាធារណជនជប៉ុនផ្ទុះកំហឹងយ៉ាងខ្លាំង។

នៅក្នុងឆ្នាំ ២០១២ ជប៉ុនបានទិញកោះនោះពីម្ចាស់ឯកជន ហើយការទិញនោះបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងនៅទូទាំងប្រទេសចិន។ ចាប់តាំងពីពេលនោះមក ចិនបានប្រើប្រាស់យុទ្ធវិធីតំបន់ប្រផេះ (Grey-zone Tactics) ដើម្បីប្រឆាំងនឹងការគ្រប់គ្រងផ្នែករដ្ឋបាលរបស់ជប៉ុននៅលើប្រជុំកោះនេះ។ ជម្លោះនេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏ចម្រូងចម្រាសជាច្រើននៅក្នុងទំនាក់ទំនងរវាងចិននិងជប៉ុន។

ដើម្បីបំផ្លាញការគ្រប់គ្រងផ្នែករដ្ឋបាលរបស់ជប៉ុននៅលើប្រជុំកោះនេះ ចិនបានបង្កើនការលុកលុយជាច្រើនដងដោយបានបញ្ជូនកងនាវាការពារសមុទ្រចិនចូលទៅក្នុងដែនទឹកនៃកោះនោះ។ នៅក្នុងឆ្នាំ ២០១៣ ឧបទ្ទវហេតុនៅប្រជុំកោះនេះបានកើនឡើងរហូតដល់ ៥២ លើក។

ប៉ុន្តែនៅពេលថ្មីៗនេះ ចំនួនឧបទ្ទវហេតុបានធ្លាក់ចុះមកនៅត្រឹមចំនួន ៣៤ លើកនៅក្នុងឆ្នាំ ២០២១ និង ២៩ លើកនៅក្នុងឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ ការលុកលុយជាញឹកញាប់បានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida លើកឡើងនូវក្តីព្រួយបារម្ភខ្លាំងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតី Xi Jinping នៅខាងក្រៅកិច្ចប្រជុំកំពូល APEC កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។

ការលុកលុយរបស់កងនាវាការពារសមុទ្រចិនអាចធ្វើឡើងទៅបាន ដោយសារតែការដាក់ឱ្យដំណើរការនូវទូកល្បាតថ្មីៗដែលមានទំហំធំ ដោយក្នុងនោះទូកខ្លះអាចមានទម្ងន់រហូតដល់ ១០ ០០០ តោន ដែលស្មើនឹងទំហំរបស់នាវាទេសចរណ៍។

នៅឆ្នាំ ២០១៨ កងនាវាការពារសមុទ្រចិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមបទបញ្ជារបស់យោធា ហើយច្បាប់កងនាវាការពារសមុទ្រចិន ដែលត្រូវបានអនុម័តនៅឆ្នាំ ២០២១ បានអនុញ្ញាតឱ្យកាំភ្លើងដែលមានទំហំធំជាងមុន អាចបើកការបាញ់ប្រហារទៅលើនាវាអនុវត្តច្បាប់របស់ប្រទេសមួយផ្សេងទៀតបាននៅក្នុងតំបន់ដែនសមុទ្រ ដែលត្រូវបានអះអាងថាជា «ដែនទឹកនិងដែនអាកាសដែលស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសចិន»។

ជាការឆ្លើយតប ជប៉ុនបានដាក់ពង្រាយនាវាល្បាតបន្ថែមទៀតទៅកាន់តំបន់នេះ ហើយនាវាល្បាតជប៉ុនក៏កំពុងតែធ្វើការរួមគ្នាជាមួយកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (MSDF) ផងដែរ ដើម្បីទប់ស្កាត់ការលុកលុយរបស់នាវានេសាទចិន, កងនាវាការពារសមុទ្រចិន និងកងទ័ពជើងទឹកចិន។ យុទ្ធវិធីតំបន់ប្រផេះរបស់ចិន និងការឆ្លើយតបរបស់ជប៉ុន បានជះឥទ្ធិពលដោយផ្ទាល់ចំពោះភាគីជម្លោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ជម្លោះនៅសមុទ្រចិនខាងត្បូង។

ជប៉ុនបានទទួលស្គាល់អំពីតម្រូវការក្នុងការពង្រឹងសមត្ថភាពរបស់កងឆ្នាំការពារឆ្នេររបស់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីអាចឱ្យពួកគេមានសមត្ថភាពទប់ទល់នឹងយុទ្ធសាស្ត្រតំបន់ប្រផេះរបស់ចិនបានកាន់តែប្រសើរ។ កងជីវពលដែនសមុទ្របស់ចិនបានដេញអ្នកនេសាទដែលមកពីហ្វីលីពីន និងវៀតណាមចេញពីកន្លែងនេសាទលក្ខណៈប្រពៃណីរបស់ពួកគេ ហើយកងនាវានេសាទរបស់ចិនក៏បានធ្វើសកម្មភាពយ៉ាងសកម្មរហូតដល់
តំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសឥណ្ឌូណេស៊ីនៅជុំវិញប្រជុំកោះ Natuna ទៀតផង។

ឆ្មាំការពារឆ្នេរនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបន្តរក្សាវត្តមានជាប្រចាំ ដើម្បីរារាំងការប៉ុនប៉ងរបស់ប្រទេសចិនក្នុងការដាក់សម្ពាធដើម្បីទាមទារយកតំបន់ជម្លោះដែលខ្លួននៅមិនទាន់ដណ្តើមបាន។ ផ្អែកលើបញ្ហានេះ នាវាធំៗនិងរឹងមាំ ដែលប្រទេសជប៉ុនបានផ្តល់ដល់ឆ្មាំការពារឆ្នេរនៅតំបន់អាស៊ីអាគ្នេយ៍ ពិតជាអាចជួយដោះស្រាយបញ្ហាបាន។

នៅក្នុងឆ្នាំ ២០១៣ ជប៉ុនបានប្រគល់នាវាល្បាតសម្រាប់ការឆ្លើយតបពហុតួនាទីដែលផលិតដោយជប៉ុនចំនួន ១០ គ្រឿងទៅឱ្យកងឆ្មាំការពារឆ្នេរហ្វីលីពីន ហើយនាវាល្បាតប្រវែង ៩៦ ម៉ែត្រ ចំនួន ២ គ្រឿងផ្សេងទៀតក៏ត្រូវបានផ្តល់ឱ្យបន្ថែមកាលពីឆ្នាំ ២០២២ ផងដែរ។ ទីក្រុងតូក្យូបានប្រគល់នាវាល្បាតនេសាទជលផលចំនួន ៦ គ្រឿងទៅឱ្យវៀតណាមបូករួមនឹងនាវាល្បាតចំនួន ៦ គ្រឿងទៀត ដែលនឹងត្រូវផ្តល់ឱ្យនៅឆ្នាំ ២០២៥។

ជប៉ុនក៏បានផ្តល់នាវាល្បាតទម្ងន់ ៤៩៩ តោនទៅឱ្យកងឆ្មាំការពារឆ្នេរឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០២០ ផងដែរ ហើយតាមរយៈកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខានៅក្នុងខែមីនា ឆ្នាំ ២០២១ កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានទិញនាវាចម្បាំងបំបាំងកាយ Mogami-class ចំនួន ៨ គ្រឿងពីប្រទេសជប៉ុន។

ការបកស្រាយឡើងវិញរបស់ជប៉ុនអំពីគោលការណ៍សន្តិភាពក្រោយសង្គ្រាមរបស់ខ្លួន ក៏បានអនុញ្ញាតឱ្យប្រទេសនេះអាចផ្តល់ការជួយដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការទប់ស្កាត់ការឈ្លានពានរបស់ចិនផងដែរ។ កាលពីមុន ការបញ្ជូននាវាឆ្មាំការពារឆ្នេរទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ ត្រូវបានធ្វើឡើងក្រោមគោលការណ៍ប្រឆាំងនឹងការនាំចេញអាវុធ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ ២០១៤ ជប៉ុនបានបន្ធូរបន្ថយការហាមឃាត់លើការនាំចេញអាវុធរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យមានការផ្ទេរឧបករណ៍ការពារដល់ប្រទេសដទៃទៀត។ ជាឧទាហរណ៍ : កិច្ចព្រមព្រៀង «Mogami» ជាមួយឥណ្ឌូណេស៊ី ត្រូវបានគេចាត់ថ្នាក់ថាជា «គម្រោងនៃការអភិវឌ្ឍរួមគ្នា» ដើម្បីគេចចេញពីការហាមឃាត់លើការនាំចេញអាវុធ។

នៅក្នុងការបន្តជំរុញដើម្បីអាចឱ្យខ្លួនក្លាយជាតួអង្គសន្តិសុខដែលកាន់តែគួរឱ្យជឿជាក់ ទីក្រុងតូក្យូត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការនាំចេញអាវុធធុនធ្ងន់ដើម្បីជួយពង្រឹងសមត្ថភាពការពាររបស់ប្រទេសដែលនាំចូល និងដើម្បីរួមចំណែកដល់បរិយាកាសសន្តិសុខ របស់ជប៉ុន។ ការផ្តល់នាវាល្បាតរបស់ជប៉ុនបានជួយសម្រួលដល់ការធ្វើកំណែទម្រង់របស់អាជ្ញាធរសន្តិសុខដែនសមុទ្រនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្រោមរូបភាពការិយាធិបតេយ្យស៊ីវិល។

វាក៏ជាការសំខាន់ផងដែរក្នុងការចងចាំថា «ពិធីសារក្នុងការអនុវត្តច្បាប់ដែនសមុទ្រគឺមិនអាចញែកចេញពីការសម្រេចចិត្តផ្នែកការទូត និងបញ្ហានយោបាយដ៏រសើបបានទេ»។ ប្រសិនបើកងកម្លាំងដែនសមុទ្រនៅក្នុងប្រទេសនានាបង្ហាញប្រតិកម្មខ្លាំងពេកចំពោះការបង្កហេតុនៅតំបន់ប្រផេះរបស់ចិន នោះចិនអាចនឹងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការពង្រីកច្បាប់ឧបទ្ទវហេតុឱ្យទៅជាច្បាប់យោធា។

ដូច្នេះការកសាងសមត្ថភាពកងឆ្មាំការពារឆ្នេរនៅតំបន់អាស៊ីអាគ្នេយ៍ទាមទារឱ្យមានការបណ្តុះបណ្តាល និងការស្វែងយល់អំពីបរិបទដ៏ទូលំទូលាយនេះ។ នៅក្នុងន័យនេះ កម្មវិធីរួមគ្នារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងនាវាយាមល្បាតជប៉ុននឹងផ្តោតទៅលើការបណ្តុះបណ្តាលមន្ត្រីឆ្មាំសមុទ្រអំពីច្បាប់សមុទ្រអន្តរជាតិ, ការអនុវត្តច្បាប់ស៊ីវិល និងយុទ្ធសាស្ត្រដែនសមុទ្រអន្តរជាតិ។

ការធ្វើបែបនេះ នឹងជួយឱ្យអង្គភាពទាំងនេះអាចទប់ស្កាត់នឹងការឈ្លានពានរបស់ចិន ហើយថែមទាំងអាចបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពដែលអាចបង្កឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរទៀតផង។ សម្រាប់ការប្រឈមមុខនឹងបញ្ហានៃយុទ្ធវិធីតំបន់ប្រផេះរបស់ចិននៅសមុទ្រចិនខាងកើត បទពិសោធន៍និងសមត្ថភាពរបស់ជប៉ុនកំពុងត្រូវបានលើកយកមកអនុវត្ត ដើម្បីជំរុញសមត្ថភាពសន្តិសុខដែនសមុទ្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Fulcrum

អត្ថបទទាក់ទង