ខ្មែរប៉ុស្ដិ៍ Close

តើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាម នឹងបង្កផលប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ខ្លួនដែរឬទេ នៅចំពេលកើតមានការប្រកួតប្រជែងរវាងអាមេរិកនិងចិន?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 57
តើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាម នឹងបង្កផលប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ខ្លួនដែរឬទេ នៅចំពេលកើតមានការប្រកួតប្រជែងរវាងអាមេរិកនិងចិន? លោក Nguyen Xuan Phuc បានលាលែងពីតំណែងជាប្រធានាធិបតីប្រទេសវៀតណាម បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោកហៀបនឹងត្រូវគេបណ្តេញចេញពីតំណែង ដែលជាផ្នែកមួយនៃការប្រឆាំងអំពើពុករលួយនៅវៀតណាម។ រូបថត៖ Reuters/File

ខណៈពេលដែលប្រទេសវៀតណាមបាននិងកំពុងបោសសម្អាតបណ្តាថ្នាក់ដឹកនាំរបស់ខ្លួននៅក្រោយយុទ្ធនាការបង្ក្រាបអំពើពុករលួយ មនុស្សមួយចំនួនបានលើកឡើងនូវចម្ងល់ពាក់ព័ន្ធនឹងកង្វះខាតបទពិសោធន៍របស់ក្រុមដឹកនាំថ្មីលើគោលនយោបាយការបរទេស និងថា «តើវាអាចនឹងបង្កផលប៉ះពាល់ដល់សមត្ថភាពរបស់វៀតណាមក្នុងការគ្រប់គ្រងបញ្ហាប្រឈមផ្នែកការទូតដែរឬទេ នៅចំពេលមានការប្រកួតប្រជែងរវាងអាមេរិកនិងចិន»។

កាលពីសប្តាហ៍មុន ប្រធានាធិបតី Nguyen Xuan Phuc បានលាលែងពីតំណែងនៅក្រោយមានពាក្យចចាមអារ៉ាមថា «លោកអាចត្រូវបានគេបណ្តេញចេញពីតំណែង ដែលជាផ្នែកមួយនៃចលនាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលបានបណ្តេញរដ្ឋមន្ត្រីជាច្រើនរូបចេញពីតំណែង»។

បណ្តាញផ្សព្វផ្សាយរដ្ឋរបស់វៀតណាមបាននិយាយថា «លោក Phuc មានទំនួលខុសត្រូវផ្នែកនយោបាយក្នុងនាមជាមេដឹកនាំនៅពេលដែលមន្ត្រីជាច្រើន បូករួមទាំងឧបនាយករដ្ឋមន្ត្រី ២ រូប និងរដ្ឋមន្ត្រី ៣ រូប បានប្រព្រឹត្តការរំលោភបំពាន និងបង្កភាពឆកល្វែង ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ»។

នៅដើមខែនេះ លោក Pham Binh Minh និងលោក Vu Duc Dam ត្រូវបានដកចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី ដោយសារមានជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយចំនួន ២ ករណី ជុំវិញការទិញឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ-១៩ និងការដឹកជញ្ជូនពលរដ្ឋវៀតណាមដែលបានជាប់គាំងនៅឯបរទេសក្នុងអំឡុងពេលកើតមានការរាតត្បាតនៃវីរុស។

លោក Minh គឺជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស ហើយលោក Dam គឺជាអ្នកទទួលខុសត្រូវលើការគ្រប់គ្រងលើវីរុសរាតត្បាតរបស់វៀតណាម។ អ្នកដែលមកជំនួសតំណែងរបស់ពួកគេគឺលោក Tran Hong Ha និងលោក Tran Luu Quang ដែលសុទ្ធតែជាមនុស្សដែលគ្មានបទពិសោធន៍ផ្នែកគោលនយោបាយការបរទេស។

លោក Ha Hoang Hop ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS Yusof-Ishak នៅសិង្ហបុរីបាននិយាយថា «នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក Pham Minh Chinh បានដឹកនាំការងារការទូតរបស់ប្រទេស ហើយក្រោមការដឹកនាំរបស់លោក Chinh ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក និងការប្រកាន់យកជំហរកណ្តាលរបស់វៀតណាមជាមួយចិន នឹងមិនមានការប្រែប្រួលអ្វីនោះទេ»។

ការលើកឡើងនេះគឺចង់សំដៅទៅលើទំនាក់ទំនងកាន់តែល្អរវាងវៀតណាមនិងសហរដ្ឋអាមេរិក ដែលបានចែករំលែកក្តីកង្វល់រួមពាក់ព័ន្ធនឹងភាពឈ្លានពានកាន់តែខ្លាំងរបស់ចិននៅក្នុងតំបន់។ ការបន្តថែរក្សាទំនាក់ទំនងអាចបង្កបញ្ហាប្រឈមសម្រាប់ប្រទេសវៀតណាមដែលកំពុងព្យាយាមស្វែងរកលទ្ធភាពនៃការងាកចេញពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរក «ភាពជាដៃគូយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក» ទន្ទឹមនឹងការបន្តរក្សាទំនាក់ទំនងល្អូកល្អឺនជាមួយចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។

លោក Nguyen Khac Giang ដែលជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលវៀតណាមដើម្បីការសិក្សាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច បាននិយាយថា «ប្រវត្តិរបស់ប្រធានាធិបតីថ្មីនឹងមិនមានឥទ្ធិពលធំដុំលើទិសដៅគោលនយោបាយរបស់វៀតណាមឡើយ។ គោលនយោបាយការបរទេសរបស់វៀតណាមត្រូវបានកំណត់និងតម្រង់ទិសជារួម ដោយសមាជបក្សនៅឆ្នាំ ២០២១ ហើយអ្វីៗអាចនឹងមិនមានការផ្លាស់ប្តូរនោះទេ»។

ប៉ុន្តែការចាកចេញរបស់លោក Phuc និងលោក Minh ខណៈដែលអ្នកទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពជោគជ័យផ្នែកការទូតរបស់វៀតណាមនៅក្នុងប៉ុន្មានពេលឆ្នាំចុងក្រោយនេះ អាចបង្កផលប៉ះពាល់ដល់សមត្ថភាពរបស់វៀតណាមក្នុងការគ្រប់គ្រងលើការប្រកួតប្រជែងរវាងមហាអំណាច ក៏ដូចជានៅក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង។

ជាមួយនឹងការចាត់ទុកកង្វះបទពិសោធន៍ផ្នែកគោលនយោបាយការបរទេសរបស់លោក Tran Luu Quang ជា «បញ្ហាប្រឈម» លោក Zachary Abuza ដែលជាសាស្ត្រាចារ្យផ្នែកសន្តិសុខយុទ្ធសាស្ត្រ នៅសាលា «National War College» នៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា «រដ្ឋមន្ត្រីការបរទេសគឺលោក Bui Thanh Son អាចជាមនុស្សបន្ទាប់ដែលត្រូវចាកចេញ ដោយសារតែតួនាទីថ្នាក់រដ្ឋមន្ត្រីរបស់លោកនៅក្នុងអំឡុងកើតមានរឿងអាស្រូវជុំវិញការជម្លៀសពលរដ្ឋពីបរទេស»។

លោក Abuza បានបន្តថា «ប្រសិនបើរដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតី នោះវានឹងមានចំណុចខ្វះខាតយ៉ាងពិតប្រាកដពាក់ព័ន្ធនឹងបទពិសោធន៍ផ្នែកគោលនយោបាយការបរទេសនៅក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់។ បញ្ហានេះនឹងធ្វើឱ្យលោក Le Hoai Trung ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់គណៈកម្មាធិការមជ្ឈឹមបក្ស ក្លាយជាអ្នកជំនាញផ្នែកគោលនយោបាយការបរទេសកម្រិតខ្ពស់ជាងគេបង្អស់»។

ប្រសិនបើលោក Son ត្រូវគេបណ្តេញចេញ លោក Trung អាចនឹងក្លាយជារដ្ឋមន្ត្រីការបរទេសថ្មី។ លោក Bill Hayton ដែលជាអ្នកស្រាវជ្រាវនៅ Chatham House និងជាអ្នកសង្កេតការណ៍លើប្រទេសវៀតណាមអស់រយៈពេលជាយូរមកហើយ បាននិយាយថា «កិច្ចការបរទេសបានក្លាយជាចំណុចអាទិភាពទាបមួយសម្រាប់ទីក្រុងហាណូយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្វីដែលគណបក្សចង់បានបំផុតនោះ គឺការមិនរងនូវការជ្រៀតជ្រែក ដើម្បីអាចឱ្យខ្លួនផ្តោតលើការពង្រឹងអំណាច»។

រដ្ឋសភាវៀតណាមបើកសម័យប្រជុំនាសរទរដូវនៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨។ រូបថត៖ Reuters/File

ជាមួយនឹងការចាត់ទុកលោក To Lam ជាមនុស្សម្នាក់ដែលមានភាពទំនងបំផុតក្នុងការទទួលបាននូវការតែងតាំងជាប្រធានាធិបតី លោក Hayton បាននិយាយថា «វាមានពាក្យចចាមអារ៉ាមដែលថា លោកអាចធានាបាននូវមុខតំណែងនេះរួចស្រេចទៅហើយ។ ការពិតដែលថា លោកមិនត្រូវបានតែងតាំងភ្លាមៗ បានបង្ហាញថា វាអាចមានការប្រឆាំងខ្លះនៅក្នុងជួរគណបក្ស»។

លោកបានបន្តថា «វាអាចទៅរួចដែលថា ក្រុមសន្តិសុខរបស់គណបក្សចង់វិលត្រឡប់ទៅរកការដឹកនាំតាមបែប Lenin វិញ ហើយអាចនឹងអនុវត្តកិច្ចការតាមគំរូរបស់ចិន។ ការងាកទៅរក Xi ភាវូបនីយកម្ម (Xi-ification) របស់ប្រទេសវៀតណាម អាចប្រឈមមុខនឹងការប្រឆាំងកាន់តែខ្លាំងនៅក្នុងជួរគណបក្ស»។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping មិនត្រឹមតែបានចាត់វិធានការបង្ក្រាបអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើនការគ្រប់គ្រង និងតម្រង់ទិសរបស់រដ្ឋទៅលើសេដ្ឋកិច្ចផងដែរ បូករួមនឹងការបង្ក្រាបលើសង្គមស៊ីវិល។

បេក្ខជនផ្សេងៗទៀតសម្រាប់តំណែងជាប្រធានាធិបតីរួមមានសមាជិកការិយាល័យនយោបាយរបស់គណបក្សកុម្មុនីស្តវៀតណាម គឺលោក Vo Van Thuong, អគ្គលេខាធិការបក្សនៅទីក្រុងហូជីមិញ គឺលោក Nguyen Van Nen និងសមាជិកការិយាល័យនយោបាយរបស់គណៈកម្មការមជ្ឈឹមបក្ស គឺលោកស្រី Truong Thi Mai៕

South China Morning Post

អត្ថបទទាក់ទង