ខ្មែរប៉ុស្ដិ៍ Close

ការផ្សះផ្សារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគឺជាតួនាទីដែលមានហានិភ័យសម្រាប់ប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 129
ការផ្សះផ្សារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគឺជាតួនាទីដែលមានហានិភ័យសម្រាប់ប្រទេសចិន ការផ្សះផ្សារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគឺជាតួនាទីដែលមានហានិភ័យសម្រាប់ប្រទេសចិន

នៅក្រោយការឈ្លានរបស់រុស្ស៊ីចូលទៅអ៊ុយក្រែន មេដឹកនាំអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងប្រធានាធិបតីបារាំង Emmanuel Macron បានស្នើថា ក្នុងនាមជាមហាអំណាចអព្យាក្រឹតមួយនៅកៀកទីក្រុងម៉ូស្គូ ទីក្រុងប៉េកាំងគួរតែផ្សះផ្សាររវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រធានាធិបតីចិន Xi Jinping បាននិយាយដោយស្រពិចស្រពិលអំពីតួនាទីរបស់ចិនក្នុងការដោះស្រាយជម្លោះនោះកាលពីខែមីនា និងខែធ្នូ ឆ្នាំ ២០២២។

នៅចំពោះមុខបញ្ហានេះ ការផ្សះផ្សាររបស់ចិនគឺហាក់ដូចជាអាចទៅរួចសម្រាប់ទីក្រុងប៉េកាំង។ ការធ្វើបែបនេះនឹងធ្វើឱ្យទំនាក់ទំនងរបស់ចិនជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុប មានភាពប្រសើរឡើង ខណៈដែលទំនាក់ទំនងរវាងពួកគេកំពុងតែទទួលរងគ្រោះយ៉ាងដំណំ ដោយសារតែជំហររបស់ទីក្រុងប៉េកាំងចំពោះសង្គ្រាមនេះ។ ហើយវាក៏នឹងបង្ហាញថា ប្រទេសចិនគឺជាមហាអំណាចពិភពលោកដែលបានស្វែងរកសន្តិភាព និងជួយបញ្ចប់ជម្លោះដែលអាចបង្កឱ្យមានអស្ថិរភាពដល់សេដ្ឋកិច្ចពិភពលោក និងអាចបង្កជាការបំផ្លាញដល់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន។

ប៉ុន្តែប្រទេសចិនហាក់មានភាពស្ទាក់ស្ទើរក្នុងការផ្សះផ្សារវាងភាគីទាំងពីរនោះ។ តើហេតុអ្វី?

មួយផ្នែកនៃចម្លើយនេះគឺថា ទាំងរុស្ស៊ីនិងអ៊ុយក្រែន មិនចាប់អារម្មណ៍ទាល់តែសោះចំពោះការបញ្ចប់សង្គ្រាមនៅក្នុងដំណាក់កាលនេះ។

សង្គ្រាមនេះមិនត្រឹមតែមិនធ្វើឱ្យប៉េកាំងខាតបង់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលបានផលប្រយោជន៍ផងដែរ ពោលគឺពួកគេទទួលបានអន្តរភាវូបនីយកម្មកាន់តែធំធេងដល់ប្រាក់យ័នរបស់ចិន, ទទួលបានថាមពលក្នុងតម្លៃថោក និងការធ្លាក់ចុះនៃការផ្តោតអារម្មណ៍របស់អាមេរិកមកលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ការប្រកួតប្រជែងកាន់តែខ្លាំងរបស់ចិនជាមួយអាមេរិក គឺជាកត្តាមួយផ្សេងមួយទៀតដែលធ្វើឱ្យការផ្សះផ្សាររវាងអ៊ុយក្រែនដែលគាំទ្រដោយអាមេរិក និងរុស្ស៊ីដែលប្រឆាំងនឹងអាមេរិក ហើយដើរស្របនឹងប្រទេសចិន នោះកាន់តែជួបប្រទះនឹងការលំបាក។

ការផ្សះផ្សារបស់ទីក្រុងប៉េកាំងនឹងធ្វើឱ្យគេងាកទៅចាប់អារម្មណ៍ឡើងវិញអំពីជំហរក្នុងការគាំទ្រដល់រុស្ស៊ី របស់ប្រទេសចិន។ ចិនបានស្តីបន្ទោសជាប្រចាំទៅលើការពង្រីកខ្លួនរបស់អង្គការ NATO ដែលបានធ្វើឱ្យកើតមានជម្លោះនោះ និងបានប្រកាន់ជំហរគាំទ្ររុស្ស៊ីផ្នែកនយោបាយ, វោហារសាស្ត្រ និងបណ្តាញផ្សព្វផ្សាយ ដែលបញ្ហាទាំងអស់នេះ បានទាក់ទាញការរិះគន់យ៉ាងខ្លាំងសារជាថ្មីម្តងទៀត។

ករណីខាងលើនេះ អាចនឹងបង្កឱ្យមានភាពតានតឹងសារជាថ្មីជាមួយលោកខាងលិច នៅពេលដែលចិនកំពុងតែផ្តល់ស្ថិរភាពទៅលើទំនាក់ទំនងជាមួយអឺរ៉ុប និងកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងដល់ទំនាក់ទំនងល្អក់កកររបស់ខ្លួនជាមួយអាមេរិក។

ជំហរគាំទ្ររុស្ស៊ីពីសំណាក់ចិន ក៏នឹងបង្កជាមន្ទិលដែរថា ទីក្រុងប៉េកាំងអាចក្លាយជាអ្នកផ្សះផ្សាដែលមានអព្យាក្រឹតភាពដែរឬអត់ ហើយថែមទាំងអាចធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងលើការផ្សះផ្សារបស់ពួកគេថែមទៀតផង ជាពិសេសប្រសិនបើចិនបានស្នើឡើងនូវការសម្រុះសម្រួលដែលមានភាពចម្រូងចម្រាស់ នៅក្នុងអំឡុងពេលនៃការចរចានោះ។

ប៉ុន្តែបើសិនជាចិនបោះបង់ចោលនូវជំហរគាំទ្ររុស្ស៊ីទាំងនេះ ប្រទេសចិននឹងត្រូវបានមហាជនក្នុងស្រុកនិងអន្តរជាតិមើលឃើញថា ជាការបន្ទន់ខ្លួនយ៉ាងអាម៉ាស់ក្រោមការដាក់សម្ពាធរបស់លោកខាងលិច ហើយទីក្រុងម៉ូស្គូ ក៏នឹងចាត់ទុកសកម្មភាពនោះថាជាអំពើក្បត់ផងដែរ។

ចិនក៏បានមើលឃើញផងដែរថា ការផ្សះផ្សាអាចធ្វើឱ្យលោកខាងលិចអាចជំរុញដើម្បីបង្ខំឱ្យទីក្រុងប៉េកាំងដាក់ទណ្ឌកម្មមកលើរុស្ស៊ី។ ប្រសិនបើម៉ូស្គូប្រឆាំងនឹងការបញ្ចប់សង្គ្រាមនេះ ឬមានទំទាស់ពាក់ព័ន្ធនឹងការធ្វើសម្បទានច្រើនពេកនៅក្នុងការចរចាដែលសម្របសម្រួលដោយទីក្រុងប៉េកាំង នោះលោកខាងលិចទំនងជានឹងស្តីបន្ទោសថា ចិនបានភ្ជាប់សេដ្ឋកិច្ចជាមួយទីក្រុងម៉ូស្គូ ដើម្បីធ្វើឱ្យលោក Vladimir Putin មានភាពរឹងរូស និងអាចបន្តការធ្វើសង្គ្រាមនេះទៀតបាន។

លោកខាងលិច ដែលដឹកនាំដោអាមេរិកនឹងបង្កើនការដាក់សម្ពាធដ៏ខ្លាំងក្លាមកលើទីក្រុងប៉េកាំងដើម្បីឱ្យចិនប្តេជ្ញាចិត្តក្នុងការបញ្ចប់ជម្លោះនេះ តាមរយៈការដាក់ទណ្ឌកម្មមកលើរុស្ស៊ី ហើយវាក៏នឹងក្លាយជាសម្ពាធបន្ថែមទៀតនៅពេលសង្គ្រាមនៅតែបន្តអូសបន្លាយ។

នៅក្នុងសេណារីយ៉ូបែបនេះ ចិននឹងត្រូវប្រឈមមុខនឹង «ស្ថានភាពចាញ់-ចាញ់»។ ប្រសិនបើខ្លួនដាក់ទណ្ឌកម្មមកលើរុស្ស៊ី វានឹងធ្វើឱ្យមានអរិភាពជាមួយដៃគូមហាអំណាចតែមួយគត់របស់ខ្លួន ក៏ដូចជាធ្វើឱ្យខាតបង់នូវសមិទ្ធផលជាច្រើននៅពេលថ្មីៗនេះ នៅក្នុងទំនាក់ទំនងចិន-រុស្ស៊ី ហើយវាក៏ជាការពង្រឹងជំហររបស់គូប្រជែងចម្បងរបស់ខ្លួន គឺសហរដ្ឋអាមេរិកដែលមានគោលដៅធ្វើឱ្យរុស្ស៊ីចុះខ្សោយផងដែរ។

ប្រសិនបើចិនមិនដាក់ទណ្ឌកម្មរុស្ស៊ីទេ វាក៏នឹងបន្តបង្កើតឱ្យមានភាពល្អក់កករដល់ទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិច ដែលកំពុងតែមានភាពតានតឹងស្រាប់បន្ថែមទៀតដែរ។ វឌ្ឍនភាពនៃទំនាក់ទំនងជាមួយលោកខាងលិចនៅថ្ងៃអនាគតនឹងត្រូវចងភ្ជាប់ជាមួយនឹងលក្ខខណ្ឌបន្ថែមទៀត ដែលតម្រូវឱ្យទីក្រុងប៉េកាំងត្រូវដាក់ទណ្ឌកម្មមកលើទីក្រុងម៉ូស្គូ។ ជម្រើសទាំងពីរខាងលើនេះ អាចនឹងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ច និងនយោបាយជាខ្លាំងសម្រាប់ចិន។

ចិនក៏អាចនឹងទទួលបរាជ័យទៅលើកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារនោះផងដែរ។ ការសម្រុះសម្រួលទៅលើបញ្ហាជាច្រើនពាក់ព័ន្ធនឹងសង្គ្រាម ពិតជាលំបាកក្នុងការសម្រេចបានខ្លាំងណាស់។ ដូច្នេះការផ្សះផ្សារមានឱកាសទទួលជោគជ័យស្តួចស្តើងណាស់។

សមិទ្ធិផលតែមួយគត់សម្រាប់ចិននៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារដែលទទួលបានបរាជ័យនោះ គឺភាពប្រសើរឡើងនៃមុខមាត់របស់ខ្លួនបន្តិចបន្តួចជាមួយលោកខាងលិច និងការបង្ហាញថា ខ្លួនជាមហាអំណាចសកលដែលមានការទទួលខុសត្រូវមួយ និងដែលកំពុងតែជួយស្វះស្វែងរកសន្តិភាពអន្តរជាតិតែប៉ុណ្ណោះ។

ការខាតបង់របស់ចិននៅក្នុងការផ្សះផ្សាដែលទទួលបរាជ័យ នឹងមានទំហំធំធេងខ្លាំង។ ទីក្រុងប៉េកាំងនឹងត្រូវបានគេមើលទៅថា មានភាពទន់ខ្សោយ, គ្មានសមត្ថភាពការទូត និងមិនអាចដើរតួនាទីជាមេដឹកនាំអន្តរជាតិដូចអ្វីដែលលោក Xi កំពុងតែស្វះស្វែងរក ពោលវាគឺជាបរិការណ៍មួយដែលប្រទេសប្រឆាំងនឹងចិនជាច្រើននឹងយកមកប្រើប្រាស់ ខណៈដែលចិនកំពុងទទួលរងគ្រោះពីវិបត្តិដែលបង្កឡើងដោយការឆ្លើយតបចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ គេនឹងមើលមកថា ចិនមិនអាចគ្រប់គ្រងទៅលើរុស្ស៊ីបាន បើទោះបីជាពួកគេបន្តមានទំនាក់ទំនងច្រើនមជាមួយគ្នា ហើយក៏អាចត្រូវបានគេរិះគន់ចំពោះការមិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនមកលើទីក្រុងម៉ូស្គូផងដែរ។

បញ្ហាទាំងនេះមិនមែនមានន័យថា ទីក្រុងប៉េកាំងនឹងបដិសេធចំពោះការផ្សះផ្សាទោះស្ថិតនៅក្នុងកាលៈទេសៈណាមួយនោះទេ។ ពួកគេអាចនឹងធ្វើបែបនេះបាន នៅពេលក្រោយទៀត នៅពេលដែលភាគីទាំងពីរកាន់តែមានឆន្ទៈក្នុងការបញ្ចប់អរិភាព ហើយបរិការណ៍អន្តរជាតិជុំវិញសង្គ្រាមនោះ មានការផ្លាស់ប្តូរ។

ទីក្រុងប៉េកាំងប្រហែលក៏មានឆន្ទៈក្នុងការចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតពហុភាគីមួយដើម្បីផ្សះផ្សាសង្គ្រាមនេះ ឬជួយសម្របសម្រួលដល់កិច្ចសន្ទនារវាងភាគីទាំងពីរ ដោយពុំមានការផ្សះផ្សារដែលករណីទាំងពីរនេះ ស្មើនឹងការកាត់បន្ថយហានិភ័យដើម្បីជួយបញ្ចប់ជម្លោះនេះផងដែរ។ ការងារផ្សះផ្សាររបស់ចិនក៏នឹងកាន់តែមានឥទ្ធិពល ប្រសិនបើទីក្រុងម៉ូស្គូបានស្នើឱ្យចិនជួយផ្សះផ្សារ ឬសង្គ្រាមនោះបានរីករាលដាលយ៉ាងមហន្តរាយបន្ថែមទៀត។

ចិនទំនងជានឹងមិនធ្វើការផ្សះផ្សារនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះឡើយ រហូតដល់កាលៈទេសៈមានការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់។ ទន្ទឹមគ្នានេះដែរ ទីក្រុងប៉េកាំងនឹងបន្តបន្លឺសំឡេងអំពីការផ្សះផ្សារជម្លោះនេះ និងទប់ស្កាត់រុស្ស៊ីមិនឱ្យឈប់ខឹងលោកខាងលិច៕

East Asia Forum

អត្ថបទទាក់ទង