ខ្មែរប៉ុស្ដិ៍ Close

អ៊ុយក្រែននិងតៃវ៉ាន់ នៅលើក្តារអុករបស់លោក Biden និងលោក Xi

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 126
អ៊ុយក្រែននិងតៃវ៉ាន់ នៅលើក្តារអុករបស់លោក Biden និងលោក Xi អ៊ុយក្រែននិងតៃវ៉ាន់ នៅលើក្តារអុករបស់លោក Biden និងលោក Xi

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនមក ចលនានៃភូមិសាស្ត្រនយោបាយសកលលោក ដែលអតីតប្រធានាធិបតីអាមេរិក Donald Trump បានផ្តួចផ្តើមឡើងតាមរយៈការធ្វើសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសចិន កំពុងតែបង្កើនល្បឿនទៅមុខយ៉ាងលឿន។

ប្រធានាធិបតី Joe Biden បានគ្រប់គ្រងស្ថានភាព ដោយបានប្រមូលផ្តុំប្រទេសអភិវឌ្ឍន៍ជាច្រើន ដើម្បីរួមគ្នាដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ី ដែលក្នុងនោះក៏រួមមានទាំងប្រទេសដែលស្ថិតនៅឆ្ងាយពីទីតាំងជម្លោះផងដែរ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនមិនបានរក្សាភាពអព្យាក្រឹតនៅក្នុងជម្លោះនេះទេ ហើយថែមទាំងបានបង្កើននូវជំហរប្រឆាំងនឹងអាមេរិកកាន់តែខ្លាំង តាមរយៈការខិតចូលមកជិតប្រទេសរុស្សី បើទោះជាប្រទេសចិនមិនបានផ្តល់ជាការបរិយាយគាំទ្រទៅនឹងការមិនអនុវត្តតាមទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់មកលើប្រទេសរុស្ស៊ីក៏ដោយ។

ដូច្នេះ ភាពខុសគ្នាកាន់តែខ្លាំងឡើងរវាងការលើកឡើងរបស់លោកខាងលិច និងប្រទេសចិន គឺជាសញ្ញាយ៉ាងច្បាស់លាស់ថា បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន ពិភពលោកនឹងក្លាយទៅជាក្តារអុកសម្រាប់លោក Biden និងលោកប្រធានាធិបតីចិន Xi Jinping លេងល្បែងដ៏ធំមួយដើម្បីស្វែងរកអនុត្តរភាពសកលរបស់ខ្លួន។

បើយើងក្រឡេកមើលទៅកាន់តំបន់អឺរ៉ុបវិញ សង្រ្គាមនៅអ៊ុយក្រែន និងផលវិបាករបស់ទ្វីបនេះ គឺជាគន្លឹះនៃល្បែងខាងលើ។ ប៉ុន្តែបើយើងសង្កេតមើលទៅលើសកលលោកទាំងមូលវិញ យើងនឹងអាចរកឃើញនូវការសន្និដ្ឋានខុសប្លែកគ្នាមួយផ្សេងទៀត ដែលតំបន់អឺរ៉ុបមិនអាចធ្វើការព្រងើយកន្តើយបានឡើយ។

ជាការពិតណាស់ លោក Biden បានផ្តល់សញ្ញាយ៉ាងច្បាស់ថា យុទ្ធសាស្ត្ររបស់លោកនៅក្នុងល្បែង នេះមិនបានផ្តោតសំខាន់ទៅលើតំបន់អឺរ៉ុបក្នុងរយៈពេលមធ្យមនេះទេ ប៉ុន្តែគឺត្រូវផ្តោតមកលើតំបន់អាស៊ី។ កិច្ចព្រមព្រៀងដែលក្រុមប្រឹក្សាអឺរ៉ុបទើបតែសម្រេចបាន ដើម្បីទទួលយកបេក្ខភាពរបស់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប ពិតជាស្របទៅនឹងបំណងរបស់សហរដ្ឋអាមេរិកក្នុងការងាកមកផ្តោតការយកចិត្តទុកដាក់ទៅលើគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ ហើយនឹងគោលនយោបាយនៅក្នុងតំបន់អាស៊ី និងទុកកិច្ចការនៅអ៊ុយក្រែនឲ្យសហភាពអឺរ៉ុបជាអ្នកចាត់ចែង។

មានឧទាហរណ៍ជាក់ស្តែង ២ នៅពេលថ្មីៗនេះដែលអាចបង្ហាញអំពីសារៈសំខាន់របស់តំបន់អាស៊ីចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

ទី១៖ គឺកិច្ចប្រជុំកំពូលនៅសេតវិមានរបស់លោក Biden កាលខែឧសភា ជាមួយមេដឹកនាំនៃប្រទេសជាសមាជិកមួយចំនួនរបស់អាស៊ាន។

កិច្ចប្រជុំកំពូលដែលមានគោលបំណងប្រមូលយកក្រុមប្រទេសដែលបានរក្សាជំហរអព្យាក្រឹតនៅក្នុងអាស៊ានចំពោះជម្លោះនៅអ៊ុយក្រែន បានបញ្ចប់ទៅដោយភាពសោកសៅ ជាជាងភាពរុងរឿង ដោយសារក្រៅតែពីប្រទេសសិង្ហបុរី គ្មានប្រទេសណាមួយបានផ្លាស់ប្តូរការសម្រេចចិត្តរបស់ពួកគេអំពីការរក្សាជំហរអព្យាក្រឹតនោះឡើយ។ ហើយការមិនផ្លាស់ប្តូរនេះគឺដោយសារតែប្រទេសទាំងនោះ ស្ថិតនៅក្រោមសម្ពាធរបស់ប្រទេសចិនដែលជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំ បំផុតរបស់ពួកគេ ហើយក៏ជាអ្នកផ្តល់ហិរញ្ញប្បទានដ៏សំខាន់ និងជាអ្នកអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នៅក្នុងតំបន់ផងដែរ។

ក្រោយមកទៀត លោក Biden ក៏បានចាប់ផ្ដើមធ្វើដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងភ្លាមៗ មកកាន់តំបន់អាស៊ី ដោយផ្តោតលើប្រទេសជាសម្ព័ន្ធមិត្តសំខាន់ៗចំនួន ២ របស់អាមេរិកគឺ កូរ៉េខាងត្បូង និងជប៉ុន។ ដោយសារភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននៅមានកម្រិត ជាហេតុធ្វើឱ្យការរំពឹងទុកសម្រាប់ដំណើររបស់លោក Biden ក៏មានកម្រិតទាប តែការយល់ឃើញក៏ត្រូវបានផ្លាស់ប្តូរភ្លាមៗ ក្រោយប្រទេសនៅអាស៊ីចំនួន ១២ បានចេញមកគាំទ្រចំពោះសំណើរបស់លោក Biden ដើម្បីបង្កើតក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF)។

ខណៈពេលដែលព័ត៌មានលម្អិតអំពីអ្វីដែលកិច្ចព្រមព្រៀងនេះអាចនឹងរួមបញ្ចូល និងអំពីអត្ថប្រយោជន៍សេដ្ឋកិច្ចដែលប្រទេសជាសមាជិករបស់ខ្លួនអាចទទួលបាននោះ ហាក់នៅមានចំនួនតិចតួចក៏ដោយ ក៏ការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់បណ្តាប្រទេសនៅអាស៊ីមួយចំនួនធំ នេះគឺជាការបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកការទប់ទល់ទៅនឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងតំបន់។

ក្រៅពីទម្ងន់សេដ្ឋកិច្ចនៃតំបន់អាស៊ីសម្រាប់សហរដ្ឋអាមេរិក ការផ្តល់ឱ្យពីសំណាក់រដ្ឋបាល Biden សម្រាប់ ក្របខណ្ឌសេដ្ឋកិច្ច IPEF មានតួឯកពិសេសមួយដែលមិនត្រូវបានគេអញ្ជើញនោះ គឺកោះតៃវ៉ាន់។ ការព្យាយាមរក្សាស្ថានភាពឱ្យនៅដដែលនៅពេលគេនិយាយអំពីកោះតៃវ៉ាន់ ខណៈដែលប្រទេសចិនកំពុងដាក់គោលដៅធ្វើការបង្រួបបង្រួមឡើងវិញនោះ មិនត្រឹមតែជាចំណុចគន្លឹះសម្រាប់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែវាក៏ជាចំណុចគន្លឹះរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយរាប់ចាប់តាំងពីប្រទេសជប៉ុន អូស្ត្រាលី រហូតដល់សិង្ហបុរីផងដែរ។

អ្វីដែលជាហេតុផលនោះគឺ រឿងសេដ្ឋកិច្ច។ ដោយសារកោះតៃវ៉ាន់កំពុងត្រួតត្រាលើការផលិតគ្រឿងអេឡិចត្រូនិកកម្រិតខ្ពស់ និងសន្តិសុខ ដូចនេះអាមេរិកអាចនឹងបាត់បង់ការគ្រប់គ្រងមកលើមហាសមុទ្រប៉ាស៊ីហ្វិកយ៉ាងងាយ ប្រសិនបើចិនអាចយកបានកោះតៃវ៉ាន់។

ក្នុងករណីណាក៏ដោយ ការពិតដែលថារដ្ឋបាល Biden មិនបានអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមនៅក្នុងក្របខណ្ឌ IPEF មិនមែនព្រោះតែកោះនេះមិនជាប់ពាក់ព័ន្ធនោះទេ ប៉ុន្តែវាជាភាពបត់បែន និងការប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ព្រោះអាមេរិកចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែមានភាពស៊ីជម្រៅជាមួយកោះតៃវ៉ាន់ ជាជាងដាក់បញ្ចូលតំបន់នេះទៅក្នុងក្របខណ្ឌ IPEF ។

សរុបមក ដំណើររបស់លោក Biden មកកាន់ទ្វីបអាស៊ី គឺជាសញ្ញាដ៏សំខាន់ដែលបានបង្ហាញថា តំបន់នេះពិតជាមានសារៈសំខាន់នៅក្នុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក បើទោះបីជាមានការផ្លាស់ប្តូរឆ្ពោះទៅកាន់អឺរ៉ុបដើម្បីឆ្លើយតបទៅនឹងសង្រ្គាមអ៊ុយក្រែនក៏ដោយ។

ទី២៖ ការដាក់ឱ្យដំណើរការនូវក្របខណ្ឌ IPEF ក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា អាស៊ីមិនត្រឹមតែជាប់ពាក់ព័ន្ធនៅក្នុងគោលនយោបាយសន្តិសុខរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏ស្ថិតនៅក្នុងគោលនយោបាយ សេដ្ឋកិច្ចផងដែរ។

ជាការពិតណាស់ លោក Biden អាចនឹងមានភាពរីករាយនៅក្នុងអំឡុងពេលធ្វើដំណើរមកកាន់តំបន់អាស៊ីដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស Quad ដែលត្រូវបានបង្កើតឡើងនៅជុំវិញគោលគំនិតតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការផ្តល់ជូននូវភាពពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចរបស់លោក Biden ដល់តំបន់អាស៊ីបាន ពិតជាមានភាពចាំបាច់ ពីព្រោះយើងកំពុងស្ថិតនៅក្នុងពេលវេលានៃព្រំដែនមួយមិនច្បាស់លាស់រវាងសេដ្ឋកិច្ចនិងសន្តិសុខ ដោយសារការប្រកួតប្រជែងជាយុទ្ធសាស្រ្តដែលកំពុងកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិន។

ខណៈពេលដែលលោក Biden កំពុងងាកមកចាត់ទុកតំបន់អាស៊ីជាទីផ្សារមួយ, លោក Xi Jinping ក៏កំពុងផ្លាស់ប្តូរយុទ្ធសាស្រ្តល្បែងរបស់លោកនៅលើក្តារអុកដ៏ធំដើម្បីស្វែងរកអនុត្តរភាពពិភពលោកផងដែរ។ ជាពិសេស កម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងនាមជារោងចក្ររបស់ពិភពលោក និងជាមេដែកសម្រាប់ទាញការវិនិយោគរបស់បរទេស បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ រួចទៅហើយ។

ជាការពិតណាស់ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសមួយចំនួនធំ ជាពិសេសប្រទេសនៅអាស៊ី។ សង្រ្គាមនៅអ៊ុយក្រែនហាក់ដូចជាបានផ្ញើសារមួយយ៉ាងច្បាស់មួយទៅកាន់លោក Xi ថា «សេដ្ឋកិច្ចរបស់ប្រទេសចិនប្រហែលជាត្រូវការការការពារ តាមរយៈការធ្វើឱ្យប្រទេសចិនក្លាយជាមហាអំណាចសន្តិសុខដ៏សំខាន់មួយ»។

ការពង្រឹងសម្ព័ន្ធភាពរបស់អាមេរិកដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ដោយរាប់ចាប់តាំងពីការពង្រីកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) រហូតដល់សម្ព័ន្ធក្រុមប្រទេស Quad និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានត្រឹមតែធ្វើឱ្យប្រទេសចិនពន្លឿនការឆ្លើយតបតែប៉ុណ្ណោះ។

ក្នុងន័យនេះការប្រកាសរបស់លោក Xi នៅក្នុងវេទិកា Boao កាលពីខែមេសា អំពីចេតនាក្នុងការបង្កើតគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) មិនគួរត្រូវបានគេមើលរំលងនោះទេ ជាពិសេសក្រោយពេលដែល លោក XI បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀត នៅក្នុងកិច្ចប្រជុំកំពូល BRICS កាលពីពេលថ្មីៗនេះដើម្បីបង្ហាញថា របៀបវារៈនៃគំនិតផ្តួចផ្តើមសន្តិសុខនេះពិតជាទទួលបានការគាំទ្រច្រើនមិនធម្មតា។ ដូច្នេះ វាហាក់ដូចជាច្បាស់ណាស់ថា លោក Xi កំពុងតែមានបំណងបង្កើតការប្រឆាំងទៅនឹងសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តសន្តិសុខរបស់អាមេរិកហើយ។

សរុបមក លោក Biden និងលោក Xi ហាក់ដូចជាកំពុងពង្រឹងយុទ្ធសាស្ត្ររបស់ពួកគេសម្រាប់ការគ្រប់គ្រងពិភពលោក។ លោក Biden ត្រូវការមធ្យោបាយដែលមានតម្លៃទាបជាងដើម្បីគាំទ្រដល់សម្ព័ន្ធភាពសន្តិសុខរបស់លោក។ ផ្ទុយទៅវិញ លោក Xi ចាំបាច់ត្រូវផ្តល់ជម្រើសសន្តិសុខ ដើម្បីរក្សានូវឥទ្ធិពល សេដ្ឋកិច្ចដ៏ធំរបស់ប្រទេសលោក។

សំណួរដ៏ធំនៅពេលនេះគឺថា តើអ្នកណាដែលមានភាពងាយស្រួលជាង។ ចំណុចខ្សោយរបស់លោក Biden គឺបញ្ហានយោបាយនៅក្នុងស្រុករបស់លោក ដែលបានធ្វើឱ្យលោកមិនមានសមត្ថភាពក្នុងការធ្វើសកម្មភាពបានពេញលេញ ។ លោក Xi ក៏មាន បញ្ហាផ្ទៃក្នុងផងដែរ ដែលភាគច្រើនទាក់ទងទៅនឹងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ហើយអ្វីដែលជាបញ្ហាបន្ថែមទៀតនោះគឺជាការធ្លាក់ចុះដុនដាបយ៉ាងខ្លាំងនៃមុខមាត់របស់ប្រទេសចិននៅក្រៅប្រទេស ដែលចំណុចនេះបានបង្កជាបញ្ហាដល់ការអំពាវនាវរបស់លោក Xi ដើម្បីបង្កើនសម្ព័ន្ធភាពសន្តិសុខ។

សរុបមក ទាំងលោក Biden និងលោក Xi មិនបានឈ្នះការប្រកួតនោះទេ។ ប៉ុន្តែអ្វីដែលច្បាស់នោះ គឺពួកគេនឹងបន្តផ្លាស់ទីកូនអុករបស់ពួកគេទៅជុំវិញពិភពលោក ហើយគោលដៅដ៏សំខាន់របស់ពួកគេ គឺអាស៊ី មិនមែនអឺរ៉ុបនោះទេ៕ Asia Times