ខ្មែរប៉ុស្ដិ៍ Close

កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ពិតជាមានការរីកចម្រើនគួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 37
កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ពិតជាមានការរីកចម្រើនគួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ពិតជាមានការរីកចម្រើនគួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជាថ្ងៃទី៣ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ដែលវេទិកានេះ គឺមានចូលរួមពីលោក ហ៊ូ ឈុនហ៊័រ (Hu Chun Hau) ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី កាវ យ៉ាន (Gao Yan) និងប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន អ្នកធុរកិច្ច និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ៧០០នាក់។

ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកវេទិកាស្តីពីការជំរុញនិងវិនិយោគកម្ពុជា-ចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការគូសបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ មានការរីកចម្រើនគួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមកកាន់តែញឹកញាប់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា លោកពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងពាណិជ្ជកម្មចិន ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង បន្ទាប់ពីប្រទេសទាំងពីរទើបតែប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត កាលពីពេលកន្លងទៅថ្មីៗនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកសូមចូលរួមអបអរសាទរចំពោះ រដ្ឋាភិបាលចិន ក្នុងឱកាសខួបលើកទី៤០ នៃកំណែទំរង់ និងការបើកទូលាយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលបានធ្វើឱ្យប្រទេសចិនសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងសាកលលោក។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការដាក់ចេញ និងអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់លោកប្រធានាធិបតី ស៊ី ជីនពីង សំដៅបង្កើនភាពតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាដៃគូ៕

អត្ថបទទាក់ទង