អាមេរិក ចិន និងមេរៀននៃសង្គ្រាមត្រជាក់ដែលត្រូវយកមកអនុវត្តនៅក្នុងច្បាប់ផ្លូវសមុទ្រ
ឧប្បត្តិហេតុនៅច្រកសមុទ្រតៃវ៉ាន់កាលពីពេលថ្មីៗនេះ រវាងកងទ័ពជើងទឹកអាមេរិកនិងកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន PLA មិនត្រឹមតែគូសបញ្ជាក់អំពីរបៀបដែលភាគីទាំងពីរបានប្តេជ្ញាចិត្តចំពោះការឈរជើងរបស់ពួកគេនៅច្រកសមុទ្រប៉ុណ្ណោះទេ តែវាក៏បានបង្ហាញឱ្យឃើញផងដែរថា «ការប្រឈមមុខដាក់គ្នាដ៏កៀកជិតបែបនេះ អាចបង្កឱ្យមានបញ្ហាដ៏ធំនៅដែនសមុទ្រ ក៏ដូចជាបញ្ហាទាក់ទងនឹងការទូតនិងនយោបាយ»។
សេចក្តីថ្លែងការណ៍របស់យោធាអាមេរិកនៅថ្ងៃទី៣ មិថុនា បានប្រកាសថា «នាវា USS Chung-Hoon និងនាវាចម្បាំងកាណាដា HMCS Montreal បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងបានឆ្លងកាត់ពីភាគខាងត្បូងទៅភាគខាងជើង នៃច្រកសមុទ្រតៃវ៉ាន់» ពោលគឺបានឆ្លងកាត់ដែនទឹកដែលជាទីកន្លែងដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅលើសមុទ្រត្រូវបានអនុវត្ត។
អាមេរិកបានអះអាងថា «នៅក្នុងអំឡុងពេលឆ្លងកាត់នោះ នាវាចម្បាំងរបស់កងទ័ពជើងទឹកចិន LY132 បានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់នៅជិតនាវា Chung-Hoon, ដោយបានធ្វើការបើកវ៉ានាវា Chung-Hoon និងបានធ្វើសកម្មភាពរំខានដល់ដំណើររបស់នាវាអាមេរិក»។ ជំហររបស់អាមេរិកគឺថា «សកម្មភាពរបស់នាវាចិនពិតជាបានបំពានច្បាប់ដែនសមុទ្រស្តីពីផ្លូវឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិ»។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំងនេះ «តើសិទ្ធិរបស់កងទ័ពជើងទឹកបរទេសក្នុងការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់មានអ្វីខ្លះ» ហើយ «តើពួកគេត្រូវធ្វើដូចម្តេចដើម្បីចៀសសវាងនូវការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ នៅដែនសមុទ្រ?» ច្រកសមុទ្រតៃវ៉ាន់ពិតជាមានភាពធំទូលាយ ជាមួយទទឹង ១១៩ គីឡូម៉ែត្រ និងលាតសន្ធឹងលើចម្ងាយ ២៥០ គីឡូម៉ែត្រ ។
ខុសពីច្រកសមុទ្រ Bass Strait, Torres Strait និងច្រកសមុទ្រ Malacca និងសិង្ហបុរី ច្រកសមុទ្រតៃវ៉ាន់មិនត្រូវបានគ្រប់គ្រងដោយបទប្បញ្ញត្តិមួយចំនួនរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ UNCLOS នោះទេ។ ច្រកសមុទ្រតៃវ៉ាន់មានទំហំធំទូលាយ ដែលជាហេតុធ្វើឱ្យនាវាមិនចាំបាច់ត្រូវឆ្លងកាត់ដែនសមុទ្ររបស់ប្រទេសណាមួយ តាមរយៈការធ្វើដំណើរឆ្លងកាត់តំបន់កណ្តាលសមុទ្រ។ ដូច្នេះច្រកសមុទ្រនេះគឺជាផ្លូវមហាសមុទ្រអន្តរជាតិ ដោយសារតែទំហំដ៏ធំរបស់វា។
ជំហររបស់អាមេរិកចំពោះការអនុវត្តសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រតៃវ៉ាន់គឺជាទិដ្ឋភាពដែលទទួលបានការគាំទ្រពីសំណាក់កងទ័ពជើងទឹកបរទេសផ្សេងៗទៀត ដែលរួមមានទាំងអូស្ត្រាលីផងដែរ។ អ្វីដែលគេហៅថា «ច្បាប់នៃផ្លូវ – Rules of the Road» នៅដែនសមុទ្រមានចែងនៅក្នុងច្បាប់ COLREGS ដែលបានដាក់ចេញនូវការអនុវត្ត និងស្តង់ដារសម្រាប់ឱ្យការដឹកជញ្ជូនទាំងអស់ដើម្បីចៀសវាងការប៉ះទង្គិចគ្នានៅសមុទ្រ។
ច្បាប់ទាំងនេះគឺជាច្បាប់ដែលកងទ័ពជើងទឹកត្រូវអនុវត្ត និងគោរពនៅក្នុងអំឡុងពេលសន្តិភាព ហើយជាទូទៅត្រូវបានចាត់ទុកជាស្តង់ដារមូលដ្ឋាននៃការប្រព្រឹត្តទៅប្រកបដោយវិជ្ជាជីវៈ សម្រាប់ទាហានជើងទឹកទាំងអស់នៅដែនសមុទ្រ។ «តើមានក្របខណ្ឌនិងយន្តការណាមួយ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹកចិននិងអាមេរិក និងភាពតានតឹងដែលអាចនឹងផ្ទុះជាជម្លោះដោយសារតែឧប្បត្តិហេតុបែបនេះទេ?»
នៅពេលត្រឡប់មកពីចូលរួមនៅក្នុងកិច្ចសន្ទនា Shangri-La នៅក្នុងប្រទេសសិង្ហបុរី នាយករដ្ឋមន្ត្រី Anthony Albanese បានដាក់សំណើមួយ ដែលការអនុវត្តរបស់វាមានប្រភពមកពីសម័យសង្រ្គាមត្រជាក់។ លោកបានប្រាប់សារព័ត៌មាន ABC ថា «នៅក្នុងអំឡុងសង្គ្រាមត្រជាក់រវាងអាមេរិកនិងសហភាពសូវៀត គេបានបង្កើតប្រព័ន្ធមួយដើម្បីធានាថា ការគណនាខុសអំពីព្រឹត្តិការណ៍ណាមួយនឹងមិនបង្កឱ្យមានផលវិបាកដ៏មហន្តរាយនោះទេ»។
អ្វីដែលជាការព្រួយបារម្ភនោះគឺ «រនាំងការពារសុវត្ថិភាពមិនទាន់មានវត្តមាននៅឡើយទេ»។ ដូច្នេះផលវិបាកនៃការបកស្រាយខុស ឬគ្រោះថ្នាក់ណាមួយអាចនាំមកនូវការប្រតិកម្ម ហើយសកម្មភាពដែលអាចកើតមានបន្ទាប់ គឺពិតជាអាចមានគ្រោះថ្នាក់ខ្លាំងណាស់។ លោក Albanese បានជំរុញឱ្យចិននិងអាមេរិកធ្វើការទំនាក់ទំនងគ្នាដោយបើកចំហអំពីបញ្ហាទាំងនេះ និងពិចារណាអំពីការបង្កើតឱ្យមានកិច្ចព្រមព្រៀងទ្វេភាគី។
អាមេរិកនិងអតីតសហភាពសូវៀតមានរនាំងការពារសុវត្ថិភាពនៅដែនសមុទ្រនៅក្នុងអំឡុងសង្គ្រាមត្រជាក់ ហើយរនាំងការពារនោះពិតជាមានប្រសិទ្ធភាព។ ពួកគេបានពង្រីកកិច្ចព្រមព្រៀងទ្វេភាគី INCSEA (ឧប្បត្តិហេតុនៅសមុទ្រ) ដែលត្រូវបានបង្កើតឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ឱ្យក្លាយជាកិច្ចព្រមព្រៀង Jackson Hole ឆ្នាំ ១៩៨៩ ស្តីពីការបកស្រាយរួមនៃវិធាននៃច្បាប់អន្តរជាតិ។
ការបកស្រាយដែលពួកគេបានព្រមព្រៀងគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងច្បាប់សមុទ្រ និងច្បាប់ដែនសមុទ្របានជួយសម្រួលភាពតានតឹងនៅដែនសមុទ្រនៅក្នុងសម័យសង្គ្រាមត្រជាក់ ហើយអាចធានាបានថា «ការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹកនឹងមិនកើតមាននោះឡើយ»។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការព្រមព្រៀងគ្នាជារួមអំពីដែនសមុទ្ររវាងចិននិងអាមេរិកនៅឡើយទេ។
ក្រមប្រតិបត្តិឆ្នាំ ២០១៤ ស្តីពីការប្រឈមមុខគ្នាដោយមិនបានគ្រោងទុកនៅសមុទ្រ (CUES) ត្រូវបានចុះហត្ថលេខាដោយប្រទេសនៅតំបន់ប៉ាស៊ីហ្វិកចំនួន ២១ នៅក្នុងសន្និសីទកងទ័ពជើងទឹកប៉ាស៊ីហ្វិកខាងលិច លើកទី ១៤ នៅទីក្រុង Qingdao នៃប្រទេសចិន។ កិច្ចព្រមព្រៀង CUES គឺជាប្រភេទច្បាប់ដែលមិនមានចំណងកាតព្វកិច្ច ដើម្បីការពារការកើនឡើងនៃភាពតានតឹងរវាងក្រុមយោធាផ្សេងៗនៅសមុទ្រ។
ប៉ុន្តែបើទោះបីជាមានការយល់ព្រមពីសំណាក់ចិននិងអាមេរិកក៏ដោយ ក៏កិច្ចព្រមព្រៀង CUES មានឥទ្ធិពលតិចតួចប៉ុណ្ណោះ។ អូស្ត្រាលីអាចជួយជំរុញកិច្ចសន្ទនាទ្វេភាគីរវាងចិននិងអាមេរិកពាក់ព័ន្ធនឹងបញ្ហានៅដែនសមុទ្រទាំងនេះ។ ប៉ុន្តែដោយសារជំហរដ៏រឹងមាំរបស់ពួកគេរៀងៗខ្លួន ការដោះស្រាយឧបសគ្គនៅច្រកសមុទ្រតៃវ៉ាន់អាចនឹងត្រូវរាំងស្ទះ ហើយអាចបង្កផលប៉ះពាល់ដល់ដំណើរការនៃកិច្ចចរចា៕
Channel News Asia