ខ្មែរប៉ុស្ដិ៍ Close

ខ្លឹមសារលម្អិតនៃជំនួបសម្តេចតេជោ ជាមួយនាយករដ្ឋមន្ត្រីចិន ដែលក្នុងនោះឯកសារចំនួន ១២ ត្រូវបានចុះហត្ថលេខា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 72
ខ្លឹមសារលម្អិតនៃជំនួបសម្តេចតេជោ ជាមួយនាយករដ្ឋមន្ត្រីចិន ដែលក្នុងនោះឯកសារចំនួន ១២ ត្រូវបានចុះហត្ថលេខា ខ្លឹមសារលម្អិតនៃជំនួបសម្តេចតេជោ ជាមួយនាយករដ្ឋមន្ត្រីចិន ដែលក្នុងនោះឯកសារចំនួន ១២ ត្រូវបានចុះហត្ថលេខា

បន្ទាប់ពីមានជំនួបជាមួយប្រធានាធិបតី និងប្រធានសភារបស់ចិន​រួច​ហើយនោះ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ​នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានធ្វើឡើងជាផ្លូវការនៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងសាលនៃមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ត្រូវបានធ្វើឡើង ក្រោមវត្តមាននៃការធ្វើគារវកិច្ចវស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

កម្រាលព្រំពណ៌ក្រហមដ៏វែងអន្លាយ សំលេងត្រែទ័ពបន្លឺយ៉ាងកងរំពង អមដោយកងកិត្តិយស បានស្វាគមន៍វត្តមានសម្តេចតេជោប្រកបដោយកិត្តិយសយ៉ាងខ្ពង់ខ្ពស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី អមដំណើរដោយផ្ទាល់ពីសំណាក់ លោក លី ខឺឈាង បានអញ្ជើញត្រួតពល ហើយបានអញ្ជើញធ្វើគារវកិច្ចចំពោះឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន ព្រមទាំងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជួបពិភាក្សាកំពូលទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។

ក្នុងជំនួបកំពូលទ្វេភាគីនោះ ភាគីទាំងពីរទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃមិត្តភាពរឹងមាណដូចដែកថែប និងឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។

ភាគីទាំងពីប្រកាសសម្ពោធព្រឹត្តិការនានា នៃឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួប​លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន សំដៅជំរុញការកសាងសហគមន៍​វិសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព និងកម្រិតខ្ពស់។ ភាគីចិនកោតសរសើរ​ចំពោះ​សមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសម្រេចបានក្នុងការកសាងស្ថេរភាពជាតិ វិបុលភាព ព្រមទាំងពង្រីកឥទ្ធិពលកម្ពុជាលើឆាកអន្តរជាតិ។

ភាគីចិន បានបង្ហាញការគាំទ្រពេញទំហឹងចំពោះ ១៖ ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន, ២៖ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា, ៣៖ ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង៤៖ ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ដោយឡែកកម្ពុជាវិញ បានប្រកាសចេញនូវនយោបាយ ១៖ ប្រកាន់នយោបាយចិនមួយ, ២៖ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និង៣៖ គាំទ្រចិន ការពារផលប្រយោជន៍ស្នូល ព្រមទាំងការបង្រួបបង្រួមជាតិ។

ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ផ្តោតសំខាន់ដូចខាងក្រោម៖

១៖ នយោបាយ៖ ប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋា​ភិបាល​កម្ពុជា-ចិន ឱ្យបានពេញលេញ ពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិត ទាំងក្នុងក្រប​ខណ្ឌ​រដ្ឋ បក្ស និងយុវជន និងបន្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

២៖ សមត្ថភាពផលិតកម្ម៖ ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៉ីគ្នារវាង​គំនិត​ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ។ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងបង្កើនកិច្ចសហប្រតិបត្តិការលើ​វិស័យ​ដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុក និងភស្តុភារកម្ម ហើយចិន​និង​គាំទ្រ​​កម្ពុជា ក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។

៣៖ កសិកម្ម៖ សិក្សាបង្កើត (ច្រករបៀងមច្ឆា និងអង្ករ) អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី​ទំនើប ពន្លឿនផែនការអភិវឌ្ឍកសិកម្មទំនើប ស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្ម​ឌីជីថល និងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពល​ផ្សេង​ទៀត។

៤៖ ថាមពល៖ ជំរុញកិច្ចសហប្រតិបត្តិការលើថមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពល​បៃតង ស្ថិរភាព និងពឹងផ្អែកបាន។

៥៖ សន្តិសុខ៖ ចាប់យកសក្តានុពល នៃយន្តការកិច្ចសហប្រតិបត្តិការ រវាងយោធាទាំងពីរ តាមរយៈការពង្រឹងការផ្លាស់ប្តូរកងកម្លាំងសមភាគី និងសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា និងបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងមន្រ្តីអនុវត្តច្បាប់។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ភាគីទាំងពីរកម្ពុជា-ចិន ឯកភាពបន្តប្រកាន់ខ្ជាប់ ពហុភាគីនិយម និងគាំទ្រប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

ចិនអបអរសាទរភាពជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ដោយឡែកពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូងវិញ ភាគីកម្ពុជា-ចិន បានឯកភាពគ្នាដូចខាងក្រោម៖
១៖ អំពាវនាវដល់ភាគីពាក់ព័ន្ធអនុវត្តឲ្យបានពេញលេញ និងប្រសិទ្ធភាព នូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិ របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ។

២៖ ពន្លឿនការសម្រេចនូវ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព។

បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន១២រួមមាន៖

១៖ កិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសហគមន៍​វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី រវាងក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសចិន ភាគីកម្ពុជា​ចុះ​ហត្ថលេខាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ភាគីចិនចុះហត្ថលេខាដោយលោក ឈីន កាង​ រដ្ឋមន្ត្រីការបរទេសចិន។

២៖ កិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍសាកលវិទ្យាល័យក្រចេះ ជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន។ ចុះហត្ថលេខារវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក វ៉ាង វិន ថាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។

៣៖ ផែនសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤។ ចុះហត្ថលេខារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន។

៤៖ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងអនាម័យ សម្រាប់នាំចេញ​វារី​សត្វ​រស់​ពីកម្ពុជា ទៅកាន់ប្រទេសចិន។ ចុះហត្ថលេខារវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោក យូ ជៀនហ័រ (Yu Jianhua) អគ្គនាយក នៃអគ្គរដ្ឋបាលគយចិន (GACC)។

៥៖ អនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន។ ចុះហត្ថលេខារវាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក សិន ហាយស្យុង (Shen Haixiong) អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈមចិន។

៦៖ កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារស៊ីនហួ។ ចុះហត្ថលេខារវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហ្វូ ហ័រ (Fu Hua ) ប្រធានទីភ្នាក់ងារស៊ីនហួ។

៧៖ សេចក្តីថ្លែងការណ៍រួម ស្តីពីគំនិតផ្តួចផ្តើមកិច្ចសហការអាស៊ី សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌។ ចុះហត្ថលេខារវាងលោកស្រី ទូត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក លី ឈិន (Li Qun) អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងជាប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន។

៨៖ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីផែនការសហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា-ចិន ឆ្នាំ២០២៣-២០២៥។ ចុះហត្ថលេខារវាង លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន។

៩៖ លិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធផលលទ្ធភាពគម្រោងសាកល្បង កិច្ចសហប្រតិបត្តិការការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាជំហានទី២។ ចុះហត្ថលេខារវាង លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន។

១០៖ លិខិតប្រគល់ទទួលនូវទឹកប្រាក់ហិរញ្ញប្បទានឥតសំណង ចំនួន ៤.៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា។ ចុះហត្ថលេខារវាងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក វ៉ាង វិនថាវ (Wang Wentao)រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

១១៖ កិច្ចព្រមព្រៀងក្របខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍន៍ អាងទឹកដងកាំបិត ខេត្តកំពង់ធំ។ ចុះហត្ថលេខារវាង លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន។

១២៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ។ ចុះហត្ថលេខារវាងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ូ ហ្វូលីន (Wu Fulin) ប្រធានធនាគារ អាហរណ៍ នីហ័រណចិន៕

Fresh News

អត្ថបទទាក់ទង